ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​បញ្ចប់​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​សកម្មជន​មាតា​ធម្មជាតិ

  • ម៉ែន គឹមសេង

រូបឯកសារ៖ ទិដ្ឋភាព​សាឡង់​បូម​ខ្សាច់​ចំនួន៥​នៅ​លើ​ព្រែក​អណ្តូង​ទឹក ខេត្ត​កោះកុង។ (រូប​ថត​ផ្តល់​ឲ្យ​អង្គការ​ចលនា​មាតា​ធម្មជាតិ)

លោក ហួន ម៉ានី​ ប្រធាន​តុលាការ​ខេត្ត​កោះកុង​ បាន​បញ្ជាក់​ប្រាប់​ VOA ​ថា​សំណុំ​រឿង​នេះ ត្រូវ​បាន​ស៊ើប​អង្កេត​ចប់​ ហើយ​នឹង​បាន​បញ្ជូន​ទៅ​ឱ្យ​រៀបចំ ​ដើម្បី​ធ្វើ​សវនាការ​កាត់ទោស។

តុលាការ​ខេត្ត​កោះកុង​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​លើ​សំណុំ​រឿង​ប្រឆាំង​នឹង​សកម្ម​ជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​បីនាក់ ​ហើយ​គ្រោង​នឹង​រៀបចំ​ធ្វើ​សវនាការ​ក្នុង​ពេល​ដ៏ខ្លី​ខាងមុខ។​ នេះ​បើ​តាមការ​បញ្ជាក់​របស់​មន្ត្រី​តុលាការ​ និង​សកម្មជន​បរិស្ថាន។​

សកម្មជន​ទាំង​បី​នាក់​ រួមមាន​ឈ្មោះ​ សាន់ ម៉ាឡា ស៊ីម សំណាង ​និង​ ទ្រី សុវីគា​ ត្រូវ​បាន​ព្រះរាជអាជ្ញា​ខេត្ត​កោះកុង​ ចោទ​ប្រកាន់​ពី​បទ​គំរាមកំហែង​ មាន​ចេតនា​បង្ក​ការ​ខូចខាត​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនា​ការ​ទប់​ស្កាត់​ការ​បូមខ្សាច់​នៅ​ខេត្ត​កោះកុង ​និង​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ចាប់​តាំងពី​ពាក់​កណ្តាល​ខែ​សីហា ឆ្នាំ​២០១៥។

​លោក ហួន ម៉ានី​ ប្រធាន​តុលាការ​ខេត្ត​កោះកុង​ បាន​បញ្ជាក់​ប្រាប់​ VOA ​ថា​សំណុំ​រឿង​នេះ ត្រូវ​បាន​ស៊ើប​អង្កេត​ចប់​ ហើយ​នឹង​បាន​បញ្ជូន​ទៅ​ឱ្យ​រៀបចំ ​ដើម្បី​ធ្វើ​សវនាការ​កាត់ទោស។ ប៉ុន្តែ​ លោក​បដិសេធ​មិន​បញ្ជាក់​ពី​ពេល​វេលា​សវនាការ​នៅ​ឡើយ​ទេ។​

សកម្មជន​បរិស្ថាន​ពីរនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​គឺ លោក​ ថុន រដ្ឋា ​និង​លោក ចេក នីត្រា​ បាន​បញ្ជាក់​ប្រាប់ ​VOA ​ដែរថា​ ពួកគេ​ក៏​បាន​ទទួល​ព័ត៌មាន​ដូច​គ្នា​នេះ​ដែរ។

តាម​ប្រភព​ស្និទ្ធ​នឹង​តុលាការ​ខេត្ត​កោះកុង​បាន​ប្រាប់​ឱ្យ​ VOA ​ដឹង​ថា​ តុលាការ​អាច​នឹង​ចោទ​ប្រកាន់​មនុស្ស​ដែល​មាន​ការពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​លោក​ ហួន ម៉ានី​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​នេះ​ទេ។

លោក ថុន រដ្ឋា (ឆ្វេង) និង​លោក ចេក នីត្រា (ស្តាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«សកម្មភាព​បូម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង​និង​បណ្តឹង​ប្រឆាំង​នឹង​សកម្មជន​មាតា​ធម្មជាតិ» នៅ​ក្នុង​កម្មវិធី Hello VOA​ «ពិសេស‍» កាល​ពី​ថ្ងៃ​សុក្រ ទី​២៩ ខែ​មករា ឆ្នាំ​២០១៦។ (លឹម សុធី/VOA)

លោក ថុន រដ្ឋា (ឆ្វេង) និង​លោក ចេក នីត្រា (ស្តាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«សកម្មភាព​បូម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង​និង​បណ្តឹង​ប្រឆាំង​នឹង​សកម្មជន​មាតា​ធម្មជាតិ» នៅ​ក្នុង​កម្មវិធី Hello VOA​ «ពិសេស‍» កាល​ពី​ថ្ងៃ​សុក្រ ទី​២៩ ខែ​មករា ឆ្នាំ​២០១៦។ (លឹម សុធី/VOA)

«ខ្ញុំ​មិន​អាច​ដឹង​ច្បាស់​ទេ​ទាល់​។ តែ​លោក​សួរ​ទៅ​ចៅក្រម​ស៊ើបអង្កេត​កាន់​សំណុំ​រឿង​នេះ‍»។​

VOAបាន​ព្យាយាម​ទូរស័ព្ទ​ទៅ​ទាក់​ទង​ចៅក្រម​ស៊ើប​អង្កេត​ ឈុន ដាវី ​ប៉ុន្តែ​មិនមាន​អ្នក​ទទួល​ទូរស័ព្ទ​ទេ។

លោក​ ថុន រដ្ឋា នៃ​ចលនា​មាតា​ធម្មជាតិ​ថ្លែង​ការពារ​សហការី​ និង​យុទ្ធនាការ​របស់​ខ្លួន​ក្នុ​ង​ពេល​កន្លង​មក​ ថា​ជា​ការ​ស្រប​ច្បាប់​ ហើយ​ជាជាង​ការ​ចាប់​ដាក់​ពន្ធនាគារ​ពួកគេ​គួរតែ​ទទួល​បាន​ការ​លើក​ទឹកចិត្ត៖

«ជា​លទ្ធផល​អ្វី​ជា​កាដូ​ដ៏ល្អ​សម្រាប់​ពួកគាត់​ គឺ​ការ​សម្រាក​នៅ​ក្នុង​ពន្ធនាគារ​កោះកុង​ជិត​៦ខែ​ ហើយ​អត់​បាន​ទទួល​យុត្តិធម៌​ទៀត​ គឺ​គ្រាន់​តែ​ធ្វើ​តាម​ច្បាប់​ធ្វើ​តាម​អ្វី ដែល​ខ្លួន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ជា​យុវជន​ចង់​ការពារ​ធនធាន​ធម្មជាតិ​ ចង់​ការពារ​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ‍»។​

ចាប់​តាំងពី​មាន​ការ​ចាប់​ខ្លួន​សកម្មជន​ទាំងបី​នាក់​ និង​ការ​បណ្តេញ​ស្ថាបនិក​ម្នាក់​ដែល​ជា​ជន​ជាតិ​អេស្ប៉ាញ​គឺ​លោក​ អាឡិច ហ្កុនហ្សាឡេស ដាវីដសុន​ ចេញ​ពី​ប្រទេស​កម្ពុជា​មក ក្រុម​សកម្ម​ជន​បាន​ជួប​ការ​លំបាក​ក្នុង​ការធ្វើ​សកម្ម​ភាព​ចុះ​អប់រំ​សហគមន៍​ដើម្បី​ឱ្យ​ពួកគេ​យល់​ដឹង​ពី​សិទ្ធិ​ និង​ការ​អភិវឌ្ឍន៍​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ពួកគេ​ ដោយ​សារ​តែ​អាជ្ញាធរ​តែងតែ​ចុះ​ទៅ​រារាំង​សកម្មភាព​របស់​ពួកគេ សូម្បី​តែ​រៀបចំ​ឡើង​នៅ​ក្នុង​លំនៅដ្ឋាន​ឯកជន​ក៏ដោយ។

រី​ឯ​សកម្ម​ភាព​បូមខ្សាច់​វិញ​ គឺ​មិន​មាន​ការ​ថមថយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ចេក នីត្រា។

លោក​បាន​បន្ថែម​ថា៖​

«សម្រាប់​សកម្មភាព​បូមខ្សាច់​វា​កាន់តែ​ខ្លាំង​ជាង​មុន។ តាម​ព័ត៌មាន​ដែល​ទទួល​បាន​តិចតួច​ដំបូង​ គឺ​អាច​បូម​នៅ​កោះស្រឡៅ ​ឃុំកោះកាពិ ​ខេត្ត​កោះកុង​ទៀត‍»។​

ក្រុម​ការពារ​បរិស្ថាន​បាន​បរាជ័យ​ជាច្រើន​ដង​ ក្នុង​ការ​សុំ​យក​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​លាស់​ពី​ក្រសួង​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​អំពី​ក្រុមហ៊ុន​ ដែល​ទទួល​បាន​អាជ្ញាបណ្ណ​បូមខ្សាច់ ​និង​កម្រិត​អនុញ្ញាត​ ព្រោះ​ពួកគេ​យល់​ថា ​ក្រុមហ៊ុន​បូមលើស​ពី​កម្រិត​អនុញ្ញាត។ រីឯ​ការ​ខិតខំ​ទាក់​ទង​ទៅ​ស្ថាន​ទូត​សិង្ហបុរី​ ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​ឈប់​ទិញ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ក៏​មិន​ទទួល​បាន​លទ្ធផល​ល្អ។

លោក​ ថុន រដ្ឋា បាន​បន្ថែម​ថា៖

«យើង​បាន​ដាក់​លិខិត ​ដើម្បី​សុំ​ជជែក​អំពី​ការទិញខ្សាច់។ ​ហើយ​យើង​ចង់​បង្ហាញ​ទៅ​ប្រាប់​សិង្ហបុរី​ថា​ អ្នក​ឯង​កំពុង​តែ​ទិញ​ខ្សាច់​ឈាម​ពី​ប្រជាពលរដ្ឋ ​ដែល​គាត់​កំពុង​តែ​នៅ​ក្បែរ​តំបន់​ហ្នឹង។ ហើយ​អ្នក​ឯង​កំពុង​តែ​ចូលរួម​បំផ្លាញ​បរិស្ថាន​នៅ​ក្បែរ​តំបន់​ហ្នឹង។ បាន​ន័យ​ថា​ បើ​សិន​ជា​អ្នក​ឯង​អត់​ទិញ​ ក៏​កម្ពុជា​អត់​លក់​ខ្សាច់​ហ្នឹង​ទៅ​សិង្ហបុរី​ដែរ។ ហើយ​បើសិន​ជា​សិង្ហ​បុរី​ទិញ​ដោយ​ត្រឹម​ត្រូវ​ និង​ត្រួតពិនិត្យ​ម៉ត់ចត់​ទៅ​លើ​ខ្សាច់​ហ្នឹង​ក៏​ប្រជាជន​មូលដ្ឋាន​អត់​យំ​ស្រែក​ អត់​ចំណាក​ស្រុក​ ជីវភាព​របស់​គាត់​អត់​ចុះខ្សោយ​ដែរ។ ហើយ​ធនធាន​ធម្មជាតិ​ក៏​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូច​បច្ចុប្បន្ន​ដែរ‍»។​

​ក្រុម​ចលនា​មាតា​ធម្មជាតិ​គ្រោង​នឹង​ធ្វើ​ធម្មយាត្រា​ដើរ​ពី​តំបន់​ពេជ្រនិល​មក​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​ញត្តិ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បន្ត​ទៀត៕

XS
SM
MD
LG