ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​សហព័ន្ធ​នៅ​រដ្ឋ Maryland រដ្ឋ Hawaii និង រដ្ឋ Washington នឹង​បើក​សវនាការ​ពាក់ព័ន្ធ​នឹង​បទ​បញ្ជា​ធ្វើ​ដំណើរ​ថ្មី​របស់​លោក Trump


សកម្មជន​អន្តោប្រវេសន៍​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​នឹង​បំរាម​ធ្វើ​ដំណើរ​ថ្មី​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Trump នៅ​ខាង​ក្រៅ​ទីស្នាក់ការ​ការពារ​ព្រំដែន និង​គយ​ របស់​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។

សកម្មជន​អន្តោប្រវេសន៍​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​នឹង​បំរាម​ធ្វើ​ដំណើរ​ថ្មី​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Trump នៅ​ខាង​ក្រៅ​ទីស្នាក់ការ​ការពារ​ព្រំដែន និង​គយ​ របស់​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។

ក្រុម​មេធាវី និង​ក្រុម​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ប្ដឹង​ផ្ដល់​ដែល​មាន​គោល​បំណង​រារាំង​ដល់​បទ​បញ្ជា​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ក្នុង​ការ​កំណត់​ចំនួន​អ្នក​ធ្វើ​ដំណើរ និង​ជន​ភៀស​ខ្លួន​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ពួកគេ​កំពុង​តាមដាន​សវនាការ​របស់​តុលាការ​សហព័ន្ធ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ នៅ​ក្នុង​រដ្ឋ Maryland រដ្ឋ Hawaii និង​រដ្ឋ Washington ទាក់ទិន​នឹង​ការ​សម្រេច​ណា​មួយ ដែល​អាច​ប៉ះពាល់​ដល់​ការ​អនុវត្ត​នូវ​បទ​បញ្ជា​ធ្វើ​ដំណើរ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។

ចៅក្រម​តុលាការ​សហព័ន្ធ​ជាន់​ខ្ពស់ កាល​ពី​ខែ​មុន​បាន​គាំទ្រ​ការ​សម្រេច​របស់​រដ្ឋ​វ៉ាស៊ីនតោន ដែល​សម្រេច​ផ្អាក​បទបញ្ជា​ធ្វើ​ដំណើរ​កាល​ពី​លើក​មុន​របស់​លោក Trump ដែល​បាន​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មករា កន្លង​ទៅ​នេះ គឺ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក Trump ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី។ ច្បាប់​ថ្មី​នៃ​បទបញ្ជា​ធ្វើ​ដំណើរ ដែល​មាន​ការ​កែប្រែ​មួយ​ចំនួន មាន​គោល​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​រួច​ផុត​ពី​ការ​ប្ដឹង​ផ្ដល់ និង​ការ​តវ៉ា​នានា​ពាក់ព័ន្ធ​នឹង​បទ​បញ្ជា​ធ្វើ​ដំណើរ​នេះ​កាល​ពី​លើក​មុន។

បទបញ្ជា​ប្រធានាធិបតី​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ ដែល​បាន​ចុះ​ហត្ថលេខា​ឲ្យ​អនុវត្ត​កាល​ពី​ថ្ងៃ​ទី ៦ ខែ​មិនា កន្លង​មក​នេះ មាន​គោល​បំណង​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​ជនជាតិ​មកពី​ប្រទេស​អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និង​យេមេន ក្នុង​រយៈពេល ៩០ ថ្ងៃ និង​រារាំង​ដល់​ការ​ផ្ដល់​សិទ្ធិ​ចូល​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ដល់​ជន​ភៀស​ខ្លួន​នានា ក្នុង​រយៈពេល ១២០ ថ្ងៃ ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ពី ១៦ ខែ​មីនា ស្អែក​នេះ។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​អះអាង​ថា ពួកគេ​ធ្វើ​យ៉ាង​នេះ ដោយសារ​មាន​ការ​ព្រួយបារម្ភ​ចំពោះ «បញ្ហា​សន្តិសុខ​ជាតិ‍»។

អ្នក​ដែល​ជំទាស់​ទៅ​នឹង​បទ​បញ្ជា ដែល​នឹង​ប៉ះពាល់​ដល់​ប្រទេស​មាន​ប្រជាជន​ភាគ​ច្រើន​លើស​លុប​កាន់​សាសនា​ឥស្លាម​ទាំង ៦ ប្រទេស​ខាង​លើ និង​ប៉ះពាល់​ដល់​ជន​ភៀស​ខ្លួន​ដែល​រង់ចាំ​ការ​តាំងទី​លំនៅ​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម​នោះ នៅ​តែ​អះអាង​ថា បទបញ្ជា​ថ្មី​នេះ គឺ​មាន​លក្ខណៈ​រើសអើង​សាសនា និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ដូច​នឹង​បទ​បញ្ជា​ពី​មុន​ដែរ។ ពួកគេ​គ្រោង​នឹង​បន្ត​វិធានការ​ផ្លូវ​ច្បាប់​ដើម្បី​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​លោក Trump មួយ​នេះ៕

XS
SM
MD
LG