ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលា​សហគមន៍​ នាំ​សិស្ស​ក្រីក្រ​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​រតនគិរី វិលត្រឡប់​ចូល​ថ្នាក់​រៀន​វិញ

  • ហ៊ាន សុជាតា

កុមារ​​ក្រីក្រ​កម្ពុជា​ដែល​រស់នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត​រតនគិរី​នេះ ងាយ​ប្រឈម​នឹង​ការ​បោះ​បង់​ការ​សិក្សា​របស់​ពួក​គេ​ចោល​​​ បើ​ធៀប​ទៅ​នឹង​​​​កុមារ​ដែល​រៀន​នៅ​ឯ​​ទី​រួម​ខេត្ត​ ឬ​ទី​ប្រជុំ​ជន​ដទៃ​ទៀត។

យុវតី​ រ៉ូ​ ម៉ាម៉ន់ បាន​បង្ខំ​ចិត្ត​បោះ​បង់​ការ​សិក្សា​ចោល​រយៈ​ពេល​មួយ​ឆ្នាំ ​ដោយសារ​ជីវភាព​ក្រី​ក្រ​ផង​ ការ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ផង និង​ដោយសារ​សាលា​រៀន​មាន​ទីតាំង​ឆ្ងាយ​ពី​ផ្ទះ​ផង។

ប៉ុន្តែ យុវតី​ វ័យ​១៤​ឆ្នាំ​រូប​នេះ ដែល​រស់នៅក្នុង​ភូមិ​យឺន​ ឃុំកក់​ ស្រុក​បរកែវ​នៃ​ខេត្ត​រតនគិរី​នេះ បាន​សម្រេចចិត្ត​ត្រឡប់​ចូល​ថ្នាក់​រៀន​វិញ ក្រោយ​ពី​មាន​សាលា​សហគមន៍​មួយ​ដែល​ទើប​ហ្នឹង​សាងសង់​ថ្មី ​នៅ​ជិត​ផ្ទះ​របស់​ខ្លួន។​

បច្ចុប្បន្ន​ជា​សិស្ស​ថ្នាក់​ទី​៣​ នៃ​សាលា​បឋម​សិក្សា​សហគមន៍​នេះ យុវតី រ៉ូ ម៉ាម៉ន់ បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍ជាមួយ​VOA កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖

«ប្រហែល​ជា​អត់​រៀន​ទេ​មើល​ទៅ​ បើ​អត់​មាន​សាលា​សហគមន៍។​ កាល​រៀន​នៅ​ភូមិ​ធំ​ ខ្ញុំ​ឈប់​ដោយសារ​ខ្ញុំ​ខ្លាច​ជិះ​ម៉ូតូ​ ខ្លាច​ជួប​គ្រោះ​ថ្នាក់​អី​ ព្រោះ​នៅ​កន្លែង​ហ្នឹង​ឆ្ងាយ»។

កុមារក្រីក្រ​កម្ពុជា​ដែល​រស់នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត​រតនគិរី​នេះ ងាយ​ប្រឈម​នឹង​ការ​បោះ​បង់​ការ​សិក្សា​របស់​ពួក​គេ​ចោល​ បើ​ធៀប​ទៅ​នឹងកុមារ​ដែល​រៀន​នៅ​ឯទី​រួម​ខេត្ត​ ឬ​ទី​ប្រជុំ​ជន​ដទៃ​ទៀត។

ជាក់​ស្ដែង សិស្ស​ក្រីក្រ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ភូមិ​យឺននេះ ដែល​មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​រតនគិរី ភាគច្រើន​ធ្លាប់បោះបង់​ការ​សិក្សា​ចោល​ម្ដង​រួចហើយ​ ដោយសារ​តែ​សាលារៀន​ នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគេ​ពេក។ នេះ​បើ​យោង​តាម​អ្នកភូមិ​នេះ។

ប៉ុន្តែ ស្ថានភាព​នេះ បាន​ចាប់ផ្ដើម​ផ្លាស់​ប្ដូរ​ នៅ​ពេល​ដែល​សាលា​សហគមន៍​មួយ​ឈ្មោះ​ថា​ «សាលា​បឋម​សិក្សា​យឺន​ចាស់» ត្រូវ​បាន​សាងសង់​ឡើង​ ដោយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​យឺន​នេះ។​

លោកស្រី​ ខ្វាយ​ ផែត​ វ័យ​៤១​ឆ្នាំ​ ជា​អ្នក​ភូមិ​នៅ​ទី​នេះ ដែល​មានកូន​២នាក់​ និងចៅ​៣​នាក់ កំពុង​សិក្សា​ក្នុង​សាលា​សហគមន៍​នេះ រៀបរាប់​ថា ដូច​យុវតី​ រ៉ូ​ ម៉ាម៉ន់​ដែរ​ ​កូនៗ​របស់​លោកស្រី​ក៏បាន​សម្រេច​បោះបង់​ការ​សិក្សា​ចោល​ មុន​ពេល​មាន​សាលា​សហគមន៍​នេះ ដោយសារ​សាលា​ដែល​មាន​ស្រាប់ មាន​ទីតាំង​ឆ្ងាយពី​ផ្ទះ។

«ទៅ​រៀន​នៅ​នោះ​ វា​ឆ្ងាយ។ សាលា​នោះ​ឆ្ងាយ​ ពិបាក​អត់​ម៉ូតូ​ អត់​លុយ​ចាក់​សាំង រៀន​នៅ​នេះ ​បើ​មាន​លុយ​ អត់​លុយ​អី​ អាច​ទៅ​ហូប​បាយ​នៅផ្ទះ។ ឆ្ងាយ​ពិបាក​អត់​ម៉ូតូ​ អត់​លុយ​ចាក់​សាំង​ បាន​កូន​ឈប់​រៀន ​នឹក​ឃើញ​ម៉ែ​វា​អត់»។

លោកស្រី ខ្វាយ​ ផែត​ ដែល​ខ្លួន​ឯង​ផ្ទាល់​មិន​បាន​ទទួល​ការ​សិក្សា​កាល​ពី​កុមារភាពនោះ ​ចង់​ឃើញ​កូន​ និង​ចៅ​របស់​ខ្លួន ក្លាយ​ជា​អ្នករៀន​សូត្រ​ឲ្យបាន​ខ្ពស់​ យ៉ាង​ហោច​ណាស់​ក៏​ដល់​ថ្នាក់​ទី​៩​ដែរ។​

«ប្រយោជន៍​ដល់​កូន​ចៅ​ ធ្វើការ​អត់​កើត​ក៏​ដោយ​ ឲ្យ​តែ​មាន​តម្រិះ​វិជ្ជា​ ឲ្យ​មាន​គំនិត​រកស៊ី​មាន​បាន​តទៅ​មុខ​ ចិញ្ចឹម​ក្រពះ​ខ្លួន​ឯង។ បើ​យើង​ក្រ​អត់​ឆ្អែត​ទេ នៅ​ក៏​មិន​សុខ​ មិន​សប្បាយ​ដូច​គេ​ដែរ»។

ការ​សិក្សា​មួយ​របស់​អង្គការ​យូនីសេហ្វ​ បង្ហាញ​ថា​ កុមារ​កម្ពុជា​ដែល​បាន​ចូលរៀន​ថ្នាក់​ទី​១​ហើយ​នោះ​ មាន​តែ​៣១%​ប៉ុណ្ណោះ​ដែល​អាច​បន្ត​ការ​សិក្សា​រហូត​បញ្ចប់​ថ្នាក់​ទី​៩។

អង្គការ​នេះ​ ក៏​រក​ឃើញ​ដែរ​ថា ក្នុង​ចំណោម​ឧបសគ្គ​សំខាន់ៗ​មួយ​ចំនួន​ ដែល​រារាំង​កុមារ​ មិន​ឲ្យ​ទទួល​បាន​ការសិក្សា​នោះ​ដូចជា ការ​ធ្វើ​ចំណាក​ស្រុក​របស់​ក្រុម​គ្រួសារ​ ការ​ជួយ​ធ្វើ​កិច្ច​ការងារ​ផ្ទះ​ ឬ​ត្រូវ​ធ្វើការ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារជាដើម​នោះ ​កត្តា​សាលារៀន​ដែលមាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ​នេះ​ ក៏​ជា​ឧបសគ្គ​ចម្បង​ផង​ដែរ។​

លោក​ ម៉ាន ប៊ុនឈឿន​ វ័យ​២៦ឆ្នាំ​ ជា​គ្រូ​បង្រៀន និង​ជា​គណៈ​គ្រប់គ្រង​នៃ«សាលា​បឋម​សិក្សា​យឺនចាស់» ​ឲ្យ​ដឹង​ថា​ ការសាងសង់​សាលា​សហគមន៍​ដែលនៅ​ជិត​ផ្ទះ​នេះ​ អាច​ជួយ​កាត់​បន្ថយ​ចំនួន​អ្នក​មិន​ចេះ​អក្សរ​ក្នុង​ភូមិ​ និង​ជួយ​ឲ្យ​កុមារ​ដែល​ធ្លាប់​បោះ​បង់​ការ​សិក្សា​អាច​ចូលរៀន​វិញ​បាន។

«សាលា​សហគមន៍​ វា​ផ្ដល់​សារៈសំខាន់​ខ្លាំង​ដល់​ក្មេង​ដែល​បោះ​បង់​ការសិក្សា​ពី​មុន។ អញ្ចឹង​គ្រួសារ​ខ្លះ​ខ្វះ​លទ្ធភាព​បញ្ជូន​កូន​ទៅ​រៀន។ អញ្ចឹង ​នៅ​ពេល​បង្កើត​សាលា​សហគមន៍​ សាលា​នេះ​នៅ​ជិត​ផ្ទះ​ អញ្ចឹង​គ្នា​អាច​ទៅ​មក​ស្រួល ​អត់​មាន​បញ្ហា​ ចំណាយ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ»។

សាលា​បឋម​សិក្សា​យឺន​ចាស់ ដែល​មាន២បន្ទប់​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​អ្នក​ភូមិ​យឺន​ នេះ​ក្នុង​ឆ្នាំ​២០១៥​ ​ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត​ដោយ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ និង​ដៃ​គូ​ពាក់ព័ន្ធ។

សាលា​សហគមន៍​ ដែល​មាន​បន្ទប់​ឈើ​មួយ​ និង​បន្ទប់​ធ្វើ​ពី​តង់​មួយ​នេះ ​បច្ចុប្បន្នបាន​ផ្ដល់​ការ​សិក្សា ពី​ថ្នាក់​ទី​១​ ដល់​ថ្នាក់​ទី​៣​ដល់​និស្សិត​ក្រី​ក្រ​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​៩១​នាក់។​

លោក ​ផែន ​ប៊ុនធឿន​ ប្រធាន​ប្រតិបត្តិ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ប្រចាំ​ខេត្ត​រតនគិរី​ លើកឡើង​ថា​អង្គការ​ភ្លែន​ និង​ដៃ​គូ ​បាន​ផ្ដួចផ្ដើម​គំនិត​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​រួមគ្នា​សាងសង់​សាលា​សហគមន៍​នេះ​ឡើង​ ព្រម​ទាំងជួយប្រមូល​សម្ភារៈ​សិក្សា​សម្រាប់​កុមារ​ដូច​ជា​ តុ កៅអី​ និង​ក្ដារខៀន​ជា​ដើម។

​រី​ឯ​ ប្រាក់​ខែ​គ្រូ​បង្រៀន​សម្រាប់​សាលា​សហគមន៍​នេះ លោកថា គឺ​នេះ​ជា​បន្ទុក​របស់​រដ្ឋាភិបាល។​

«សិស្ស​ទាំង​អស់​គឺ​បោះបង់​ការ​សិក្សា​ ចឹង​អត់​មាន​សាលា​រៀន។ ចឹង​ជំហាន​ដំបូង​គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​សាលា​សិន។​ សាលា​ដែល​បាន​សាង​សង់​មួយ​បន្ទប់​គឺ មិន​អាច​ទទួល​សិស្ស​អស់។ ហេតុ​នេះ​ហើយ​ ដើម្បី​ដោះស្រាយ​បណ្ដោះ​អាសន្ន​ យើង​ត្រូវ​ធ្វើ​តង់​ដើម្បី​ស្រូប​យក​សិស្ស​ឲ្យ​បាន​រៀន​សិន ព្រោះ​សិស្ស​ចង់​រៀន​ ហើយ​សហគមន៍​ចង់​ឲ្យ​កូន​គាត់​មាន​សាលា​រៀន»។​

លោក ​ផែន ​ប៊ុនធឿន​ យល់​ថា​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ ចំពោះ​ការ​សាង​សង់​សាលា​សហគមន៍​ក្នុង​តំបន់​ដាច់​ស្រយាល​ ដូច​ជា សាលា​បឋម​សិក្សា​យឺន​ចាស់​នេះ​ គឺ​ជា​គំរូ​ល្អ​មួយ​ ដែល​អា​ច​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​ដាច់​ស្រយាល​ផ្សេង​ទៀត ​អាច​ធ្វើ​ដូចគ្នា​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ ដើម្បី​ឲ្យ​កុមារ​ក្នុង​សហគមន៍​ដាច់​ស្រយាល ​អាច​មាន​ឱកាស​សិក្សា​បាន។

របាយ​ការណ៍​របស់​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​រតនគិរី ​បង្ហាញ​ថា​ ខេត្ត​រតនគិរី​មាន​សាលា​បឋម​សិក្សា​រដ្ឋ​ចំនួន​២០៣​ និង​សាលា​បឋមសិក្សា​ឯកជន​ចំនួន៥។​

ប៉ុន្តែ ខេត្ត​នេះ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ខាត​អគារ​សិក្សា​ បណ្ណាល័យ និង​គ្រូ​បង្រៀន​នៅ​តំបន់​ដាច់​ស្រយាល។

លោក​ ហ៊ាង ស៊ីណេ​ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ឲ្យ​ដឹងថា​លោក​នឹង​ដាក់​សំណើ​ទៅ​កាន់​ក្រសួង​អប់​រំ​ ដើម្បី​សុំ​ថវិកា​សម្រាប់​សាងសង់​អគារ​បន្ថែម​ដល់​សាលា​សហគមន៍​នេះ ប៉ុន្តែ ​លោក​ថា​ ការ​សម្រេច​បែប​ណា​នោះ ​ត្រូវ​រង់ចាំ​មើល​លទ្ធ​ភាពរបស់ក្រសួង​សិន។

យ៉ាងណាក៏ដោយ សម្រាប់​យុវតី​ រ៉ូ​ ម៉ាម៉ន់ ​ដែល​ជា​សិស្ស​ក្រីក្រក្នុង​ភូមិ​យឺន និយាយ​ថា នាង​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​គ្រូ​ពេទ្យ​ទៅ​ថ្ងៃ​អនាគត ដើម្បី​ជួយ​ព្យាបាល​អ្នក​ជំងឺ​ក្នុង​ភូមិ​របស់​នាង។

យុវតី​ជនជាតិ​ដើម​ភាគ​តិច​រូប​នេះ ​លើកឡើងថា​ នាង​សង្ឃឹម​ថា នឹង​អាច​បន្ត​ក្ដី​សុបិន​របស់​ខ្លួន​មួយ​នេះ​បាន ដោយ​ចាប់ផ្ដើម​ពី​សាលា​សហគមន៍ក្នុង​ភូមិ​របស់​នាង៕

XS
SM
MD
LG