ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គម្រោង​សម្ងាត់​បញ្ចប់​សំណុំ​រឿង​ខ្មែរ​ក្រហម​បន្ថែម​ត្រូវ​បាន​លេចធ្លាយ

  • សុខ ខេមរា

រូបឯកសារ៖ និស្សិតម្នាក់​មើល​រូបថតអតីតមេដឹកនាំ​ជាន់ខ្ពស់ខ្មែរក្រហម នៅ​លើ​ផ្ទាំង​ព័ត៌មាន​មួយ​ មុន​នឹង​ចូលរួម​ស្តាប់​សវនាការ​នៃ​អង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលាការ​កម្ពុជា (ECCC) កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១។

គម្រោង​ជាសម្ងាត់​របស់​សហចៅក្រម​ស៊ើប​អង្កេត​ភាគី​បរទេស​ ដែលចង់​បញ្ចប់ ​ឬ​ផ្អាក នីតិវិធី​នៃ​សំណុំ​រឿង​ខ្មែរក្រហម​បន្ថែម​០០៣ ​និង​០០៤​ នៅពាក់​កណ្តាល​ឆ្នាំនេះ​ ដោយសារ​ការ​គ្មាន​ថវិកា​នោះ​ ត្រូវបាន​លេចធ្លាយ​ចេញ​ជា​សាធារណៈ។​ ក្រុម​អ្នកឃ្លាំ​មើលសាលាក្តី ​និង​ជនរង​គ្រោះ​ចាត់ទុក​ថា ​ការ​បញ្ចប់​សំណុំ​រឿង​ទាំងពីរ​របៀប​នេះ​ គឺជា​ការបន្សល់​ទុកកេរ្តិ៍​ដំណែល​មិន​ល្អ។

ទិដ្ឋភាព​ខាង​ក្នុង​សាល​សវនាការ​ អំឡុង​ពេល​ប្រកាស​សាល​ក្រម​នៃ​សំណុំ​រឿង​ ០០២/០១ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយ ECCC)
ទិដ្ឋភាព​ខាង​ក្នុង​សាល​សវនាការ​ អំឡុង​ពេល​ប្រកាស​សាល​ក្រម​នៃ​សំណុំ​រឿង​ ០០២/០១ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយ ECCC)

សំណុំ​រឿង​០០៣​ និង​០០៤​ ដែល​មាន​ជន​ជាប់​ចោទ​៤នាក់​ ត្រូវគេ​ចាត់ទុក​ថា ​ជា​សំណុំ​រឿង​ ដែល​មាន​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ នៅពេល​ដែល​ការ​ចោទប្រកាន់ ​និង ការ​ស៊ើប​អង្កេត​ ធ្លាប់រង​ការ​រារាំង​ពីភាគី​ជាតិ​ក្នុង​តុលាការ​ ដូចជា​ការ​ប្រកាស​ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ដែល​មិនចង់​ឃើញ​មាន​ការ​កាត់​ទោស​បន្តនាំ​ឲ្យ​មាន​បញ្ហា​តាម​ពាក្យ​លោក ​ដែល​ថា ការ​កាត់​ទោស​បន្ត​ខូច​ខាត​សន្តិភាព ​និង​ការ​បង្រួម​បង្រួម​ជាតិ​ ដែលជា​រឿង​ពិបាក​ នឹង​រក​បាន​នោះ។
ភាគី​អន្តរជាតិ​ មាន​សហ​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ជាច្រើន​រូប​ ត្រូវ​គេ​រាយការណ៍​មក​ថា បាន​លា​ឈប់​ពីមុខ​តំណែង​ ដោយសារ​តែ​មិន​អាច​ដំណើរ​ការ​រឿង​ក្តី​នេះ។

បើតាម​ការ​ដកស្រង់​សេចក្តី​ស្នើ​ ដែល​គេអះអាង​ថា​ជា​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ ដាក់​ជូន​ការិយាល័យ​រដ្ឋបាល​ជា​សម្ងាត់ ​ដែល ​VOA​ ទទួល​បាននោះ បាន​ឲ្យ​ដឹង​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​ បាន​ជម្រាប​ជូនភាគី​ពាក់ព័ន្ធ​នានា​ក្នុង​សំណុំ​រឿង០០៣ ដែល​មាន​លោក​ មាស មុត​ ជា​ជន​សង្ស័យ​ និង​សំណុំ​រឿង​០០៤ មាន​លោក​ យឹម ទិត​ និង​ លោក ​អោ អាន ជា​ជនសង្ស័យ អំពី​គោល​បំណង​«បញ្ចប់​ដំណើរការ​ជា​អចិន្ត្រៃយ៍​ក្នុង​សំណុំ​រឿង​ទាំងបី​នេះ​ ដោយ​មិន​ឲ្យ​ហួស​ពីថ្ងៃទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៧ ​ដោយ​សារ​ការ​ខ្វះខាត​ថវិកា»។

ឯកសារ​ដដែល​បាន​បន្ថែម​សេចក្តី​ទៀត​ថា៖

«សំណើរ​នៃការ​បញ្ចប់នេះ​ផ្អែក​ទៅលើ​ហេតុផល​ចម្បង​តែមួយ​គត់ ​គឺ​ការ​មិនមាន​ការ​ធានា​ថវិកា​គ្រប់គ្រាន់​ ហើយ​វា​អាច​បញ្ចប់ ​និង​រារាំង​ជា​អចិន្ត្រៃយ៍​ មិន​ឲ្យ​បើក​ការ​ស៊ើប អង្កេត​ណាមួយ​ឡើងវិញ​ទេ»។

រូបឯកសារ៖ លោក ​ឡុង បញ្ញាវុធ្ឍ​ មន្ត្រី​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក ​ឡុង បញ្ញាវុធ្ឍ​ មន្ត្រី​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា។ (លឹម សុធី/VOA)

លោក​ ឡុង បញ្ញាវុធ្ឍ​ មន្ត្រី​កម្មវិធី​នៃ​គម្រោង​ផ្តួចផ្តើម​យុត្តិធម៌​នៅ​កម្ពុជា​ បាន​ថ្លែង​ថា វា​ជា​ការ​សោកស្តាយ​ដែល​សាលាក្តី​នេះ​ បញ្ចប់​ ឬផ្អាក​សំណុំ​រឿង​បន្ថែម​ ដោយសារ​ការ​ខ្វះ​ថវិកា ​ដោយ​លោក​ចាត់ទុក​ថា នេះ​ជា​ការ​មិន​ទទួល​ខុសត្រូវ​របស់​ភាគី​ជាតិ និង​អន្តរជាតិ។

«ប៉ុន្តែ​បញ្ហា​ដែល​សំខាន់​គឺថា​សាលាក្តី​ខ្មែរក្រហម​ ទាក់ទង​នឹង​សំណុំរឿង​០០៣​ និង ០០៤​គឺថា​ កង្វះខាត​គឺទី១​ ឆន្ទៈ​នយោបាយ​ពី​ខាងជាតិ​ និង​អន្តរជាតិ​ ជាពិសេស​ភាព បរាជ័យ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរព​ទៅតាម​កិច្ចព្រម​ព្រៀង។ បញ្ហា​ដែល​អភ័ព្វ​សម្រាប់​ជន​រងគ្រោះ​នោះ​ គឺ​ថា​ជន​រងគ្រោះ​ត្រូវបាន​ជាតិ​និង​អន្តរជាតិ មើល​រំលង​ ហើយ​ម្យ៉ាង​ទៀត​ ជារឿង​មួយ​ដ៏​អភ័ព្វ​បំផុត​ដែលថា​សាលាក្តី​នេះ​បន្សល់​ទុកនូវ​កេរ្តិ៍​ដំណែល​មួយ​ដ៏អវិជ្ជមាន​ថា ​សាលាក្តី​នេះ ​មិន​អាច​ជម្នះ​បាន​នូវភាព​ឯករាជ្យ»។

លោក ​ឡុង បញ្ញាវុធ្ឍ​ បាន​បន្តថា​សាលាក្តី​នេះ ​តាំងពី​ដើម​គ្មាន​ថវិកា​គ្រប់គ្រាន់​តែ​តុលាការ​ចេះ​តែ​ដំណើរ​ការ​ទៅ​មុខ។

លោក ​ស៊ុំ រិទ្ធី​ ជា​ជន​រងគ្រោះ​ដែល​រួចជីវិត​ ហើយ​ធ្លាប់​ដាក់ពាក្យ​ប្តឹង​ជាដើម​បណ្តឹង រដ្ឋប្បវេណី​បាន​ថ្លែងថា​ ការ​បញ្ចប់​សំណុំ​រឿង​ដោយសារ​ថា​គ្មាន​ថវិកា​នេះ​ ជា​រឿង​អាម៉ាស់​របស់​ភាគី​ជាតិ​ និង​អន្តរជាតិ ​ហើយ​ជន​រងគ្រោះ ​នឹង​មិន​អាច​ទទួល​យក​បានទេ ​ដោយសារ​តែ​ជនសង្ស័យ​ក្នុង​សំណុំរឿង​បន្ថែម​ ដែល​លោក​បាន​ចោទ​ថា ជា​ជន​ដៃ​ដល់​ក្នុង​សម័យ​ខ្មែរក្រហម​នោះ​ មិន​ត្រូវ​តុលាការ​នាំយក​មក​កាត់​ទោស​ដើម្បី​រកយុត្តិធម៌ ជូន​ជន​រងគ្រោះ។

«បើ​និយាយ​ពីរឿង​ថវិកា​ខ្ញុំអត់​ជឿទេ​ ព្រោះអី​ក្នុង​តុលាការ​ហ្នឹង​ គឺ​មាន​អង្គការ​សហប្រជាជាតិ​មួយ​ទាំង​មូល ​បាន​មកចូល​រួម​នៅ​ក្នុង​ការ​កាត់​សេចក្តី ​នៅក្នុង​ការ​កាត់​សេចក្តី​មេដឹកនាំ​ខ្មែរ​ក្រហម​ ហើយ​បើ​និយាយ​ថា ​អត់​លុយ​ហ្នឹង​អាម៉ាស់​ជាងគេ​គឺ​អន្តរជាតិ​ហ្នឹង​ហើយ មិន​ថា​កម្ពុជា​ទេ ព្រោះ​កម្ពុជា​តែមួយ​ប្រទេស​ទេ ​តែ​អន្តរជាតិ​ប្រទេស​ច្រើន។​ ការ​បញ្ចប់​ដោយ​គ្មាន​យុត្តិធម៌​ហ្នឹង​អន្តរជាតិហ្នឹង ​លោក​ត្រូវ​ពិចារណា​មក​វិញ»។

លោក​បាន​បន្ថែម​ពី​ទុទិដ្ឋនិយម​ចំពោះ​កេរ្តិ៍ដំណែល​តុលាការ​ខ្មែរក្រហម​ដែរ​ថា៖

«ចំណែក​កេរ្តិ៍ដំណែល​ក៏​វា​គ្មាន​ន័យអី​សម្រាប់​ជនរងគ្រោះ​ និង​គ្មាន​ន័យ​អី​សម្រាប់​កម្ពុជា​ដែរ ​ព្រោះ​វា​ដំណើរការ​វាអត់​ចប់ចុង​ចប់​ដើម ដូច​តុលាការ​១៩៧៩ ដែល​ខ្ញុំ​ទទួល​រង»។

លោក​ Peter Maguire​ សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​ និងជា​អ្នក​និពន្ធ​សៀវភៅ​ខ្មែរ ក្រហម​ហៅ​ថា «​ប្រឈមមុខ​នឹង​ការ​ស្លាប់​នៅ​កម្ពុជា»​ បាន​អះអាង​ថា ​អ.ស.ប.​បាន​ចាញ់​ល្បែង​ដែល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បង្កើត​ឡើង​ទាក់ទង​នឹង​រឿង​ការ​កាត់ទោស​សំណុំ​រឿង​បន្ថែម​នេះ។

«វាជា​រឿង​ច្បាស់លាស់​ណាស់​សម្រាប់​ខ្ញុំ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ​គឺ​ថា សំណុំ​រឿង​០០៣​ និង​០០៤​ នឹង​មិន​អាច​កើត​ឡើង​បាន​ទេ​ ពីព្រោះ​នេះ​ជា​បញ្ហា​នយោបាយ​ មិនមែន​ជា​បញ្ហា​ច្បាប់​ទេ។ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​បញ្ជាក់​ច្បាស់​តាំង​ពី​ដំបូង​ថា ​សាលាក្តី​នេះ​កាត់​ទោស​ តែ​មេដឹកនាំ​ជាន់​ខ្ពស់​បំផុត ហើយ​អង្គការ​សហ​ប្រជាជាតិ​ បាន​ព្យាយាម​ធ្វើឲ្យ​ទៅជា​នីតិវិធី​ ដោយ​ការ​បញ្ចូល​គ្នា​ទាំងច្បាប់​និង​នយោបាយ ហើយ​ជា​ថ្មី​ទៀត​ អ.ស.ប. ចាញ់​ល្បែង​នេះ​ជាមួយ​លោក ហ៊ុន សែន»។

ទោះជា​យ៉ាងណា​ក៏​ដោយ​ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម បាន​ប្រតិកម្ម​ចំពោះ​ការ​ចេញផ្សាយ​អត្ថបទ​របស់​កាសែត​ភ្នំពេញ​បុស្តិ៍​ ដែល​បាន​ដកស្រង់​ឯកសារ​ជា​សំណើ​ទៅ​កាន់​ការិយាល័យ​រដ្ឋបាល​ថ្មីៗ​របស់​សហចៅក្រម​ស៊ើប ​អង្កេត​ រឿង​ការ​ផ្អាក​ដំណើរការ​នីតិវិធី​ចំពោះ​សំណុំ​រឿង​០០៣​និង​០០៤​ ដោយសារ​ការ​ខ្វះខាត​ថវិកា​នេះ។

អ្នកស្រី អ៊ឹម ចែម អតីត​មេដឹកនាំ​ខ្មែរក្រហម​មួយ​រូបកំពុងជិះកង់​ជាមួយ​ចៅប្រុស កាលពីថ្ងៃទី២៣ ខែមេសា ទៅកន្លែងដាក់ចំណីឲ្យគោ ដើម្បីយកគោ​មក​ដាក់នៅចម្ការ​របស់អ្នកស្រី ក្នុងស្រុកអន្លង់វែង។ (ស៊ុន ណារិន/VOA)
អ្នកស្រី អ៊ឹម ចែម អតីត​មេដឹកនាំ​ខ្មែរក្រហម​មួយ​រូបកំពុងជិះកង់​ជាមួយ​ចៅប្រុស កាលពីថ្ងៃទី២៣ ខែមេសា ទៅកន្លែងដាក់ចំណីឲ្យគោ ដើម្បីយកគោ​មក​ដាក់នៅចម្ការ​របស់អ្នកស្រី ក្នុងស្រុកអន្លង់វែង។ (ស៊ុន ណារិន/VOA)

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ទទួល​ស្គាល់​ថា៖

«សំណើរ​នេះ​ត្រូវ​បាន​ផ្ញើរ​ជូន​ដោយ​សម្ងាត់​ ហើយ​ម្យ៉ាង​ទៀតពី​ព្រោះ​នេះ​ គឺជា​ផ្នែកមួយ​នៃ​ការ​ស៊ើប​អង្កេត​ ដែល​ជាទូទៅ​ត្រូវតែ​រក្សា​ការ​សម្ងាត់ ហើយ​ម្យ៉ាង​ទៀត​ដោយសារ​តែ​បញ្ហានេះ ​មាន​ភាព​រសើប​ខ្លាំង ​ការិយាល័យ​រដ្ឋបាល​ នឹង​ត្រូវ​ពិគ្រោះ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​ និង​រាជរដ្ឋា​ភិបាល​កម្ពុជា ​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ថវិកា​នេះ។ នេះជា​បញ្ហា​រសើប​ និង​មិន​ត្រូវ​យក​មក​ពិភាក្សា​ជា​សាធារណៈ​នៅក្នុង​ដំណាក់​កាល​នេះ​ទេ»។

ប៉ុន្តែ​សាលាក្តី​ខ្មែរ​ក្រហម​បាន​បន្តថា​ ការ​ប្រកាស​របស់​សាលាក្តី​នេះ​ជូន​សាធារណជន​គឺ​ដើម្បី​បញ្ជៀស​នូវការ​ប៉ាន់ស្មាន​ និង​ផ្អែកលើ​អង្គហេតុ​មិន​ត្រឹម​ត្រូវ។

សហ​ចៅក្រមស៊ើប​អង្កេត​កាលពី​ខែកុម្ភៈ​ បាន​ទម្លាក់ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នកស្រី អ៊ឹម ចែម​ អតីត​អភិបាល​ស្រុក​ព្រះនេត្រព្រះ​ ដែល​ជា​ជនសង្ស័យ​ក្នុង​សំណុំ​រឿង​០០៤ ម្នាក់ផង​នោះ ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ និង​ឧកិ្រដ្ឋកម្ម​ផ្សេងៗ​ទៀត។

ភ្លាមៗ​ក្រោយ​ពេល​ដែល​មាន​ការ​ទម្លាក់​បទចោទ​នេះ​ ជនជាប់​ចោទ​ និង​ពលរដ្ឋ​ជា​អតីត​ទាហ៊ាន​ខ្មែរក្រហម​ក្នុង​ភូមិភាគ​ពាយព្យ​ប្រទេស​ បាន​ផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​VOA កាលពី​ខែមុន ​ដោយ​បាន​ទទូច​ឲ្យ​តុលាការ​មានការ​ទម្លាក់បទ​ចោទ​ប្រកាន់​នានា​ដូចជា​តុលាការ​ធ្វើ​ចំពោះ​អ្នកស្រី​ អ៊ឹម ចែម ​ផង​ដែរ។

សាលាក្តី​ខ្មែរក្រហម​កំពុង​កាត់ទោស​បញ្ចប់​សំណុំរឿង​០០២​វគ្គបញ្ចប់ ដែល​មាន​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​ពីរ​នាក់​គឺ នួន ជា​ បងធំ​ទី២​ និង​ ខៀវ សំផន ​ប្រមុខ​រដ្ឋ ​ពី​បទ​ឧក្រិដ្ឋកម្ម​នានា​ ទាក់ទង​នឹងការ​ស្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​៧សែន​នាក់ ​នៅក្នុង​ទសវត្សរ៍​១៩៧០៕

XS
SM
MD
LG