ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីបក្ស​ប្រជាជន​ថា​បក្ស​មិន​រង្គោះរង្គើនោះ​ទេ​ក្រោយ​មរណភាព​របស់​លោក​សុខ អាន


ទិដ្ឋភាពនៃពិធីបុណ្យសពរបស់ លោក សុខ អាន ប្រារព្ធតាមប្រពៃណី នៅគេហដ្ឋានលោក សុខ អាន នៅរាជធានីភ្នំពេញ​ ថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)
ទិដ្ឋភាពនៃពិធីបុណ្យសពរបស់ លោក សុខ អាន ប្រារព្ធតាមប្រពៃណី នៅគេហដ្ឋានលោក សុខ អាន នៅរាជធានីភ្នំពេញ​ ថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មរណភាព​របស់​លោក សុខ អាន ​ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​និង​មាន​សមត្ថភាព​ខ្ពស់​របស់​គណបក្ស។ ទោះ​ជា​យ៉ាង​ណា លោក​មាន​ប្រសាសន៍​ថា​ គណបក្ស​មាន​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​ ដើម្បី​ដាក់​ជំនួស​លោក សុខ អាន​ តែ​លោក​ថា ​គណបក្ស​មិន​ទាន់​សម្រេច​ការ​ជ្រើសរើស​នៅ​ឡើយ​ទេ។

សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​អះអាង​ថា ​គណបក្ស​នឹង​មិន​រង្គោះរង្គើ​ ហើយ​ប្រទេស​ក៏​មិន​ស្ថិត​នៅ​ក្នុង​ការ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​នោះ​ទេ បន្ទាប់​ពីឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី លោក សុខ អាន​ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធ ក្នុង​អាយុ​៦៦​ឆ្នាំ។

តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌលតាកែវ លោក សុខ អាន ត្រូវ​បាន​ចាត់​ទុកជា​«ដៃ​ស្តាំ»ដ៏​ជំនិតរបស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ និង​ជា​មន្រ្តី​ជាន់ខ្ពស់​មួយ​រូប​ដែល​មាន​តួនាទី​ច្រើន។ លោក​បាន​បម្រើ​រដ្ឋាភិបាល​ប្រមាណ​៤០​ឆ្នាំ​មក​ហើយ​រហូត​មក​ដល់​ពេល​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មរណភាព​របស់​លោក សុខ អាន ​ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​និង​មាន​សមត្ថភាព​ខ្ពស់​របស់​គណបក្ស។ ទោះ​ជា​យ៉ាង​ណា លោក​មាន​ប្រសាសន៍​ថា​ គណបក្ស​មាន​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​ ដើម្បី​ដាក់​ជំនួស​លោក សុខ អាន​ តែ​លោក​ថា ​គណបក្ស​មិន​ទាន់​សម្រេច​ការ​ជ្រើសរើស​នៅ​ឡើយ​ទេ។

លោក​បាន​ថ្លែង​ប្រាប់ ​VOA ​ថា៖

«គណបក្ស​ប្រជាជន វា​មាន​សាមគ្គី​ឯកភាព​រឹងមាំ ទោះបីមាន​ខ្យល់​ព្យុះ​ពី​ខាង​ណា ក៏​មិន​អាច​នឹង​ធ្វើ​អី​ឲ្យ​វា​រង្គោះរង្គើ​បាន​ដែរ»។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)
លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

លោក សុខ ឥសាន​ បាន​ឲ្យ​ដឹង​ទៀត​ថា​ មរណភាព​នេះ​មិន​បង្ក​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​មួយ​កើត​ឡើង​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​នោះ​ទេ។

លោក សុខ អាន បាន​ទទួល​បន្ទុក​ជា​ឧបនាយករដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី​តាំង​ពី​ឆ្នាំ​២០០៤​ ដោយ​លោក​មាន​តួនាទី​ជា​ច្រើន ក្នុង​នោះ​មាន​ការ​គ្រប់គ្រង​អាជ្ញាធរ​ជាតិ​ គណៈកម្មាធិការ​ និង​គណៈកម្មការ​ផ្សេងៗ​របស់​រដ្ឋាភិបាល។ ជាមួយ​មុខ​តំណែង​ដ៏​ច្រើន​នេះ ​លោក​ត្រូវ​បាន​រិះគន់​ជា​បន្តបន្ទាប់​ថា​ កាន់​តំណែង​ច្រើន​ ដូច្នេះ​ការងារ​មិន​មាន​ប្រសិទ្ធភាព។ ជា​សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​ សុខ អាន ​កាន់​តែ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធិ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយ​បាន​ក្លាយ​ជា​ដន្លង​របស់​លោក​ ហ៊ុន​ សែន។​ កូន​ប្រុស​ច្បង​របស់​លោក​បាន​រៀបការ​ជាមួយ​កូន​ស្រី​របស់​លោក ហ៊ុន សែន ឈ្មោះ ហ៊ុន ម៉ាលី។

លោក សុខ ឥសាន មាន​ប្រសាសន៍​ថា៖

«ចុះ​អាហ្នឹង​វា​អញ្ចឹង​ហើយ មិន​មែន​គាត់​ទៅ​ដណ្តើម​គេ​ណា អាហ្នឹង​ជា​ការ​ចាត់​តាំង​ពី​រាជរដ្ឋាភិបាល​ទាំង​មូល។ ការ​ដឹកនាំ​គណបក្ស​ប្រជាជន​ដឹកនាំ​ជា​សមូហភាព បុគ្គល​ទទួល​ខុសត្រូវ។ ការ​ដឹកនាំ​ បើ​ទោះ​សម្តេច​ សុខ អាន គាត់​នៅ​ ក៏​គាត់​មិន​មែន​សម្រេច​ចិត្ត​គាត់​ដែរ គឺ​ថា​សមូហភាព»។

នៅ​ពេល​ VOA សួរ​ថា តើ​លោក សុខ អាន ជា​ដៃ​ស្តាំ​របស់​លោក ហ៊ុន សែន លោក សុខ ឥសាន បាន​បញ្ជាក់ថា៖

«មិន​មែន​ទេ នរណា​ក៏​ដៃ​ស្តាំ​ដែរ ពីព្រោះ​តែ​សុទ្ធ​តែ​ជា​សេនាធិការ​ជូន​សម្តេច​នាយក។ គាត់​មាន​ធនធាន​មនុស្ស​ច្រើន​ដើម្បី​ជួយ​គាត់​ដែរ បើ​មិន​អញ្ចឹង​ម៉េច​នឹង​ធានា​រ៉ាប់រង​ការងារ​បាន»។

អ្នក​នាំ​ពាក្យ​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​ចាត់​ទុក​លោក សុខ អាន ជា​បងប្រុស​របស់​លោក ដោយ​សារ​លោក​ធ្លាប់​ទទួល​បាន​ការ​ណែនាំ​ល្អៗ​ជា​ច្រើន​ពី​លោក សុខ អាន។ លោក​បន្ត​ថា​លោក សុខ អាន ក៏​បាន​រួម​ចំណែក​ក្នុង​ការ​រៀបចំ​និង​ដឹកនាំ​គណបក្ស។ លោក​ចាត់​ទុក​មរណភាព​របស់​លោក​ សុខ អាន ជា​ការ​បាត់បង់​វីរជន​មួយ​រូប​របស់​គណបក្ស​កាន់​អំណាច។

លោក​ឈាង វុន​ អ្នក​តំណាងរាស្រ្ត​និង​ជា​អ្នក​នាំពាក្យ​តំណាងរាស្រ្ត​សភា​គណបក្ស​កាន់​អំណាចប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំពេញអង្គ​នៅ​វិមាន​រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បត៌​ទី​០៩​ខែ​មិថុនា​ឆ្នាំ​២០១៦​។​ ( ឡេង ឡែន/VOA)
លោក​ឈាង វុន​ អ្នក​តំណាងរាស្រ្ត​និង​ជា​អ្នក​នាំពាក្យ​តំណាងរាស្រ្ត​សភា​គណបក្ស​កាន់​អំណាចប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំពេញអង្គ​នៅ​វិមាន​រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បត៌​ទី​០៩​ខែ​មិថុនា​ឆ្នាំ​២០១៦​។​ ( ឡេង ឡែន/VOA)

លោក ឈាង វុន បាន​ចាត់​ទុក​លោក សុខ​ អាន ថា ​ជា​សហការី​ដ៏​ស្មោះត្រង់​ម្នាក់​របស់​លោក ហ៊ុន សែន គឺ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ តែង​តែ​មាន​លោក សុខ អាន។

លោក ឈាង វុន មាន​ថ្លែង​ប្រាប់ VOA ថា៖

«គណបក្ស​ប្រជាជន​ជា​គណបក្ស​មួយ​ដែល​រាល់​ការ​គិតគូ​ សុទ្ធ​តែ​ចេញ​មក​ពី​សមូហភាព។ អញ្ចឹង​ហើយ​ការ​បាត់បង់​សម្តេច​វិបុលបញ្ញា គឺ​គ្មាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរការ​ល្អ​របស់​គណបក្ស​ទេ គឺ​យើង​បាន​រៀបចំ​មាន​អ្នក​បន្ត​វេន»។

លោក ម៉ម ប៊ុននាង អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ប្រាប់ VOA ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​វីរជន​ច្រើន​រូប។ លោក​បន្ត​ថា ​មរណភាព​នេះ​មិន​ប៉ះពាល់​ដល់​គណបក្ស​ និង​បង្ក​ឲ្យ​មាន​អសន្តិសុខ​ក្នុង​ប្រទេស​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖

«អត់​មាន​អី​ទាល់​តែ​សោះ​អា​រឿង​បញ្ហា​រំជើបរំជួល ឬ​អស្ថិរភាព​អី​គឺ​អត់​មាន​ទេ គឺ​ថា ​យើង​មាន​ការ​គិតគូរ​ ការ​រៀប​ចំ​ការងារ​បោះឆ្នោត ក៏​ដូច​ជា​ការងារ​សន្តិសុខ សណ្តាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ​គឺ​អត់​មាន​អី​ទាល់​តែ​សោះ»។

តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ទៀត លោក ប៉ែន បញ្ញា មាន​ប្រសាសន៍​ថា​ មរណភាព​របស់​លោក សុខ អាន មិន​បង្កបញ្ហា​អ្វី​សម្រាប់​គណបក្ស​នោះ​ទេ ដោយសារ​គណបក្ស​មាន​ធនធាន​មនុស្ស​ច្រើន។ ទោះ​ជា​យ៉ាង​ណា លោក​ថា ​វា​អាច​ពិបាក​បន្តិច​នៅ​ពេល​ដំបូង​សម្រាប់​អ្នក​ថ្មី​ដែល​នឹង​ទទួល​តំណែង​របស់​លោក សុខ អាន។

មរណភាព​លោក សុខ អាន កើត​ឡើង​ ខណៈ​ដែល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៧​និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ខិត​ជិត​មក​ដល់។ លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​មក​ហើយ​រង​ការ​រិះគន់​ថា​ ​លោក​នឹងធ្វើអ្វីទាំងអស់​ ក្នុង​ការ​កម្ចាត់​គណបក្ស​ប្រឆាំង​ដើម្បី​រក្សា​អំណាច​និង​គណបក្ស​របស់​លោក​បន្ត​ទៀត។

អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​ថ្លែង​ប្រាប់ ​VOAថា ​រដ្ឋាភិបាល​បាន​តែង​តាំងឲ្យ​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ឲ្យ​ទទួល​បន្ទុក​ការងារ​របស់​លោក សុខ អាន ជា​បណ្តោះអាសន្ន។ ទោះ​ជា​យ៉ាង​ណា លោក​មិន​មាន​ព័ត៌មាន​ថា ​តើ​អ្នកណា​នឹង​ទទួល​តំណែង​នេះជាផ្លូវការ​នោះ​ទេ។

លោក ផៃ ស៊ីផាន បន្ត​ថា ​រដ្ឋាភិបាល​នឹង​បន្ត​ប្រក្រតីភាព​នៃ​ការងារ​របស់​រដ្ឋាភិបាល​ហើយ​លោក​ថា ​មិន​មាន​បញ្ហា​ព្រួយបារម្ភ​នៃ​សន្តិសុខ​ក្នុង​ប្រទេស​នោះ​ទេ។

លោក​បញ្ជាក់​ប្រាប់​ VOA ថា៖

«គ្មាន​អ្វី​ក្រៅ​ពី​បន្ត​វេន​ក្នុង​លក្ខណៈ​ប្រក្រតី​ភាព​រដ្ឋបាល​ទៀង​ទាត់​របស់​យើង ដែល​យើង​មិន​មាន​ព្រួយចិត្ត​ពី​រឿង​សន្តិសុខ​ជាតិ…»។

លោក​ ផៃ ស៊ីផាន បន្ត ទៀត​ថា ​ទំហំ​ការងារ​របស់​លោក សុខ អាន ត្រូវ​បាន​ធ្វើ​វិមជ្ឈការ​ទៅ​តាម​ក្រសួង​ជំនាញ ចាប់​តាំងពី​ក្នុង​អាណត្តិទី​៥នេះ។ លោក​ពន្យល់​ថា​ លោក សុខ អាន បាន​ទទួល​ការងារ​ច្រើន​នេះ ដោយសារ​ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម កម្ពុជា​បាន​បាត់បង់​បញ្ញវន្ត ហើយ​នៅ​សល់​បញ្ញវន្ត​តិចតួច​ណាស់​ដែល​មាន​បទពិសោធន៍​ហើយ​បាន​ធ្វើការ​ក្នុង​រដ្ឋាភិបាល។ ទោះ​ជា​យ៉ាងណា លោក​បាន​ការពារ​ថា​ លោក​ សុខ អាន មាន​បទ​ពិសោធន៍​ច្រើន​សម្រាប់​ទទួល​បន្ទុក​ការងារ​ទាំង​នេះ ហើយ​លោក​បាន​ធ្វើ​ការងារ​ទាំង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក​មាន​ប្រសាសន៍​ថា៖

«ដូច្នេះ​ការ​លើក​ឡើង​ថា​ លោក​ដៃ​ច្រើន​ហ្នឹង អាហ្នឹង​អ្នក​និយាយ​គ្រាន់​បាន​និយាយ​របៀប​មើល​ស្រាល​ការងារ តែ​អ្នក​ធ្វើ​ការងារ​បាន​ដឹង»។

រូបភាពឯកសារ: លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា។
រូបភាពឯកសារ: លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា។

អ្នក​នាំពាក្យ​រូប​នោះ​បន្ត​ថា​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ លោក សុខ អាន បាន​ទទួល​បន្ទុក​ការងារ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ដែល​ក្នុង​នោះ​មាន​ការ​ចរចា​ជាមួយ​ភ្ញៀវ​បរទេស​ទៅ​លើ​បញ្ហា​សាលាក្តី​ខ្មែរ​ក្រហម បញ្ហា​ចរចា​ជាមួយ​ភាគី​ថៃ​លើ​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា ​និង​បញ្ហា​អភិរក្ស​ប្រាសាទ​អង្គរវត្ត​និង​ប្រាសាទ​ព្រះវិហារ។

លោក សុខ អាន​ ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​សហការី​ម្នាក់​របស់​លោក ហ៊ុន សែន ក្នុង​ដំណើរការ​ស្វះស្វែង​រក​សន្តិភាព​សម្រាប់​ប្រទេស​ រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។ ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ លោក​បាន​ចរចា​ជាមួយ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​បង្កើត​សាលាក្តី​ខ្មែរក្រហម។ ចាប់​ពី​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​១៩៨៣ លោក​ជា​ប្រធាន​ខុទ្ទកាល័យ​នៅ​ក្រសួង​ការបរទេស​និង​ជា​លេខា​ផ្ទាល់​របស់​លោក ហ៊ុន សែន ដែល​កាល​នោះ​លោក ហ៊ុន​ សែន​ ជា​រដ្ឋមន្រ្តី​ការបរទេស។ ក្នុង​ឆ្នាំ​២០០៤ លោក​ត្រូវ​បាន​តែង​តាំង​ជា​ឧបនាយករដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី។

ទោះ​ជា​យ៉ាង​ណា លោក សុខ អាន​ ត្រូវ​បាន​រិះគន់​ថា​ បាន​បង្កើត​ឲ្យ​មាន​គ្រួសារនិយម ស្រប​ពេល​កូន​ប្រុស​របស់​លោក​បាន​ទទួល​តំណែង​ជា​ប្រធាន​សហព័ន្ធ​ផលិត​ស្រូវ​អង្ករ​កម្ពុជា អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​តំណាងរាស្ត្រ​ខេត្ត​តាកែវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា លោក ផៃ ស៊ីផាន បាន​ការពារ​ការ​តែង​តាំង​នោះ ដោយ​ថា ​ពួកគេ​មាន​សមត្ថភាព​និង​ទទួល​បាន​ការ​អប់រំ​ខ្ពង់ខ្ពស់​នៅ​ក្រៅ​ប្រទេស៕

XS
SM
MD
LG