ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​បញ្ជា​ឱ្យ​នាំ​ខ្លួន​នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ


លោក ជុន ច័ន្ទបុត្រ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​និង​ទទួល​ពានរង្វាន់ David Burke Awards នៅ​ទី​ស្នាក់ការ​កណ្តាល​របស់ ​VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​ឆ្នាំ​២០១៦។ (សាយ មុន្នី/VOA)

លោក​ ​ឌុន វិបុល​ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​ជុន​ ច័ន្ទបុត្រ​ ​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចេញ​ពី​ដាក់​ឯកសារ​នៅ​តុលាការ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​ថា​​លោក​បាន​ដាក់​លិខិត​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ចម្លើយ​របស់​កូនក្តី​លោក​ដែល​បាន​រៀបរាប់​ពី​ដំណើរ​រឿង​ផ្សេងៗ​នៃ​ការ​ចូល​ក្នុង​ពន្ធនាគារ​ ​កាល​ពី​ថ្ងៃទី​១៩ ខែ​មេសា​។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​បាន​ចេញ​ដីកា​ឲ្យ​នាំ​ខ្លួន​លោក​ ​ជុន ច័ន្ទ​បុត្រ​ ​ទៅ​បង្ហាញ​ខ្លួន​នៅតុលាការ​ដើម្បីសាកសួរ​ ​បន្ទាប់​ពី​លោក​ ​ជុន ច័ន្ទបុត្រ​ ​បាន​គេចមិន​ព្រម​ចូលឆ្លើយ​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះ​ហៅ​ហើយ​មេធាវី​ការពារ​ក្តី​ឲ្យ​អនុ​ប្រធាន​វិទ្យុអាស៊ីសេរី​ជា​ភាសា​ខ្មែរ​នេះ​ ​បាន​បញ្ជាក់​ថា​ បានដាក់​ចម្លើយ​របស់​កូន​ក្តីខ្លួននឹង​ឯកសារ​ដែល​ពាក់​ព័ន្ធ​រួច​ក៏​ដោយ​។​

លោក​ ​ឌុន វិបុល​ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​ជុន​ ច័ន្ទបុត្រ​ ​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចេញ​ពី​ដាក់​ឯកសារ​នៅ​តុលាការ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​ថាលោក​បាន​ដាក់​លិខិត​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ចម្លើយ​របស់​កូនក្តី​លោក​ដែល​បាន​រៀបរាប់​ពី​ដំណើរ​រឿង​ផ្សេងៗ​នៃ​ការ​ចូល​ក្នុង​ពន្ធនាគារ​ ​កាល​ពី​ថ្ងៃទី​១៩ ខែ​មេសា​។​ ​លោក​បន្ថែម​ថា​យោង​តាម​ចម្លើយក្នុង​លិខិត​នោះ​ ​កូន​ក្តី​របស់​លោក​មិន​បាន​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធ​នាគារ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​

លោកឌុន វិបុល​ ​បញ្ជាក់​ថា៖​

«ខ្ញុំ​បាន​ស្តាប់​ និង​ពិគ្រោះ​ជាមួយ​កូន​ក្តី​របស់​ខ្ញុំ ​គាត់​មាន​មូល​ហេតុ​ដែល​អាចសមរម្យ​ និង​ទទួល​យក​បាន​នូវការ​ដោះ​សារ​ថា​គាត់​មិន​បាន​មាន​ចេតនា​ចូល​ក្នុង​ពន្ធនាគារ​ទេ។ ដែលជា​រឿង​ចៃដន្យ​មួយ​ ជា​រឿង​ឆក​ល្វែង​ទាំង​អស់​គ្នា»។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​មេធាវី​រូប​នេះ​បន្តថា​ ​ការ​ចេញដីកា​នាំ​ខ្លួន​កូន​ក្តី​របស់​លោក ​គឺ​ជា​នីតិវិធីដែល​សម្រេច​ដោយ​តុលាការ។​

តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​ ​ដែល​ចេញ​ដោយព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​លោក​ ​សៀង​ សុខ​ ​ចេញ​នៅ​ថ្ងៃទី​២ ខែ​ឧសភា​នេះ​ បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​ក្នុង​ប្រទេស​កម្ពុជា​នាំ​ខ្លួន​លោក​ ​ហួត ឃីន​វុទ្ធី​ ​ហៅ​ ​ជុន ច័ន្ទ​បុត្រ​ ​ទៅ​បង្ហាញ​ខ្លួន​នៅ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញរហូត​មាន​សេចក្តី​សម្រេច​ថ្មី។​ ​ក្នុង​ដីកា​ដដែលនោះ​បញ្ជាក់​ថា​ ​ការ​បញ្ជា​ឲ្យ​នាំ​ខ្លួន​គឺ​ដើម្បី​សាក​សួរ​ពី​ដំណើរ​រឿង​ ​ផ្តល់​សេចក្តី​ប្រកាស​ដោយ​ភូត​កុហក​ ​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ព្រៃ​ស​ ​កាល​ពី​ថ្ងៃទី​១៩ ខែ​មេសា ​ឆ្នាំ​២០១៧។​

ភ្ជាប់​ជាមួយ​ដីកា​បញ្ជា​ឲ្យ​នាំ​ខ្លួន​នេះ​ ​តុលាការ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ពី​មូល​ហេតុ​នៃការបញ្ជា​ដោយ​អះអាង​ថា ការចេញ​ដី​កានេះ​គឺ​ដោយ​សារ​លោក ជុន ច័ន្ទបុត្រ ​មាន​ចេតនា​គេច​វេស​មិន​ចូល​តាម​ការ​កោះ​ហៅ និង​មិន​គោរព​តាម​ការ​សន្យា​ចំពោះ​មុខ​អយ្យការ។​

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​ការ​ស៊ើបសួរ​ករណី​ដែល​លោក​ ​ហួត ឃីន​វុទ្ធី ​ហៅ​ ​ជុន ច័ន្ទបុត្រ​ ​អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជា​ភាសាខ្មែរ​ ​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ជាមួយក្រុមតំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​កាល​ពី​ពីរ​សប្តាហ៍​មុន​ ​នៅ​ពេល​តំណាង​រាស្រ្ត​ទាំង​នោះ​ចូល​សួរ​សុខ​ទុក្ខ​សកម្ម​ជន​ទាំង​១៦​នាក់​របស់​បក្ស​ដែល​កំពុង​ជាប់ឃុំ។​ ​ការ​ស៊ើបសួរ​នៅ​ព្រឹក​នេះ​មិន​មាន​វត្ត​មាន​របស់​លោក​ ​ជុន ច័ន្ទបុត្រ​ ​នោះ​ទេ​ ​គឺ​មាន​តែ​មេធាវី​របស់​លោក​ដែល​បាន​យក​ឯកសារ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៅ​ដាក់​នៅតុលាការ​ប៉ុណ្ណោះ។​

លោក​ ​ជុន ច័ន្ទបុត្រ​ ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុងនាម​ជា​ជន​សង្ស័យ ដើម្បី​សាក​សួរពី​ដំណើរ​រឿង​ ផ្តល់​សេចក្តី​ប្រកាស​ដោយ​ភូត​កុហក​ ​និង​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ។​ ​ទោះ​ជា​យ៉ាង​ណា​លោក ជុន ច័ន្ទបុត្រ ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ​កាល​ពី​រសៀលថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ខណៈ​ដែល​លោក​ទើប​តែ​ទទួល​បាន​មេធាវី។​

កាល​ពី​យប់​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ ​វិទ្យុអាស៊ី​សេរី​ដែល​មាន​ស្ថានីយ​ផ្សាយ​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន​ ​សហ​រដ្ឋ​អា​មេរិក​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​បញ្ជាក់ពី​មូលហេតុ​នៃការ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​របស់​លោក​ ​ជុន ច័ន្ទបុត្រ។​ ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​បញ្ជាក់​ថា​ ​ថ្នាក់ដឹកនាំ​វិទ្យុ​អាស៊ី​សេរី​បាន​ឲ្យ​លោក ជុន ច័ន្ទបុត្រ​ ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​សារ​បារម្ភ​ពី​សុវត្ថិភាព​ ​របស់​លោក​ ​និង​ដោយ​សារ​មិន​ទុក​ចិត្ត​ប្រព័ន្ធ​តុលាការ​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​បាន​បន្ថែម​ថា​ ​អាស៊ី​សេរី​នៅ​តែ​ប្រកាន់​ជំហរ​ថា​ ​លោក​ ​ហួត វុទ្ធី​ ​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វី​ទាំង​អស់​ ​និង​ថា​អាជ្ញាធរ​បាន​យក​ករណី​ប្រឆាំង​លោក​មក​ធ្វើ​ជា​រឿង​នយោបាយ​ ​ក្នុង​ចេតនា​បង្វែង​ការ​ចាប់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​ប្រកួត​ប្រជែង​ ​នា​រដូវ​កាល​បោះ​ឆ្នោត។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​បាន​បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

​«ការណ៍​ដែល​អាជ្ញាធរ​ព្យាយាម​បន្តករណី​ប្រឆាំង​លោក​ ​ហួត វុទ្ធី​ ​ស្រប​ពេល​ដែល​មតិ​សាធារណ​ជន​ទូទៅ​ចាត់​ទុក​ថា​ ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នេះ​គ្មាន​មូលដ្ឋាន​ ​គឺ​រឹត​តែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្ថានភាព​ដ៏​អាក្រក់​នៃ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា»។​

លោក​ ​Rohit Mahajan​ ​នាយក​ទទួល​បន្ទុក​កិច្ចការ​សាធារណៈ​ ​និង​យុទ្ធសាស្រ្ត​បច្ចេកវិទ្យា​របស់​វិទ្យុ​អាស៊ីសេរី​ប្រាប់​VOA ​តាម​រយៈ​សារ​អេឡិចត្រូវនិច​ ​ឬ​អ៊ីមែល​ថា​ក្នុង​ពេល​បច្ចុប្បន្ន​អាស៊ី​សេរី​មិន​មានគម្រោងឲ្យ​លោក​ ​ជុន ច័ន្ទបុត្រ​ ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ទេ។​

លោក​ ​បន្ថែម​ក្នុងន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​យ៉ាង​ដូច្នេះ៖​

«​ពួក​យើងកំពុង​ធ្វើការ​ជាមួយ​ការិយាល័យ​មេធាវី​ ​BNG​ ​ដើម្បី​ស្វែង​រក​លទ្ធភាព​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ទម្លាក់បទ​ចោទ»។​

អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​លើក​ឡើង​ពី​សំណុំរឿង​នៃការ​ចូល​ក្នុង​ពន្ធនាគាររបស់​លោក​ ​ជុន ច័ន្ទ​បុត្រ​ ​ថាប្រសិន​បើ​រដ្ឋាភិបាល​អនុវត្ត​ផ្លូវ​ច្បាប់​លើ​អ្នក​សារ​ព័ត៌មាន​ដែល​បន្លំ​ខ្លួន​ដើម្បី​ប្រមូល​ព័ត៌​មានពិត​មក​ផ្សព្វ​ផ្សាយ​ ​មាន​ន័យ​ថារដ្ឋាភិបាល​កំពុង​ដាក់​សម្ពាធ​ដល់​អ្នក​សារព័ត៌មាន​ ​និង​អាច​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ។​ ​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​នេះ​ ​ស្រប​ពេល​ដែល​អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ​ការ​កោះ​ហៅ​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ ​បង្ហាញ​ពីក្ដី​បារម្ភ​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា។

ក្នុង​សំណុំ​រឿង​ចូល​ក្នុង​ពន្ធនាគារ​របស់​លោក​ ​ជុន ច័ន្ទបុត្រ​ ​នេះ​ ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​២រូប គឺ​លោកស្រី​ ​មូរ សុខហួរ ​និង​លោក ឡុង រី ​ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី ហើយ​អ្នក​ទាំង​ពីរ​បាន​បញ្ចប់​ការ​ឆ្លើយ​បំភ្លឺ​កាល​ពី​សប្តាហ៍​មុន​រួច​មក​ហើយ៕

XS
SM
MD
LG