ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សម្តេច​សង្ឃ​ Dalai Lama មាន​សង្ឃដីកា​ថា​ចិន​មិន​មាន​សិទ្ធិ​សម្រេច​ទាយាទ​ស្នង​តំណែង​ព្រះអង្គ​ឡើយ

  • Anjana ​Pasricha

សម្តេចសង្ឃ​ Dalai Lama ថ្លែង​ទៅកាន់សមាជិក​សារព័ត៌មាន​នៅ​ Yiga Choezin ទីក្រុង Tawang។

មេដឹកនាំ​សាសនា​ទីបេ​ សម្តេច​សង្ឃ​​Dalai Lama ​មាន​សង្ឃដីកា​ថា​ ការ​សម្រេច​ជ្រើសរើស​ទាយាទ​គឺ​អាស្រ័យ​លើ​ប្រជាជន​ទីបេ ​ថា​តើ​ស្ថាប័ន​របស់​សម្ដេច​នឹង​នៅ​បន្ត​យ៉ាង​ណា ​ហើយ​ប្រទេស​ចិន​មិន​មាន​សិទ្ធិ​សម្រេច​ថា​ទាយាទ​ស្នង​តំណែង​ព្រះអង្គ​ឡើយ។​

សម្តេច​សង្ឃDalai Lama សង្ឃដីកា​ថា ​ព្រះអង្គ​នឹង​រៀបចំ​សន្និសីទ​មួយ​ដើម្បី​ពិភាក្សា​កិច្ចការ​សម្តេចសង្ឃ​ Dalai Lama បន្ទាប់​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ។

ការ​អត្ថា​ធិប្បាយ​របស់​សម្តេច​សង្ឃពុទ្ធសាសនា​អង្គនេះ ​បាន​ធ្វើ​ឡើង​នៅថ្ងៃ០៨​ ខែមេសា​ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អំឡុង​ពេល​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​ទីក្រុង​ Tawang ក្នុង​រដ្ឋ Arunachal Pradesh ភាគឦសាន​ប្រទេស​ឥណ្ឌា​ ដែល​ជាប់​ព្រំ​ដែន​ជាមួយ​ចិន។ ទស្សនកិច្ច​ដែល​មាន​រយៈពេល​មួយ​សប្តាហ៍​របស់ព្រះអង្គ​បាន​បង្ក​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​កំហឹង​ និង​ធ្វើឲ្យ​មានការ​អះអាង​ថា​ជា​បណ្ដុំ​រដ្ឋ​ដាច់​ស្រយាល​នៅ​ភ្នំ​ហិមាល័យ​។​

សំណួរ​ដែល​ចោទ​ឡើង​ថា​ តើ​អ្នក​ណា​នឹង​ឡើង​ស្នង​តំណែង​ជំនួស​មេដឹកនាំ​សាសនា​ដែល​មាន​ព្រះ​ជន្ម​៨១ វស្សា​អង្គ​នេះ ​ទទួល​បាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អះអាង​ថា​ក្រុម​មេដឹកនាំកុម្មុយនិស្ត​របស់​ខ្លួន​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសតាំង​សម្ដេច​សង្ឃ​ Dalai Lama បន្ទាប់ ​ដោយសារ​តែ​វា​ជា​កេរមរតក​ពី​ព្រះចៅអធិរាជ​របស់​ប្រទេស​ចិន។ ​

ប៉ុន្តែ​សម្តេច​សង្ឃ​ មាន​សង្ឃដីកា​ថា​ក្រុម​មន្រ្តី​ប្រទេស​ចិន​មិន​មាន​តួនាទី​ក្នុង​ការ​កំណត់​ទាយាទ​ស្នង​តំណែង​របស់​ទ្រង់​ឡើយ​ ​ដោយសារ​ក្រុម​មន្រ្តី​ទាំងនោះ​ជា​មនុស្ស​ឥត​សាសនា​ហើយ​មិនបាន​ជឿ​ផ្នត់​គំនិត​នៃ​សាសនា​ឡើយ។

ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «វា​មិន​សម​ហេតុផល​ទាល់តែសោះ​។ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ចិន​មាន​សិទ្ធិ​ទទួល​ខុស​ត្រូវលើ​កិច្ចការ​ការ​ចាប់​កំណើត​ឡើងវិញ​ ជា​ពិសេស​ចំពោះ​បុគ្គល​អាត្មា[​ក្នុង​ឋានៈ​ជា​សម្តេច​សង្ឃ Dalai Lama] ពួក​កុម្មុនិស្ត​ចិន ​គួរ​តែ​ទទួលស្គាល់​ទ្រឹស្ដី​ចាប់​កំណើត​ឡើង​វិញ​ដំបូង​គេ​បំផុត​»។​

មេដឹកនាំ​សាសនា​ទីបេ​បាន​បន្ត​ថា​គ្មាន​អ្នកណា​ម្នាក់​ដឹង​ថា​សម្តេច​សង្ឃ ​Dalai Lama បន្ទាប់​នឹង​កើត​នៅ​ទីណា​ឬ​មក​ពី​ណា​នោះ​ទេ។

«​អាត្មា​គិត​ថា​នៅ​ពេល​ដែល​អាត្មា​សុគត​ នោះ​ប្រហែល​ជា​នឹង​មាន​សញ្ញា​ណ​ខ្លះ​កើត​មាន​ឡើង​ ប៉ុន្តែ​នៅ​ពេល​នេះ​ មិនទាន់​មាន​សញ្ញាណអ្វី​ឡើយ»។

ពុទ្ធសាសនិក​ទីបេជឿ​ថា​ព្រលឹង​របស់​ព្រឹទ្ធ​សម្តេច​សង្ឃ Lama ឬ​ ​ព្រះសង្ឃ​ពុទ្ធសាសនា​នឹង​ចាប់​បដិសន្ធិ​ឡើងវិញ​ចូល​ក្នុង​រាងកាយ​របស់​កុមារ​ម្នាក់​នៅ​ពេល​ដែល​លោក​ចូល​ទិវង្គត។

ការ​សម្រេច​ចុង​ក្រោយ​ចំពោះ​ជោគ​វាសនា​របស់​ស្ថាប័ន​ នឹង​ត្រូវ​អនុម័ត​នៅ​ពេល​ដែល​ព្រះអង្គ​ឈាន​ចូល​ជាង​៨០ឬ​៩០​ព្រះ​វស្សា។ សម្តេច​សង្ឃ​ Dalai Lama មាន​សង្ឃដីកា​ថា​ព្រះអង្គ​ចង់​រៀបចំ​ការ​ប្រជុំ​សង្ឃ​ជាន់ខ្ពស់​ក្នុង​ឆ្នាំនេះ​ដើម្បី​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​បឋម​អំពី​ទាយាទ​ស្នង​តំណែង​របស់​ទ្រង់។ ព្រះអង្គ​ថា​ការ​បន្ត​ប្រពៃណី​ គឺ​ពឹង​ផ្អែក​លើ​ប្រជាជន។

«​បើ​សិន​ជា​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​នេះ​មាន​អារម្មណ៍​ថា​ស្ថាប័ន​នេះ​សព្វថ្ងៃ​មិន​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​រូប​គាត់​ទៀត​ទេ​ អ៊ីចឹង​ស្ថាប័ន​នេះ​នឹង​រលាយ»។​
លោក​មិន​បាន​រារាំង​លទ្ធភាព​ដែល​ថា​សម្តេចសង្ឃ Dalai Lama បន្ទាប់​អាច​ជា​ស្រ្តី​ឡើយ។​

ទស្សនកិច្ច​របស់​សម្តេច​សង្ឃ​ទៅកាន់​ទីក្រុង​ Tawang ជាប់​ព្រំដែន​ដ៏រសើប​នេះ​ និងជា​ទឹក​ដី​របស់​វត្ត​ព្រះពុទ្ធ​សាសនា​ដ៏​ល្បី​មួយ​ គឺ​មិន​មែន​ជា​លើក​ដំបូង​នោះ​ទេ។​ ប៉ុន្តែ​ការជំទាស់​ប្រឆាំង​របស់​ចិន​ គឺ​មាន​លក្ខណៈ​គ្រោតគ្រាត​ខ្លាំង​ជាង​លើក​នេះ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចោទ​រដ្ឋាភិបាល​ក្រុង​ញូដែលី​ថា​បាន​រៀបចំ​វេទិកា​សម្រាប់​ឲ្យ​មេដឹកនាំ​សាសនា​ទីបេ «ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ចិន​និង​បំបែក​បំបាក់» និង​បង្ក​ឲ្យ​មាន​បាតុកម្ម​ផ្លូវការ។ ក្រុង​ប៉េកាំង​បាន​ព្រមាន​ថា​ទស្សនកិច្ច​នោះ​នឹង​ប៉ះពាល់​ដល់​ចំណង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ឥណ្ឌា។​

សម្តេចសង្ឃ​ Dalai Lama និង​ក្រុម​មន្រ្តី​ប្រទេស​ឥណ្ឌា​ហៅ​ការ​ឈប់​សំចត​របស់​ទ្រង់​នៅ​ទីក្រុង​ Tawang មាន​លក្ខណៈសាសនា​ និង​ជំនឿ​សាសនា​សុទ្ធសាធ។ សម្តេច​សង្ឃ​ទីបេ​ បាន​បន្ត​ថា​ព្រះអង្គ​ប្រាថ្នា​ចង់​ឃើញ​មន្រ្តី​ចិន​ម្នាក់​អាច​រួម​ដំណើរ​ជាមួយ​ទ្រង់​ដើម្បី​ស្វែងយល់​ការពិត។

លោក Jayadeva Ranade ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​ការវិភាគ​និង​យុទ្ធសាស្រ្តប្រទេស​ចិន​ក្នុង​ទីក្រុង​ញូដែលី​ជឿ​ថា​ប្រតិកម្ម​ដ៏ខ្លាំង​របស់ចិន​កើត​មាន​ដោយសារ​តែ​ Tawang ជា​ទីកន្លែង​កំណើត​របស់​សម្តេច​សង្ឃ​ Dalai Lama ទី​ប្រាំមួយ​។ លោក​បាន​និយាយ​ថា​ «​ចិន​ហាក់​ដូច​ជា​ភ្ជាប់​ទីនោះ​ទៅ​នឹង​ទីកន្លែង​ដែលអ្នក​ចាប់កំណើត​បន្ទាប់​នឹង​ត្រូវ​បាន​គេ​រក​ឃើញ​។ នេះ​ជា​ហេតុផល​ដែល​ពួកគេ​មាន​ការ​បារម្ភ»។​

សម្តេច​សង្ឃ​ Dalai Lama ​បាន​បាន​រត់ភៀស​ព្រះកាយ​ទៅទីបេ​ក្នុង​ឆ្នាំ​១៩៥៩​ បន្ទាប់ពី​ទ្រង់​បរាជ័យ​ក្នុង​ការ​បះបោរ​ប្រឆាំង​នឹង​ចិន​ ហើយ​បាន​រស់នៅ​ក្នុង​ទីក្រុង Dharamsala ប្រទេស​ឥណ្ឌា។​ ចិន​បាន​ថ្កោលទោស​ព្រះអង្គ​ថា​ជា​ជន​ពូកែ​ខាង​បំបាក់​បំបែកដ៏​គ្រោះ​ថ្នាក់។​

សម្តេច​សង្ឃ​ Dalai Lama បាន​ថ្លែង​សុន្ទរកថា​ផ្នែក​សាសនា​ទៅកាន់​អ្នក​គោរព​រាប់​ម៉ឺន​នាក់​ក្នុង​ទីក្រុង​ Tawang៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG