ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ប្រជាធិបតេយ្យ​ទាមទារ​ឲ្យ​មាន​រដ្ឋ​អាជ្ញាពិសេស​ក្រោយ​ពីការ​បណ្តេញ​លោក​ Comey ​ចេញ​ពី​តំណែង

  • Michael Bowman

បាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ត្រាំ​ដែល​បាន​បញ្ឈប់​លោក​នាយក​​ FBI James Comey នៅ​ខាងក្រៅសេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពីថ្ងៃទី​១០​ ឧសភា ២០១៧។

បន្ទាប់​ពី​​លោក​ប្រធានាធិបតី​ Donald Trump ​បាន​បណ្តេញ​នាយក​ការិយាល័យ​ស៊ើប​អង្កេត​សហពន្ធ ​FBI ​ចេញ​ពី​តំណែងរួច​មក សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ទាមទារ​ឲ្យ​មាន​ការ​តែង​តាំង​រដ្ឋ​អាជ្ញា​ពិសេស​ម្នាក់​សម្រាប់​បន្ត​ការស៊ើប​អង្កេតទៅ​លើ​ការ​មន្ទិល​សង្ស័យ​ថា​ប្រទេស​រុស្ស៊ី​បាន​លូក​ដៃ​ចូល​ក្នុង​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតីស.រ.អា.​កាល​ពី​ឆ្នាំ​មុន។

លោកMichael​ Bowman នៃ​វីអូអេ រាយការណ៍​ថា​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋកំពុង​តែ​ឆ្លើយតប​ដោយ​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ស្ថានការណ៍​ដែល​កំពុង​ផ្ទុះឡើង ហើយ​ដែល​កំពុង​តែ​ប្រែ​ប្រួលគ្រប់​ពេល​វេលា​នេះ។

លោក​ប្រធានាធិបតី​ Donald Trump ​បាន​លើក​យក​ការ​ស៊ើប​អង្កេត​របស់​លោក​ Comey ​កាល​ពី​ឆ្នាំ​មុន ក្នុងការ​ប្រើ​ប្រាស់​អ៊ីម៉ែល​របស់​លោកស្រី​ Clinton ​ជា​មូល​ហេតុ​ចម្បង​ក្នុង​ការបណ្តេញ​លោក​ចេញ​ពី​តំណែង។ សមាជិក​សភា​នៃគណបក្ស​ប្រជាធិបតេយ្យ​ដូច​ជា​សមាជិក​ព្រិទ្ធសភា Chuck Schumer ​ជា​ដើម​ មន្ទិល​សង្ស័យ​អំពី​មូលហេតុ​មួយ​ផ្សេង​ទៀត។

«សំណួរ​ដែល​ចោទ​ឡើងគឺហេតុ​អ្វី​បាន​ជា​រឿង​នេះ​បាន​កើត​ឡើង​កាល​ពី​យប់​មិញ? យើង​បាន​ដឹង​ហើយ​ថា​លោក​នាយក​ Comey ​កំពុង​ដឹកនាំ​ការ​ស៊ើប​អង្កេត​មួយ​ដើម្បីពិនិត្យ​មើល​ថា​តើ​យុទ្ធនាការ​រក​សំឡេងឆ្នោត​របស់​លោក​ Trump ​បាន​ឃុប​ឃិត​ជាមួយ​ជា​មួយ​រុស្ស៊ីឬ​ទេ។ នេះ​ជាបទ​ល្មើសយ៉ាង​ធ្ងន់ធ្ងរ​មួយ។ តើ​ការ​ស៊ើប​អង្កេត​ទាំងនោះ​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ព្រួយ​បារម្ភខ្លាំង​មែនទេ?»

សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ខ្លះ កំពុង​ប្រៀបធៀប​សកម្មភាព​របស់​លោក​ Trump ​ទៅ​និង​សកម្មភាព​របស់​អតីត​ប្រធានាធិបតី​ Richard Nixon ដែល​បាន​លា​ចេញ​ពី​តំណែង​កាល​ពីឆ្នាំ​១៩៧៤ នៅ​ពេល​ដែល​កំពុង​មាន​ការ​ស៊ើប​អង្កេត​ក្នុង​រឿង​អាស្រូវ​ Watergate។ ករណី​នោះ​បាន​នាំ​ឲ្យ​មាន​ច្បាប់​មួយ​អនុញ្ញាត​ឲ្យមាន​ការ​តែង​តាំង​រដ្ឋ​អាជ្ញា​ពិសេស​ឯក​រាជ្យ​ម្នាក់ ​ដើម្បីចាត់​ចែងការ​ស៊ើប​អង្កេតណា​ដែលពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ខ្លាំង។ សមាជិក​សភា​នៃគណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា រដ្ឋ​អាជ្ញា​ពិសេស​ឯក​រាជ្យ​បែប​នេះ ជា​សេចក្តី​ត្រូវការ​នៅ​ពេល​នេះ។

«រដ្ឋ​អាជ្ញាពិសេស​ម្នាក់ មិន​ចាំ​បាច់​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឬ នរណា​ម្នាក់​ផ្សេង​ទៀត នៅ​ក្រសួង​យុត្តិធម៌ទេ។ នេះ​មាន​ន័យ​ថា​រដ្ឋ​អាជ្ញា​ពិសេស​នោះ នឹងមាន​សេរីភាព​ច្រើន​ក្នុង​ការ​សម្រេច​ថា​តើ​គាត់​ចង់​កោះ​ហៅ​អ្នក​ណា ចង់​សួរ​សំណួរ​អ្វីខ្លះ និង​ចង់​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​វិធី​ណា។ ការ​តែង​តាំង​រដ្ឋ​អាជ្ញា​ពិសេស​ម្នាក់ ជា​ការ​បោះ​ជំហាន​ត្រឹម​ត្រូវ​មួយ។»

​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន ក៏​បាន​ចោទ​សួរ​អំពី​ពេល​វេលា​នៃការ​បណ្តេញ​លោក​ Comey ​ចេញ​ពី​តំណែង​ដែរ។ ប៉ុន្តែ​មេ​ដឹកនាំ​សភានៃ​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​សំឡេងភាគច្រើន លោក​ Mitch McConnell ​កត់​សម្គាល់​ថា​ គឺបណ្តា​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នោះ​ទេ​ ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ខឹង​សម្បា ហើយ​ថា​អ្នក​ខ្លះទៀត ថែម​ទាំង​បាន​អំពាវ​នាវ​ឲ្យបណ្តេញ​លោក​ Comey ​ចេញ​ពី​តំណែង​ផង នៅ​ពេល​ដែល​លោក​នាយក​ទីភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​សហព័ន្ធ បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេតករណី​អ៊ីម៉ែល​របស់​លោកស្រី Clinton ​២​សប្តាហ៏​មុន​ការ​បោះ​ឆ្នោតកាល​ពី​ខែ​វិច្ឆិកានោះ។

«ទោះ​ជា​គេ​យល់យ៉ាង​ដូច​ម្តេច​ចំពោះ​វិធីស៊ើប​អង្កេត​របស់​លោក​នាយក​ James Comey ក្នុង​ករណី​ប្រើ​ប្រាស់​អ៊ីម៉ែលឯកជន​របស់លោកស្រី​រដ្ឋ​មន្ត្រី​ការ​បរទេស​ Clinton ​និង​ការ​ទុក​ដាក់​ព័ត៌មាន​សម្ងាត់មិន​ត្រឹម​ត្រូវ​យ៉ាង​ណា​ក៏​ដោយ ក៏​អ្វី​ដែល​សហសេវិក​យើង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​គិត​ទាំង​នៅ​ពេល​នោះ និង​ពេល​បន្ទាប់​មក​នោះ មាន​សភាព​ច្បាស់​លាស់​ណាស់។»

លោក McConnell ​បាន​បន្ថែម​ទៀត​ថា ការ​ស៊ើប​អង្កេត​អ្វី​ថ្មីដោយ​រដ្ឋ​អាជ្ញា​ពិសេស​នោះ នឹងគ្រាន់​តែ​រារាំង​ដល់​ការ​ស៊ើប​អង្កេត​ដែល​កំពុង​ធ្វើ​ឡើង​ក្នុងក្រសួង​យុត្តិធម៌​និង​ក្នុង​សភា​តែប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ ប៉ូច រាសី

XS
SM
MD
LG