ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រជាពលរដ្ឋ​គុយបា​ចាប់​ផ្តើម​នាំ​គ្នា​កាន់​ទុក្ខ​ចំពោះ​មរណភាព​របស់​លោក​ Castro


ទង់​ជាតិ​គុយបា​ ត្រូវ​បាន​បង្ហូត​ពាក់​កណ្តាល​ដង​នៅ​ទីលាន​បដិវត្តន៍ ខណៈ​មនុស្ស​ជា​ច្រើន​កំពុង​កាន់​ទុក្ខ​​​មរណភាព​របស់​មេដឹកនាំ​បដិវត្តន៍​ Fidel Castro កាល​ពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា នៅ ទីក្រុង ឡាហាវ៉ាន។

ប្រជាពលរដ្ឋ​គុយ​បា​កំពុង​នាំ​គ្នា​កាន់​ទុក្ខ​ជូន​លោក ​Fidel Castro​ មេដឹកនាំ​បដិវត្តន៍​ ដែល​ត្រូវ​បាន​ប្រកាស​ថា​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។

ទង់​ជាតិ​ត្រូវ​បាន​បង្ហូត​ចុះ​ត្រឹម​ពាក់​កណ្ដាល​ដង​នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​ប្រទេស​គុយបា ​ប្រារព្ធ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ពេញ​មួយ​សប្ដាហ៍​ ដើម្បី​ជា​ការ​គោរព​ដល់​មរណភាព​របស់​លោក។

អ្នក​បដិវត្តន៍​សង្គមនិយម​រូប​នេះ​ បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​យូរ​យារ​ណាស់​មក​ហើយ ហើយ​បាន​ទទួល​មរណភាព​កាល​ពី​យប់​ថ្ងៃ​សុក្រ ក្នុង​ជន្មាយុ៩០ឆ្នាំ។ មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​លោក ​នៅ​មិន​ទាន់​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ឡើយ​ទេ។

ពិធី​គោរពវិញ្ញាណក្ខន្ធ​ជា​ហូរហែ ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​គុយបា​ជួប​ជុំ​គ្នា​នៅ​ទីលាន​ Revolution Square ក្នុង​ទីក្រុង ​ឡាហាវ៉ាន ដែល​ជា​ទី​ដែល​លោក ​Castro​ តែង​តែ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុម​ដែល​គោរព​ស្រលាញ់​លោក។

សព​របស់​លោក Castro នឹង​ត្រូវ​បញ្ចុះ​នៅ​ក្នុង​ទីក្រុង​ Santiago ​ដែល​ស្ថិត​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​គុយបា នៅ​ថ្ងៃ​ទី៤​ខែ​ធ្នូ​ខាង​មុខ​នេះ៕

XS
SM
MD
LG