ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ចរចា​នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក​ឯកភាព​លើ​កញ្ចប់​ថវិកា​ចំណាយ​សម្រាប់​រដ្ឋាភិបាល


នេះ​ជា​ទិដ្ឋភាព​នៃ​វិមាន​សភា​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣។

អ្នក​ចរចា​នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ឯកភាព​គ្នា​លើ​កញ្ចប់​ថវិកា​ចំណាយ​ចំនួន ១ ទ្រី​លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​រហូត​ដល់​ខែ​កញ្ញា ខាង​មុខ​នេះ។

កិច្ច​ព្រមព្រៀង​កញ្ចប់​ថវិកា​ចំណាយ​នេះ រួម​បញ្ចូល​ថវិកា​លើ​ផ្នែក​ផ្សេងៗ ដើម្បី​ជា​ការ​ទាក់ទាញ​ដល់​សមាជិក​សភា​មកពី​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ។ ប្រសិនបើ​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ព្រឹទ្ធសភា និង​រដ្ឋសភា​អនុម័ត កិច្ចព្រមព្រៀង​នេះ​នឹង​តំណាង​ឲ្យ​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​ទាំង​ពីរ នៅ​ក្រោម​អាណត្តិ​របស់​លោក​ប្រធានាធិបតី Donald Trump។

ជំនួយការ​សមាជិក​សភា​នានា បាន​បញ្ជាក់​ថា ថវិកា​ចំនួន ១ ពាន់ ៥ រយ​លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​ចំណាយ​សម្រាប់​បញ្ហា​សន្តិសុខ​ព្រំដែន ប៉ុន្តែ​ចំនួន​ថវិកា​នេះ គឺ​ចង់​សំដៅ​ដល់​គោល​បំណង​ផ្សេង ក្រៅពី​គោល​បំណង​សាងសង់​ជញ្ជាំង​ព្រំដែន ដែល​លោក Trump ចង់​សាងសង់​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក​នោះ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក Trump ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ជំរុញ​របស់​លោក​ឲ្យ​មាន​ការ​បង្កើន​ការ​ចំណាយ​សម្រាប់​វិស័យ​យោធា ដោយ​នៅ​ក្នុង​កញ្ចប់​ថវិកា​នេះ មាន​បន្ថែម​នូវ​ការ​ចំណាយ​សម្រាប់​វិស័យ​យោធា​ចំនួន ១៥ ពាន់​លាន​ដុល្លារ​អាមេរិក។

កញ្ចប់​ថវិកា​នេះ ក៏​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​បន្ថែម​ថវិកា​ចំនួន ២ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​ចំណាយ​របស់​វិទ្យាស្ថាន​សុខាភិបាល​ជាតិ។

សភា​ត្រូវតែ​អនុម័ត​លើ​ច្បាប់​ថវិកា​នេះ ហើយ​លោក Trump ចាំបាច់​ត្រូវ​ចុះ​ហត្ថលេខា​លើ​ច្បាប់​នេះ មុន​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ដើម្បី​ជៀសវាង​មិន​ឲ្យ​បង្អាក់​ដល់​ដំណើរការ​រដ្ឋាភិបាល៕

XS
SM
MD
LG