ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កោះហៅ​សាក្សី​ពីរនាក់​បន្ថែម​ក្នុង​សំណុំរឿង​លោក​ ហ៊ុន ម៉ាណែត-មាជ សុវណ្ណារ៉ា

  • ម៉ែន គឹមសេង

រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​បញ្ជាក់ពី​ភាព​ជោគជ័យ​នៃ​​ទស្សន​កិច្ច​របស់​លោក​នៅ​ឯសហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា​ បើ​ទោះជា​​មាន​បាតុកម្ម​ប្រឆាំងរូប​​លោក និង​មាន​ព័ត៌មាន​អំពី​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក​យ៉ាង​ណា​ក្តី កាលពី​ថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០១៦។​ លោក​ ហ៊ុន​ ម៉ាណែត​ លើក​ឡើង​ថា ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ជា​ច្រើន​ជុំវិញ​ទស្សនកិច្ច​របស់លោក​ ដូចជា​លោក​ត្រូវ​សមត្ថកិច្ច​អាមេរិក​ឃាត់ខ្លួន​ជាដើម (ហ៊ាន សុជាតា/VOA)

តុលាការ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​ដែល​ទទួលបន្ទុក​​សំណុំរឿង​នេះ​ នឹង​បើក​សវនាការ​ជាថ្មី​នៅថ្ងៃ​ទី​១៣ខែ​មេសា​ខាងមុខនេះ ​​បន្ទាប់ពី​បាន​ពន្យាពេល​ម្តង​កាលពី​ខែមុន។

មួយឆ្នាំ​បន្ទាប់ពី​ការដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោ​កឧត្តមសេនីយ៍​ ហ៊ុន ម៉ាណែត​និង​រដ្ឋាភិបាល​កម្ពុជា​ពី​បទ​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ សំណុំរឿង​នេះ​បន្ត​ដំណើរ​ទៅមុខ​យ៉ាង​យឺតៗ​ជាង​ការរំពឹង​ទុក ហើយ​វិលវល់​ជុំវិញ​តែ​លើ​បញ្ហា​យុត្ថាធិការ​របស់​តុលាការ​នេះ​តែ​ប៉ុណ្ណោះ។​

តុលាការ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​ដែល​ទទួលបន្ទុកសំណុំរឿង​នេះ​ នឹង​បើក​សវនាការ​ជាថ្មី​នៅថ្ងៃ​ទី​១៣ខែ​មេសា​ខាងមុខនេះ បន្ទាប់ពី​បាន​ពន្យាពេល​ម្តង​កាលពី​ខែមុន។

លោក ម័រតុន សក្លា​ (Morton Sklar) ​មេធាវី​ការពារ​ក្តី​ឱ្យ​ដើមបណ្តឹង​ដែល​មានលោក​មាជ សុវណ្ណារ៉ា​ និង​ក្រុមគ្រួសារ​ដែល​ជា​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង បាន​បញ្ជាក់​ថា​សវនាការ​នេះ ​នឹង​ត្រូវ​ធ្វើការ​សម្រេច​លើ​យុត្ថាធិការ​នៃ​សំណុំរឿង​នេះ។ ក្នុង​ន័យ​នេះ​ គឺ​មានន័យ​ថា ​តើ​ដើមបណ្តឹង​បាន​បញ្ជូន​ដីកាកោះ​ទៅ​ឱ្យ​លោក ​ហ៊ុន ម៉ាណែត​ នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមភូមិន្ទតាម​នីតិវិធី​របស់​តុលាការ​ឬទេ​ នៅ​ពេល​ដែល​លោក​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ឡុងប៊ិច​ រដ្ឋកាលីហ្វញ៉ា​កាល​ពី​ខែមេសា​ឆ្នាំ​២០១៦។

លោក​ សក្លា ​បាន​បញ្ជាក់​ថា ​ក្នុង​សវនាការ​លើក​នេះ ​គឺ​ខាង​មេធាវី​ដើមបណ្តឹង​បាន​កោះ​ហៅ​សាក្សី​ថ្មី​ចំនួន​ពីរនាក់ ដែល​ជា​ពលរដ្ឋ​ខ្មែរ-​អាមេ​រិកាំង​រស់​នៅ​រដ្ឋ​កាលីហ្វញ៉ា​ដោយ​សារតែ​មើល​ឃើញថា ​ពួកគេ​នៅកន្លែង​កើតហេតុ ​និង​បាន​ចូលរួម​ក្នុង​សកម្មភាព​រារាំង​មិន​ឱ្យ​លោក​ ប៉ូល ហេយ (Paul Hayes)​ អ្នក​រត់ការ​ឯកសារ​តុលាការ​បាន​ប្រគល់​ដីកា​កោះ​ដល់​លោ​ក ហ៊ុន ម៉ាណែត​ ពេល​ដែល​លោក​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​នៅ​ភោជនីយដ្ឋាន​ឡាលូន​កាលពី​ថ្ងៃ​ទី​៩ខែមេសា។

លោក​បន្ថែម​ថា៖

«យើង​បាន​កោះហៅ​ពួកគេ​ឱ្យ​មកបង្ហាញ​ខ្លួន​ក្នុងនាម​ជាសាក្សី​ ហើយ​បាន​ប្រគល់​ដីកាកោះ​រួច​រាល់​អស់​ហើយ។ ខ្ញុំ​មិនហ៊ាន​ធានា​ថា ​ពួកគេ​នឹង​ទៅទេ​ពីព្រោះ​គេ​មិន​ឱ្យ​ខ្ញុំ​ទាក់​ទង​ជាមួយ​ពួកគេ​ពី​សំណុំរឿង​នេះ​ទេ។ ប៉ុន្តែ​ការសន្និដ្ឋាន​របស់​យើង​គឺថា​ពួកគេ​នឹង​គោរព​តាម​ការកោះ​របស់​តុលាការហើយ​មកបង្ហាញ​មុខ។ នេះ​គឺជា​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ​ហើយ​បើសិន​ជា​ពួកគេ​មិន​មក​ទេ​ គឺ​ល្មើស​នឹង​បញ្ជា​តុលាការ​ហើយ‍»។​

រូបឯកសារ៖ លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អម​ដោយ​ប៉ូលិស ក្រោយពី​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​លោក នៅ​ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០១៤។

រូបឯកសារ៖ លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អម​ដោយ​ប៉ូលិស ក្រោយពី​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​លោក នៅ​ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០១៤។

លោក មាជ សុវណ្ណារ៉ា ​និង​ភរិយា​ជេមី មាជ ព្រម​ទាំង​កូនស្រី​បីនាក់​របស់​លោក ​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក​ ហ៊ុន ម៉ាណែត ​និង​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​៨ ខែ​មេសាឆ្នាំ​២០១៦ នៅតុលាការ​រដ្ឋ​កាលីហ្វញ៉ា។ បណ្តឹង​នោះ​ចោទប្រកាន់​ពី​ការធ្វើ​ទារុណកម្ម​ អំពើ​ភេរវកម្ម ​ការឃុំឃាំង​ដោយ​ខុសច្បាប់ ​និង​ការ​វាយ​ធ្វើ​បាប​ជាដើម។

ការព្យាយាម​ប្រគល់​ដីកាកោះ​នៅពេល​នោះ​មានភាព​ច្របូក​ច្របល់​ដោយ​សារ​តែ​ក្នុង​ពេល​នោះ ​ក៏​មាន​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំ​ង​ជាច្រើន​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​នៅខាងមុខ​ភោជនីយដ្ឋាន​ឡាលូនប្រឆាំង​នឹងវត្តមាន​របស់​លោក​ ហ៊ុន ម៉ាណែត។ លោក​ ប៉ូល ហេយ​ត្រូវ​បាន​ជន​មិន​ស្គាល់មុខ​វាយ​និង​ចាប់​បោះ​មកលើ​ដី​នៅពេល​ដែល​លោក​ហុច​ដីកា​ទៅ​ឱ្យ​លោក ​ហ៊ុន ម៉ាណែត។ នេះ​បើ​តាម​ការបញ្ជាក់របស់​លោក ​ម័រតុន សក្លា។ រីឯ​លោក ​ហ៊ុន ​ម៉ាណែត ​បាន​ប្រកែក​ថា​លោក​មិន​ដែល​បាន​ទទួល​ដីកាកោះ​ទេ​គឺលោក​បាន​ដឹង​ពីការប្តឹងផ្តល់នេះ​ពី​មិត្តភក្តិប្រាប់​ប៉ុណ្ណោះ​ហើយ​បានសុំ​ឱ្យ​តុលាការ​ទម្លាក់​សំណុំរឿង​នេះ​ចោល។​ នេះ​តើ​តាម​ឯកសារ​តុលាការ​។

ក្រុម​មេធាវី​ការពារ​បាន​យក​រូបថត​និង​វីដេអូស្តី​ពី​សកម្មភាព​នៃ​ការប្រគល់​ដីកា​កោះ​និង​ការវាយ​ប្រហារ​មក​លើលោក​ ប៉ូល ហេយ ​មកស្វែង​រក​អត្តសញ្ញាណ​អ្នកពាក់​ព័ន្ធ​នឹង​ការវាយប្រតាយ​ប្រតប់​នោះ​ដើម្បី​យក​មក​ធ្វើ​ជាសាក្សី​ជួយ​ដល់​ការកំណត់​ថា​លោក​ ប៉ូល ហេយ ​ពិត​ជា​បាន​ព្យាយាម​ប្រគល់​ដីកា​និង​ស្ថិត​នៅ​ចម្ងាយ​ពី​មួយ​ម៉ែត្រ​ទៅ​បីមែត្រ​ពី​លោក​ហ៊ុនម៉ាណែត​ប៉ុណ្ណោះ។ នេះ​ដោយសារ​តែ​ច្បាប់​បាន​កំណត់​ថា​បើ​អ្នក​ប្រគល់​ដីកា​កោះ​ស្ថិត​នៅ​ចម្ងាយ​ដូច​នេះហើយ​ជនដែល​គេ​កោះ​មិន​ទទួលយក​ឯកសារ​ក៏ដោយក៏​ចាត់​ទុក​ថា​បាន​ដឹង​ឮ​ត្រឹមត្រូវ​តាម​ច្បាប់ដែល​ស្ថិតក្រោម​យុត្ថាធិការ​របស់​តុលាការ​បាន។​

លោក​ ម័រតុន សក្លា​បានបន្ថែម​ថា៖

«ហើយអ្វី​ដែល​យើង​បានធ្វើ​គឺ​យើង​បាន​ទៅ​សហគមន៍​ខ្មែរ​និង​សួរ​ពលរដ្ឋ​ថា​តើ​ពួកគេ​អាច​បង្ហាញ​អត្តសញ្ញាណ​បុគ្គល​នេះ​ទេ​ហើយ​យើង​ទទួលបាន​អត្តសញ្ញាណ​ចំនួន​ពីរ។ យើ​ង​បាន​ប្រៀប​ធៀប​អត្តសញ្ញាណ​ទាំងនោះ​ជាមួយ​នឹង​រូបថត​បុរស​ទាំងពីរ​នាក់​ដែល​មាន​នៅលើទំព័រហ្វេសប៊ុក​ហើយ​វា​ត្រូវគ្នា​យ៉ាង​ច្បាស់​ក្រឡែត‍»។

លោក​ ម័រតុន សក្លា​ បាន​បញ្ជាក់​ថា​លោកក៏បាន​ទាក់ទង​សួរ​ប៉ូលិស​ទីក្រុង​ឡុង​ប៊ិច​ពីបញ្ហា​នេះ​ដោយ​ស្នើ​សុំ​ឱ្យ​គេ​ធ្វើការ​ផ្ទៀងផ្ទាត់​រូប​នៅក្នុង​វីដេអូ​ជាមួយ​នឹង​ទិន្នន័យ​របស់​ប៉ូលិស​។ លោក​ថា​ប៉ូលិស​បាន​ប្រើប្រាស់​កម្មវិធី​មួយ​ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​អ្នក​ដែល​ប៉ូលិស​ស៊ើបអង្កេតប៉ុន្តែ​មិន​បញ្ជាក់​ឱ្យ​ក្រុម​មេធាវី​ដឹង​ចម្លើយ​ទេ​ដោយ​គ្រាន់តែ​ផ្តល់​ព័ត៌មាន​ឱ្យ​ក្រុមមេធាវី​អាច​ទំនាក់ទំនង​ជាមួយ​នឹង​បុរស​ទាំង​ពីរ​នាក់​បាន។

លោក ម័រតុន សក្លា​ មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​សាក្សី​ទាំងពីរ​ទេ។ រីឯ​ប៉ូលិសក៏មិន​បាន​បញ្ជាក់​ប្រាប់​ដែរ​នៅពេល​ដែល​ VOA ​បានព្យាយាម​សួរ។

លោក ​ដេវីត ថឺនណូឡូ ​ប៉ូលិស​ទទួលស៊ើប​អង្កេត​សំណុំរឿង​នេះ​បាន​បញ្ជាក់ប្រាប់​VOA ថា​ ដំណើរ​រឿង​ក្តី​នេះ​នៅតែ​បន្ត​នៅឡើយហើយ​លោកបាន​បដិសេធ​មិន​បញ្ជាក់​ឈ្មោះ​ជនសង្ស័យ​ឬសាក្សី​ណា​មួយ​ទេ។

ប៉ុន្តែ​យោង​តាម​ឯកសារ​ដែល​បាន​ដាក់​ទៅ​តុលាការ​ដោយ​លោក ​អ៊ុច បូ ​មេធាវី​ម្នាក់ទៀត​របស់​លោក​មាជសុណ្ណារ៉ាហើយ​ VOA ​ទទួល​បាន​តាម​គេហទំព័រ​របស់​តុលាការបញ្ជាក់​ថា​បុរស​ពីរ​នាក់​ដែល​ពួកគេ​ចង់​ឱ្យ​ធ្វើ​ជាសាក្សី​នោះ​គឺ​ ឈ្មោះ​លោក​សាន គឹមហុង ​និង​លោក នួន ខាវី។

នៅពេល​ VOA ​បាន​សួរប៉ូលិស​ពី​ឈ្មោះ​បុរស​ទាំងពីរ​នាក់​លោក​ ថឺនណូឡូ ​គ្រាន់តែបាន​បញ្ជាក់​ថា៖

«ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​លោក​សក្លា​ហើយ​កំពុង​តែ​ពិនិត្យ​មើល​លើ​ចំណុច​នេះ‍»។

បុរស​ទាំងពីរ​ត្រូវ​បាន​កោះ​ហៅ​ក្នុងនាម​ជា​សាក្សី​ដើម្បី​ឱ្យ​បញ្ជាក់​ពីការ​ដឹងឮ​នៅក្នុង​ហេតុការណ៍​នោះ​ប៉ុណ្ណោះ​ គឺមិនមែន​ជាជនសង្ស័យ​ជា​អ្នកវាយប្រហារ​នៅឡើយ​ទេ។

VOA ​បាន​ទាក់​ទង​ទៅ​សាក្សី​ម្នាក់​គឺ​លោក​ នួន ខាវី​ ហើយលោក​បាន​បញ្ជាក់​ថា​លោក​បានទទួលដីកា​កោះ​ហៅ​នោះ​មែន។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ លោក​មិន​ដឹង​ហេតុការណ៍​ប្រគល់​ឯកសារ​ពាក្យ​បណ្តឹង​ ឬ ​ការ​វាយតប់​នៅ​ភោជនីយដ្ឋាន​ឡាលូន​នោះទេ៖ ​

«នៅថ្ងៃ​នោះ​ខ្ញុំ​ជាអ្នករៀបចំ​ទទួល​ភ្ញៀវ​នៅ​ខាងក្នុង​។ ខ្ញុំ​អត់​បាន​ដឹង​រឿង​នៅ​ខាង​ក្រៅ​ទេ​បង‍»។

លោក​បាន​បញ្ជាក់​ថា ​លោក​នឹង​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ។

លោក នួន ខាវី បានបញ្ជាក់​ថា​ ប៉ូលិស​ក្រុង​ឡុងប៊ិច​ក៏បាន​មក​សាកសួរ​លោកដែរ។

«គាត់​មក​សួរខ្ញុំ​ថា​នៅថ្ងៃ​ហ្នុង​ខ្ញុំ​បានឃើញ​ហេតុការណ៍​ហ្នុងទេ​។ ខ្ញុំ​ក៏​បាន​ជម្រាប​ថា​ខ្ញុំ​នៅ​ទីនោះ​ដែរ​ថា​ខ្ញុំ​ជា​អ្នកទទួលភ្ញៀវ​នៅ​ខាងក្នុង​ហើយ​ពេល​ដែល​ខ្ញុំ​ចូល​ទៅ​ហ្នឹង​ក៏​មុន​ដំបូង​គេ​ឃាត់​ខ្ញុំ​ជិត​មួយ​ម៉ោង​ដែរ។ គេ​មិន​ចង់​ឱ្យ​ខ្ញុំ​ចូល​ផង​ទម្រាំ​តែ​ចូល​ទៅ​ហើយ​គេ​មិន​ឱ្យ​ខ្ញុំ​ចេញ​វិញ​ទេ​។ រឿងហ្នឹង​ខ្ញុំ​អត់​បាន​ដឹង​អ្វី​ទាំងអស់​នៅ​ខាងក្រៅ​ហ្នឹង​‍»។​

VOA បាន​ព្យាយាម​ទាក់​ទង​សុំ​អត្ថាធិប្បាយ​ពី​លោក ​សាន គឹមហុង​ ប៉ុន្តែ​លោក​មិន​ព្រម​ឆ្លើយតប​ទេ។

សំណុំរឿង​នេះ​បាន​កំណត់ពេល​បើក​សវនាការ​កាលពីថ្ងៃ​ទី​៣០ខែ​មីនា​ ប៉ុន្តែ​បាន​លើកពេល​ដើម្បី​ទុកពេល​ឱ្យ​ប៉ូលិស​ទីក្រុង​ឡុងប៊ិច​បាន​ស្រាវជ្រាវ​បន្ថែម​ប៉ុន្តែ​ប៉ូលិស​បញ្ជាក់ថា​គេ​មិនដឹង​ថាការស៊ើបអង្កេត​នេះ​អាច​នឹង​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​សវនាការ​ទេ។

លោក ម័រតុន សក្លា​ បាន​បញ្ជាក់​ថា ​ក្នុង​ពេល​សវនាការ​លើកមុន​កាលពី​ថ្ងៃទី​៦ខែ​កុម្ភៈ​គឺ​ចៅក្រម​បាន​និយាយ​ប្រាប់​ក្រុមមេធាវី​ដើមបណ្តឹង​ឱ្យ​កំណត់​អត្តសញ្ញាណ​អ្នកវាយប្រហារ​និង​ជួយ​ប្រាប់​ឱ្យ​ចៅក្រម​យល់​ច្បាស់​ពី​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​នឹង​លោក​ឧត្តម​សេនីយ៍​ហ៊ុន ម៉ាណែត​និង​ថា​តើ​លោក​ហ៊ុន ម៉ាណែត​អាចទទួលខុសត្រូវ​លើ​ការវាយប្រហារ​លើ​លោក​ប៉ូល ហេយ​ឬទេ។ នៅពេល​ទទួល​បាន​ព័ត៌មាន​ហើយ​គឺ​ចៅក្រម​អាច​នឹង​សម្រេច​លើ​ភាព​ត្រឹមត្រូវ​នៃ​ការប្រគល់​ដីកា​នេះ​បាន។

«វា​ជា​រឿង​កម្រ​និង​មិន​ធម្មតា​ដែល​ចុងចម្លើយ​ឬ​ភ្ញាក់ងារ​របស់​ចុងចម្លើយ​វាយ​ប្រហារ​លើ​អ្នក​រត់ការ​ឯកសារ​តុលាការ។ វាគឺ​ជា​ការរំលោភ​ច្បាប់​រដ្ឋាភិបាល​សហព័ន្ធ។ វាគឺជា​ការរំលោភ​ច្បាប់រដ្ឋ​កាលីហ្វញ៉ា​ ដូច្នេះ​វា​មិន​កើត​ឡើង​ជា​ញឹកញាប់​ទេ​។ ដូច្នេះ​ហើយ​វាមាន​ភាព​មិនច្បាស់​លាស់​អំពី​ចំណាត់​ការ​របស់​តុលាការ​ពី​រឿងនេះ។ តើ​ចុងចម្លើយ​ត្រូវ​ទទួល​ខុសត្រូវ​ឬទេ​ហើយ​នេះគឺអ្វី​ដែល​តុលាការ​កំពុង​សំឡឹង​រកមើលព័ត៌មាន​ជាក់​លាក់​គឺ​អត្តសញ្ញាណ​នៃ​អ្នក​វាយ​ប្រហា​រ​និងការជាប់​ពាក់​ព័ន្ធ​របស់​ពួកគេ​ជាមួយ​នឹង​លោក​ហ៊ុន ម៉ាណែត‍»។​

លោក​បាន​បន្ថែម​ថា ​អ្នក​ទាំងពីរ​មានទំនាក់​ទំនង​យ៉ាងខ្លាំង​ជាមួយ​នឹង​លោក​ហ៊ុន​ម៉ាណែត។

«តាមពិត​ទៅ​ពួកគេ​ទាំង​ពីរ​នាក់ត្រូ​វបាន​គេ​ស្គាល់​ថា​ជា​ផ្នែកមួយ​នៃ​ក្រុមអង្គរក្ស​ការពារ​លោក​ហ៊ុនម៉ាណែត​នៅ​កម្មវិធី​ផ្សេង​មួយ​ទៀត។ ពួកគេ​មិន​មែន​ជា​អ្នកឈរមើល​ហេតុការណ៍​នោះ​ទេ​។ ពួកគេ​គឺ​ជា​អ្នក​ដែល​ធ្វើ​ការ​ជួស​មុខឱ្យ​ចុងចម្លើយ​ហ៊ុនម៉ាណែត។ ដោយហេតុនេះ​ហើយ​លោក​ហ៊ុន​ម៉ាណែត​ត្រូវតែ​ទទួល​ខុស​ត្រូវចំពោះ​ការវាយប្រហារ​នោះ​និង​ការរំខាន​ដល់​ការប្រគល់​ដីកា​ដោយ​លោក​ប៉ូល ហេយ‍»។

លោក ញ៉យ ចំរើន ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជាពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​ ក៏​បាន​ដាក់​ឈ្មោះ​ជាដើម​បណ្តឹង​ក្នុង​សំណុំរឿង​នេះ​ដែរ​បន្ទាប់ពី​លោក​រង​ការវាយប្រហារ​ពី​ក្រុម​បាតុករ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អង្គរក្ស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ កាលពី​ខែតុលា​ឆ្នាំ​២០១៥៕

XS
SM
MD
LG