ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកជំនាញ​បារម្ភ​នឹង​ការធ្លាក់ចុះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​និងក្នុង​តំបន់

  • ហ៊ាន សុជាតា

Sophie Busson (កណ្តាល) ប្រធាន​ផ្នែក​តស៊ូ​មតិ​ប្រចាំ​តំបន់​អាសុី​បា៉សុីហ្វិក​ នៃ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង​ ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ ក្នុង​​ទិវា​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​ នៅក្នុង​ទីក្រុង​ចាកាតា​ នៃ​ប្រទេស​ឥណ្ឌូនេសុី​ កាលពី​ថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

នាង ​Sophie Busson ប្រធាន​ផ្នែក​តស៊ូ​មតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នៃ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ អំពី​បរិយាកាស​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

កំណត់​និពន្ធ៖ កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ ​ អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង​បាន​ចេញ​ផ្សាយសន្ទស្សន៍​សាកល​ស្ដីពី​សេរីភាព​សារ​ព័ត៌មាន​ឆ្នាំ​២០១៧​ ដែល​ក្នុង​នោះ​បង្ហាញ​ថា ​សេរីភាព​សារព័ត៌មាន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មាន​ស្ថានភាព​អាក្រក់​ជាង​គេ។ ហើយ​ប្រទេស​កម្ពុជា ​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ចំនួន​បួន​លេខ ​ដល់​លេខ​រៀង​ទី​១៣២ ក្នុង​ចំណោម​ប្រទេស​ជិត​១៨០ ​ដែល​ត្រូវ​បាន​សិក្សា។ នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ ក្នុង​ទីក្រុង​ហ្សាកាតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​សប្តាហ៍​មុន​ ​កញ្ញា​ ហ៊ាន សុជាតា​ នៃ VOA ​បាន​សម្ភាស​ជាមួយ​ នាង​Sophie Busson ប្រធាន​ផ្នែក​តស៊ូ​មតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នៃ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ អំពី​បរិយាកាស​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

VOA៖ ដូច​ដែល​អ្នកនាង​បាន​ដឹង​ហើយ​ថា​ សន្ទស្សន៍​សាកល​ស្ដីពី​សេរីភាព​សារ​ព័ត៌មានឆ្នាំ​២០១៧ ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​មេសា​បង្ហាញ​ថា​ សេរីភាព​សារ​ព័ត៌មាន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ស្ថានភាព​អាក្រក់​ជាង​គេ។​ តើ​អ្នក​នាងអាច​បញ្ជាក់​បាន​ទេ​ថា ​អ្វី​ជា​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​សេរីភាព​សារព័ត៌មាន​ក្នុង​តំបន់​នេះ?​

Sophie Busson៖ ចា៎! អរគុណ​ចំពោះ​សំណួរ​នេះ។ ជា​ការ​ពិត​ណាស់​ សន្ទស្សន៍​សាកល​ស្ដីពី​សេរីភាព​សារ​ព័ត៌មាន​ឆ្នាំ​២០១៧​ មើល​ឃើញ​ថា​ ស្ថានភាព​សេរីភាព​សារព័ត៌មាន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ភាព​ទន់ខ្សោយ​ បើធៀប​នឹង​តំបន់​ផ្សេង​ទៀត​លើ​ពិភពលោក។ យើង​មើល​ឃើញ​ថា​ មាន​ការ​វាយ​ប្រហារ​ជាច្រើន​បាន​កើតឡើង​ចំពោះ​អ្នក​សារព័ត៌មាន​ ហើយ​ក៏​មាន​ការ​បង្កើត​ច្បាប់​ជា​ច្រើន​ដែល​មាន​ចេតនា​រឹតត្បិត​សេរីភាព​អ្នក​សារព័ត៌មាន​ផងដែរ។ ហេតុ​នេះ​ វា​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ក្នុង​តំបន់​នេះ​ មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​សេរីភាព​ព័ត៌មាន​ពេញលេញ​នោះ។

VOA៖ តើ​អ្នក​នាង​អាច​ពន្យល់​បាន​ទេ​ ថា​តើ​សន្ទស្សន៍​សាកល​ស្ដីពី​សេរីភាព​សារ​ព័ត៌មាន​នេះ​មាន​សារៈ​ប្រយោជន៍​យ៉ាង​ណា​ខ្លះ?

Sophie Busson៖ ខ្ញុំ​ជឿជាក់​ថា​ សន្ទស្សន៍​សាកល​ស្ដីពី​សេរីភាព​សារ​ព័ត៌មាន​នេះ​អាច​ជា​ភស្តុតាងជួយ​ឲ្យ​អ្នក​សារព័ត៌មាន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ប្រាប់​ទៅ​រដ្ឋាភិបាល​របស់​ខ្លួន​ថា​ «មើល​ន៎! យើង​ពិត​ជា​ត្រូវ​ការ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ដែល​ប្រសើរ​ជាង​នេះ​ ខណៈ​ដែល​អន្តរជាតិ​ក៏​កំពុង​តែ​ឃ្លាំ​មើល​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​យើង​ផង​នោះ»។ ខ្ញុំ​គិត​ថា​ មាន​អ្នក​ការទូត​ជាច្រើន​ ក៏​បាន​មើល​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​នេះ​ផង​ដែរ​។ ហើយ​ពួកគេ​នឹង​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ក្នុង​ប្រទេស​ទាំង​នោះ។​ យើង​រំពឹង​ថា​ សន្ទស្សន៍​នេះ​អាច​ជួយ​ដាក់​សម្ពាធ​ដល់​អាជ្ញាធរ​ឲ្យ​គោរព​សេរីភាព​សារព័ត៌មាន​ និង​ជួយ​ឲ្យ​អ្នក​សារព័ត៌មាន​ដែល​អនុវត្ត​ការងារ​ដោយ​ផ្ទាល់​ក្នុង​ការ​បំពេញ​ការ​ងារ​ខ្លួន​ដោយ​សេរី។

VOA៖ ដោយសារ​តែ​ សន្ទស្សន៍​សាកល​ស្ដីពី​សេរីភាព​សារ​ព័ត៌មាន​ បាន​ទម្លាក់​ចំណាត់​ថ្នាក់​របស់​ប្រទេស​កម្ពុជាចំនួន​បួន​លេខ ​ដល់​លេខ​រៀង​ទី​១៣២ក្នុង​ឆ្នាំ​២០១៧​នេះ​ដែល​កាល​ពី​ឆ្នាំ​២០១៦​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១២៨។ តើ​អ្នក​នាង​អាច​ពន្យល់​បាន​ទេ​ថា​ មូលហេតុ​អ្វី​ទើប​កម្ពុជា​ធ្លាក់​ចំណាត់​ថ្នាក់​ដល់​ទៅ​៤​លេខ​នេះ?

Sophie Busson៖ យើង​មើលឃើញ​ថា​ នៅ​កម្ពុជា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ដិតដល់​ពី​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ហ៊ុន សែន​ក្នុង​អំឡុង​ពេល​៣ទសវត្សរ៍​មកនេះ។ យើង​មើល​ឃើញ​ទៀត​ថា​ មាន​ការកើនឡើង​នូវ​ប្រទូសរ៉ាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាពិសេស​នៅ​ក្នុង​ឆ្នាំ​២០១៦។ ហើយ​ជាទូទៅ​ អ្នក​កាសែត​អាច​នឹង​ត្រូវ​បង់​តម្លៃ​យ៉ាង​ខ្ពស់ ​បើ​សិន​ជា​ពួក​គេ​ហ៊ាន​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ​ការ​នេសាទ​ខុស​ច្បាប់ ​និង​ការ​បំផ្លិចបំផ្លាញ​សម្បត្តិ​ធនធាន​ធម្មជាតិ​ដទៃ​ទៀត។ យើង​ថែម​ទាំង​បាន​ដឹង​ទៀត​ថា​ ជា​ញឹកញាប់​អ្នកសារព័ត៌មាន​ត្រូវ​ប្រឈម​នឹង​បទចោទ​ទាក់ទង​នឹង​បទ​បរិហារកេរ្តិ៍ ​និង​ការ​បំផ្លាញ​មុខមាត់​ប្រទេស​ជាតិ។ មួយ​វិញ​ទៀត​ ភ្លាម​ៗ​បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់ ​លោក​ កែម ឡី​ អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៦​នោះ ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ និង​កាសែត​ខេម​បូឌា​ដេលី​ និង​ស្ថាប័ន​ព័ត៌មាន​ផ្សេង​ទៀត ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហើយ​អ្នក​កាសែត​ទាំង​នោះ​ក៏​រង​ការ​គំរាម​កំហែង​អនាមិក​ថែម​ទៀត​ផង។ ទាំង​នេះ​ហើយ ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពិន្ទុ​របស់​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ។​

ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ នៅក្នុង​ទីក្រុង​ហ្សាកាតា​ នៃ​ប្រទេស​ឥណ្ឌូនេសុី​ កាលពី​ថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ នៅក្នុង​ទីក្រុង​ហ្សាកាតា​ នៃ​ប្រទេស​ឥណ្ឌូនេសុី​ កាលពី​ថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

VOA៖ តើ​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​សារព័ត៌មាន​នេះ​ អាច​ធ្វើ​ឲ្យប៉ះពាល់​យ៉ាងណា​ខ្លះ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេសកម្ពុជា​ ជាពិសេស​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ដ៏​សំខាន់​នេះ?​

Sophie Busson៖ នេះ​ គឺ​ជា​ក្តី​បារម្ភ​មួយ​ នៅ​ពេល​ដែល​សារព័ត៌មាន​មិន​មាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​បំពេញ​ការងារ​របស់​ពួកគេ​ក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះ។ ​ ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ សារព័ត៌មាន​មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​រាយការណ៍​ព័ត៌មាន​អំពី ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​និង​បញ្ហា​សំខាន់​ផ្សេង​ទៀត​ដែល​ ប្រជាពលរដ្ឋ​គួរ​តែ​ដឹង​ ដើម្បី​អាច​សម្រេច​ចិត្ត​ថា ​អ្នកណា​ដែល​ពួកគាត់​គួរ​តែ​បោះឆ្នោត​ឲ្យ​នោះ។​ ហេតុ​នេះ​ វា​ពិតជា​សំខាន់​ខ្លាំង​ណាស់​ ដែល​យើង​ត្រូវ​ធានា​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​រាយការណ៍​អំពី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​យ៉ាង​ពេញ​លេញ​នោះ។​

VOA៖ កាល​ពី​ពេល​ថ្មីៗ​នេះ​ទៀត​សោត​ លោក ​ហួត ​ឃីនវុទ្ធី ​ហៅ ​ជុន ​ច័ន្ទបុត្រ ​នាយក​រង​ផ្នែក​ផ្សាយ​ជា​ខេមរភាសា នៃ​វិទ្យុ​អាស៊ីសេរី ត្រូវ​បាន​តុលាការ​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ បន្ទាប់​ពី​លោក​មិន​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះ​ហៅ​ពាក់ព័ន្ធ​នឹង​ការ​ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង។​ តើ​អ្នកនាង​ យល់​យ៉ាង​ដែរ​ចំពោះ​ករណី​ដែល​បាន​កើតឡើងនេះ?

Sophie Busson៖ យើង​មាន​ការបារម្ភ​នឹង​ករណី​នេះ​យ៉ាងខ្លាំង​ណាស់។ វា​មិន​មែន​ជា​រឿង​សាមញ្ញ​ទេ នៅ​ពេល​ដែល​គាត់​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ពេញលេញ​នោះ។ ហេតុនេះ​ហើយ​ទើប​យើង​ ចង់ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ អនុញ្ញាត​ឲ្យ​អ្នកកាសែត​អាច​ធ្វើ​ការងារ​របស់​ពួកគេ​បាន​ពេញលេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ វា​ពិតជា​សំខាន់​ណាស់​ ក្នុង​ការ​យល់​ឲ្យ​ច្បាស់​ថា​ នៅ​ពេល​ដែល​មាន​សកម្មភាព​ផ្លូវ​ច្បាប់​នានា​ដែល​ដាក់​បន្ទុក​លើ​អ្នកកាសែត ​ឬ​ការ​ចង់​យក​ពួកគេ​ទៅ​តុលាការ​នោះ វា​អាច​បង្ក​ឲ្យ​មាន​ការ​ត្រួតពិនិត្យដោយ​ខ្លួនឯង​មុន​ការផ្សាយ​នៅ​ក្នុង​ប្រទេស​នេះ។ វា​ថែម​ទាំង​អាច​បង្ក​នូវ​បរិយាកាស​ភ័យ​ខ្លាច​ចំពោះ​ការ​បញ្ចេញ​មតិ​ផង​ដែរ។

VOA៖ តើអ្នកនាងគិត​ថា​ ការ​ផ្លាស់ប្តូរ​មេដឹកនាំ​កំពូល​របស់​ពិភពលោក​ អាច​ប៉ះទង្គិច​ដល់​វិស័យ​សារព័ត៌មាន​សាកល​ដែរឬទេ? ជាឧទាហរណ៍​នៅពេល​ដែល​មេដឹកនាំ​ពិភពលោក​បង្ហាញ​ជំហរ​មិនពេញ​ចិត្ត​ចំពោះ​ប្រព័ន្ធផ្សព្វផ្សាយ ​ដូចជា​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ ដែល​ជា​រឿយៗ​វាយប្រហារ​ទៅលើ​ប្រព័ន្ធផ្សព្វផ្សាយ។

ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ នៅក្នុង​ទីក្រុង​ហ្សាកាតា​ នៃ​ប្រទេស​ឥណ្ឌូនេសុី​ កាលពី​ថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ នៅក្នុង​ទីក្រុង​ហ្សាកាតា​ នៃ​ប្រទេស​ឥណ្ឌូនេសុី​ កាលពី​ថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

Sophie Busson៖ ​ពិតមែន​ហើយ! យើង​ក៏​មាន​ការ​ព្រួយបារម្ភ​ ចំពោះទំនោរ​ថ្មី​ ដែល​ថា​មេដឹកនាំ​នយោបាយ​កំពូល​ ជាពិសេស​មកពី​ប្រទេស​ប្រជា​ធិបតេយ្យ​ ដែល​ធ្វើការ​វាយ​ប្រហារ​ទៅលើ​អ្នកកាសែត។ យើង​មើលឃើញ​ថា​ មាន​មេដឹកនាំ​នយោបាយ​មក​ពី​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ ដែល​ប្រើប្រាស់​ទឡ្ហីករណ៍​ដូចគ្នា វាយ​ប្រហារ​ទៅលើ​អ្នក​សារព័ត៌មាន។​ ហើយ​ពិតណាស់​ដែល​ថា​ ស្ថានភាព​នេះ​កំពុង​គំរាម​កំហែង​ដល់​សេរី​សារព័ត៌មាន​ក្នុង​ពិភពលោក​ និង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

VOA៖ ជា​សំណួរ​ចុង​ក្រោយ ​នាង​ខ្ញុំ​ចង់ដឹង​ថា​ តើ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន ​មាន​ជា​អនុសាសន៍​អ្វី​ខ្លះ​ ដើម្បី​រួមចំណែក​ឲ្យ​ស្ថានភាព​សេរី​ភាព​សារព័ត៌មាន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ក៏​ដូចជា​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង?

Sophie Busson៖ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ក្នុងតំបន់​មាន​ភាព​ប្រសើរ ​អ្នក​ត្រូវការ​មធ្យោបាយ​ជាក់ស្តែង​ជា​ច្រើន។ ទីមួយ​ គឺ​ថា​អ្នក​កាសែត​ត្រូវ​តែ​មាន​សេរីភាព​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន។ ទីពីរ​ ច្បាប់​ត្រូវតែ​ធានា​ឲ្យ​បាន​នូវ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។​ ហើយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ និង​អ្នក​នយោបាយ​ ត្រូវ​ចូលរួម​ទប់ស្កាត់​ការ​វាយ​ប្រហារ​នានា​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ អ្នក​កាសែត​មិន​គួរ​មាន​ការដាក់​កម្រិត​ ឬ​មាន​ដែន​កំណត់​ក្នុង​ការ​បំពេញ​តួនាទី ​និង​ការងារ​របស់​ពួកគេ​នោះទេ។ បន្ថែម​ពី​លើនេះ​ វា​ក៏​គួរ​មាន​ផងដែរ​នូវ​ស្ថានភាព​សេដ្ឋកិច្ច​ដែល​មាន​និរន្តរភាព​។ ​ហើយ​ទាំង​អស់​នេះ​ គឺជា​ការ​ទទួលខុសត្រូវ​យ៉ាង​ពិតប្រាកដ​របស់​រដ្ឋាភិបាល​ និង​មេដឹកនាំ​នយោបាយ​ ក្នុង​ការ​បង្កើត​បរិយាកាស​ល្អ​ប្រសើរ​ដល់​អ្នក​កាសែត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក្នុង​ការ​បំពេញ​ការងារ​របស់​ពួកគេ៕

XS
SM
MD
LG