ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេធាវី​បក្ស​កាន់​អំណាច​កំពុង​សិក្សា​ផ្លូវ​ច្បាប់​ដើម្បី​ប្ដឹង​បក្ស​សង្គ្រោះ​ជាតិ​រឿង​សារនយោបាយ


រូបឯកសារ៖ ស្លាកសញ្ញា​​គណបក្ស​​ប្រជាជន​កម្ពុជា ​​​​គណបក្ស​​សង្គ្រោះជាតិ​ និង​​គណបក្ស​​សម្ព័ន្ធ​​ដើម្បី​​​ប្រជាធិប​​តេយ្យ។​​​

រូបឯកសារ៖ ស្លាកសញ្ញា​​គណបក្ស​​ប្រជាជន​កម្ពុជា ​​​​គណបក្ស​​សង្គ្រោះជាតិ​ និង​​គណបក្ស​​សម្ព័ន្ធ​​ដើម្បី​​​ប្រជាធិប​​តេយ្យ។​​​

កាល​ពី​ថ្ងៃ​ចន្ទ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​ព្រមាន​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​នេះ ​មិន​ផ្លាស់ប្ដូរ​​ពាក្យ​ស្លោក​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​របស់​ខ្លួន​ទេ​នោះ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា គណបក្ស​កាន់​អំណាច​នេះ កំពុង​ឲ្យ​មេធាវី​សិក្សា​ទិដ្ឋភាព​ច្បាប់ ជុំវិញ​សារ​នយោបាយ​មួយរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ថា «ដូរ​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ» ខណៈ​ចៅ​សង្កាត់​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ បាន​ចេញ​ញត្តិ​ថ្កោល​ទោស​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់។

កាល​ពី​ថ្ងៃ​ចន្ទ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​ព្រមាន​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​នេះ ​មិន​ផ្លាស់ប្ដូរពាក្យ​ស្លោក​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​របស់​ខ្លួន​ទេ​នោះ។

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ភ្លាមៗ ​បន្ទាប់ពី​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា៖ «ហើយ​កុំ​ណា អា​ពាក្យ​ដូរ​មេឃុំ​បម្រើ​បក្ស ​ដាក់​មេឃុំ​បម្រើ​រាស្ត្រ»។

គណបក្ស​ប្រជាជន​កម្ពុជា លើកឡើង​ថា​ពាក្យ​ស្លោក​នេះ​មាន​«ចរិត​ញុះញង់​ បង្ក​ហេតុ​និង​ប្រមាថ​មើល​ងាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ដែល​បាន​ខិត​ខំ​បម្រើ​ប្រជាជន ដោយ​មិន​មាន​ការ​រើសអើង​និន្នាការ​នយោបាយ​សោះ​ឡើយ»។

គណបក្ស​កាន់​អំណាច​ បាន​ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ កែ​តម្រូវ​ជា​បន្ទាន់​ចំពោះ​ខ្លឹមសារ​ខាង​លើ​ដើម្បី​«រក្សា​បរិយាកាស​ល្អ​និង​សុខ​សន្តិភាព​របស់​ប្រទេស​ជាតិ»។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​ VOA ថា​គណបក្ស​បាន​ឲ្យ​មេធាវី​សិក្សា​ផ្លូវ​ច្បាប់​អំពី​សារ​នយោបាយ​មួយ​នេះ។

«ឲ្យ​មេធាវី​ពិចារណា​តាម​គោល​ការណ៍​ច្បាប់។ អា​ហ្នឹង​ឲ្យ​គេ​សិក្សា ខ្ញុំ​មិនទាន់​ដឹង​ថា​ច្បាប់​អី​ទេ ក៏​ប៉ុន្តែ​វា​ទាក់​ទងច្បាប់​គ្រប់គ្រង​មុខងារ​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ»។

លោក​បញ្ជាក់​បន្ថែម​ថា​បើ​តាម​ច្បាប់​នោះ មេឃុំ​ចៅ​សង្កាត់​បាន​បម្រើ​ប្រជាពលរដ្ឋ​ដោយ​មិន​រើស​គណបក្ស​នយោបាយ​នោះ​ទេ។

រហូត​មក​ដល់​ពេល​នេះ គណបក្ស​សង្រ្គោះ​ជាតិ​ មិន​ទាន់​ចេញ​សេចក្ដី​ថ្លែងការណ៍​ណា​មួយ ឆ្លើយ​តប​នឹង​គណបក្ស​កាន់​អំណាច​នៅ​ឡើយ​ទេ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ​ពាក្យ​ស្លោក​នេះ​ជា​ការ​ជំរុញ​និង​លើក​ទឹកចិត្ត​ឲ្យ​មេឃុំ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ពេល​បោះ​ឆ្នោត ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ ​កុំ​ឲ្យ​បម្រើ​បក្ស​តែ​មួយ​ប៉ុណ្ណោះ។

លោក​បាន​សរសេរ​ថា៖

«ពាក្យ​ស្លោក​នេះ គេ​អាច​ហាម​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ យក​មក​ប្រើ​បាន តែ​គេ​ក៏​មិន​អាច​ហាម​ប្រជាពលរដ្ឋ ​មិន​ឲ្យ​យក​មក​ប្រើ​បាន​ដែរ ព្រោះ​ពាក្យ​ស្លោក​នេះ កើត​ចេញ​ពី​ប្រជាពលរដ្ឋ»។

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា​ពាក្យ​ស្លោក​មួយ​នេះ​ គណបក្ស​បាន​ប្រើ​ប្រាស់​តាំងពី​ឆ្នាំ​២០១២ ដោយ​លោក​បញ្ជាក់​ថា​ពាក្យ​នេះ​មិន​មែន​សំដៅ​ទៅ​គណបក្ស​ណា​នោះ​ទេ។

«ពាក្យ​ស្លោក​ហ្នឹង​សំដៅ​លើ​មេឃុំ​ណា​ដែល​បម្រើ​បក្ស។ បើ​មេឃុំ​បម្រើ​រាស្ត្រ​គឺ​យើង​លើក​ទឹក​ចិត្ត ឲ្យ​មេ​ឃុំ​គ្រប់​គណបក្ស​នយោបាយ​ហ្នឹង​បម្រើ​រាស្ត្រ។ ហើយ​មេឃុំ​មិន​មែន​មាន​តែ​គណបក្ស​ប្រជាជន​ទេ គណបក្ស​សម រង្ស៊ី ក៏​មាន​មេឃុំ គណបក្ស​សិទ្ធិមនុស្ស​ក៏​មាន​មេឃុំ​ដែរ»។

នៅ​ពេល​សួរ​ថា​តើ​គណបក្ស​នឹង​ប្ដូរ​ពាក្យ​ស្លោក​មួយ​នេះ​ឬក៏​យ៉ាងណា លោក យឹម សុវណ្ណ បដិសេធ​មិន​អត្ថាធិប្បាយ។​

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ បាន​លើក​ជា​ពាក្យ​ស្លោក​តបត​វិញ​ថា៖

«កុំ​យក​មេឃុំ​ប្រូ​ មក​ដូរ​មេឃុំ​ពិត»។

ថ្មីៗនេះ ចៅ​សង្កាត់​មក​ពី​សង្កាត់​ប្រមាណ​២០​ក្នុង​ខណ្ឌ​នានា​នៃ​រាជធានី​ភ្នំពេញ​ បាន​ចេញ​ញត្តិ​ថ្កោល​ទោស​គណបក្ស​សង្រ្គោះ​ជាតិ​ជុំវិញ​រឿង​ពាក្យ​ស្លោក​នយោបាយ​នេះ។

ក្នុង​ញត្តិ​ដែល​មាន​អត្ថន័យ​ប្រហាក់​ប្រហែល​គ្នា​ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ចៅ​សង្កាត់​ទាំង​នោះ ​បាន​លើក​ឡើង​ថា​ក្រោយ​ពេល​ជាប់​ឆ្នោត​ មេឃុំ​ ចៅ​សង្កាត់​ទាំងអស់​ត្រូវ​បំពេញ​តួនាទី មុខងារ ភារកិច្ច សិទ្ធិ​អំណាច ស្រប​តាម​ច្បាប់​គ្រប់​គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​ឲ្យ​បាន​ល្អ​ប្រសើរ​និង​ជំរុញ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ឃុំ​សង្កាត់​របស់​ខ្លួន ដើម្បី​បម្រើ​ប្រជាពលរដ្ឋ។​

ញត្តិ​បញ្ជាក់​ថា​ការ​លើក​ឡើង​ថា​មេឃុំ ចៅ​សង្កាត់​និង​ក្រុមប្រឹក្សា​សង្កាត់​បម្រើ​បក្ស គឺជា«ការ​ប្រមាថ​មើល​ងាយ​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​វីរភាព​របស់​មេឃុំ​ដែល​បម្រើ​ប្រជាពលរដ្ឋ​និង​ជា​ការ​ប្រមាថ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ជូន​មេឃុំ​ ចៅ​សង្កាត់​និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់…ព្រម​ទាំង​ការ​ញុះ​អុជអាល​ដែល​មាន​ចរិត​បង្ក​ហេតុ​ឲ្យ​មាន​ការ​បែក​បាក់​ថ្នាក់​មូលដ្ឋាន»។

បើ​តាម​ញត្តិ​ទាំង​នោះ ចៅ​សង្កាត់​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ ជួយ​រក​យុត្តិធម៌​ឲ្យ​ពួកគេ។​

ចៅ​សង្កាត់​ដង្កោ លោក វើក សាមឿន ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​សារ​មួយ​នេះ​ថា​ជា​«ការ​ដាក់​ផ្លែផ្កា​ បញ្ចើចបញ្ចើ និង​បន្តុះ​បង្អាប់ ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​ប្រជាពលរដ្ឋ»។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖

«បើ​ទោះ​បី​គណបក្ស​នយោបាយ​ណា ក៏​គាត់​បម្រើ​បក្ស​ហើយ នៅ​ពេល​ដែល​គាត់​ជាប់​ឆ្នោត។ គាត់​ត្រូវ​បម្រើ​រាស្ត្រ​ហើយ​ ព្រោះ​បក្ស​សុទ្ធ​តែ​ចង្អុល​បង្ហាញ​ណែនាំ​ឲ្យ​ទៅ​បម្រើ​រាស្ត្រ។ អា​ហ្នឹង​ហើយ​យើង​គិត​ថា​អា​ភាសា​ខ្លះ ​មិន​គួរ​យក​មក​ប្រើ វា​ប៉ះពាល់​ដល់​ទស្សនៈ អារម្មណ៍​និង​គោល​ការណ៍​ទាំង​ឡាយ​ដែល​នាំ​គ្នា​ឆ្ពោះ​ទៅ​រក​ប្រជាពលរដ្ឋ»។

ទោះ​ជា​យ៉ាង​ណា​ លោក​បញ្ជាក់​ថា​ការ​ចេញ​ញត្តិ​ថ្កោល​ទោស​នេះ​ មិន​មែន​ត្រូវ​បាន​ណែនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

លោក​ ហុង គឹមសួន ​នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ប្រាប់​ VOA​ ថា​មិន​មាន​ធាតុ​ផ្សំ​ណា​មួយ​នៃ​សារ​នោះ​ដែល​នាំ​ទៅ​រក​បទ​ល្មើស​ទេ។

លោក​បញ្ជាក់​ថា​ពាក្យ​ស្លោក​នេះ​ក៏​មិន​មានលក្ខណៈ​ញុះញង់​នោះ​ដែរ។​ លោក​ថា៖ «សម្ដី​និយាយ​ឬ​គ្រាន់​តែ​វា​ជា​ពាក្យ​ស្លោក​ដែល​គេ​បង្កើត​ វា​មិន​ជា​ការ​ញុះញង់​បង្កើត​ជា​បទ​ល្មើស​ទេ»។

ក្នុង​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីថ្ងៃទី២ ខែ​មីនា លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​នេះ បាន​បញ្ចេញ​សារ​សម្រាប់​ឃោសនា​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ថា​«ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ»។

លោក​មាន​ប្រសាសន៍​ថា៖ «សព្វថ្ងៃ​នេះ មេឃុំ​បម្រើ​តែ​បក្ស​ទេ មែន​ទេ​បង​ប្អូន? អញ្ចឹង​យើង​ចង់​បាន​មេឃុំ​ដែល​បម្រើ​រាស្ត្រ​ទូទៅ​អត់​រើសអើង»។

បើ​តាម​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ទើប​តែ​បាន​អនុម័ត​ដោយ​តំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ករណី​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់ធ្ងរ​ ដែល​រួមមាន​បទល្មើស​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ការ​ញុះញង់​ដែល​អាច​នាំ​ឲ្យ​បែក​បាក់​ជាតិ គណបក្ស​នយោបាយ​អាច​ត្រូវ​បាន​រំលាយ​ នៅ​ពេល​ក្រសួង​មហាផ្ទៃ​ប្ដឹង​ទៅ​តុលាការ​កំពូល។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មិន​អត្ថាធិប្បាយ​ថា​តើ​នឹង​ត្រូវ​ប្រើ​ច្បាប់​នេះ​ដើម្បី​ពិនិត្យ​មើល​ពាក្យ​ស្លោក​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​យ៉ាង​ណា​នោះ​ទេ។

ប្រទេស​កម្ពុជា​ គ្រោង​នឹង​រៀបចំការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៤​ខែ​មិថុនា ឆ្នាំ​២០១៧​ខាង​មុខ។

ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សំឡេង គាំទ្រ​ច្រើន រហូតដល់ ​៨.២៩២​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​១១.៤៥៩ និង​ទទួល​បាន​តំណែង​មេឃុំ​-ចៅ​សង្កាត់​ចំនួន​១.៥៩២​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង​១.៦៣៣។

គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កើត​ចេញ​ពី​ការ​ច្របាច់​ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​សរុប​ចំនួន​២.៩៥៥និង​តំណែង​មេឃុំ​ចៅសង្កាត់​តែ​ចំនួន​៤០​ប៉ុណ្ណោះ៕

XS
SM
MD
LG