\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​នយោបាយ​នៅ​កម្ពុជា​សម្ដែង​ប្រតិកម្ម​ចម្រុះ​គ្នា​ទៅលើ​ការ​បង្ក្រាប​ក្រុម​បាតុករ​ប្រឆាំង​នឹង​លោក ដូណាល់ ត្រាំ


លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស​​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស​​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​

ចាប់​តាំង​ពី​បាតុកម្ម​បាន​កើត​ឡើង​ សេចក្ដី​រាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ប៉ូលីស​បាន​ធ្វើការ​បង្ក្រាប​នៅ​ទី​កន្លែង​មួយ​ចំនួន​ ដែល​ក្រុម​បាតុករ​បាន​ប្រើ​ហិង្សា​ ហើយ​មាន​មនុស្ស​រាប់​រយ​ត្រូវ​បាន​ចាប់​ខ្លួន​ តែ​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​បញ្ជាក់​​អំពី​ការ​ស្លាប់​របស់​ក្រុម​បាតុករ​នោះ​ទេ។

ក្រុម​អ្នក​នយោបាយ​ខ្មែរ​ បាន​ផ្ដល់​ការ​យល់​ឃើញ​ខុសៗ​គ្នា​ចំពោះ​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ដែល​តវ៉ា​ប្រឆាំង​នឹង​ជ័យជម្នះ​របស់​លោក ដូណាល់​ ត្រាំ​ (Donald Trump) ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ។

ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ដែល​បង្ហាញ​ថា​ លោក​ ដូណាល់​ ត្រាំ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ទទួលជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ នឹង​ត្រៀម​ចូល​កាន់​កាប់​តំណែង​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋ​អាមេរិក​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ពលរដ្ឋ​អាមេរិកាំង​ស្ទើរ​តែ​ទូទាំង​សហរដ្ឋអាមេរិក​បាន​ចេញ​ដើរ​តាម​ផ្លូវ​មិន​ទទួល​ស្គាល់​លោក​ត្រាំ។

ការ​តវ៉ា​របស់​ពួកគេ​ផ្ដោត​លើ​ការ​ប្រកាន់​ជាតិ​សាសន៍​ និង​បញ្ហា​ជន​ភៀស​ខ្លួន។

បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ជោគជ័យ​របស់​លោក​ត្រាំ​ បាន​ឈាន​ដល់​សប្ដាហ៍​ទី២​ហើយ។​ ចាប់​តាំង​ពី​បាតុកម្ម​បាន​កើត​ឡើង​ សេចក្ដី​រាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ប៉ូលីស​បាន​ធ្វើការ​បង្ក្រាប​នៅ​ទី​កន្លែង​មួយ​ចំនួន​ ដែល​ក្រុម​បាតុករ​បាន​ប្រើ​ហិង្សា​ ហើយ​មាន​មនុស្ស​រាប់​រយ​ត្រូវ​បាន​ចាប់​ខ្លួន​ តែ​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​បញ្ជាក់អំពី​ការ​ស្លាប់​របស់​ក្រុម​បាតុករ​នោះ​ទេ។

​លោក ​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ មិន​បាន​បញ្ចេញ​ប្រតិកម្ម​ ចំពោះ​ការ​បង្ក្រាប​ទៅលើ​ក្រុម​បាតុករ​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ។​

លោក​ថា​ ការ​បង្ក្រាប​ទៅ​លើ​ក្រុម​ជ្រុល​និយម​ដែល​ប្រឆាំង​នឹង​ការ​ឈ្នះ​ឆ្នោត​របស់​លោក​ត្រាំ​ គឺ​ជាការ​ត្រឹម​ត្រូវ​សម្រាប់​ការ​ថែរក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ។

លោក​បន្ថែម​ថា​ ហេតុការណ៍​នេះ​ក៏​ធ្លាប់​បាន​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

«កម្ពុជា​ដាក់​ស្អី​បន្តិច​ គឺ​ថា​វា​ខុស​ទាំង​អស់​ហ្នឹង។ ឥឡូវ​ហ្នឹង ​ឮ​ថា​ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​អត់​ហ៊ាន​វាយ​តម្លៃ​ អត់​ហ៊ាន​បញ្ចេញ​មតិ​ចំពោះ​ព្រឹត្តិការណ៍​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក។​ ក៏ប៉ុន្តែ​ យើង​មើល​ឃើញ​ទាំង​អស់​គ្នា​ លោក​ ដូណាល់​ ត្រាំ​ ទាំង​លោក​ អូបាម៉ា​ ទាំង​លោក​ស្រី​ គ្លីនតុន​ គាត់​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ ក៏ប៉ុន្តែ​អ្នក​ជ្រុល​និយម​មួយ​ចំនួន​ គឺថា​នៅ​តែ​តវ៉ា​បាតុកម្ម​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខូច​ខាត​ដល់​ទ្រព្យ​សម្បត្តិ​សាធារណៈ​ ហើយនិង​ឯកជន។ ហើយ​ដល់​ប៉ូលិស​បង្ក្រាប​ទៅ​ វា​ដូច​ជា​អត់​មាន​នរណា​គេ​ថា​ប៉ូលិស​ហ្នឹង រំលោភ​សិទ្ធិមនុស្ស​ទេ»។

​លោក​បាន​ហៅ​ក្រុម​បាតុករ​ទាំង​នោះ​ថា​ ជា​ក្រុម​សំឡេង​ភាគ​តិច​ ដែល​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​នៃ​លទ្ធផល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​សេរី ត្រឹម​ត្រូវ​ និង​យុត្តិធម៌។

​«លទ្ធ​ផល​ចេញ​មក​ហើយ​ មូល​ហេតុ​អី​មិន​ទទួល​ស្គាល់ ទៅតាម​ចិត្ត​យើង​ចង់​ម៉េច​បាន​អា​ហ្នឹង។​ ប្រជាពលរដ្ឋ​គេ ​យក​មតិ​ភាគច្រើន​ហ្នឹង​ហើយ​នៅ​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ។ បើ​ភាគតិច​ប្រឆាំង​មតិ​ភាគច្រើន​ទៅ​ហើយ​ តើ​យើង​ឲ្យ​គាត់​បណ្ដែត​បណ្ដោយ​ធ្វើ​អ្វី​ផ្ដេសផ្ដាស​ទៀត​កើត​ទេ?»

​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក​ស្រី Hillary Clinton ​បាន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ដោយ​ចុះចាញ់​លោក​ Donald Trump​ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ ដោយ​បាន​ថ្លែង​ថា​ លោក​ស្រី​សង្ឃឹម​ថា លោក​ត្រាំ​ នឹង​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​ដ៏​ជោគ​ជ័យ​មួយ​រូប​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប‍។

​លោក​ យ៉ែម​ បុញ្ញឫទ្ធិ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​តវ៉ា​រមែង​តែ​កើត​មាន​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។

ក៏ប៉ុន្តែ​លោក​អះអាង​ថា​ ការ​បង្ក្រាប​ទៅលើ​ក្រុម​បាតុករ​អហិង្សា​ មិន​មែន​ជា​ជម្រើស​របស់​រដ្ឋាភិបាល​ដែល​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ​នោះ​ឡើយ។

​«យើង​យល់​ថា​ ការ​បង្ក្រាប​ទៅលើ​ជន​ឆ្លៀតឱកាស​ ដែល​បង្ក​ហិង្សា​ ឬ​ក៏​បំផ្លាញ​សម្បត្តិ​ឯកជន​ ឬ​សម្បត្តិ​សាធារណៈ​ នោះ​ជា​ករណី​កិច្ច​មួយ​របស់​អាជ្ញាធរ​ ក៏ប៉ុន្តែ​ការ​បង្ក្រាប​ជា​លក្ខណៈ​ទូទៅ​ទៅលើ​ប្រជាពលរដ្ឋ​ដែល​សម្ដែង​មតិ​គឺ​ជា​រឿង​មួយ​ដែល​យើង​មិន​គាំទ្រ​ទេ​បាទ»។

លោក​មិន​អាច​ព្យាករណ៍​ជាមុន​បាន​ថា​ កម្ពុជា​អាច​ជួប​ហេតុការណ៍​ស្រដៀង​គ្នា​នៅ​សហ​រដ្ឋ​អាមេរិក​នោះ​នៅ​ឡើយ​ទេ ហើយ​គណបក្ស​ប្រឆាំង​ក៏​នឹង​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ ការ​ចេញ​ដើរ​តវ៉ា​ តាម​ដង​ផ្លូវ អាច​នឹង​ត្រូវ​ធ្វើ​ឡើង​ម្ដង​ទៀត​ នៅ​ក្រោយ​ពេល​ចេញ​លទ្ធផល​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ ដូច​គ្រា​ក្រោយពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៣។

«យើង​យល់​ឃើញ​ថា​ ទៅ​តាម​បទបញ្ជា​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ រួម​ទាំង​ គ.ជ.ប​ ថ្មី​ យើង​នឹង​តាម​ដាន​ឃ្លាំ​មើល​ យើង​យក​ចិត្ត​ទុកដាក់​ជា​ទីបំផុត​ ចំពោះ​ការ​រាប់​សន្លឹក​ឆ្នោត​ និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត»។

(ចុចមើលកម្រងរូបភាពខាងក្រោម)

​លោក ​ដូណាល់​ ត្រាំ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ស្រប​ច្បាប់​នៅ​ខែ​មករា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​លោក​ បារ៉ាក់​ អូបាមា​ ​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​បញ្ចប់​អាណត្តិជា​ប្រធានាធិបតី​របស់​លោក​នៅ​ក្នុង​ខែ​មករា​ដដែល​នោះ។

លោក​ សាម​ អ៊ិន​ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ប្រាប់​ VOA​ ថា​ ក្នុង​ដំណាក់​កាល​នេះ​ ពលរដ្ឋ​អាមេរិកាំង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ជ័យជម្នះ​របស់​លោក ​ត្រាំ​ ដោយ​សំអាង​ថា​ សង្គម​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​មិន​អាច​បិទ​សិទ្ធិ​ពលរដ្ឋ​ខ្លួន​ ក្នុង​ការ​ប្រមូល​ផ្ដុំ​ និង​តស៊ូ​មតិ​នោះ​ទេ។

លោក​លើក​ឡើង​ថា ក្រុម​ប៉ូលិស​ក៏​មាន​សិទ្ធិ​គ្រប់​គ្រាន់​ដើម្បី​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ណា​ដែល​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ជ្រុល​ដែន​កំណត់​ ដូច​ជា​ការ​បំផ្លិចបំផ្លាញ​សម្បត្តិ​សាធារណៈ​ជា​ដើម។

«យើង​សង្កេត​ឃើញ​ នៅ​សហរដ្ឋ​អាមេរិក​ វា​មាន​ការ​បង្ក្រាប​ដោយ​សារ​តែ​បាតុករ​ហ្នឹង​គាត់​មាន​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​មួយ​ចំនួន​ក្នុង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​គេ។ អញ្ចឹង​ហើយ​ ប៉ូលិស​ត្រូវ​មាន​កាតព្វកិច្ច​ការពារ​ទ្រព្យ​សម្បត្តិ​ឯកជន​ ហើយ​ការពារ​សណ្ដាប់​ធ្នាប់​សាធារណៈ»។

លោក​បន្ត​ថា​ នៅ​ប្រទេស​កម្ពុជា​ ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​កាលៈទេសៈ​ខ្លះ​បាន​ធ្វើ​ការ​បង្ក្រាប​អ្នក​តវ៉ា​អហិង្សា​ ដែល​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ និង​ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​តវ៉ា។

«ដោយ​ឡែក​នៅ​ប្រទេស​ខ្មែរ​ យើង​មាន​ឃើញបញ្ហា​មួយ​ចំនួន​ នៅ​ពេល​ដែល​បាតុករ​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិ​វិធី​ ហើយ​រដ្ឋាភិបាល​ប្រើ​កម្លាំង​ប៉ូលិស​ទៅ​បង្ក្រាប​ យើង​គិត​ថា​ ជា​រឿងមិន​ត្រឹម​ត្រូវ​ទេ។​ ប៉ុន្តែ ​បើ​សិន​ជា​គាត់​ប្រើ​ប្រាស់​អំពើ​ហិង្សា ក៏​ប៉ូលិស​ខ្មែរ​យើង​ក៏​មាន​ភារកិច្ច​ និង​កាតព្វកិច្ច​ ដូច​ប៉ូលិស​នៅ​អាមេរិក​ដែរ​ គឺ​គាត់​ត្រូវ​តែ​រក្សា​សណ្ដាប់​ធ្នាប់​ ក៏​នឹង​ការ​ពារ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ ក៏​ដូច​ជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​ប្រជា​ពលរដ្ឋ​ដែរ»។

ការ​តវ៉ា​ប្រឆាំង​នឹង​ជ័យជម្នះ​លោក ​ត្រាំ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​ធ្វើ​ឡើង​បន្ត​ទៅមុខ​ទៀត​ រហូត​ដល់​ពេល​លោក​ ត្រាំ​ ចូល​កាន់​ដំណែង​ជា​ប្រធានាធិបតី​ស្រប​ច្បាប់​ពេញ​ទី​នៅ​សេតវិមាន។

ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​ក្រុម​បាតុករ​ ក្រុម​អ្នក​នយោបាយ​យល់​ឃើញ​ស្រប​គ្នា​ថា​ ក្រុម​ដែលបង្ក​ហិង្សា​ និង​អនាធិបតេយ្យ​ មិន​អាច​គេច​ផុត​ពី​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ទេ។

​ក្រោយ​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៣ គណបក្ស​ប្រឆាំង​បាន​ដឹកនាំ​មហា​បាតុកម្ម​ជាច្រើន​ដំណាក់​កាល​ប្រឆាំង​នឹង​លទ្ធផល​ការ​បោះឆ្នោត​ និងទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ចុះ​ចេញ​ពី​តំណែង។

ការ​ធ្វើ​មហា​បាតុកម្មរបស់​គណបក្ស​ប្រឆាំង​នា​ពេល​កន្លងមកនោះ​ ត្រូវ​គេ​ដឹង​ថា​មាន​អំពើ​ហិង្សា​យ៉ាង​ហោច​ណាស់​បី​កន្លែង​កើតឡើង។

បុរស​ម្នាក់​ជា​កម្មករ​សំណង់​បាន​ស្លាប់​ ដោយ​សារ​ការ​បាញ់​របស់​ក្រុម​សមត្ថ​កិច្ច​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​ប្រជា​ពលរដ្ឋ​ អ្នក​ដំណើរ ​និង​បាតុករ​ជា​មួយ​ក្រុម​សមត្ថកិច្ច​នៅ​ចំណុច​ស្ពាន​អាកាស​ សង្កាត់​ច្បារអំពៅ​ ខ័ណ្ឌ​មានជ័យ​ ក្រោយ​ពី​មាន​ការ​ស្ទះ​ចរាចរ​អស់​ជាច្រើន​ម៉ោង ​ដោយសារ​ការ​បិទ​ផ្លូវ​របស់​អាជ្ញាធរ៕

XS
SM
MD
LG