ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វិមាន​ឈ្នះឈ្នះ​ត្រូវ​បាន​សាងសង់​ដើម្បី​បង្ហាញ​ជោគជ័យ​របស់​លោក​ហ៊ុន សែន


លោក​ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)

លោក​ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)

លោក​នាយ​ឧត្តម​សេនីយ៍​ទៀ បាញ់​ បាន​ស្នើ​ឲ្យ​មាន​ការ​សាង​សង់​វិមាន​អនុស្សាវរីយ៍​ឈ្នះ​ឈ្នះ​ទំហំ​តូចៗ​បន្ថែម​ទៀត​ នៅ​ក្នុង​ទីតាំង​ដែល​អាច​បញ្ជាក់​ពី​រឿងរ៉ាវ​កាល​ពី​អតីត​កាល​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ក្រោយ​សម័យ​សង្គ្រាម។​

កាល​ពី​ជាង​១៩​ឆ្នាំ​មុន​ ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រាជ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ និង​កងទ័ព​ខ្មែរ ក្រហម​បាន​បញ្ចប់​ទៅ​ តាម​អ្វី​ដែល​គេ​ដឹង​ថា​ ជា​ជោគ​ជ័យ​របស់​គោល​នយោបាយ​ឈ្នះឈ្នះ ដែល​ដាក់​ចេញ​ដោយ​លោក​ហ៊ុន សែន។​

ជា​ការ​រំឭក​ដល់​ជោគជ័យ​នេះ​ រាជ​រដ្ឋាភិបាល​បាន​ប្រកាស​ផែនការ​កសាង​វិមាន​អនុស្សាវរីយ៍​គោល​នយោបាយ​ឈ្នះ​ឈ្នះ​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។ លោក​នាយ​ឧត្តម​សេនីយ៍​ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ ការ​សាង​សង់​វិមាន​នេះ​ សម្រេច​បាន​៥៥​ភាគរយ​ ក្រោយការ​សាង​សង់​រយៈពេល​មួយ​ឆ្នាំ។​

ថ្លែង​នៅ​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​រយៈពេល​មួយ​ឆ្នាំ​នៃ​ការ​កសាង​វិមាន​នេះ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​ រាជ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សៅរ៍ លោក​ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា​ វិមាន​ឈ្នះ​ឈ្នះ​នឹងក្លាយ​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​អំពី​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កសាង​សន្តិភាព​ និង​ប្រវត្តិសាស្ត្រ​នានា​ស្តី​ពី​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «នេះ​គឺ​ជា​ឱកាស​ល្អ​ណាស់​សម្រាប់ហៅ​ថា​ យុវវ័យ​របស់​យើង​ ដែល​ត្រូវ​សិក្សា ​ឬ​ក៏​ផ្តល់​មេរៀន​ណា​មួយ​ដែល​ចង់​បញ្ជាក់​ទៅ​ថា​ នយោបាយ​ឈ្នះឈ្នះ​បាន​មក​របៀប​ណា​ បាន​ជា​វា​មាន​រឿង​ហ្នឹង​គឺ​ថា​ អាច​ទៅ​ជា​ប្រធាន​បទ​មួយ​សម្រាប់​សេច​ក្តី​ត្រូវការ​របស់​ពិភព​លោក​ខ្លាំង​ណាស់​ ព្រោះ​កន្លែង​ខ្លះ​ ​គឺ​ថា​ ម្ង៉ៃៗ​ គឺ​គិត​តែ​ពី​រឿង​ហៅ​ថា​ ធ្វើ​បុណ្យ​ខ្មោច​ហ្នឹង​ ធ្វើ​សម្បើម​ណាស់»។​

លោក​នាយ​ឧត្តម​សេនីយ៍​ទៀ បាញ់​ បាន​ស្នើ​ឲ្យ​មាន​ការ​សាង​សង់​វិមាន​អនុស្សាវរីយ៍​ឈ្នះ​ឈ្នះ​ទំហំ​តូចៗ​បន្ថែម​ទៀត​ នៅ​ក្នុង​ទីតាំង​ដែល​អាច​បញ្ជាក់​ពី​រឿងរ៉ាវ​កាល​ពី​អតីត​កាល​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ក្រោយ​សម័យ​សង្គ្រាម។​

«កន្លែង​ផ្សេងៗ​ទៀត​ក៏​នឹង​ត្រូវ​ជ្រើស​រើស​ថែម​ទៀត​នៅ​ពេល​ខាង​មុខ។​ បើ​រក​បាន​ឃើញ​ថា​ វា​សម​ស្រប​ សមរម្យ​ថា ​នឹង​ធ្វើ​ហៅ​ថា​ អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ ទ្រង់​ទ្រាយ​ស្អី​ហ្នឹង​ យើង​អាច​ពិភាក្សា​គ្នា​ក្រោយ​ មិនមែន​តែ​ធ្វើ​ ហៅ​ថា​ ធំប៉ុណ្ណឹង​ទេ។​ វា​អាច​នឹង​បង្រួញ​ទៅ​តាម​កម្រិត​របស់​វា ​តូចៗ​ដែរ ​វាមាន​ទ្រង់ទ្រាយ​របស់វា​ដើម្បី​ឲ្យ​បញ្ជាក់​ថា​ នេះ​គឺ​ជា​ការ​ត​ភា្ជប់​ ហើយ​អាច​រំឭក​ជាក់​ស្តែង​នៅ​កន្លែង​របស់​ខ្លួន​ វា​លេច​ឡើង​ជាក់​ស្តែង​ថែម​ទៀត»។​

លោ​ក​បាន​ស្នើ​ឲ្យ​មេបញ្ជាការ​នៅតំបន់​ភូមិ​ភាគ​៣​ ក្នុង​ខេត្ត​កំពង់ស្ពឺ​ តំបន់​ភូមិ​ភាគ​៤​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​តំបន់​ភូមិភាគ​៥​ ក្នុង​ខេត្ត​បាត់​ដំបង​ ឲ្យ​ពិចារណា​រៀប​ផែនការ​កសាង​វិមាន​នេះ។​

តាម​ផែន​ការ​សាងសង់​វិមាន​ដែល​នឹង​រំឭក​ស្នាដៃ​របស់​លោក​ហ៊ុន សែន​ ក្នុង​ការ​នាំ​សន្តិភាព​ពេញលេញ​ឲ្យ​កម្ពុជា​នេះ នឹង​ត្រូវ​សាង​សង់​លើ​ផ្ទៃ​ដី​ទំហំ​១៥​ហិកតា ​ដែល​ជា​អំណោយ​របស់​លោក​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ចំណោម​អ្នក​ជំនួញ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​នាយ​ឧត្តម​សេនីយ៍​ឈុំ សុជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ មិន​អាច​បញ្ជាក់​បាន​ថា​ ការ​សាង​សង់​វិមាន​អនុស្សាវរីយ៍​គោល​នយោបាយ​ឈ្នះឈ្នះ​នេះ​ថា ​នឹង​ចប់​នៅពេល​ណា​នោះ​ទេ។​ លោក​ថ្លែង​ថា​ ការ​ចំណាយ​លើ​ការ​សាង​សង់​វិមាន​នេះ​គឺ​បាន​មក​ពី​ការ​ចូលរួម​ចំណែក​ពី​សប្បុរស​ជន។

លោក​ថ្លែង​ថា៖ «សំខាន់​វា​ អ្នក​សប្បុរស​ជន​គាត់​ជួយ​ទេ ​អត់​មាន​ទាក់​ទង​នឹង​ថវិកា​រដ្ឋ​ទេ»។​

លោក​នាយ​ឧត្តម​សេនីយ៍​ឈុំ សុជាតិ​ ប្រាប់​ VOA ​បន្ថែម​ថា៖ «យើង​សុំ​ពី​សាធារណជន​ គាត់​ជួយ​ឧបត្ថម្ភ»។​

អ្នក​វិភាគ​យល់​ថា​ មិន​មាន​អ្វី​ជា​ការ​ខុស​ឆ្គង​ក្នុង​ការ​កសាង​វិមាន​អនុស្សាវរីយ៍​គោល​នយោបាយ​ឈ្នះឈ្នះ​ទេ​ តែ​រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ឯកភាព​ជាតិ​ដែល​អាច​ដាក់​ឲ្យ​ប្រទេស​កម្ពុជា​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​នេះ​ ​សិ្ថត​ក្នុង​ស្ថិរភាព​យូរ​អង្វែង។​

លោក​មាស នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម​ ប្រាប់ ​VOA ថា​ គោល​នយោបាយ​ឈ្នះឈ្នះ​កំពុង​សាប​រលាប​បន្តិច​ម្តងៗ​ ដោយ​សារ​រដ្ឋាភិបាល​បាន​ដាក់​គំនាប​លើ​គូប្រជែង​របស់​ខ្លួន។​ លោក​និយាយថា ប្រសិន​បើ​ការ​ដាក់​គំនាប​នេះ​បន្តទៅ​មុខ​ទៀត​នោះ​ ស្ថិរភាព​របស់​ប្រទេស​កម្ពុជា​នឹង​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​បារម្ភ។​

«រដ្ឋាភិបាល​បាន​ទទួល​ប្រជា​ប្រិយ៍​ខ្ពស់​ ការណ៍​ដែល​អនុវត្ត​នូវ​វិធី​សាស្ត្រ​ ឬ​យុទ្ធសាស្ត្រ​ឈ្នះឈ្នះ។​ ក៏​ប៉ុន្តែ​ដូច​ខ្ញុំ​ជំរាប​មិញ​ហ្នឹង​ថា​ មក​ដល់​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ យើង​ហាក់​បី​ដូច​ជា​សង្កេត​ឃើញ​ថា​ រដ្ឋាភិបាល​បាន​ប្តូរ​ជំហរ​ឈ្នះឈ្នះ​ហ្នឹង​ហើយ​ គឺ​យើង​ឃើញ​ថា​ មាន​អ្នក​ឈ្នះ​ មាន​អ្នក​ចាញ់​ ដល់​អញ្ចឹង​ទៅ ដល់​មាន​អ្នក​ឈ្នះ​ មាន​អ្នក​ចាញ់​អីចឹង​ឯង​ដែល​ធ្វើ​ឲ្យ​បញ្ហា​សង្គម​ ឬ​ភាព​ទុកចិត្ត​របស់​ពលរដ្ឋ​ទៅ​លើ​រដ្ឋាភិបាល​ ហាក់​ដូច​ជា​មាន​ការ​ធ្លាក់​ចុះ ​ដោយ​សារ​តែ​ការ​ផ្លាស់​ប្តូរ​ជំហរ​ហ្នឹង»។​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​វប្បធម៌​មួយ​រូប​បាន​ឲ្យ​ដឹង​កាលពី​ពេល​កន្លង​មក​ថា វិមាន​អនុស្សាវរីយ៍​គោល​នយោបាយ​ឈ្នះ​ឈ្នះ​នេះ​នឹង​មាន​កម្ពស់​យ៉ាង​តិច​៥០​ម៉ែត្រ៕

XS
SM
MD
LG