ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​ដែល​ឈ្នះ​ការបោះឆ្នោត​ឃុំ​-សង្កាត់​មាន​ឱកាស​គ្រប់គ្រង​​ព្រឹទ្ធសភា

  • ម៉ែន គឹមសេង

រូបឯកសារ៖ ព្រះសង្ឃ​ដាក់​សន្លឹកឆ្នោត​ចូល​ក្នុងហិបនៅ​ស្ថានីយ៍​បោះឆ្នោត​មួយកន្លែង​នៅ​វត្តថាន់ក្នុង​ក្រុង​ភ្នំពេញ កាល​ពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ២០១២។

លោក ​វីរៈ​ បន្ថែម​ថា​ក្នុង​ពេល​កន្លងមក​ គណបក្ស​បក្ស​ណា​ដែល​ទទួល​បាន​សមាជិក​ក្រុមប្រឹក្សា​​ច្រើន​នៅ​ថ្នាក់​ឃុំ-សង្កាត់ ​​គឺ​នឹង​មាន​លទ្ធភាព​គ្រប់គ្រង​ស្ថាប័ន​ព្រឹទ្ធសភា​ ព្រោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​​ម្នាក់ៗ​ នឹង​ក្លាយ​ជា​«អង្គបោះឆ្នោត‍»​ដើម្បី​​‍​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា។

ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​នយោបាយ​នានា កំពុង​ប្រកួត​ប្រជែង​បង្ហាញគោល​នយោបាយដើម្បីទាក់​ទាញ​ការគាំទ្រ​ អ្នកជំនាញបាន​រំឭក​ដល់​អ្នកបោះឆ្នោត​ថា​សន្លឹកឆ្នោត​ដែល​ពួកគេ​បោះ​នៅថ្នាក់​មូលដ្ឋាន​នេះ ​ក៏​មាន​ឥទ្ធិពលដល់​ថ្នាក់​ជាតិ​ផង​ដែរ។

លោក​អ៊ូ វីរៈ ​ស្ថាបនិក​និង​ជា​ប្រធាន​វេទិការ​អនាគត​បាន​បញ្ជាក់​ក្នុង​កម្មវិធី​Hello VOA កាលពី​ថ្ងៃ​ច័ន្ទថា​ កិច្ចការ​របស់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មាន​លើស​ពី​ការ​ទទួល​បន្ទុក​ក្នុង​ការអភិវឌ្ឍ​នៅ​ក្នុង​ដែនដីរៀងៗ​ខ្លួន​ គឺ​ពួកគេ​មាន​ភារកិច្ច​ជ្រើសរើស​មេភូមិ ​បោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សា​ស្រុក​-ខណ្ឌ និង​ខេត្ត-ក្រុង​ក៏​ដូចជា​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ផងដែរ។

រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)

រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)

លោក ​វីរៈ​ បន្ថែម​ថា​ក្នុង​ពេល​កន្លងមក​ គណបក្ស​បក្ស​ណា​ដែល​ទទួល​បាន​សមាជិក​ក្រុមប្រឹក្សាច្រើន​នៅ​ថ្នាក់​ឃុំ-សង្កាត់ គឺ​នឹង​មាន​លទ្ធភាព​គ្រប់គ្រង​ស្ថាប័ន​ព្រឹទ្ធសភា​ ព្រោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ម្នាក់ៗ​ នឹង​ក្លាយ​ជា​«អង្គបោះឆ្នោត‍»​ដើម្បី‍​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា។

លោក​បន្ថែម​ថា៖ «គណបក្ស​ណា​ដែល​មាន​សំឡេង​ច្រើន​ជាង​គេ​នៅ​ក្រុមប្រឹក្សា​ឃុំ​នៅ​ទូទាំង​ប្រទេសគឺ​នឹង​មាន​សំឡេង​ច្រើន​ជាងគេ​នៅ​ព្រឹទ្ធសភា។ នេះ​ជាទូទៅ‍»។

លោក​បាន​បន្ថែម​ថា​បើទោះបី​ជា​ច្បាប់​នៃ​ប្រទេស​កម្ពុជា​អនុញ្ញាត​ឱ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នីមួយៗបោះឆ្នោត​ជ្រើសរើស​សមាជិកព្រឹទ្ធសភា​តាម​ឆន្ទៈ​របស់​ខ្លួន​ប៉ុន្តែ​កម្រ​មាន​សមាជិក​ក្រុម​ប្រឹក្សាណា​ដើរ​ខុស​ពីបន្ទាត់នយោបាយ​របស់​បក្ស​ខ្លួនណាស់។

រីឯ​តួនាទី​ក្នុង​ការជ្រើសរើស​មេភូមិ​ក៏​សំខាន់​ដែរ​ព្រោះ​ការសិក្សា​ស្រាវជ្រាវ​នានាថាមេភូមិ​គឺជា​មនុស្ស​ដែល​ប្រជាពលរដ្ឋ​យល់​ថា​មាន​ឥទ្ធិពល​ជាង​គេ​សម្រាប់ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់​។ នេះ​បើ​តាម​ការលើក​ឡើងរបស់​លោកអ៊ូ វីរៈ។

លោក​បញ្ជាក់​ថា៖ «មតិ​របស់​ប្រជាពលរដ្ឋ​ឬ​ការមើលឃើញ​របស់​ប្រជាពលរដ្ឋ​គឺ​ប្រជាពលរដ្ឋ​ឱ្យ​តម្លៃ​ទៅលើ​មេភូមិ​ច្រើន​ជាង​នាយក​រដ្ឋមន្ត្រី។ នេះ​បើ​តាមការ​សិក្សា​រាប់តាំងពី​ការសិក្សា​របស់​IRIក្តី​ ហើយ​នឹង​ការសិក្សា​ផ្សេងៗ​ក្តី»។

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០១៧​នេះ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​គ្នា​ជាង​រាល់​ដងដោយ​សារ​តែ​គណបក្ស​កាន់អំណាច​និង​គណបក្ស​ប្រឆាំង​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា។ ពេល​ដែល​លោក​សមរង្ស៊ី​នៅ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​បានពន្យល់ថា​បើ​ក្នុង​ករណី​គណបក្ស​ប្រឆាំង​ឈ្នះ​ក្នុងការបោះឆ្នោត​នៅ​ខែ​មិថុនា​នេះ ​វា​ជា​ការផ្ទេរ​អំណាចជា​ជំហានៗ​មុន​នឹង​ការបោះឆ្នោត​ជាតិ​ឈាន​មក​ដល់។

លោក​អ៊ូ វីរៈ ​បាន​សង្កត់​ធ្ងន់​ក្នុង​ការធ្វើ​ឱ្យ​ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​យោធា ​ប៉ូលិស​និង​តុលាការ​មាន​អព្យាក្រិត​ភាព​ដើម្បី​ធានាបាន​ការផ្ទេរអំណាច​ដោយ​សន្តិវិធី។

«ប្រសិនបើ​ក្នុង​ករណី​យើង​ពង្រឹង​ស្ថាប័ន​ឯករាជ្យ​ជាតិ​ដែល​ខ្ញុំ​ចាត់​ទុក​ថា​ជា​ស្ថាប័ន​ស្នូល​នៃ​ប្រជាធិបតេយ្យ​ហ្នឹង​គឺ​ប្រសិន​ជា​ពួកគាត់​ឯករាជ្យ​ពិតប្រាកដ​ហ្នឹង​គឺ​ខ្ញុំ​មើល​ទៅគឺ​មាន​ទំនុក​ចិត្ត​ទៅលើ​ស្ថិរភាព​នៃ​ប្រទេស​ជាតិ​យើង​និង​ទៅលើ​សន្តិភាព​នៃ​ប្រទេស​ជាតិ​យើង។ ហើយ​ជាទូទៅ​ប្រទេស​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​មាន​ស្ថិរភាព​យូរអង្វែង​ជាងគេ​ហើយ​ការរីកចម្រើនបានរយៈពេល​យូរ​អង្វែង​ជាង​គេ​ផង​ដែរ‍»។​

បច្ចុប្បន្ន​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​គ្រង​លើ​ឃុំ-សង្កាត់​ចំនួន​១.៥៩២​ក្នុង​ចំណោម​ឃុំ-សង្កាត់​ចំនួន​១.៦៤៦​នៅ​ទូទាំង​ប្រទេស៕

XS
SM
MD
LG