ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​ទំនប់​វារីអគ្គិសនី​ដ៏​ចម្រូងចម្រាស​ជា​ប្រធានបទ​ចម្បង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​មីយ៉ាន់ម៉ា​ទៅ​ប្រទេស​ចិន


នៅ​ក្នុង​រូបភាព​ដែល​ត្រូវ​បាន​ថត​កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០០៩ គេ​មើល​ឃើញ​ទន្លេ Irrawaddy នៅ​ក្នុង​រដ្ឋ Kachin ភាគ​ខាង​ជើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។
នៅ​ក្នុង​រូបភាព​ដែល​ត្រូវ​បាន​ថត​កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០០៩ គេ​មើល​ឃើញ​ទន្លេ Irrawaddy នៅ​ក្នុង​រដ្ឋ Kachin ភាគ​ខាង​ជើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ជោគ​វាសនា​នៃ​គម្រោង​ទំនប់​វារី​អគ្គិសនី​ដែល​ត្រូវ​បាន​ពន្យារ​ពេល​ជា​យូរ​មក​ហើយ ​និង​មាន​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ផង​នោះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ជា​ប្រធានបទ​ចម្បង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ Aung San Suu Kyi ប្រធាន​ក្រុមប្រឹក្សា​រដ្ឋ​​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ ទៅ​កាន់​ប្រទេស​ចិន​នៅ​សប្តាហ៍​នេះ។​

មុន​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ Aung San Suu Kyi ពី​ថ្ងៃ​ពុធ​ ដល់​ថ្ងៃ​អាទិត្យ​ទៅ​កាន់​ប្រទេស​ចិន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​ចេញ​ផ្សាយ​អត្ថបទ​ជា​ច្រើន​ក្នុង​ពេល​ស្រប​គ្នា​ ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​នៃ​ចំណង​មិត្តភាព​និង​ដំណើរ​ទស្សនកិច្ច​នេះ។​

អតីត​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ដែល​ដឹកនាំ​ដោយ​យោធា​ បាន​ពន្យារ​ពេល​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ឈ្មោះ Myitsoneនេះ​កាល​ពី​ឆ្នាំ​២០១១ ដោយ​សម្អាង​ពី​មូលហេតុ​នៃ​ការ​កើន​ឡើង​នូវ​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​នៅ​មីយ៉ាន់ម៉ា ​ឬ​ភូមា។​ អ្នក​ដែល​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះ​ ក៏​បាន​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ក្នុង​ការ​បញ្ជូន​ថាមពល​៩០ភាគរយ​ដែល​ផលិត​បាន​ពី​ទំនប់​វារី​អគ្គិសនី​នេះ​ទៅ​ឲ្យ​ចិន​ផង​ដែរ។​ ពួក​គេ​ក៏​បាន​លើក​ឡើង​អំពី​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​ ដែល​អាច​ផ្លាស់​ប្តូរ​លំហូរ​នៃ​ទឹក​ទន្លេ​ Irrawaddy (ឥរវតី) ផង​ដែរ។​ ក្រោយ​មក ​មេដឹកនាំ​បក្ស​ប្រឆាំង​លោកស្រី​ Aung San Suu Kyi បាន​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​នេះ។​

លោក​ស្រី​ Aung San Suu Kyi ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋនៃ​ប្រទេស​មីយ៉ាន់ម៉ា។
លោក​ស្រី​ Aung San Suu Kyi ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋនៃ​ប្រទេស​មីយ៉ាន់ម៉ា។

សេចក្តី​រាយការណ៍​ព័ត៌មាន​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​ ហើយ​និង​ការ​បញ្ចេញ​មតិ​យោបល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​រំពឹង​ទុក​កាន់​តែ​ខ្លាំង​ចំពោះ​ការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទំនប់​វារី​អគ្គិសនី​ ហើយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មើល​ឃើញ​គម្រោង​នេះ​ ថា​ជា​ឧបសគ្គ​ចម្បង​មួយ​ចំពោះ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ពិសេស​ក្នុង​ការ​បង្កើន​ចំណង​មិត្តភាព​ផ្នែក​ពាណិជ្ជកម្ម​ជា​ដើម។​

អត្ថបទ​មួយ​ចេញ​ផ្សាយ​ដោយ​កាសែត​ Global Times ដែល​គាំទ្រ​ដោយ​គណបក្ស​កុម្មុយនិស្ត​ចិន​ បាន​ហៅ​ទំនប់វារី​អគ្គិសនី​ Myitsone ដែល​មាន​តម្លៃ​ ៣.៦ ពាន់​លាន​ដុល្លារ​ ថា​ជា​‍ «គម្រោង​និមិត្ត​រូប​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​មីយ៉ាន់ម៉ា‍»​ ហើយកាសែត​នេះ​បាន​បញ្ជាក់​ពី​ការ​កើន​ឡើង​នៃ​ក្តី​សង្ឃឹម​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​ថា​ ភាគី​ទាំង​ពីរ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ អាច​នឹង​ឈាន​ដល់​ចំណុច​របត់​មួយ។​

មីយ៉ាន់ម៉ា​ថ្មីៗ​នេះ​ បាន​ប្រកាស​អំពី​គម្រោង​ក្នុង​ការ​បង្កើត​គណៈកម្មាធិការក្នុង​ការ​ពិនិត្យ​មើល​ទៅ​លើ​គម្រោង​ទំនប់​វារីអគ្គិសនី​នៅ​លើ​ទន្លេ​ Irrawady ឡើង​វិញ។​ គណៈកម្មាធិការនេះ​ រំពឹង​ថា​នឹង​ផ្តល់​របាយការណ៍​វាយ​តម្លៃ​មួយ​ត្រឹម​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។​

ទីកន្លែង​ស្នាក់នៅ​របស់​កម្មករ​សំណង់​នៅ​កន្លែង​សាងសង់​គម្រោង​វារីអគ្គិសនី Myitsone Hydropower ក្នុង​រដ្ឋ Kachin ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២។
ទីកន្លែង​ស្នាក់នៅ​របស់​កម្មករ​សំណង់​នៅ​កន្លែង​សាងសង់​គម្រោង​វារីអគ្គិសនី Myitsone Hydropower ក្នុង​រដ្ឋ Kachin ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២។

លោក​ Bi Shihong សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​ឯ​សាកលវិទ្យាល័យ​ Yunnan ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ បាន​ថ្លែង​ថា​ វា​មិន​ទំនង​ទេ​ ដែល​ថា​ភាគី​ទាំង​ពីរ​អាច​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​នោះ​ ប៉ុន្តែ​វា​ជា​ការ​ចាំ​បាច់​សម្រាប់​ភាគី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ថា​ ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះមាន​ការ​ជឿន​លឿន​ទៅ​មុខ​ខ្លះ​ក្នុង​ពេល​ឆាប់ៗ​នេះ។​

លោក​ Bi បាន​ថ្លែង​ថា៖

«ប្រសិន​បើ​បញ្ហា​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ​នោះ​ វា​នឹង​ក្លាយ​ជា​ឧបសគ្គមួយ​សម្រាប់​ចំណង​មិត្តភាព​ខាង​សេដ្ឋកិច្ច​រវាង​ប្រទេស​ចិន​និង​មីយ៉ាន់ម៉ា​នា​ពេល​ខាង​មុខ។​ ឧទាហរណ៍​ ក្រុមហ៊ុន​ចិន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ នឹង​មិន​មាន​ហេតុ​ផល​ច្រើន​ក្នុង​ការ​ធ្វើ​វិនិយោគ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ប្រកប​ដោយ​ភាព​ជឿជាក់ (ឬជឿទុកចិត្ត) ​ទៀត​នោះ​ទេ‍»។​

ជម្រើស​សម្រាប់​គម្រោង​ទំនប់​វារី​អគ្គិសនី​

ប៉ុន្តែ​លោក​មាន​ការ​ជឿជាក់​ថា​ គណៈកម្មាធិការ​អាច​ស្វែក​រក​វិធី​ដ៏​សមស្រប​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គម្រោង​ដែល​ជាប់​គាំង​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នេះ។​

លោក​ Bi បាន​ថ្លែង​ថា​ មាន​ជម្រើស​តែ​៣​ប៉ុណ្ណោះ​សម្រាប់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។​ ទី​១​ លុបចោល​គម្រោង​នេះ​ទាំង​ស្រុង​ ហើយ​សង​ថ្លៃ​ប៉ះប៉ូវ​ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ។​ ទី​២​ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បន្ត​គម្រោង​នេះ​ឡើង​វិញ​ ឬ​ទី​៣​ លុប​ចោល​គម្រោង​នេះ​ ហើយ​ស្វែង​រក​គម្រោង​ដទៃ​ទៀត​សម្រាប់​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​នេះ​ ជា​ការ​ប៉ះប៉ូវ​វិញ។​

បុគ្គលិក​ម្នាក់​របស់​សាជីវកម្ម​វិនិយោគ​ទៅ​លើ​ថាមពល​របស់​ចិន​ឬ​ China Power Investment Corporation ដែល​ជា​ក្រុមហ៊ុន​នៅ​ពី​ក្រោយ​គម្រោង​នេះ​ បាន​ផ្តល់​ការ​វាយ​តម្លៃ​ដូច​គ្នា​ជាមួយ​នឹង​លោក​ Bi ផង​ដែរ។​ នៅ​ក្នុង​ការ​ផ្តល់​អត្ថាធិប្បាយ​នៅ​លើ​គណនី​ SinaWeibo របស់​លោក​ ដែល​ជា​បណ្តាញ​សង្គម​របស់​ចិន​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​បណ្តាញ​សង្គម​ Twitter​ បុគ្គលិក​រូប​នេះ​ បាន​បញ្ជាក់​ថា​ គេ​មិន​គួរ​មាន​ការ​រំពឹង​ទុក​ខ្ពស់​ពី​ដំណើរ​ទស្សនកិច្ច​នេះ​នោះ​ទេ។​

សារ​ដែល​បាន​បង្ហោះ​នោះ​មាន​ខ្លឹមសារ​ថា៖

«សង្ឃឹម​កាន់​តែ​ខ្ពស់​ ខក​ចិត្ត​កាន់​តែ​ខ្លាំង‍» ។​ ហើយ​លោក​បាន​បន្ថែម​ទៀត​ថា​ ក្រុមហ៊ុន​របស់​លោក​នឹង​បន្ត​ព្យាយាម​បង្កើត​លក្ខខណ្ឌ​ដែល​ជួយ​សម្រួល​ស្ថានការណ៍ ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ​អាច​បន្ត​ទៅ​មុខ​ទៀត​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​អាច​ដែល​ធ្វើ​ទៅ​បាន។​

ភាព​ជាប់​គាំង​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា

ក្រុម​អាជ្ញាធរ​ត្រូវ​បាន​បំបិទ​មាត់​មិន​ឲ្យ​និយាយ​អ្វី​ពិស្តារ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ Aung San Suu Kyi នោះ​ទេ​ ប៉ុន្តែ​លោកស្រី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ Li Keqiang និង​លោក​ប្រធានាធិបតី​ចិន​ Xi Jinping ផង​ដែរ។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ Weibo របស់​ចិន​ដែល​រស់​នៅ​ក្នុង​ខេត្ត​ Yunnan ដែល​ជា​ខេត្ត​ភាគ​ខាង​ត្បូង​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ បាន​ថ្លែង​ថា​ ក្នុង​ខណៈ ​ពេល​ដែល​ទំនប់​វារី​អគ្គិសនី​នេះ​គឺ​ជា​ក្តី​បារម្ភ​ដ៏​ធំ​បំផុត​មួយ​របស់​ចិន​នោះ​ បញ្ហា​នេះ​មិន​ទំនង​អាច​ដោះស្រាយ​បាន​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នោះ​ទេ។​

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​រូប​នេះ បាន​បន្ថែម​ទៀត​ថា​ អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ប្រទេស​ទាំង​ពីរ​គួរ​ផ្តោត​ទៅ​លើ​ការ​លើក​តម្កើង​ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ និង​ការ​គ្រប់គ្រង​ទៅ​លើ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ហើយ​និង​ការ​ស្វែង​រក​វិធី​ដើម្បី​ឲ្យ​ចិន​អាច​ជួយ​ដោះស្រាយ​បញ្ហាដំណើរការ​ចរចា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ។​

ចិន​គឺ​ជា​អ្នក​វិនិយោគ​ដ៏​ធំ​បំផុត​របស់​មីយ៉ាន់ម៉ា​ ប៉ុន្តែ​ទំនាក់​ទំនង​ដ៏​យូរ​អង្វែង​និង​ជិត​ស្និទ្ធ​រវាង​ចិនជាមួយ​នឹង​អតីត​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ មិន​បាន​ជួយ​ដល់​ប្រជាប្រិយភាព​របស់​ប្រទេស​ចិន​នោះ​ទេ។​ ហើយ​ក្នុង​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​របស់​មីយ៉ាន់ម៉ា​កំពុង​ស្វែង​រក​ជំនួយ​ពី​បណ្តា​ប្រទេស​នានា​ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ហើយ​និង​ដើម្បី​កុំ​ឲ្យ​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ណា​មួយ​ហួស​ប្រមាណ​នោះ​ ចិន​ក៏​បាន​បង្ហាញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ផង​ដែរ។​

បណ្តា​ក្រុមហ៊ុន​នានា​កំពុង​ស្វិតស្វាញ​ក្នុង​ការ​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​គម្រោង​របស់​ពួក​គេ​ចំពោះ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​ ក្រុមហ៊ុន​ជីក​រ៉ែ​មួយ​ថែម​ទាំង​បាន​ចេញ​វីដេអូ​ឯកសារ​ដែល​មាន​រយៈពេល​ ២០នាទី​ ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ខ្លួន​អាច​កែប្រែ​គម្រោង​ជីក​រ៉ែ​ដ៏​ចម្រូង​ចម្រាស​ឲ្យ​ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ​វិញ​ផង​ដែរ៕

លោក​អ្នក​អាច​ទស្សនា​វីដេអូ​នេះ​ខាង​ក្រោម។

ប្រែសម្រួល​ដោយ​ ស្រេង​ លក្ខិណា

XS
SM
MD
LG