ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​ខ្មែរ​អាមេរិកាំង៖ ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​ទៅ​កម្ពុជា​វិញ​ជា​អំពើ​អមនុស្ស​ធម៌

  • សាយ មុន្នី

លោក ញៀន សុម៉េត Nhean Sameth និង​ក្រុម​គ្រួសារ។ លោក​គឺជា​ជនជាតិ​ខ្មែរម្នាក់​ក្នុង​ចំណោម​ជនជាតិ​ខ្មែរ​១០នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​អាមេរិក​ចាប់​ឃុំ​ខ្លួន និង​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)

លោក សេក កុសល​ ថ្លែង​ថា ចំពោះ​ករណី​ពលរដ្ឋ​ខ្មែរ វា​មាន​លក្ខណៈ​ពិសេស​ជាង​ជាតិសាសន៍​ដទៃ ដោយសារ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ភៀសខ្លួន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​មុន​ឆ្នាំ​១៩៩៤ ភាគ​ច្រើន​គឺ​ជា​ជន​រងគ្រោះ​នៃ​សង្គ្រាម ដែល​ពាក់ព័ន្ធ​នឹង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

អ្នក​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក​ ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ លើក​ឡើង​ថា ការ​ដែល​សហរដ្ឋ​អាមេរិក​ធ្វើ​បែប​នេះ​ទៅលើ​ជនជាតិ​ខ្មែរ​ គឺ​ជា​អំពើ​អមនុស្សធម៌។

លោក សេក កុសល សកម្មជន​ខ្មែរ​អាមេរិកាំង​នៅ​ក្នុង​រដ្ឋ​មីនីសូតា សហរដ្ឋ​អាមេរិក ដែល​កំពុង​ព្យាយាម​បញ្ឈប់​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ត្រឡប់​ទៅ​កម្ពុជា​វិញ​នោះ មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​កម្មវិធី «Hello VOA» កាលពី​ថ្ងៃ​ច័ន្ទ​ ទី​១៩ ខែ​ធ្នូ​នេះ៖

«អ្នក​ដែល​មក​សហរដ្ឋ​អាមេរិក​នៅ​មុន​ឆ្នាំ​១៩៩៤ ដូចជា​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧០ ឬ​១៩៨០​អី​ហ្នឹង បើ​យើង​និយាយ​ទៅ គឺ​ជា​ជន​ដែល​គ្មាន​អ្វី​ទាំងអស់។ យើង​ចូល​មក​ក្នុង​ប្រទេស​គេ ភាសា​គេ​ក៏​យើង​អត់​ចេះ ច្បាប់​ទម្លាប់​ក៏​យើង​អត់​ចេះ ហើយ​បងប្អូន​ភាគច្រើន គាត់​មក​ជា​កូន​កំព្រា​ អត់​ឪពុក​អត់​ម្ដាយ អញ្ចឹង​ការ​ណែ​នាំ​ក៏​ខ្វះ​ខាត។ ដូច្នេះ ការ​ដឹក​ជញ្ជូន​ពួកគាត់​នេះ​ទៅ​ស្រុក​ខ្មែរ​វិញ វា​អមនុស្សធម៌​មែន​ទែន»។

រហូត​មក​ដល់​ពេល​នេះ មាន​ជន​ជាតិ​ខ្មែរ​ជាច្រើន​រយ​នាក់​ហើយ ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ ហើយ​ជាច្រើន​នាក់​ទៀត កំពុង​រង់ចាំ​ការ​បញ្ជូន​ខ្លួន​ ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០០២ រវាង​រដ្ឋាភិបាល​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។

កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ធ្វើ​មាតុភូមិនិវត្ត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ជា​ភាសាអង់គ្លេស។

កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ធ្វើ​មាតុភូមិនិវត្ត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ជា​ភាសាអង់គ្លេស។

ក្រោម​ច្បាប់​អន្តោប្រវេសន្ត​ដ៏​តឹងរ៉ឹង​មួយ​របស់​អាមេរិក​ អាជ្ញាធរ​អាមេរិក មាន​សិទ្ធិ​អំណាច​ចាប់​បញ្ជូន​ពលរដ្ឋ​ណា​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ផង ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។

ប៉ុន្តែ លោក សេក កុសល​ ថ្លែង​ថា ចំពោះ​ករណី​ពលរដ្ឋ​ខ្មែរ វា​មាន​លក្ខណៈ​ពិសេស​ជាង​ជាតិសាសន៍​ដទៃ ដោយសារ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ភៀសខ្លួន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​មុន​ឆ្នាំ​១៩៩៤ ភាគ​ច្រើន​គឺ​ជា​ជន​រងគ្រោះ​នៃ​សង្គ្រាម ដែល​ពាក់ព័ន្ធ​នឹង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

«កាលៈទេសៈ​យើង​ទាក់ទង​នឹង​ការ​ទម្លាក់​គ្រាប់បែក​នៅ​ស្រុក​ខ្មែរ​យើង​ពី​ឆ្នាំ​១៩៦៨ ដល់​១៩៧៣ អញ្ចឹង​ យើង​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​នេះ គាត់​ទទួល​ខុសត្រូវ ឲ្យ​គាត់​មាន​កាតព្វកិច្ច កុំ​ឲ្យ​គាត់​បញ្ចូល​អ្នក​រងគ្រោះ ដែល​គាត់​បាន​ប្រព្រឹត្ត​លើ​ហើយ​ហ្នឹង​ទៅ​ប្រទេស​កម្ពុជា​វិញ»។

កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ធ្វើ​មាតុភូមិនិវត្ត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ជា​ភាសាអង់គ្លេស។

កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ធ្វើ​មាតុភូមិនិវត្ត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ជា​ភាសាអង់គ្លេស។

សកម្មជន​ប្រឆាំង​នឹង​ការ​ចាប់​បញ្ជូន​ខ្លួន​ពលរដ្ឋ​ខ្មែរ​ទៅកាន់​ប្រទេស​កំណើត​វិញ លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ ដែល​ធំ​ដឹង​ក្ដី​នៅ​សហរដ្ឋ​អាមេរិក​នេះ មិន​ចេះ​និយាយ​ភាសា​ខ្មែរ និង​មិន​ដែល​ស្គាល់​ប្រទេស​កម្ពុជា​ផង ហើយ​អ្នក​ខ្លះ​ ថែម​ទាំង​មិន​បាន​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ទៀត ដោយសារ​ឪពុកម្ដាយ​របស់​ពួកគេ ត្រូវ​រត់​ភៀស​ខ្លួន​ទៅកាន់​ប្រទេស​ជិត​ខាង​ ដើម្បី​គេច​ពី​សង្គ្រាម​ក្នុង​ស្រុក​នៅ​អំឡុង​ទសវត្ស​១៩៧០​និង​១៩៨០ មុន​ពេល​ដែល​ពួកគេ​បាន​ដក​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​នៅ​ដើម​ទសវត្ស​ឆ្នាំ១៩៩០​នោះ។

លោក សេក កុសល​ មាន​ប្រសាសន៍​ថា មធ្យោបាយ​មួយ​ដែល​អាច​ជួយ​បញ្ឈប់​ការ​បញ្ជូន​ខ្លួន​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​នេះ​ត្រឡប់​ទៅ​កម្ពុជា គឺ​ការ​កែប្រែ​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​គឺ​កម្ពុជា-អាមេរិក និង​ការ​ស្នើ​កុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ពលរដ្ឋ​ខ្មែរ​ ដែល​ត្រូវ​គេ​ចាប់​បញ្ជូន​ខ្លួន​ពី​អាមេរិក​នេះ​ទៅ។

«បើ​សិន​ជា​ភាគី​មួយ​មិន​អនុវត្ត អញ្ចឹង​វា​មិន​អាច​ទៅ​មុខ​បាន​ទេ។ បើ​សិន​ជា​សហរដ្ឋ​អាមេរិក​ គេ​មិន​ស្ដាប់​យើង គេ​មិន​ចង់​ឭ​ពី​យើង អញ្ចឹង​យើង​កុំ​ទទួល​យក​បងប្អូន​ខ្មែរ​យើង​ហ្នឹង​វិញ​ទៅ អញ្ចឹង​រឿង​ហ្នឹង​វា​ចង់​ត្រឹមហ្នឹង​ហើយ​បាទ»។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ខៀវ សុភ័ក្រ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដែល​ជា​ស្ថាប័ន​តំណាង​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​ពីរ (MOU on Repatriation) បាន​ថ្លែង​ប្រាប់​ VOA​ថា អាជ្ញាធរ​កម្ពុជា​ កំពុង​ចរចា​ជាមួយ​ភាគី​អាមេរិក​លើ​បញ្ហា​នេះ​ហើយ។

កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ធ្វើ​មាតុភូមិនិវត្ត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ជា​ភាសាអង់គ្លេស។

កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ធ្វើ​មាតុភូមិនិវត្ត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ជា​ភាសាអង់គ្លេស។

លោក​បន្ថែម​ថា រដ្ឋាភិបាល​ប្រកាន់​ជំហរ​ស្ម័គ្រ​ចិត្ត​សម្រាប់​ជន​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ។

«យើង​កំពុង​តែ​ពិនិត្យ​MOU ហ្នឹង​ឡើង​វិញ​ក្នុង​ការ​ពិចារណា ហើយ​គោល​ជំហរ​ហ្នឹង​គឺ​ថា សុំ​ធ្វើ​យ៉ាង​ណា​គឺ​ឈរ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត ដែល​រាជរដ្ឋាភិបាល​កំពុង​គិត។ ឈរ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​យើង​នៅ​ទី​នោះ។ បើ​គាត់​ស្ម័គ្រ​ចិត្ត​មក យើង​ទទួល។ បើ​គាត់​មិន​ស្ម័គ្រ​ចិត្ត​ទេ យើង​មិន​ទទួល»។

ប៉ុន្តែ លោក ខៀវ សុភ័ក្រ ទទួល​ស្គាល់​ថា ការ​សម្រេច​ណាមួយ​ គឺ​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ គឺ​កម្ពុជា និង​អាមេរិក ដូច្នេះ វា​ទាមទារ​ឲ្យ​មាន​ការ​ចរចា​គ្នា​បន្ថែម​ទៀត។

យ៉ាង​ណា​ក៏​ដោយ​ លោក សេក កុសល ​ផ្ដល់​យោបល់​ថា កម្ពុជា​គួរ​តែ​បន្ត​ការ​ទទូច​របស់​ខ្លួន​តទៅទៀត រហូត​ដល់​មាន​ការចរចា​ឈាន​ទៅ​ដល់​ការ​កែប្រែ​កិច្ចព្រមព្រៀង​ទ្វេភាគី​នេះ ដើម្បី​ធានា​ថា ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក នឹង​មិន​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា​តទៅទៀត។

លោក​បន្ថែម​ថា ទោះបី​ជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​សហរដ្ឋ​អាមេរិក​នេះ​ក៏​ដោយ ក៏​ពួកគេ​គួរ​តែ​ត្រូវ​ទទួល​ទោស​ត្រឹម​នៅ​ក្នុង​សហរដ្ឋ​អាមេរិក តែ​អាច​បន្ត​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ទី​នេះ​តទៅទៀត ពីព្រោះ​លោក​ថា ការ​បញ្ជូន​ខ្លួន​ពួកគេ​ទៅ​ប្រទេស​ដែល​ពួកគេ មិនទាំង​ចេះ​និយាយ​ភាសា​នៃ​ប្រទេស​នោះ​ផង គឺជា​ទង្វើ​អមនុស្សធម៌​ខ្លាំង​ណាស់៕

XS
SM
MD
LG