ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បាក់តេរី​ធម្មតា​ប្រហែល​ជា​អាច​ជួយ​ទប់ស្កាត់​សត្វល្អិត​ដែល​ផ្ទុក​មេរោគ

  • Jessica Berman

សត្វ​មូស​ Aedes aegypti ដែល​មាន​ផ្ទុក​មេរោគ​ហ្ស៊ីកាត្រូវ​បាន​គេ​ថត​តាម​រយៈ មីក្រូទស្សន៍នៅក្នុ​ង​វិទ្យាស្ថាន Fiocruz ក្នុង​ទីក្រុង Recife ប្រទេស​ប្រេស៊ីលកាល​ពី​ថ្ងៃទី​១៦ មករា ២០១៦។

សត្វ​មូស​ Aedes aegypti ដែល​មាន​ផ្ទុក​មេរោគ​ហ្ស៊ីកាត្រូវ​បាន​គេ​ថត​តាម​រយៈ មីក្រូទស្សន៍នៅក្នុ​ង​វិទ្យាស្ថាន Fiocruz ក្នុង​ទីក្រុង Recife ប្រទេស​ប្រេស៊ីលកាល​ពី​ថ្ងៃទី​១៦ មករា ២០១៦។

តាមរយៈ​ការ​ប្រើ​បាក់តេរី​ធម្មតា​ អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​វិធីសាស្រ្ត​ដើម្បី​សម្លាប់​មេរោគ​ដែល​មាន​នៅក្នុង​សត្វ​មូស។​ ការរកឃើញ​នេះ​ អាច​បង្កើត​លទ្ធភាពក្នុង​ការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ហ្ស៊ីកា​និង​ជំងឺ​គ្រុនឈាមបាន។ ​​​​

បាក់តេរី​ឈ្មោះ​ Wolbachia គឺ​ជា​ប្រភេទ​បាក់តេរី​ធម្មតា​ដែល​មាន​សមត្ថភាព​ចម្លង​មេរោគ​ទៅកាន់​ប្រភេទ​សត្វល្អិតក្នុង​ពិភពលោកនេះបាន​ជាង​៧០​ភាគ​រយ​។​

បាក់តេរី​នេះ​ បាន​វិវត្ត​ជា​ទម្រង់​ខុស​ៗ​គ្នា​។​ សត្វ​ល្អិត​មួយ​ចំនួនក៏​ត្រូវ​ពឹង​បាក់តេរី​នេះ​ដើម្បី​រស់​ផងដែរ​ ប៉ុន្តែ​សម្រាប់​សត្វល្អិតមួយ​ចំនួន​ផ្សេង​ទៀត​ បាក់តេរី​នេះ​មាន​តួ​នាទី​ ជា​ប៉ារ៉ាស៊ីតនិង​អាច​រំខាន​ក្នុង​ការ​បន្តពូជ​ទៅវិញ​។​

ក្រុម​អ្នក​ជំនាញបានថ្លែងថា អ្វីដែល​គួរឲ្យ​សោកស្តាយ​នោះ​ គឺ​ថាបាក់តេរី​នេះ​មិន​អាច​ឆ្លងចូល​ទៅក្នុងខ្លួនសត្វ​មូស​ជាច្រើន​ដែល​មាន​ផ្ទុក​មេរោគ​ឡើយ​ ​។

ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​អាច​នឹង​រក​ឃើញ​វិធី​ដើម្បី​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​បាក់តេរី​Wolbachia ទៅលើ​សត្វ​មូស​ដែល​មាន​ផ្ទុក​ជំងឺ​គ្រុន​ឈាម​និង​ហ្ស៊ីកា។​

លោក John Bechmann អ្នក​ជំនាញ​ខាង​សត្វ​លិ្អត​ ​នៅ​សាកល​វិទ្យាល័យ Yale​ ក្នុង​រដ្ឋ​ Connecticut​បាន​និយាយ​ថា​៖ ​

«​បញ្ហា​ម្យ៉ាង​របស់​បាក់តេរី​ Wolbachia នោះ​ គឺ​គ្រប់​ប្រភេទ​សត្វល្អិត​ដែល​ច្បាស់ថា​មាន​ទំនាក់​ទំនង​បែប​វេជ្ជសាស្រ្ត​ជា​មួយ​នឹង​វានោះ​ គឺ​សត្វល្អិត​ទាំងនោះ​មិន​អាចឆ្លង​បាក់តេរី​ Wolbachia ចូលក្នុង​ខ្លួន​ពួកវា​ដោយ​ខ្លួនឯង​នោះ​ទេ។​ ដូច្នេះ​វា​ជា​ហេតុ​ផល​ដែល​បញ្ជាក់ថា​វាជា​ការ​រក​ឃើញ​ដ៏​សំខាន់​។ អ្វី​ដែល​បាន​ដាក់​កំហិត​លើ​ការ​សិក្សា​នេះ​គឺ​មនុស្ស​បាន​ព្យាយាម​បង្កើត​ការ​ចម្លង​ក្លែងក្លាយ​និង​ការចម្លង​មិនមែន​ជា​លក្ខណៈ​ធម្មជាតិ​។ ឥឡូវនេះ ​យើង​មិន​ចាំ​បាច់​ធ្វើ​បែប​នោះ​ទៀត​ទេ។ យើង​គ្រាន់​តែ​ត្រូវ​ដាក់​ហ្សែន​ចូល​ប៉ុណ្ណោះ​»។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ Yale និង​ សាកល​វិទ្យាល័យ ​Vanderbilt ក្នុងរដ្ឋ​ Tennessee បាន​រក​ឃើញ​ហ្សែន​ពីរ​ក្នុង​បាក់តេរី Wolbachia ដែល​អាច​សម្លាប់​មេរោគ​គ្រុន​ឈាម​និង​ហ្ស៊ីកា​ក្នុង​ប្រភេទ​សត្វ​មូស Aedes egypti។​

ការ​ធ្វើពិសោធ​នានា​កន្លង​ទៅ​ជាមួយ​នឹង​សត្វមមុង​រុំ​ផ្លែ​ឈើ​ បានទទួលជោគជ័យ​ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​មាន​សុទិដ្ឋិនិយម​ថា​វា​នឹងមាន​ប្រសិទ្ធិ​ភាព​ជាមួយ​សត្វ​មូសដែរ​។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​រៀបរាប់ពី​ភាព​ជោគជ័យ​តាមរយៈ​វិធីសាស្រ្តពីរ​យ៉ាង​ក្នុង​ការ​បញ្ឈប់​ការ​រាតត្បាត​របស់​ជំងឺ​គ្រុន​ឈាម​និង​ហ្ស៊ីកា។​

វិធី​សាស្រ្ត​ទី​មួយ​ គឺ​បង្កើត​សត្វ​មូស​ឈ្មោល​ដែល​មាន​ផ្ទុក​បាក់តេរី Wolbachia​ ឲ្យបាន​ច្រើន​នៅ​ក្នុង​បរិយាកាស។ នៅពេល​សត្វ​មូស​ឈ្មោល​ដែល​មានផ្ទុក​បាក់​តេរី​Wolbachia បង្កាត់​ពូជ​ជាមួយ​សត្វមូស​ញី​ ​ បាក់តេរី​ Wolbachia នឹង​សម្លាប់​ពង​មូស​របស់​សត្វមូស​ញី។

វិធីសាស្ត្រមួយ​ផ្សេង​ទៀត​នោះ ​គឺ​បញ្ជូល​ចំនួន​សត្វមូស​ញី​និង​ឈ្មោល​ ដែល​មាន​ផ្ទុក​បាក់​តេរី​ Wolbachia ចូល​ទៅក្នុង​បណ្តា​ហ្វូង​មូស​ផ្សេងទៀត​។ រយៈ​កាល​បន្ទាប់នោះ​ ក្រុម​សត្វមូស​ដែល​មានផ្ទុក​បាក់តេរី​ Wolbachia នឹង​សម្លាប់មេរោគ​ហ្ស៊ីកា​និង​ជំងឺ​គ្រុនឈាម​ក្នុង​សត្វមូស​ផ្សេងៗទៀត។

ទស្សនាវដ្តី​ធម្មជាតិ ​និងទស្សនាវដ្តី​អតិសុខុម​ជីវសាស្ត្រ​ធម្មជាតិ(Nature and Nature Microbiology) ក៏​បាន​ចុះផ្សាយ​អត្ថបទ​ចំនួន២​ ដែល​និយាយ​អំពី​ការ​រក​ឃើញ​ហ្សែន​របស់​បាក់តេរី​ Wolbachia ផងដែរ​។

លោក​ Bechmann និយាយ​ថា​នៅ​ថ្ងៃណា​មួយ ការ​ទប់ស្កាត់​មេរោគ​ផ្សេងៗ​ទៀតនឹងមាន​លក្ខណៈ​ងាយ​ស្រួល​ដូច​ជា​ការ​បង្កាត់​ពូជ​មូស​ផ្ទុក​បាក់តេរី​ Wolbachia នៅ​ក្នុង​ទ្រុង រួច​ហើយ​លែង​ពួកវា​ទៅ​ក្នុងព្រៃ​។

«អ្វី​ដែល​តែង​តែ​ជា​បញ្ហា​នោះ​គឺការ​រក​ឲ្យ​ឃើញ​ថា​តើ​ប្រព័ន្ធ​អ្វី​ដែល​ដំណើរ​ការ​បាន​ជាមួយ​សត្វ​មូស​ហើយការរកឃើញនេះនឹងក្លាយជា​វិធីសាស្រ្ត​ដ៏​ប្រសើរ​មួយ​»។​
លោក​និ​យាយ​ថា​បច្ចេក​វិទ្យា​ក៏​មាន​សក្តានុពល​ក្នុងការ​ប្រយុទ្ធ​នឹង​សត្វ​មូស​ឈ្មោះ Anopheles gambiae ដែល​មាន​ផ្ទុក​ជំងឺ​គ្រុន​ចាញ់ផងដែរ។​

លោក​ Bechmann និង​អ្នក​រួម​ការងារ​ កំពុងព្យាយាម​ស្នើ​សុំ​មូល​និធិ​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​អំពីសត្វ​មូស។

ដោយសារ​តែ​សត្វមូស​មាន​ការ​បំលែង​តាមលក្ខណៈ​ហ្សេនេទិក​នោះ​ លោក​ Bechmann និយាយ​ថា​ក្តី​បារម្ភ​ដ៏​ធំមួយ​របស់​លោក ​គឺ​ការ​ជម្នះ​ឧបសគ្គ​តូចតាច​មួយចំនួន​ក្នុង​ការធ្វើ​យ៉ាងណា​អាចលែង​សត្វមូស​ប្រភេទថ្មី​ និង​គ្មាន​ផ្ទុក​មេរោគ​៕

ប្រែសម្រួល​ដោយ ទុំ​ ម្លិះ

XS
SM
MD
LG