\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ច​ព្រមព្រៀង​​នយោបាយ​ដ៏​ចម្រូង​ចម្រាស​បាន​កំណត់​យក​ខែ​មេសា​ឆ្នាំ​២០១៨​សម្រាប់​បោះឆ្នោត​នៅ​ប្រទេស​កុងហ្គោ


ឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​​នៅ​​ពី​មុខ​រថយន្ត​​មួយ ក្នុង​អំឡុង​ពេល​បាតុកម្ម​របស់​ក្រុម​ប្រឆាំង​​នៅ​ទី​ក្រុង Kinshasa កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៦។

ឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​​នៅ​​ពី​មុខ​រថយន្ត​​មួយ ក្នុង​អំឡុង​ពេល​បាតុកម្ម​របស់​ក្រុម​ប្រឆាំង​​នៅ​ទី​ក្រុង Kinshasa កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៦។

គណបក្ស​នយោយបាយ​នានា​ដែល​ចូលរួម​​ក្នុង​ការពិភាក្សា​ថ្នាក់​ជាតិ​នៅ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោ បាន​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​មួយ​ ដែល​សម្រេច​ពន្យារ​ពេល​ការ​បោះ​ឆ្នោត​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​រហូត​ដល់​ខែ​មេសា​ ឆ្នាំ​២០១៨​ និង​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​រួបរួម​អំណាច​ដើម្បី​គ្រប់​គ្រង​ប្រទេស​នៅ​ក្នុង​ចន្លោះ​ពេល​នេះ។ ប៉ុន្តែ​ ​សម័្ពន្ធ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ បាន​បដិសេធ​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ។​

បន្ទាប់​ពី​មាន​ការ​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​មួយ​ខែ​កន្លះ​មក​ នៅ​ពាក់​កណ្តាល​ខែ​តុលា​កន្លង​ទៅ​នេះ​ ប្រតិភូ​ចំនួន​៣០០​នាក់​ បាន​សម្រេច​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ក្នុង​គោលបំណង​បញ្ចប់​វិបត្តិ​នយោបាយ​ជា​ច្រើន​ខែ​ នៅ​ក្នុង​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោ​ ឬ ​D.R.C។ គណកម្មការ​បោះ​ឆ្នោត​បាន​និយាយ​ថា​ ពួក​គេ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​គេ​បាន​កំណត់​ថា​នឹង​ធ្វើ​នៅ​ខែ​វិច្ឆិកា​នេះ​ទេ។

Vital Kamerhe ជា​អ្នក​សហ​ការ​សម្រប​សម្រួល​ដំណើរការ​នេះ បាន​និយាយ​ថា៖​ «យើង​បាន​កំណត់​យក​កាល​បរិច្ឆេទ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិតបតី​បន្ទាប់​ គឺ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃទី២៩​ខែ​មេសា​ ឆ្នាំ​២០១៨។ ថា​តើ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​នយោបាយ​មួយ​នៅ​ចុង​បញ្ចប់​នៃ​ដំណាក់​កាល​អន្តរកាល​នេះ​ឬ​ទេនោះ​ ចម្លើយ​គឺ​មាន។​ តើ​យើង​នឹង​សរសេរ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ ឬ​កែ​តម្រូវ​រដ្ឋ​ធម្មនុញ្ញ​ដែល​មាន​ស្រាប់​នេះ​នៅ​ក្នុង​រយៈ​ពេល​អន្តរកាល​នេះ​ទេ?​ ចម្លើយ​គឺ​អត់​ទេ»។

សម្ព័ន្ធ​គណបក្ស​ប្រឆាំង​ដែល​ធំ​ជាង​គេ​ បាន​ធ្វើ​ពហិការ​មិន​យល់​ព្រម​នឹង​ការ​ពិភាក្សា​នេះទេ និង​បាន​ចោទ​ប្រកាន់​ប្រធានាធិបតី​ Joseph Kabila ថា​បាន​ព្យាយាម​ពន្យារ​ការ​គ្រប់​គ្រងអំណាច​រយៈ​ពេល​១៥​ឆ្នាំ​របស់​លោកបន្ថែម​ទៀត​ដោយ​ខុស​ច្បាប់​ទៅ​លើ​ប្រទេស​អាហ្វ្រិក​កណ្តាល​ដ៏​ធំ​ធេង​នេះ។

ការ​តវ៉ា​ដ៏​ហិង្សា​ កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​នៅ​ក្នុង​រដ្ឋ​ធានី​នេះ​ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ៥៦​នាក់បាត់​បង់​ជីវិត​ និង​ទីស្នាក់ការ​នយោបាយ​មួយ​ចំនួន​ត្រូវ​ដុត​បំផ្លាញ។​

កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​ អនុញ្ញាត​ឲ្យ​លោក​ Kabila បន្ត​កាន់​អំណាច​រហូត​ដល់​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​បន្ទាប់។​ ប៉ុន្តែ​ លោក​ Kabila ​នឹង​ត្រូវ​កាន់​អំណាចដោយ​មាន​ការ​ចូល​រួម​ជាមួយ​សមាជិក​ម្នាក់​នៃ​គណបក្ស​ប្រឆាំង​ នៅ​ក្នុង​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី។

លោក​ Emmanuel Ramazani Shadary គឺជា​អគ្គ​លេខា​ធិកា​នៃ​គណបក្ស​របស់​ប្រធានាធិបតី​ ដែល​ហៅ​កាត់​ថា​ The PPRD។ លោក​និយាយ​ថា៖ «នៅ​ពេល​អ្នក​អាន​កិច្ច​ព្រម​ព្រៀង​នោះ​ អ្នក​នឹង​យល់​ថា​គណបក្ស​នីមួយៗ​ បាន​ធ្វើ​ការ​សម្រប​សម្រួល​ច្រើន​ណាស់​ ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​សេរីភាព​ យុត្តិធម៌​ត្រឹមត្រូវ​ និង​សន្តិភាព​ ដែល​គ្រប់​គ្នា​ទទួល​យក​បាន»។

លោក​អគ្គ​លេខា​ធិការ​ Shadary ​បាន​បន្ថែម​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​ ត្រូវ​បាន​បើក​ចំហ​ដល់​គណបក្ស​នយោបាយ​ទាំង​អស់​ រួម​ទាំង​អ្នក​ដែល​មិន​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ផង​ដែរ។ ដូច្នេះ​ នឹង​មាន​អ្នក​នៅ​បក្សប្រឆាំង​ភាគច្រើន ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ការ​ប្រមូល​ផ្តុំ​ឬ​សភា។​ ពួក​គេ​កំពុង​ទាមទារ​ឲ្យ​មាន​វេទិកា​ពិភ្សា​មួយ​ដោយ​មាន​ការ​ចូល​រួម​ច្រើន​ជាង​នេះ។

លោក​ Franck Diongo គឺ​ជា​មេ​ដឹកនាំ​បក្ស​ប្រឆាំង។ លោក​បាន​និយាយ​ថា៖ «ការ​ពិភាក្សា​នោះ​ មិន​មែន​ជា​សភា​បញ្ញត្តិ​ច្បាប់​នោះ​ទេ។ វា​មិន​មែន​ជា​រដ្ឋ​សភា​មួយ​ទេ។​ តើ​អ្នកណា​ឲ្យ​អំណាច​ឲ្យ​ពួក​គេ​ធ្វើ​សេចក្តី​សម្រេច​ដែល​ប្រឆាំង​នឹង​រដ្ឋ​ធម្មនុញ្ញ​ទៅ?

ការ​ប្រមូល​ផ្តុំ ឬ ​សភា (Rassemblement) ​នេះ​ បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​តវ៉ា​ នៅ​ប៉ុន្មាន​ខាង​ស​ប្តាហ៍​ខាង​មុននេះ​។ ពួក​គេ​និយាយ​ថា ​ប្រធានាធិបតី​ Kabila ​ត្រូវ​ចុះ​ចេញ​នៅ​ពេល​ចប់​អាណត្តិ​របស់​លោក​ នៅ​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ​ខាង​មុខ៕

ប្រែ​សម្រួល​ដោយ​ សើ​ សាយ្យាណា

XS
SM
MD
LG