ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចំនួន​មនុស្ស​ស្លាប់​កើនឡើង​៩០នាក់​ក្នុង​​ការ​ទម្លាក់គ្រាប់បែក​របស់​​អាមេរិក​​លើ​អាហ្វហ្គានីស្ថាន​


ប៉ូលិស​សន្តិសុខ​ជនជាតិ​អាហ្វហ្គានីស្ថាន​ម្នាក់​ដើរ​កាត់​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​បន្ទាប់​ពី​ការ​ប្រតិបត្តិការ​មួយ​ក្នុង​ទីក្រុង Asad Khil ក្បែរ​តំបន់ដែល​អាមេរិក​បាន​ទម្លាក់គ្រាប់បែក​នៅ​ក្នុង​ស្រុក Achin ទីក្រុង Jalalabad ភាគខាងកើត​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃទី​១៧ មេសា ២០១៧។

មន្ត្រី​អាហ្វហ្គានីស្ថាន​ បាននិយាយ​ថា​ចំនួន​ជនសកម្មប្រយុទ្ធ​ដែលគេ​ដឹង​ថា​បានត្រូវ​សម្លាប់​នៅ​ក្នុងការ​ទម្លាក់គ្រាប់បែក​ធំមួយ​របស់​ស.រ.អា.កាលពី​ថ្ងៃ​ព្រហស្បតិ៍​មាន​ជិតបី​ដង​ច្រើន​ជាង​ចំនួន​ដែល​បាន​ត្រូវរាយការណ៍​ពីមុន។

​មន្ត្រី​ទាំងនេះ​បាននិយាយ​ថា​មានជន​សកម្មប្រយុទ្ធ​យ៉ាង​តិចណាស់៩២​នាក់​បានស្លាប់នៅ​ក្នុងការ​ទម្លាក់​គ្រាប់បែក​នេះ​ គឺកើនឡើង​ពី​ចំនួន៣៦​នាក់​ដែល​បាន​ត្រូវ​រាយការណ៍​កាល​ពីថ្ងៃ​សុក្រ។តំបន់នោះ​មិន​ទាន់​បាន​ត្រូវបោសសម្អាត​នៅ​ឡើយទេ​ ដូច្នេះចំនួន​មនុស្ស​ស្លាប់​អាច​កើន​ឡើង​ច្រើន​ជាងនេះ។

គ្មាន​ការ​បញ្ជាក់​ថា​មានជនស៊ីវិលឬ​ទាហាន​រដ្ឋាភិបាល​ស្លាប់ទេ។ ការ​ដែល​ស.រ.អា.បាន​ប្រើ​គ្រាប់​បែកធំ​មួយ​គ្រាប់ប្រឆាំង​នឹង​ពួកជ្រុល​និយម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន នាំ​ឱ្យមានការ​ខ្វែង​គំនិត​គ្នា​នៅក្នុង​តំបន់​ដោយ​មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​នយោបាយ​និង​ខាង​យោធា​នៅ​ក្នុង​ក្រុង​កាប៊ុល​ ក៏​ប៉ុន្តែ​បានទទួល​ការ​ថ្កោលទោស​ខ្លាំងពី​អតីត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Hamid Karzai និង​ឯកអគ្គរដ្ឋទូត​ប្រទេស អាហ្វហ្គានីស្ថាន ប្រចាំ​ប្រទេស​ប៉ាគីស្ថាន​។

នៅ​ក្នុង​បណ្តាញ​សង្គម​ Twitterលោក Karzai បានសរសេរ​ថា «ខ្ញុំ​ថ្កោលទោស​ខ្លាំង​ក្លា​ដោយ​ពាក្យ​សម្តី​ខ្លាំង​បំផុ​ត​នូវ​ការ​ទម្លាក់គ្រាប់បែក​ថ្មី​បំផុត​នេះ​ដែល​ជា​គ្រាប់បែក​មិនមែន​បរមាណូធំបំផុត​លើ​ប្រទេស អាហ្វហ្គានីស្ថាន ដោយ​ពួក​យោធា​ស.រ.អា.។ នេះ​មិនមែន​ជា​សង្គ្រាម​ប្រឆាំងនឹង​ពួកភេរវជន​ទេ​ ​ប៉ុន្តែ​ជា​ការប្រើ​តាមផ្លូវ​ខុស​ដោយ​អមនុស្សធម៌​និង​ដោយ​ឃោរឃៅ​បំផុត​ដោយ​យក​ប្រទេស​យើងធ្វើជា​កន្លែង​ពិសោធ​អាវុធថ្មីនិង​ប្រកបដោយគ្រោះ​ថ្នាក់។ វា​អាស្រ័យ​លើ​យើង​ជា​ជនជាតិ​ អាហ្វហ្គានីស្ថាន ដែល​ត្រូវ​បញ្ឈប់​ស.រ.អា.។

លោក Hazrat Omar Zakhilwal ឯកអគ្គរដ្ឋទូត​នៃប្រទសអាហ្វហ្គានីស្ថាន ប្រចាំ​ប្រទេសប៉ាគីស្ថាន បានសរសេរ​លើ​បណ្តាញ​សង្គម​ Twitter ថា «ខ្ញុំ​យល់ឃើញ​ថា​ការប្រើ​គ្រាប់បែក​មិនមែន​បរមាណូ​ធំបំផុត​គឺអ្វី​ដែល​ហៅ​ថា​ «មហា​គ្រាប់បែក» នៅ​លើ​ដែនដី​យើង​ជា​ការ​គួរ​ទទួលទោស​ហើយ​ក៏មិន​បានការដែរ។ ប្រសិនបើ​គ្រាប់បែកធំៗជា​ដំណោះស្រាយ​នោះ ប្រទេសយើងគួរ​តែជា​កន្លែង​មួយ​មាន​សន្តិសុខ​បំផុត​នៅ​លើ​ផែនដី​នៅ​ពេល​សព្វថ្ងៃ​នេះ»៕

XS
SM
MD
LG