ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សម្តេច​សង្ឃ Dalai​ Lama ជួប​ឆ្មាំ​ព្រំដែន​ដែល​ធ្លាប់​នាំ​ដំណើរ​សម្តេច​ចូល​ប្រទេស​ឥណ្ឌា

  • Anjana Pasricha

មេដឹកនាំ​សាសនា​លោក Dalai Lama ​ស្វាគមន៍​​ឧបាសក​នៅ​ក្រុង Bomdila រដ្ឋ Arunachal Pradesh ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី០៥ ខែមេសា ឆ្នាំ២០១៧។

សម្តេច​សង្ឃDalai Lama បាន​រំឭក​​​ពី​ពេល​ដែល​ឥណ្ឌា​បញ្ជូន​មន្រ្តី​មួយ​ចំនួន​មក​ព្រំដែន​ឥណ្ឌា ​ដែល​ពួកគេ​បាន​យល់ព្រម​រួច​ជា​ស្រេច​ថា​នឹង​អនុញ្ញាត​ឲ្យ​សម្តេច​និង​អ្នក​នាំ​ដំណើរ​ទាំង​នោះ​​ចូល។

អស់​រយៈពេល​ជិត​៦​ទសវត្សរ៍​មក​ហើយ ដែល​មេដឹកនាំ​សាសនា​ទីបេ​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ទឹក​ដី​កំណើត​របស់​ខ្លួន។ សម្តេច Dalai Lama បាន​ជួប​គ្នា​ម្តង​ទៀត​ជាមួយ​នឹង​អ្នកយាម​ព្រំដែន​ម្នាក់​ ដែល​បាន​ជូន​ដំណើរ​សម្តេច​ចូល​ក្នុង​ប្រទេស​ឥណ្ឌា កាល​ពី​សម្តេច​មាន​ជន្មាយុ​ទើប​តែ២៣​ព្រះ​វស្សា។

សម្តេច​សង្ឃ​ពុទ្ធ​សាសនា​ ដែល​ឥឡូវ​នេះ​មាន​ព្រះជន្ម​៨១​វស្សា​ បាន​ជួប​នឹង​អ្នកយាម​ព្រំដែន​ឈ្មោះ​ Naren Chandra Das អាយុ​៧៩​ឆ្នាំ ​ក្នុង​រដ្ឋធានី Guwahati នៃ​រដ្ឋ Assam ដែល​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា​ នៅ​ក្នុង​ពិធី​មួយ​រៀបចំ​ដោយ​រដ្ឋាភិបាល​នៃ​រដ្ឋ​នេះ។

កាល​ពី​ឆ្នាំ​១៩៥៩ សម្តេច​សង្ឃ Dalai Lama​ បាន​ធ្វើដំណើរ​ឆ្លងកាត់​ជួរ​ភ្នំ​ហិមាល័យអស់​រយៈពេល​ពីរ​សប្តាហ៍​ដោយ​បន្លំ​ខ្លួន​ជា​ទាហាន​ម្នាក់​និង​បាន​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​ឥណ្ឌា​ បន្ទាប់​ពី​ការ​បះបោរ​ប្រឆាំង​នឹង​ការគ្រប់គ្រង​របស់​ចិន​នៅ​តំបន់​ទីបេ​បាន​បរាជ័យ។

​កាល​ពី​ថ្ងៃអាទិត្យ​ទី​០២​ខែ​មេសា នៅ​ពេល​ដែល​សម្តេច​កំពុង​ឱប​លោក​ Das ដែល​បាន​នាំ​ដំណើរ​សម្តេច​ចូល​ក្នុងប្រទេស​ឥណ្ឌា មេដឹកនាំ​សាសនា​តំបន់​ទីបេ​រូបនេះ​បាន​មាន​ប្រសាសន៍​ថា លោក​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ជួប​លោក Das។ សម្តេច​បាន​មាន​ប្រសាសន៍​កំប្លែង​លេង​ថា «ដល់​ពេល​មើល​មុខ​អ្នក ឥឡូវ​ទើប​ខ្ញុំ​ដឹង​ថា ខ្ញុំ​ពិត​ជា​ចាស់​ខ្លាំង​ដែរ​ហើយ»។

នោះ​គឺ​ជា​លើក​ទី​មួយ​ហើយ ​ដែល​អ្នក​ទាំង​ពីរ​បាន​ជួប​និយាយ​គ្នា។ លោក Das នៅ​ចាំ​បាន​ថា លោក​និង​អ្នកយាម​ពីរបី​នាក់​ទៀត​ដែល​នាំ​ដំណើរ​សម្តេច​ Dalai Lama ត្រូវ​បាន​គេ​បញ្ជា​មិន​ឲ្យ​និយាយ​ជាមួយ​មេដឹកនាំ​រូប​នេះ​ទេ​នៅ​ពេល​ឆ្លងកាត់​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា។ អ្នក​ទាំង​ពីរ​មិន​ដែល​បាន​ជួប​គ្នា​ទៀត​ទេ​តាំង​ពី​ពេល​នោះ​មក។

​ក្រោយ​មក លោក Das ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​ពោរពេញ​ដោយភាព​កក់​ក្តៅ​នៅ​ពេល​លោក​បាន​ជួប​សម្តេច​ Dalai Lama។

​មេដឹកនាំ​សាសនា​នៅ​តំបន់​ទីបេ​រូប​នេះ ​ដែល​បាន​មក​ដល់​ទីក្រុង Guwahati តាម​ផ្លូវ​ទៅ​កាន់​វត្ត​ពុទ្ធសាសនា Tawang ក្នុង​រដ្ឋ​ Arunachal Pradesh បាន​មាន​ប្រសាសន៍​ថា ​អារម្មណ៍​របស់​លោក​ដិត​ជាប់​ជាមួយ​នឹង​តំបន់​នេះ​ ដែល​ធ្វើ​ឲ្យ​លោក​នឹក​រឭក​ដល់​ពេល​ដែល​លោក​រត់ភៀស​ខ្លួន​ពី​តំបន់​ទីបេ។

​សម្តេច​សង្ឃDalai Lama បាន​រំឭក​ពី​ពេល​ដែល​ឥណ្ឌា​បញ្ជូន​មន្រ្តី​មួយ​ចំនួន​មក​ព្រំដែន​ឥណ្ឌា ​ដែល​ពួកគេ​បាន​យល់ព្រម​រួច​ជា​ស្រេច​ថា​នឹង​អនុញ្ញាត​ឲ្យ​សម្តេច​និង​អ្នក​នាំ​ដំណើរ​ទាំង​នោះចូល។

«​ប៉ុន្មាន​ថ្ងៃមុន​ពេលខ្ញុំ​មកដល់​ប្រទេស​ឥណ្ឌា​ គឺ​ពោរពេញ​ដោយ​ភាព​តានតឹង​ហើយ​ក្តីបារម្ភ​តែ​មួយ​គត់​នោះ​គឺ​សុវត្ថិភាព​ ប៉ុន្តែ​អារម្មណ៍​ខ្ញុំ​ពោរពេញ​ដោយ​សេរីភាព ​នៅ​ពេល​ដែល​ប្រជាជន​និង​មន្រ្តី​នានាស្វាគមន៍​ខ្ញុំ​យ៉ាង​កក់ក្តៅ​អស់ពី​បេះដូង ហើយ​ទំព័រ​ថ្មី​មួយ​ក្នុង​ជីវិត​ខ្ញុំ​បាន​ចាប់​ផ្តើម​ឡើង»។ នេះ​បើ​យោង​តាម​សម្តី​របស់​សម្តេច Dalai Lama ដកស្រង់​ដោយ​កាសែត Press Trust of India។

ទស្សនកិច្ច​របស់​លោក​ក្នុង​សប្តាហ៍​នេះ​បាន​ធ្វើ​ឲ្យ​ចិន​មិន​ពេញ​ចិត្ត​។ រដ្ឋាភិបាលក្រុង​ប៉េកាំង​ ដែល​ហៅ​សម្តេច​ Dalai Lama ថា​ ជា​ជន​បំបែក​ខ្លួនដ៏​គ្រោះថ្នាក់​ម្នាក់ បាន​តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ផែនការ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ការ​រៀប​ចំ​ទទួល​សម្តេច​ Dalai Lamaនា​ពេល​ថ្មីៗ​នេះ​នៅ​តំបន់​ព្រំដែន​ដែល​ងាយ​រង​ការ​ប៉ះទង្គិច​គ្នារបស់​រដ្ឋ Arunachal Pradesh ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រុងញូវដេលី និង​ដែលត្រូវ​បាន​ទាមទារ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផង​ដែរ។

រដ្ឋាភិបាល​ឥណ្ឌា​បាន​ឆ្លើយ​តប​ដោយ​និយាយ​ថា​ នេះ​ជា​ទស្សនកិច្ច​បែប​សាសនា ហើយ​មិន​ពាក់ព័ន្ធ​នឹងនយោបាយ​នោះ​ទេ។ សម្តេច Dalai Lama បាន​ហៅ​ការ​តវ៉ា​ពី​សំណាក់ប្រទេស​ចិន​នេះ​ថា​ជា​ «រឿង​ធម្មតា»៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG