ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កោះកុង​ផ្លាស់​ប្តូរ​សមាសភាព​មេ​ឃុំ​ចាស់​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ


រូបឯកសារ៖ ស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក្នុងឃុំក្តុលសែនជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ (ស៊ុន ណារិន/VOA)

លោក​ អ៊ិន គង់ជិត​ អ្នក​សម្របសម្រួល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​​ប្រចាំ​ខេត្ត​កោះកុង​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មេឃុំ​ចាស់ៗ​របស់​ខ្លួន​បន្ត​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ថ្មី​ទៀត​ទេ​ ដោយ​បាន​ដាក់​ជំនួស​មក​វិញ​នូវ​បេក្ខជន​ថ្មីៗ។

គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្ត​កោះកុង​ បាន​សម្រេច​មិន​ឲ្យ​មេឃុំ​ក្នុង​អាណត្តិ​មុន​ដែល​មាន​វ័យ​ចំណាស់​ចូលរួម​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​ការ​បោះឆ្នោត​ជ្រើសរើស​មេ​ឃុំ​ចៅ​សង្កាត់​ នៅ​ក្នុង​អាណត្តិ​ទី​បួន​នេះ។ មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ថៃ​មួយ​នេះ បាន​ឲ្យដឹង​ថា​ មេឃុំ​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈរ​ឈ្មោះ​នេះ​ ជា​អ្នក​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ។

លោក​ អ៊ិន គង់ជិត​ អ្នក​សម្របសម្រួល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូប្រចាំ​ខេត្ត​កោះកុង​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មេឃុំ​ចាស់ៗ​របស់​ខ្លួន​បន្ត​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ថ្មី​ទៀត​ទេ​ ដោយ​បាន​ដាក់​ជំនួស​មក​វិញ​នូវ​បេក្ខជន​ថ្មីៗ។ លោក​និយាយ​ថា​ មេឃុំ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​យ៉ាង​ដូច្នេះ​ទេ​ ដោយ​ពួកគាត់​ បាន​ធ្វើ​កិច្ច​ការ​ងារ​ជាច្រើន​ ដើម្បី​ការពារ​ប្រយោជន៍​ប្រជាពលរដ្ឋ​ និង​ហ៊ាន​តវ៉ា​ជាមួយ​ថ្នាក់​លើ​ ក្នុង​ការ​ដោះស្រាយ​ទំនាស់​នា​នា​ រួម​មាន​ទំនាស់​ដីធ្លី​ជាដើម។

លោក​បន្ត​ថា​ តាម​ការ​ស្ទាបស្ទង់​មតិ​ពី​ប្រជាពលរដ្ឋ​ មេឃុំ​ចាស់ៗ​ បាន​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​ឃុំ។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បញ្ជាក់​ប្រាប់ VOA ថា៖​

«មាន​តែ​លោក​មេឃុំ​បច្ចុប្បន្ន​ទេ​ ដែល​គាត់​ចេញ​មុខ​ ហ៊ាន​តតាំង​ និង​ហ៊ាន​តទល់​ជាមួយ​នឹងថ្នាក់​លើ​របស់​គាត់​ ហើយ​ការពារ​ផលប្រយោជន៍​គាត់​ អញ្ចឹង​គាត់​មិន​អាច​សង្ឃឹម​ទៅ​លើ​មេឃុំ​ថ្មី​ នៅ​ពេល​ខាង​មុខ​នេះ​ទេ»។

ប្រទេស​កម្ពុជា​គ្រោង​រៀបចំ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ដោយ​មាន​បេក្ខជន​ប្រុស​ស្រី​ចូលរួម​ការ​ប្រកួត​សរុប​ចំនួន​ ៩៤.៥៩៥​នាក់។

ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​ពេល​កន្លង​មក​របស់​ ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើ​ពាក្យ​ថា «ដូរៗ‍» ដោយ​ជំរុញ​ឲ្យ​យុវជន​ចូល​រួម​នៅ​ក្នុង​ដំណើរការ​នយោបាយ ខណៈ​ដែល​គណបក្ស​កាន់​អំណាច​ត្រូវ​គេមើល​ឃើញ​ជាទូទៅ​ថា ​មាន​មន្ត្រី​ចំណាស់ៗ​ដែល​បាន​បម្រើការ​ក្នុង​រដ្ឋបាល​ខ្លួន​អស់​រយៈពេលប៉ុន្មាន​ទសវត្ស​មក​នេះ។ ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ នៅ​ក្នុង​សង្កាត់មួយ​ក្នុង​ខេត្ត​សៀមរាប គណបក្ស​ប្រឆាំង​ថែម​ទាំង​បាន​ដាក់​បេក្ខជន​ចៅសង្កាត់វ័យ​ក្មេង​អាយុ​២៦ ឆ្នាំ​ផង​ដែរ​ឲ្យ​ប្រកួត​ប្រជែង​ជាមួយ​ចៅ​សង្កាត់​ចាស់​អាយុ​៦០​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

គណបក្ស​កាន់​អំណាច​ក្នុង​ពេល​កន្លង​មក​ក៏បាន​បង្ហាញ​ថា​ ខ្លួន​ជា​គណបក្ស​នៃ​អ្នក​ជំនាន់​ថ្មី​ផង​ដែរ​ ដោយ​មាន​ការ​បញ្ចូលមុខមាត់​នៃ​សមាជិកថ្មី​ដែល​មាន​វ័យក្មេងនៅ​ក្នុង​ជួរ​បក្ស​របស់​ខ្លួន។

លោក​ អ៊ិន គង់ជិត​ បាន​លើកឡើង​ថា ​មេឃុំ​មួយ​ចំនួន​ ដែល​បាន​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ រួម​មាន​មេឃុំ​ឫស្សី​ជ្រុំ​ លោក​ មាន​ នឿន​ ដែល​បាន​បញ្ចប់​ជម្លោះ​ទាក់ទិន​បញ្ហាកសិកម្ម​ក្នុង​ស្រុក​ថ្មបាំង​ និង​មេឃុំ​អណ្តូងទឹក​ ​លោក​ ហ៊ី តាន់​ ក្នុង​ស្រុក​បុទុមសាគរ​ ដែល​ហ៊ាន​ប្រឈម​នឹង​ចំណាត់ការ​របស់​តុលាការ​ ដោយ​សារ​លោក​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​ទំនាស់​ដីធ្លី​ក្នុង​ភូមិ​ឃុំ​ដែល​លោក​គ្រប់គ្រង។

លោក​ មាន នឿន​ វ័យ​ ៤៩​ ឆ្នាំ​ មេឃុំឫស្សីជ្រុំ​ ក្នុង​ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង ថ្លែង​ប្រាប់ VOAថា​ លោក​មិន​អាក់​អន់​ចិត្ត​អ្វី​នោះ​ឡើយ ចំពោះ​ការណ៍​ដែល​លោក​មិន​ត្រូវ​បាន​គណបក្ស​ជ្រើសរើស​ឲ្យ​ឈរ​ឈ្មោះ​បន្ត​ទៀត។ លោក​មាន​ប្រសាសន៍​ថា លោក​បាន​អភិវឌ្ឍ​ភូមិ​ឃុំ​ដែល​លោក​គ្រប់​គ្រង​ ដោយ​កសាង​សាលាឃុំ​ និង​ផ្លូវថ្នល់​ ដើម្បី​ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ។

«រយៈ​ពេល​កន្លងមក​ គឺ​ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ហើយ​ ហើយ​អញ្ចឹង​ ដល់​ពេល​ខ្ញុំ​សម្រាក​ក៏​ល្អ​ដែរ​ ចង់​ដឹង​ថា​ អ្នក​ក្រោយ​ គាត់​ធ្វើ​បាន​ដូច​ខ្ញុំ​ដែរ​អត់»។

ក៏​ប៉ុន្តែ​ លោក ហ៊ី តាន់ វ័យ​ ៦៦​ ឆ្នាំ​ មេឃុំ​អណ្តូង​ទឹក​ ប្រាប់​ VOA ថា​ លោក​មិន​មែន​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​លោក​ជា​សមាជិក​ សម្រេច​មិន​អនុញ្ញាត​ឲ្យ​ឈរ​ឈ្មោះ​បន្ត​ទៀត​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា​ លោក​បាន​សុំ​គណបក្ស​សម្រាក​ដោយ​ខ្លួន​លោក​ ដោយសារ​តែ​វ័យ​កាន់​តែ​ចាស់​ ហើយ​សុខភាព​ក៏​មិន​សូវ​ល្អ។

«បាទ​មិនមែន​គណបក្ស​ណា​អត់​ឲ្យ​ពូ​ឈរ​ឈ្មោះ​ គេ​អង្វរ​ពូ​ចង់​ងាប់​ហើយ​ ពូ​ចាស់​ក្មួយ ​ទៅ​អត់​រួច​ទេ​ យើង​វា​ចាស់​ អាយុ​ ៦៦​ ឆ្នាំ​ ហើយ​ ហើយ​ភ្នែក​ក៏​ល្ងិត​ ហើយ​ផ្ទះ​ឆ្ងាយ​ បើក​ឡាន​ទៅ​អត់​រួច​តែ​ឯង​ ហើយ​ក៏​សុំ​សម្រាក​ទៅ»។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​ជាង​១.៦០០ ឃុំ​សង្កាត់​ ដែល​ជា​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ នឹង​រៀបចំ​ឡើង​ដើម្បី​ជ្រើសរើស​មន្ត្រី​ដឹកនាំ​ថ្នាក់​មូលដ្ឋាន។ ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០១៧​នេះ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​គ្នា​ជាង​រាល់​ដងដោយ​សារ​តែ​គណបក្ស​កាន់អំណាច​និង​គណបក្ស​ប្រឆាំង​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា។

លោក​ សុខ​ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​សម្រេច​មិន​ឲ្យ​មេឃុំ​ចាស់​ឈរ​ឈ្មោះ​ ត្រូវ​បាន​ធ្វើឡើង​តាម​រយៈ​ការ​សម្រេច​ចិត្ត​របស់​សមាជិក​សមាជិកា​គណបក្ស​នៅ​តាម​មូលដ្ឋាន។

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា៖

«វា​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​សមាជិក​ សមាជិកា​ នៅ​មូលដ្ឋាន​ហ្នឹង​ថា​ តើ​គាំទ្រ​ បេក្ខភាព​ណា​បាទ។ ពី​ព្រោះ​ម្យ៉ាង​គឺ​ថា​ បើ​ចាស់​ជរា​ទៅ​ហើយ​ ហើយ​ធ្វើការ​មិន​កើត​ អាហ្នឹង​ក៏​យើង​ពិនិត្យ​លទ្ធភាព​តាម​ហ្នឹង​ ហើយ​សន្និបាត​ គណៈកម្មការ​បក្ស​មូលដ្ឋាន​ក៏​គេ​គិត​ពិចារណា​អញ្ចឹង​ដែរ»។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​ បាន​បន្ថែម​ថា​ មេ​ឃុំ​ដែល​មិន​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ឈរ​ឈ្មោះ​បន្ត​ទៀត​ នឹង​ត្រូវ​គណបក្ស​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ដល់​កិច្ចការ​រដ្ឋបាល​ក្នុង​ភូមិ​ឃុំ​ដែល​ពួក​គេ​ធ្លាប់​កាន់​កាប់​ ហើយ​ក៏​ទទួល​បាន​ប្រាក់​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ មាន​ទំនាក់ទំនង​ដល់​ការ​ឡើង​កាន់​កាប់​ស្ថាប័ន​ព្រឹទ្ធសភា​ ព្រោះ​គណបក្ស​នយោបាយណា​ដែល​ទទួល​បាន​សមាជិក​ក្រុមប្រឹក្សា​ច្រើន​នៅ​ថ្នាក់​ឃុំ-សង្កាត់ ​នឹង​មាន​លទ្ធភាព​គ្រប់គ្រង​ស្ថាប័ន​ព្រឹទ្ធសភា។ សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ម្នាក់ៗ​ នឹង​ក្លាយ​ជា​«អង្គ​បោះ​ឆ្នោត‍»​ដើម្បី‍​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​កាល​ពី​ពេល​កន្លង​មក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG