ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជន​បក្ស​កាន់​អំណាច ​នឹង​ឈប់​ពី​តំណែង​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ មក​ឈរ​ឈ្មោះ​ជា​មេឃុំ​ ដើម្បី​ជួយ​បក្ស


លោក ម៉ឹង វិសាលសុខ សព្វថ្ងៃ​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុកទឹកផុស បាន​សម្រេច​ឈរ​ឈ្មោះ​តំណែង​មេឃុំ​ក្តុលសែនជ័យ សម្រាប់គណបក្ស​ប្រជាជន​កម្ពុជា។ (ស៊ុន ណារិន/VOA)

ឃុំ​ក្តុលសែនជ័យ ជា​ឃុំ​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​ទើប​តែ​បំបែក​ចេញ​ពី​ឃុំ​មួយ​ផ្សេង​ទៀត។ ឃុំ​នេះ​នឹង​មាន​មេឃុំ​ថ្មី ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។ ដោយ​ចង់​ចូលរួម​អភិវឌ្ឍ​ឃុំ​ដោយ​ផ្ទាល់ និង​ដើម្បី​ជួយ​គណបក្ស​កុំ​ឲ្យ​បាត់បង់​តំណែង​មេឃុំ បេក្ខជន​ម្នាក់​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សម្រេច​ចិត្ត​ឈប់​ពី​តំណែង​ ហើយ​មក​ឈរ​ឈ្មោះ​ជា​បេក្ខជន​មេឃុំ​វិញ​ សម្រាប់​បក្ស​កាន់​អំណាច​នេះ។

លោក ម៉ឹង វិសាលសុខ ដែល​សព្វថ្ងៃ​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ទឹក​ផុស របស់​គណបក្ស​ប្រជាជនកម្ពុជា បាន​សម្រេច​ឈរ​ឈ្មោះ​ សម្រាប់​តំណែង​មេ​ឃុំ​ឲ្យ​គណបក្ស​នេះ​វិញ។ លោក​អះអាង​ថា លោកនឹង​លាឈប់​ពី​សមាជិក​ក្រុមប្រឹក្សា​ស្រុក​នៅ​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ចូលរួម​ប្រកួតប្រជែង​សម្រាប់​តំណែង​មេឃុំ​ក្តុលសែនជ័យ​ក្នុង​ស្រុក​ទឹក​ផុស នៃ​ខេត្ត​កំពង់​ឆ្នាំង​នេះ។

លោក ម៉ឹង វិសាលសុខ ​បាន​លើក​ឡើង​ថា​ការ​សម្រេច​ចិត្ត​នេះ គឺជា​ការ​បើក​ផ្លូវ​ឲ្យ​លោក​អាច​ចូលរួម​ជួយ​ប្រជាពលរដ្ឋ​បាន​ដោយ​ផ្ទាល់ និង​ច្រើន​ជាង​មុន និង​ដើម្បី​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​ថា​អាច​បាត់បង់​តំណែង​មេឃុំ ប្រសិន​បើ​មិន​មាន​បេក្ខភាព​រូប​លោក។

«គំនិត​មួយ​ទៀត ខ្ញុំ​ក៏​ចង់​ជួយ​បក្ស​ខ្ញុំ​ដែរ។ ប្រសិន​បើ​ខ្ញុំ មិន​ឈរ ខ្លាច​ក្រែងលោ​មិន​ជាប់។ ខ្ញុំ​ខ្លាច​បាត់បង់​ហ្នឹង​ហើយ បាន​ខ្ញុំ​មក​ឈរ»។ លោក​បន្ថែម​ថា៖ «ខ្ញុំ​ គឺ​ខ្ញុំ​មាន​គំនិត​មួយ​ថា​បើ​ខ្ញុំ​នៅ​ក្រុមប្រឹក្សា ខ្ញុំ​ជួយ​ប្រជាពលរដ្ឋ​ខ្ញុំ​អត់​បាន​ទេ។ តែ​បើ​ខ្ញុំ​នៅ​ទី​នេះ គឺ​ខ្ញុំ​ពិត​ជា​ជួយ​ប្រជាពលរដ្ឋ​បាន»។

បេក្ខជន​មេឃុំ​រូប​នេះ​ បាន​អះអាង​ទៀត​ថា មេឃុំ​បច្ចុប្បន្ន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​រង​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ ថា​បំពេញ​ការងារ​មិន​ទាន់​បាន​ល្អ ដែល​ជា​ការ​បារម្ភ​របស់​រូប​លោក ​ខ្លាច​គណបក្ស​បាត់បង់​តំណែង​មេឃុំ​នៅ​ពេល​ខាង​មុខ។

« ខ្ញុំ​ឃើញ​ថា​មេឃុំ​មុន​ដឹកនាំ​មិន​សូវ​ល្អ បាន​ខ្ញុំ​ឈរ ហើយ​ខ្ញុំ​ច្រើន​និយាយ​ថា​ប្រសិន​បើ​មេឃុំ​គេ​ដឹកនាំ​ល្អ​ហើយ ខ្ញុំ​មិន​បាច់​ឈរ​ទេ»។

ក្តុលសែនជ័យ​ជា​ឃុំ​ថ្មី​មួយ​ដែល​ទើប​តែ​បំបែក​ចេញ​ពី​ឃុំ​ក្រាំងស្គារ ដោយសារ​ឃុំ​មួយ​នេះ​មាន​វិសាលភាព​ធំ ដែល​តម្រូវ​ឲ្យ​បំបែក​ជា​ពីរ​ឃុំ។

កាល​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១២ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​៦​អាសនៈ ខណៈ​គណបក្ស​ប្រឆាំង​ទទួល​បាន​៣អាសនៈ​នៅ​ក្នុង​ឃុំ​ក្រាំងស្តារ។ គណបក្ស​កាន់អំណាច​ទទួល​បាន​សំឡេង​លើស​គណបក្ស​ប្រឆាំង​ប្រមាណ​១ពាន់​សំឡេង។

នៅ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ ឃុំ​ក្តុលសែនជ័យ មាន​៥អាសនៈ។ គណបក្ស​នយោបាយ​ចំនួន៦ ​នឹង​ចូលរួម​ប្រកួត​ប្រជែង​ ដើម្បី​ដណ្តើម​យក​អាសនៈ​ទាំង​នេះ​ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ។ ប្រជាជន​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ឃុំ​នេះ មាន​ប្រមាណ​៣ពាន់​នាក់ ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង​៥ពាន់​នាក់។

លោក ម៉ឹង វិសាលសុខ ​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​ក្រុមប្រឹក្សា​ស្រុក​ទឹកផុស ចាប់​តាំង​ពី​ឆ្នាំ​២០០៩។ កន្លងទៅ លោក​ធ្លាប់​ផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ ពេល​ពួកគាត់​ជួប​ការ​លំបាក​ក្នុង​នៅ​ក្នុង​ជីវភាព។ លោក​បន្ត​ថា​លោក​ក៏​បាន​ចូលរួម​កសាង​សាលារៀន មន្ទីរ​ពេទ្យ និង​វត្តអារាម ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​រូប​លោក​ជា​បន្ត​បន្ទាប់។

លោក ម៉ឹង វិសាលសុខ មាន​ប្រសាសន៍​ថា​លោក​ចង់​បាន​កិត្តិយស​ នៅ​ពេល​បំពេញ​តួនាទី​ជា​មេ​ឃុំ និង​ប្ដេជ្ញា​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​បម្រើ​ប្រជាពលរដ្ឋ។

«គាត់(ប្រជាពលរដ្ឋ)​ហៅ​ខ្ញុំ​លោក​ប្អូន​ឯង​ហ្នឹង ចង់​ធ្វើ​មេឃុំ ដើម្បី​អី? សួរ​បី​ដង​បាន​ខ្ញុំ​ឆ្លើយ។ ខ្ញុំ​ឆ្លើយ​តែ​មួយ​ម៉ាត់​ទេ គឺ​ខ្ញុំ​ចង់​បាន​កិត្តិយស អញ្ចឹង​លោក​ពូ​វិភាគ​ចុះ»។

បេក្ខជន​មេឃុំ​រូប​នោះ​បានអះអាង​ថា ​នៅ​ពេល​លោក​ក្លាយ​ជា​មេឃុំ ​សេវា​ធ្វើ​អត្រានុកូលដ្ឋាន និង​ឯកសារ​ផ្សេងៗ លោក​នឹង​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ ដោយ​មិន​គិត​ថ្លៃ​នោះ​ទេ។ លោក​បន្ត​ថា​ លោក​នឹង​យក​ប្រាក់​ឧបត្ថម្ភ​របស់​លោក​ ទៅ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ។

លោក​មាន​ប្រសាសន៍​ថា​ភរិយា​របស់​លោក​ជា​អ្នក​រក​ស៊ី​លក់​ឥវ៉ាន់ ដូច្នេះ​ក្រុម​គ្រួសារអាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​របស់​លោក​បាន។

«មុខរបរ​ប្រពន្ធ​ខ្ញុំ​រាល់​ថ្ងៃ មាន​តែ​ឲ្យ​ខ្ញុំ​ចាយ​ថែម​ទៀត ព្រោះ​ឥវ៉ាន់​នេះ​ប្រហែល​ជិត​១០ម៉ឺន(ដុល្លារ)។ អញ្ចឹង​ប្រពន្ធ​ខ្ញុំ ពេល​ដែល​ខ្ញុំ​ថា​អត់​លុយ​ចាក់​សាំង​ទេ ប្រពន្ធ​ខ្ញុំ​ឲ្យ។ យើង​មិន​ដែល​ទៅ​កេង​ប្រវ័ញ្ច​ពី​ប្រជាពលរដ្ឋ​សូម្បី​តែ​១០០​ខ្មែរ។ មាន​តែ​ឲ្យ ខ្ញុំ​មាន​តែ​ជូន​គាត់»។

លោក​បន្ត​ថា​ទន្ទឹម​នឹង​នេះ ​លោក​ក៏​នឹង​ផ្ដោត​លើ​ការ​ស្ថាបនា​ផ្លូវ ប្រព័ន្ធ​ធារាសាស្ត្រ និង​បង្កើត​តំបន់​ទេសចរណ៍​សម្រាប់​ឃុំ​ផង​ដែរ។

ចំណែក​ដៃគូ​ប្រកួត​ប្រជែង​របស់​លោក​គឺ​លោក ឈឿន ឃីម បេក្ខជន​មក​ពី​គណបក្សសង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា ​ប្រជាពលរដ្ឋ​ចង់​បាន​ការ​ផ្លាស់ប្ដូរ​មេឃុំ ស្រប​ពេល​ដែល​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​នឹង​ផ្ដល់​ថវិកា​ប្រមាណ​៥០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍ​ឃុំ។ លោក​បញ្ជាក់​ថា ថវិកា​អភិវឌ្ឍន៍​ឃុំ​ក្នុង​មួយ​ឆ្នាំ នា​ពេល​បច្ចុប្បន្ន មាន​តែ​ជិត​២ម៉ឺនដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។

«៥០ម៉ឺន​ក្នុង​មួយ​ឆ្នាំ យើង​គិត​ទៅ ផ្លូវ​ដែល​ខូចខាត​ក្នុង​ឃុំក្តួល​យើង​ទាំងមូល​នេះ ប្រហែលជា​ខ្ញុំ​ធ្វើ​តែ​មួយ​ឆ្នាំ​ទេ អាច​គ្រប់ ព្រោះ​លុយ​៥០ម៉ឺន​ដុល្លារ​នេះ យើង​គិត​ទៅ​ច្រើន​ណាស់ ព្រោះ​រាល់​ថ្ងៃ​នេះ ឃុំ​៥​កៅអី​ដូច​ខ្ញុំ​នេះ ប្រហែល​ជា​ជាង១​ម៉ឺន​ជិត​២ម៉ឺន​ដុល្លារ អញ្ចឹង​យើង​មិន​អាច​ធ្វើ​គ្រប់គ្រាន់​ទេ»។

លោក ឈឿន ឃីម បេក្ខជន​មក​ពី​គណបក្សសង្រ្គោះជាតិ​ ដែល​នឹង​ចូល​រួមប្រកួតប្រជែង​យក​តំណែង​មេឃុំក្តុលសែនជ័យ នៅពេលខាងមុខនេះ។ (ស៊ុន ណារិន/VOA)
លោក ឈឿន ឃីម បេក្ខជន​មក​ពី​គណបក្សសង្រ្គោះជាតិ​ ដែល​នឹង​ចូល​រួមប្រកួតប្រជែង​យក​តំណែង​មេឃុំក្តុលសែនជ័យ នៅពេលខាងមុខនេះ។ (ស៊ុន ណារិន/VOA)

លោក​បញ្ជាក់​បន្ថែម​ថា ​លោក​នឹង​ធ្វើ​ជា​មេឃុំ​ម្នាក់​ ដែល​មិន​ប្រព្រឹត្ត​អំពើពុករលួយ និង​យក​ប្រជាពលរដ្ឋ​ជា​ធំ។

«ចំពោះ​បេក្ខជន​ដែល​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​ខ្ញុំ មក​ពី​ខាង​គណបក្សប្រជាជន និយាយ​រួម​គេ​មាន​ធនធាន​ច្រើន​ជាង​ខ្ញុំ ហើយ​អំណាច​គេ​គ្រប់គ្រង​រាល់​ថ្ងៃ​គាត់​ជា​ក្រុមប្រឹក្សា​ស្រុក​ហ្នឹង ខ្ញុំ​ក៏​អត់​ព្រួយ​បារម្ភ​អី​ដែរ ដោយសារ​ខ្ញុំ​មាន​ឆន្ទៈ​មួយ មាន​បំណង​បម្រើ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ។ ប្រសិន​បើ​ខ្ញុំ​ជាប់​ជា​មេឃុំ ខ្ញុំ​អត់​យក​លុយ​យក​កាក់ អត់​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទេ»។

បេក្ខជន​មេឃុំ​រូប​នោះ​បាន​បញ្ជាក់​ថា​ប្រសិន​បើ​លោក​មាន​ឱកាស​ឈ្នះ​ការ​បោះឆ្នោត​ លោក​នឹង​យក​ចិត្តទុក​ដាក់​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ជូន​ប្រជាពលរដ្ឋ ផ្ដោត​លើ​វិស័យ​សុខាភិបាល ការ​ការពារ​ធនធាន​ធម្មជាតិ និង​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។

ស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក្នុងឃុំក្តុលសែនជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ (ស៊ុន ណារិន/VOA)
ស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក្នុងឃុំក្តុលសែនជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ (ស៊ុន ណារិន/VOA)

អ្នកនាង អោម ស៊ីណា អាយុ២៨ឆ្នាំ លក់​ចំណី​អាហារ​ និង​ភេសជ្ជៈ​តិច​តួច​នៅ​តាម​ផ្លូវ នៅ​ចម្ងាយ​ប្រមាណ​៣០ម៉ែត្រ​ពី​ផ្ទះ​បេក្ខជន​មេឃុំ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា ​នាង​បាន​សម្រេច​ចិត្ត​រួច​ហើយ​ក្នុង​ការ​ជ្រើសរើស​មេឃុំ​នៅ​ពេល​ខាងមុខ។​ នាង​បញ្ជាក់​ថា​នាង​ស្គាល់​បេក្ខជន​មេឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែ​មិន​ដែល​ស្គាល់​បេក្ខជន​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា អ្នកនាង​បាន​បញ្ជាក់​ថា​នាង​ចង់​បាន​ការ​ផ្លាស់ប្ដូរ​មេឃុំ។

«ឃុំ​នេះ​ភាគ​ច្រើន​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ។ ចិត្ត​យើង​អត់​ទៅ​ហ្នឹង​គេ ក៏​គេ​ទៅ​ដែរ។ ចង់​ផ្លាស់​យូរ​ណាស់ តែ​ទៅ​វា​មិន​រួច តែ​នឹង​ខំ​ទៅ​ទៀត»។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ដែល​រស់​នៅ​ចម្ងាយ​ប្រមាណ​៥០ម៉ែត្រ​ពី​ផ្ទះ​បេក្ខជន​មេឃុំ​បក្ស​ប្រជាជន​កម្ពុជា​គឺ​លោកស្រី ឡូត នឿយ អាយុ៦៥ឆ្នាំ មាន​ប្រសាសន៍​ថា​លោកស្រី​នឹង​បោះឆ្នោត​គាំទ្រ​គណបក្ស​កាន់អំណាច ដោយសារ​លោកស្រី​មើល​ឃើញ​ថា​បេក្ខជន​ឈរ​ឈ្មោះ​នោះ​ បាន​ជួយ​ប្រជាពលរដ្ឋ​ និង​លោក​ស្រី ផង​ដែរ។

«ជូន​គាត់​ហ្នឹង​ហើយ គាត់​ធ្វើ​ការ​ល្អ ដូច​ថា​គាត់​ចេះ​ជួយ​ប្រជាជន​ អ្នក​អត់។ នឹក​ឃើញ​ថា គាត់​ក៏​ជួយ​ប្រជាជន​ដែរ។ដូច​ថា​ប្រជាជន​ខ្វះខាត​អី គាត់​ក៏​ជួយ​ប្រជាជន​ដែរ​ណា ម្ល៉ោះហើយ​ត្រូវតែ​ជ្រើស​រើស​គាត់»។

ចំណែក​ក្នុង​តំបន់​ដាច់ស្រយាល​ក្បែរ​ផ្ទះ​បេក្ខជន​មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ប្រជាជន​ទំនង​ជា​គាំទ្រ​បេក្ខជន​មេឃុំ​មក​ពី​គណបក្សប្រឆាំង ឲ្យ​ក្លាយ​ជា​មេឃុំ​ក្តុលសែនជ័យ។

អ្នកស្រី ថៃ ចាន់នី អាយុ៣៧ឆ្នាំ រស់នៅ​ក្បែរ​ផ្ទះ​បេក្ខជន​មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា​អ្នកស្រី​នឹង​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ។ អ្នកស្រី​បន្ត​ថា​អ្នកស្រី​ចង់​ឲ្យ​មេឃុំ​ថ្មី​ស្ថាបនា​ផ្លូវ​នៅ​តំបន់​របស់​អ្នកស្រី​កំពុង​រស់​នៅ។

«អ៊ំ​ឃីម(បេក្ខជន​មេ​ឃុំ​មកពី​បក្ស​សង្រ្គោះ​ជាតិ)ហ្នឹង ខ្ញុំ​ដឹង​ថា​គាត់​មនុស្ស​ល្អ ប្រជាពលរដ្ឋ​ធ្វើ​អី រក​អី គឺ​គាត់​មិន​ដែល​ចេះ​បៀតបៀន​អ្នកណា​ទេ។ ខ្ញុំ​នឹង​ប្រាកដ​ថា​បោះ​ឆ្នោត​ឲ្យ​គាត់»។

រីឯ​លោក ឈិន សាវុធ អាយុ៤៥ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ដំណាក់ខ្លុង​ មាន​ប្រសាសន៍​ថា ​លោក​ចង់​ឲ្យ​មេឃុំ​ថ្មី ​រៀបចំ​ផ្លូវ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ។ លោក​បាន​រិះគន់​មេឃុំ​បច្ចុប្បន្ន​ថា ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រជាពលរដ្ឋ​នោះ​ទេ។ ​

«ឲ្យ​មេឃុំ​អាណត្តិ​ក្រោយ​ហ្នឹង ត្រូវ​យល់​ពី​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ។ ដូច​គាត់​មិន​សូវ​គិតគូរ​ប្រជាពលរដ្ឋ ពេល​ប្រជាពលរដ្ឋ មាន​ការងារ​ មាន​រវល់​គាត់ ជួន​គាត់​ទៅ គាត់​ដូច​ជា​ព្រងើយកន្តើយ។អញ្ចឹង​ទៅ ជួន​គាត់​ទៅ​គាត់​ថា​រវល់​ថ្ងៃ​នេះ ថ្ងៃ​នោះ រឿង​នេះ​ត្រូវ​តែ​ផ្លាស់ប្ដូរ ចង់​ដឹង​មេឃុំ​ថ្មី​វា​យ៉ាង​ម៉េច»។

មេឃុំ​ក្រាំងស្គារ ​លោក គង់ សំអ៊ីម មាន​ប្រសាសន៍​ថា​ តំបន់​ដែល​លោក​គ្រប់គ្រង​កាល​មិន​ទាន់​បំបែក​ឃុំ ​មាន​ទំហំ​ធំ ដែល​ធ្វើ​ឲ្យ​លោក​ពិបាក​នឹង​គ្រប់គ្រង​ឲ្យ​បាន​អស់។​ លោក​បន្ត​ថា​ការ​ដឹកនាំ​តែង​តែ​មាន​ល្អ​ និង​អាក្រក់​នៅ​ជាមួយ​គ្នា។

«យើង​មិន​មែន​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​ហ្មង​ទេ មានការ​ខ្វះ​ខាត​ខ្លះ​ហើយ»។

ឆ្លើយ​តប​នឹង​ការ​រិះគន់​របស់​ប្រជាពលរដ្ឋ​ថា​មិន​មាន​ការ​ស្ថាបនា​ផ្លូវ​នៅ​ភូមិ​ដំណាក់​ខ្លុង មេឃុំ​រូប​នោះ​មាន​ប្រសាសន៍​ថា​ឃុំ​មិន​មាន​ថវិកា​គ្រប់គ្រាន់ ដើម្បី​កសាង​ផ្លូវ​ឲ្យ​បាន​អស់​នោះ​ទេ ហើយ​ឃុំ​ត្រូវ​សម្រេចចិត្ត​សាងសង់ ​ផ្លូវ​អាទិភាព​នៅ​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​កំពង់ឆ្នាំង លោក ង៉ោ គឹមជាង បាន​ថ្លែង​ថា​គណបក្ស​ប្រឆាំង​សង្ឃឹម​ថា​នឹង​ទទួល​បាន​៣០​ទៅ​៤០​មេ​ឃុំ ក្នុង​ចំណោម​៧០​ឃុំ សម្រាប់​ខេត្ត​កំពង់ឆ្នាំង។

ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២ ​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន រហូតដល់៨.២៩២​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​១១.៤៥៩ និង​ទទួល​បាន​តំណែង​មេឃុំ​-ចៅ​សង្កាត់​ចំនួន​១.៥៩២​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង​១.៦៣៣។

គណបក្ស ​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​សរុប​ចំនួន​២.៩៥៥ ​និង​តំណែង​មេឃុំ​ចៅ​សង្កាត់​តែ​ចំនួន​៤០​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា បេក្ខជន​ប្រកួតប្រជែង​យក​តំណែង​មេឃុំ​ក្តុលសែនជ័យ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ សុទ្ធ​តែ​បង្ហាញ​ក្តី​សង្ឃឹម​ដូចគ្នា​ថា​ពួកគេ​នឹង​ឈ្នះ​តំណែង​មេឃុំ​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ខាង​មុខ​នេះ៕

XS
SM
MD
LG