ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​សភា​អាមេរិកាំង​ស្វែងរក​វិធានការ​តឹងរ៉ឹង​ដើម្បី​ជួយ​ស្តារ​នយោបាយ​កម្ពុជា

  • ម៉ែន​ គឹមសេង

លោក ​Alan Lowenthal ​សមាជិក​សភា​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក។

លោក ​Alan Lowenthal ​សមាជិក​សភា​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក។

ក្រុម​សមាជិកសភា​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​២១​ខែមីនា​ ឆ្នាំ​២០១៦ ​ដោយ​មាន​លោក​អាឡាំង ឡូវឹនសល​សមាជិក​សភា​មក​ពី​សង្កាត់​ទី​៤៧​នៃ​រដ្ឋ​កាលីហ្វញ៉ា​ ជាទី​ដែល​មាន​ពលរដ្ឋ​ខ្មែរអាមេរិកាំង​ជាច្រើន​រស់​នៅ​ជា​សហប្រធាន​ជាមួយ​នឹង​លោក​ស្ទីវ​ ឆាបុត​អ្នកតំណាងរាស្រ្ត​សង្កាត់​លេខ១​នៃ​រដ្ឋ​អូហៃយូ។

កាលពី​មួយ​ឆ្នាំ​មុន​ក្នុង​ពេលបង្កើត​ក្រុមសមាជិក​សភា​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​ (Congressional Cambodia Caucus) ​ស្ថាបនិក​រំពឹង​ថា ​នឹង​ពន្យល់​ដល់​សមាជិក​សភា​អាមេរិកាំង​ដទៃទៀត​ឱ្យ​យល់​ដឹង​និង​ចាប់​អារម្មណ៍​ពី​ស្ថានភាព​នយោបាយ​កម្ពុជា ហើយ​នឹង​ពង្រីក​ទំនាក់​ទំនង​កាន់តែ​ទូលាយ​ជាមួយ​នឹង​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ។

មួយ​ឆ្នាំ​ក្រោយ​មក​នេះ​ ស្ថានភាព​នយោបាយ​កម្ពុជា​កាន់តែ​អាក្រក់​ជាង​មុន​ហើយ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ក៏​មិន​បាន​ប្រសើរ​ឡើង​ដែរ​ ដោយសារ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅតែ​ប្រើ​វោហាសាស្រ្ត​វាយ​ប្រហារ​រិះគន់​សហរដ្ឋ​អាមេរិក​ជា​បន្ត​បន្ទាប់​ប៉ុន្តែ​ការយល់ដឹង​ក្នុង​ចំណោម​សមាជិកសភា​អាមេរិកាំង​ពី​បញ្ហា​ប្រឈម​ដែល​ពលរដ្ឋ​កម្ពុជា​ជួប​ប្រទះ គឺ​កាន់តែ​ច្រើន​ជាង​មុន។​

លោក ​អាឡាំង ឡូវឹនសល ​សហ​ស្ថាបនិក​និង​ជា​សមាជិក​សភា​មក​ពី​រដ្ឋ​កាលីហ្វញ៉ា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមរភាសា​ថា​៖

«យើង​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ដែល​ក្នុង​ឆ្នាំ​កន្លង​មក​នេះ​ចាប់តាំងពី​ការបង្កើត​ក្រុម​កម្ពុជា​មក​ឥឡូវ​នេះ​សមាជិក​សភា​គ្រប់គ្នា​នៅ​ក្នុង​រដ្ឋសភា​ជាតិ​យល់​ដឹង​ថា​មាន​ស្ថានភាព​នយោបាយធ្ងន់ធ្ងរ​កំពុង​កើត​មាន​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​សហរដ្ឋ​អាមេរិក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែតម្រូវ​ស្ថានការណ៍​នោះ​ដោយ​អនុញ្ញាត​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ​ដូច​ការព្រមព្រៀង​គ្នា​កាលពី​ឆ្នាំ​២០១៣‍»។​

ក្រុម​សមាជិកសភា​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​២១​ខែមីនា​ ឆ្នាំ​២០១៦ ​ដោយ​មាន​លោក​ អាឡាំង ឡូវឹនសល​ សមាជិក​សភា​មក​ពី​សង្កាត់​ទី​៤៧​នៃ​រដ្ឋ​កាលីហ្វញ៉ា​ ជាទី​ដែល​មាន​ពលរដ្ឋ​ខ្មែរអាមេរិកាំង​ជាច្រើន​រស់​នៅ​ជា​សហប្រធាន​ជាមួយ​នឹង​លោក​ ស្ទីវ​ ឆាបុត​ អ្នកតំណាងរាស្រ្ត​សង្កាត់​លេខ១​នៃ​រដ្ឋ​អូហៃយូ។

ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ការសាកល្បង​កម្លាំង​នយោបាយ​ដ៏​សំខាន់​មួយ​ដែល​បង្ហាញ​ពី​ទឹក​ចិត្ត​កាន់​តែ​ផុលផុស​ឡើងចង់​ផ្លាស់​ប្តូរ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ចេញ​អំណាច​ដែល​លោក​បាន​កាន់កាប់​យ៉ាងណែនជាង​៣០​ឆ្នាំ។ គណបក្ស​កាន់​អំណាច​បាន​បាត់​បង់អសនៈ​ពី​៩០​មក​នៅត្រឹម​៦៨​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កា្លយជាគណបក្ស​ប្រឆាំង​ដ៏​ធំ​ដោយ​ឈ្នះ​បាន​អសនៈ​ចំនួន​៥៥​ក្នុង​រដ្ឋ​សភា​ជាតិ​ដែល​មាន​អសនៈ​សរុប​ចំនួន​១២៣។ ​

ខុស​ពី​ការបោះឆ្នោត​ជាតិ​លើក​មុនៗ​ដែល​គណបក្ស​ដទៃ​ចូលរួម​ប្រកួត​គឺ​ដើម្បី​យក​តំណែង​ទីពីរ​ឬ​ទីបី​ប៉ុណ្ណោះ​ដោយ​ទុក​តំណែង​ទីមួយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​នោះ ​ការបោះឆ្នោត​នៅពេល​ខាង​មុខ​នេះ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ខុស​ពី​សព្វដង។

ប៉ុន្តែមុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​មក​ដល់​នៅ​ថ្ងៃទី​៤ខែ​មិថុនា​និង​ការបោះឆ្នោត​ជាតិ​ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ឆ្នាំ​២០១៨​គឺ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​បាន​លូកដៃ​ចូល​កកូរ​កកាយ​គណបក្ស​ប្រឆាំង​ឱ្យ​ចុះខ្សោយ​និង​ខូច​កេរ្តិ៍​ឈ្មោះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ត្រូវ​បាន​គេ​សង្ស័យ​ជាយូរ​ហើយថា​បាន​លូកដៃ​ចូល​កកូរ​កកាយក្នុង​កិច្ច​ការ​របស់​គណបក្ស​ដទៃ​តាម​រយៈ​ការ​អុចអាល​ឱ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ឈ្លោះគ្នា​និង​ជួយរៀបចំ​សេណារ៉ូយោ​ដើម្បី​ទម្លាក់​ថ្នាក់​ដឹកនាំ​ដែល​ជាគូប្រកួត​ប្រជែង។ ក្នុងនោះ​មាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច ​និង​គណបក្ស​សេរីនិយម​ព្រះពុទ្ធ​សាសនា​របស់​លោកតាសឺនសាន​ជាដើម។ ប៉ុន្តែ​មិន​មាន​ភស្តុតាង​អ្វី​ដោយ​ប្រត្យក្ស​ពីការ​លូកដៃ​នោះ​ទេ។

ទើបតែ​នៅក្នុង​ការបែកធ្លាយ​ចុងក្រោយ​ដែល​លោក​ហ៊ុនសែន​ខ្លួន​ឯង​បាន​ប្រកាស​ទទួល​ស្គាល់​បាន​បង្ហាញ​ថា​លោក​បាន​លូកដៃ​ចូល​កកូរកកាយ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ថ្នាក់​ដឹកនាំ​ឈ្លោះ​គ្នាដោយ​យក​រឿងក្តី​ក្តាំ​ក្នុង​តុលាការ​ជាលេស​គំរាម​ភាគី​ម្ខាង​ទៀត​ឱ្យ​ធ្វើ​តាម។

លោក​ហ៊ុន សែន​បាន​បញ្ជាក់​ក្នុង​សារ​បែកធ្លាយ​នោះ​ដែល​លោក​អះអាង​ថា​សន្ទនា​នឹង​លោក​កឹមសុខា​ដែល​ពេល​នោះ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិថា៖

«ឥឡូវ​ខា​ឯង​ហ៊ាន​ដាក់​អារង្ស៊ី​មួយ​ដៃ​ឬ​អត់?...ធ្វើ​ទៅ​ហើយ​ចាំ​ខ្ញុំ​ពិនិត្យ​មើល​ដាក់​អាហ្នឹង​ដើម្បី​នេះ​ហ្មង​ហើយ​ដាក់​តាំង​ពី​អាអ្នក​និយាយ​អេង ឆៃអ៊ាង​និយាយ។​ មើល​ក្នុង​អា ​Cambodia Daily​ កាលពី​ថ្ងៃសុក្រ​ណ៎ា! មើលទៅ។ ប្រាប់​ថា​សម្តី​ហ្នុង​មិន​ឆ្លុះបញ្ចាំង​ពី​គោលជំហរ​បក្ស។ រួច​ហើយដាក់​អា​រង្ស៊ី​មួយ​កញ្ចប់​មាត់​ទៀត​ដាក់​ថា​ទោះបី​ជា​រង្ស៊ី​ជា​ប្រធាន​បក្ស​ក៏ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ជា​ប្រធាន​ស្តីទី​ សម្តី​របស់​រង្ស៊ី ​មិន​អាច​យក​ជា​ការបាន។ ឥឡូវ​ហ៊ាន​ដាក់​សម្តី​ប៉ុណ្ណឹង​អាណឹង​ខ្ញុំ​នឹង​ពិចារណា​អាណោះ​ភ្លាម‍»។

«អាណោះ‍»​ ដែល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​និយាយ​យោង​ដល់​គឺ​សំណុំរឿង​ប្រឆាំង​នឹង​លោកកឹម សុខា​ពាក់​ព័ន្ធ​នឹង​ការមិនព្រម​សហការ​ជាមួយ​នឹង​តុលាការ​ក្នុង​សំណុំរឿង​ស្នេហា​ផ្លូវ​ភេទ​លួចលាក់ដែល​នារី​កាត់សក់​វ័យក្មេង​ម្នាក់​បាន​ចោទ​ប្រកាន់​រូបលោក។

ក្នុង​សារ​បែកធ្លាយ​ដោយ​ចេតនា​នេះ​គឺ​បានបង្ហាញ​ពីការ​ដែល​លោក​ហ៊ុន សែន​ប្រើ​ប្រាស់​អំណាចនីតិប្រតិបត្តិ​ដើម្បី​រារាំង​មិន​ស្តាប់​តាម​បញ្ជា​តុលាការ​ផងដែរ។

លោក​ ហ៊ុន សែន ​បាន​បន្ថែម​ក្នុង​ការសន្ទនា​នោះ​ថា៖ ​

«ហើយ​ជឿ​ទៅ ​ជឿ​ខ្ញុំ​ ខ្ញុំ​ធានា​បើសិន​ជា​ខ្ញុំ​មិន​បញ្ជា​ឱ្យ​ចាប់​ទេ​នរណា​ហ៊ាន​ចាប់​ នរណា​ក្បាល​ប៉ាន​ដែក?​ អ្នកណា​ហ៊ាន​រំលោភ​បញ្ជារ​របស់​ខ្ញុំ​? ទោះបី​តុលាការ​បញ្ជារ​យើង​កុំ​អនុវត្ត​ទៅ​អាហ្នឹង​យើង​ផ្អាក​ការអនុវត្ត​សិនទៅ​។ ប៉ុន្តែ​វា​មិន​ទាន់​ដល់​ដំណាក់កាល​ហ្នុង​ទេ​ខា​ ជឿ​ខ្ញុំ​ទៅ​ប៉ុន្តែ​ខ្ញុំ​សូមតែ​មួយ​ទេ​ ខ្ញុំ​អត់​លើក​លែង​បាន​ជាមួយ​អារង្ស៊ី។ ខ្ញុំ​អត់​លើកលែង​បាន​ដាច់​ខាត​ហើយ‍»។

លោក សម រង្ស៊ី​ បាន​លាឈប់​ពី​ប្រធាន​គណបក្ស​កាលពី​ខែកុម្ភៈ​ដោយសារតែ​ច្បាប់​គណបក្ស​នយោបាយ​ដែល​លោក​ហ៊ុន សែន​ជំរុញ​ឱ្យ​មានការកែប្រែកំណត់​ថា​មេដឹកនាំ​បក្ស​ដែល​កំពុង​មាន​ពិរុណ្ឌភាព​មិន​អាច​ដឹកនាំ​បក្ស​បានឡើយ។ ហើយ​នៅ​ដើម​ខែ​មីនា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជ្រើសរើស​លោកកឹមសុខា​ធ្វើ​ជា​ប្រធាន​គណបក្ស​ជំនួស​វិញ។

នៅមុន​ពេល​នោះ​ លោក​ហ៊ុន សែន​បាន​រំអុក​លោក​ កឹម សុខា ​ឱ្យ​ធ្វើ​បក្ស​ប្រហារ៖

«ខ្ញុំ​មិន​ចង់​វាយ​ម្តង​មួយ​គូ​ទេ​ប៉ុន្តែ​បើសិនជា​ចាំបាច់​កុំ​ថា​មួយ​គូ​១០គូ​ក៏ខ្ញុំ​វាយដែរ។ ​អីចឹង​ខ្ញុំ​នឹង​ពិនិត្យ​មើល​ព្រោះថា​ខ្ញុំ​មិន​បំផ្លាញ​សង្គ្រោះ​ជាតិ​ចោល​ទេ​ប៉ុន្តែ​ខ្ញុំ​រក​ដៃគូ​នៅក្នុង​សង្គ្រោះ​ជាតិ​ហើយ​ខ្ញុំ​សំឡឹង​ឃើញ​ថា​ខា​ឯង​អាច​ធ្វើការ​ជាមួយ​ខ្ញុំ​បាន។ អីចឹង​បញ្ហា​ហ្នឹង​ឥឡូវ​ឱកាស​មាន​ហើយ​ដែល​ខា​ឯង​ក្តាប់​យក​កម្លាំង​នោះ​ប៉ុន្តែ​ឥឡូវ​ខា​ឯង​លេង​មួយ​សិន​ទៅ​ រួច​ហើយ​ចាំ​យើង​ជួបគ្នា​ក្រោយ​ទៀត។ ខ្ញុំ​នឹង​រង់​ចាំ​មើល​អាហ្នឹង​ណ៎ា!‍»

ការវិវត្ត​នយោបាយ​ក្នុង​រយៈ​ពេល​ចុងក្រោយនេះ​មិន​អាច​ឱ្យ​សមាជិកសភា​ លោក អាឡាំង ឡូវឹនសល ​ទទួល​យក​បានទេ៖​

«ស្ថានភាព​បាន​ដើរ​មកដល់​ចំណុច​សំខាន់​មួយ​ហើយ។ បញ្ហា​នៅត្រង់​ថា​តើ​សហរដ្ឋ​អាមេរិក​អាច​នឹង​ធ្វើ​អ្វី​បាន? យើង​បាន​ជម្រាប​ដល់​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ហើយ។ នៅ​សប្តាហ៍​កន្លង​មកនេះ​យើង​បាន​ឮ​ការ​សន្ទនា​ជាមួយ​នឹង​ការិយាល័យ​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​របស់​រដ្ឋមន្ត្រី​ការបរទេស​អំពី​ទំនាក់​ទំនង​កាន់​តែ​អាក្រក់​នេះ‍»។

លោក​ អាឡាំង ​ឡូវឹនសល ​បាន​បន្ថែម​ថា​លោក​រួម​ជាមួយ​នឹង​សហប្រធាន ​ស្ទីវ ឆាបុត​ នឹង​កោះប្រជុំ​សមាជិក​នៃ​ក្រុម​កម្ពុជា​នេះ​ដើម្បី​ពិភាក្សា​ពី​ការងារ​ដែល​ត្រូវ​ធ្វើ​បន្ទាប់​ទៀត។

«ស្ថានភាព​អាក្រក់​ខ្លាំង​ណាស់​ ពិត​ជា​មានការ​វាយ​ប្រហារ​ដោយ​ចំហរ​ពីលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​អាច​ឱ្យ​ពួកគេ​ធ្វើ​ជា​គណបក្ស​ប្រឆាំង​ដ៏​ខ្លាំង​បាន‍»។​

អ្នកវិភាគ​និង​សកម្មជន​នានា​មើល​ឃើញ​ថា​ការបែកធ្លាយ​សារសន្ទនា​ដោយ​ចេតនា​នេះ​គឺ​ដើម្បី​ព្យាយាម​បំបែក​បំបាក់​គូ​ប្រជែង​ដោយ​មិន​ថ្លៃថ្នូរ។

​អ្នកស្រី ​ណាវ៉ាន ចិត្រ អ្នករៀបចំ​សហគមន៍​នៅក្នុង​ទីក្រុង​ឡុងប៊ិច ​រដ្ឋកាលីហ្វញ៉ា។ (រូបថត​ផ្តល់​ឲ្យ​ដោយ៖ ណាវ៉ាន ចិត្រ)

​អ្នកស្រី ​ណាវ៉ាន ចិត្រ អ្នករៀបចំ​សហគមន៍​នៅក្នុង​ទីក្រុង​ឡុងប៊ិច ​រដ្ឋកាលីហ្វញ៉ា។ (រូបថត​ផ្តល់​ឲ្យ​ដោយ៖ ណាវ៉ាន ចិត្រ)

អ្នកស្រី​ ណាវ៉ាន ចិត្រ ​អ្នករៀបចំ​សហគមន៍​នៅក្នុង​ទីក្រុង​ឡុងប៊ិច ​រដ្ឋកាលីហ្វញ៉ា​បាន​បញ្ជាក់ថា​៖

«សូម្បីតែ​ក្មេង​អាយុ៣ឆ្នាំ​ក៏​យល់​ថា​នេះ​គឺ​ជា​ល្បែង​ដ៏​ថោកទាប​មួយ​ហើយ​គឺជា​ការ​រៀបចំ​មួយ​ដែល​ធ្វើ​ឱ្យ​ខ្មែរ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​មួយ​ចំនួន​ធំ​មិន​អាច​ទទួល​យក​បាន‍»។​

កាលពី​ខែ​ឧសភា​ ឆ្នាំ​២០១៦ ​ក្រុម​សមាជិកសភា​សហរដ្ឋអាមេរិក​ទទួលបន្ទុក​កិច្ចការ​កម្ពុជា​ក៏បាន​ជំរុញ​ឱ្យ​រដ្ឋសភា​អនុម័តនូវ​សេចក្តី​សម្រេច​ចិត្ត​មួយ​លេខ​៧២៨​ដែល​ជួយ​ជំរុញ​ដល់​ការ​លើក​កម្ពស់សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នកស្រី​ ណាវ៉ាន ចិត្រ ​យល់​ឃើញ​ថា​សេចក្តី​សម្រេចចិត្ត​លេខ​៧២៨​នេះ​គឺ​ជា​«អាវុធ​ដ៏​ស្របច្បាប់​មួយដែល​សហរដ្ឋ​អាមេរិក​‍»​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ព្រោះ​វា​ធានា​ឱ្យ​មាន​ការ​រៀបចំ​ការបោះ​ឆ្នោត​មួយ​ដ៏​ត្រឹម​ត្រូវ​និង​យុត្តិធម៌​ដោយ​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​សហគមន៍​អន្តរជាតិ។

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា៖​

«ហើយ​បើសិនជា​អ្នកណា​ឈ្នះ​អ្នកហ្នឹង ​គឺ​បាន​ទទួល​សិទ្ធិ​ដោយ​សន្តិភាព​ដោយ​គ្មាន​ការ​ច្បាំង​គ្នា។ ដូច​យើង​បាន​ដឹង​ពី​ដើម​មក​ហើយ​ប្រទេស​ខ្មែរ​យើង​មិន​ដែល​មាន​ការប្តូរ​អំណាច​ណា​ដោយ​អត់​មាន​យក​ឈាម​មក​យក​អំណាច​ទេ‍»។​

លោក យ៉ង សាំង​កុមារ ​ជា​ស្ថាបនិក​និង​ប្រធាន​ខាង​ពង្រឹង​សមត្ថភាព​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ជា​គណបក្ស​ថ្មី​ត្រូវ​ចូលរួម​ប្រកួត​ការបោះឆ្នោត​ជា​លើក​ទីមួយ​យល់​ស្របពី​តួនាទីរបស់​សហរដ្ឋ​អាមេរិក​ដែល​នៅ​តែ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ជួយ​ជំរុញ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖

«ការចូលរួម​របស់​សហរដ្ឋ​អាមេរិក​គឺ​មាន​តួនាទី​សំខាន់​ពីព្រោះ​យើង​ដឹង​គ្រប់​គ្នា​ហើយ​ថា​សហរដ្ឋ​អាមេរិក​គឺ​ជា​មហា​អំណាច​មួយ​ដ៏​សំខាន់​ហើយ​សហរដ្ឋ​អាមេរិក​ក៏ជា​ភាគី​មួយ​ដ៏​សំខាន់​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។ អីចឹង​សហរដ្ឋ​អាមេរិក​មាន​តួនាទី​និង​កាតព្វកិច្ច​ជួយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រទេស​កម្ពុជា​ហ្នឹង​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​គោលការណ៍​សេរី​ពហុបក្ស​ហើយ​និយាយ​ឱ្យ​ចំ​មែនទែន​ទៅ​គឺ​ទាក់​ទង​នឹង​ការ​បោះឆ្នោត​មួយ​ដោយ​សេរី​និង​យុត្តិធម៌‍»។

​លោក​យល់​ថា​ក្នុង​ពេល​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​និង​ជាតិ​ខាងមុខ​នេះ​សហរដ្ឋ​អាមេរិក​ក៏ដូចជា​សហគមន៍​អន្តរជាតិ​គួរតែ​បញ្ជូន​អ្នក​សង្កេតការណ៍​មក​ចូលរួម​សង្កេត​មើល​ដំណើរការ​បោះឆ្នោត​ដោយ​រាប់​តាំងពី​ដំណើរការ​ឃោសនា​បោះឆ្នោត​ ការរាប់​សន្លឹកឆ្នោត​និង​ការបែង​ចែកអសនៈ។ ទន្ទឹម​នឹង​នោះ​ក៏​ត្រូវ​ផ្តល់​ការហ្វឹកហ្វឺន​និង​ជំនួយ​ថវិកា​ដល់​អង្គការ​ក្នុង​ស្រុក​ដែលធ្វើការ​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត។

សមាជិក​ព្រឹទ្ធសភា​និង​សមាជិក​សភា​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់​កាលពីឆ្នាំ​មុន​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ការធ្លាក់ចុះ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

លោក យ៉ង សាំងកុមារ​ យល់​ថា​វា​មាន​ឥទ្ធិពល​តិចតួច​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ប៉ុន្តែ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​គឺ​មាន​ឥទ្ធិពល​ខ្លាំង៖

«ទីមួយ​យើង​សង្កេតឃើញ​ថា​រដ្ឋាភិបាល​ហាក់​ដូច​ជា​ឱ្យ​តម្លៃ​ឬ​មិនសូវ​ធ្វើការ​ចាប់​អារម្មណ៍​អ្វី​ទៅលើ​សេចក្តី​ថ្លែងការណ៍​នានា​របស់​អ្នកនយោបាយ​របស់​អ្នក​តំណាងរាស្ត្រ​ក៏​ដូច​ជា​សមាជិកព្រឹទ្ធសភា​របស់​សហរដ្ឋ​អាមេរិក។ នេះ​ជា​ការធម្មតា។ ក៏​ប៉ុន្តែ​ចង់​ឬ​មិន​ចង់​គឺ​វា​មាន​ឥទ្ធិពល​ខ្លះ​ទៅលើ​ដំណើរការ​នយោបាយ​ទៅ​លើ​ការ​សម្រេច​ចិត្ត​អ្វី​ផ្សេង​របស់​រដ្ឋាភិបាល​ប៉ុន្តែ​អ្វី​សំខាន់​មួយ​ទៀត​ក៏​វា​ផ្តល់​ភាព​កក់ក្តៅបន្ថែម​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឱ្យ​មាន​អារម្មណ៍​ថា​សហគមន៍​អន្តរជាតិ​គេ​អត់​ទៅ​ណា​ចោល​កម្ពុជា​ទេ​គឺ​មាន​អ្នក​នៅ ​ចូលរួម​តាម​ដាន​ខ្វល់ខ្វាយ​ទៅលើ​ការវិវត្តស្ថានភាព​នយោបាយ​នៅ​ស្រុក​ខ្មែរ‍»។​

លោក​ David Josar ​អ្នកនាំពាក្យ​រង​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា​សម្រាប់​ការបោះឆ្នោត​ក្នុង​ពេល​ខាងមុខ​គឺ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​តាម​ឃ្លាំមើល​ជានិច្ច​ដោយ​សារ ​«ការបោះឆ្នោត​នេះ​សំខាន់​ខ្លាំង​ណាស់​‍»​សម្រាប់​ប្រទេស​កម្ពុជា។​

លោក David Josar ​បាន​បញ្ជាក់​បន្ថែម​តាម​សារអេឡិកត្រូនិក​ថា៖

«យើង​គាំទ្រ​ដំណើរការ​នយោបាយ​ដែល​មាន​តម្លាភាព​និង​បើក​ចំហរ​ដែល​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ។ តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍ​ន៍​អន្តរជាតិ​ ស្ថានទូត​បាន​គាំទ្រគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​និង​អង្គការ​សង្គម​ស៊ីវិល​ខាងផ្នែក​រៀបចំ​ការបោះឆ្នោតដោយ​មាន​កិច្ច​សហការ​ជាមួយ​នឹង​ដៃគូ​អន្តរជាតិ‍។ ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​បង្ហាញ​ដល់​សហគមន៍​អន្តរជាតិ​ថា​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​គឺ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ត្រូវ​តែ​ទទួល​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​យុទ្ធនាការ​ដោយ​សេរី‍»។

សភាសហរដ្ឋ​អាមេរិក​ក៏​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការចូលរួម​របស់​គណបក្ស​បក្ស​ប្រឆាំង​ក្នុង​ការឃោសនា​បោះឆ្នោត​ដោយ​គ្មាន​ការ​ភ័យខ្លាច​និង​ការ​រំខាន​ដោយ​ការចោទ​ប្រកាន់​ផ្លូវ​តុលាការ។

លោក ​អាឡាំង ឡូវឹនសល​ ក៏​បាន​ព្រមាន​ថា​បើ​សិន​ជា​វិធានការ​ត្រជាក់​ដែល​មាន​ការ​ចេញ​ជា​លិខិត​សម្តែង​ការ​ព្រួយ​បារម្ភ​មិនត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុកដាក់​ទេ​គឺ​រដ្ឋសភា​អាច​នឹង​ពិចារណា​វិធានការ​ធ្ងន់​ធ្ងរ​ជាង​នេះ​ដែល​ឈាន​រហូតដល់​ការដាក់ល័ក្ខខ័ណ្ឌ​ជំនួយ​ដល់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​ផង​ដែរ៕

XS
SM
MD
LG