\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋសភា​កូឡុំប៊ី​បាន​អនុម័ត​គាំទ្រ​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល និង​ក្រុម​ពួក​ឧទ្ទាម


លោក Alvaro Uribe អតីត​ប្រធានាធិបតី​និយាយ​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី Juan Manuel Santos អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ថ្មី​មួយ​ជាមួយ​នឹង​ក្រុម FARC កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Alvaro Uribe អតីត​ប្រធានាធិបតី​និយាយ​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី Juan Manuel Santos អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ថ្មី​មួយ​ជាមួយ​នឹង​ក្រុម FARC កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។

សភា​កូឡុំប៊ី កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល និង​ក្រុម​ពួក​ឧទ្ទាម ដើម្បី​បញ្ចប់​សង្គ្រាម​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាង ៥០ ឆ្នាំ កន្លង​មក។

រដ្ឋសភា​បាន​បោះ​ឆ្នោត​អនុម័ត​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ បន្ទាប់ពី​ព្រឹទ្ធសភា​បាន​បោះ​ឆ្នោត​គាំទ្រ​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ។

សមាជិក​សភា​មកពី​គណបក្ស​របស់​លោក​អតីត​ប្រធានាធិបតី Alvaro Uribe បាន​ដើរ​ចេញ ដើម្បី​ជា​ការ​ប្រឆាំង​ចំពោះ​ការ​គាំទ្រ​នេះ ទាំង​នៅ​ក្នុង​រដ្ឋសភា ក៏​ដូច​ជា​នៅ​ក្នុង​ព្រឹទ្ធ​សភា។ លោក​បាន​រិះគន់​កិច្ច​ព្រមព្រៀង​សន្តិភាព​ថា​មាន​ការ​អត់​ឱន​ពេក​ដល់​សមាជិក​ក្រុម​ពួក​ឧទ្ទាម ជា​ពិសេស​គឺ​មេដឹកនាំ​របស់​ក្រុមនេះ និង​បាន​រិះគន់​ថា កិច្ច​ព្រមព្រៀង​នេះ​មិន​បាន​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ប្រជាមតិ។

កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ ដែល​មិន​ទាន់​បាន​កែប្រែ​ចំណុច​មួយ​ចំនួន ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​បដិសេធ នៅ​ក្នុង​ការ​ធ្វើ​ប្រជា​មតិ​ថ្នាក់​ជាតិ​កាល​ពី​លើក​មុន។

កន្លង​មក លោក Humberto de la Calle ដែល​ជា​ប្រធាន​ចរចា​ខាង​រដ្ឋាភិបាល បាន​និយាយ​ថា ស្ថានភាព​សន្តិភាព​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស​កូឡុំប៊ី គឺ​មាន​ភាព​ផុយ​ស្រួយ​មែនទែន។ លោក​ក៏​បាន​ជំរុញ​ឲ្យ​សមាជិក​សភា​នានា​គាំទ្រ​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ ដោយ​បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កូឡុំប៊ី។

ការ​ចរចា​សន្តិភាព​នេះ​បាន​អូស​បន្លាយ​រយៈពេល ៤ ឆ្នាំ ដែល​នេះ​ជា​កិច្ច​ប្រឹងប្រែង​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ក្នុង​ប្រទេស ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​ជាង ២ សែន ២ ម៉ឺន​នាក់ បាត់​បង់​ជីវិត និង​មនុស្ស​ជា​ច្រើន​លាន​នាក់​ផ្សេង​ទៀត​គេច​ចេញ​ពី​ផ្ទះ​សម្បែង៕

XS
SM
MD
LG