ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ជំទាស់​គ្រោង​ជ្រើសរើស​អនុប្រធាន​បក្ស​ជាថ្មី​ ក្រោយ​ការ​រង​សម្ពាធ


រូបឯកសារ៖ តំណាងរាស្រ្តគណបក្សប្រឆាំងបក្សសង្រ្គោះជាតិលោកយឹម សុវណ្ណ ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជួបជាមួយមន្ត្រី គ.ជ.ប នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

បន្ទាប់​ពី​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បដិសេធ​បេក្ខជន​អនុប្រធាន​បក្ស​ចំនួន​២​លើក​រួច​មក គណបក្ស​សង្គ្រោះ​ជាតិ ​គ្រោង​នឹង​រៀបចំ​ប្រជុំ ​ដើម្បី​ជ្រើសរើស​អនុប្រធាន​ជា​ថ្មី​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។ មន្ត្រី​គណបក្ស​ជំទាស់​ឱ្យ​ដឹង​ថា ការ​ជ្រើសរើស​នេះ​គឺ​គ្រាន់​ចង់ធ្វើ​ឱ្យ​ស្រប​តាមច្បាប់ និង​លក្ខន្តិកៈ​របស់​គណបក្ស​ប៉ុណ្ណោះ ពោល​គឺ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​បេក្ខជន​អនុប្រធាន​គណបក្ស​នោះ​ទេ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឱ្យ​ដឹង​ថា គណបក្ស​ខ្លួន​នឹង​ប្រជុំ​ជ្រើសរើស​អនុប្រធាន​គណបក្ស​សារ​ជាថ្មីនៅ​ថ្ងៃ​ពុធ​ខាង​មុខ ក្រោយពី​មាន​ការ​ព្រមាន​ពី​ក្រសួង​មហាផ្ទៃ។ ​នេះ​ជា​ការ​ជ្រើសរើស​លើក​ទី​៣ហើយ បន្ទាប់​ពី​ការ​ជ្រើសរើស​២​លើក​កន្លង​មក​ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់ VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ខាងមុខ​ គណៈកម្មការ​នាយក​របស់​គណបក្ស​ជំទាស់​នេះ នឹង​ប្រជុំ​ដើម្បី​ជ្រើសរើស​អនុប្រធាន​ជាថ្មី​ចំនួន​៣រូប ឱ្យ​ស្រប​តាម​លក្ខន្តិកៈ​ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។

លោក​បន្ត​ថា កិច្ច​ប្រជុំ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​លោក កឹម សុខា ប្រធាន​គណបក្ស ដែល​នឹង​ត្រឡប់​មក​ពី​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា៖

«ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧ គណៈកម្មការ​នាយក​គណបក្ស​ ប្រជុំ​នៅ​ស្នាក់​ការ​កណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​១៧​ហ្នឹង ដើម្បី​រើស​អនុប្រធាន​គណបក្ស ហើយ​បេក្ខជន​នោះ​នៅ​ដដែល​ទេ គឺ​បេក្ខជន​ដែល​ជា​អនុប្រធាន​គណបក្ស​ពី​មុន​មក​បាទ»។

កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​ ធ្លាប់​បាន​ជ្រើសរើស​អនុប្រធាន​គណបក្ស​ចំនួន​២​លើក​មក​ហើយ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា ការ​ជ្រើសរើស​អនុប្រធាន​បក្ស​ទាំង​២​លើក​នោះ ធ្វើ​ឡើង​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួន​ឯង។ អនុប្រធាន​ទាំង​៣​រូប​រួម​មាន​លោកស្រី មូរ សុខហួរ ​លោក អេង ឆៃអ៊ាង និង​លោក ប៉ុល ហំម ដែល​បច្ចុប្បន្ន​បំពេញ​នាទី​ជា​ប្រធាន​ស្ដី​ទី ខណៈ​ពេល​ដែល​លោក​ កឹម សុខា កំពុង​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស។

ក្នុង​កិច្ច​ប្រឹងប្រែង​ធ្វើ​ឱ្យ​ការ​ជ្រើសរើស​អនុប្រធាន​បក្សមាន​ភាព​ស្រប​ច្បាប់​នោះ គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​បាន​ធ្វើ​ការ​កែប្រែ​លក្ខន្តិកៈ​របស់​ខ្លួន​ចំនួន​២​លើក​ផង​ដែរ។

រូបឯកសារ៖ លោកស្រីតំណាងរាស្ត្រ ជូឡុង ស៊ូម៉ូរ៉ា ជជែកជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អំឡុងពេលចូលរួមសមាជគណបក្ស កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោកស្រីតំណាងរាស្ត្រ ជូឡុង ស៊ូម៉ូរ៉ា ជជែកជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អំឡុងពេលចូលរួមសមាជគណបក្ស កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៧ ក្រសួង​មហាផ្ទៃ​បាន​ទទួលស្គាល់​ការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​លើក​ចុងក្រោយ​របស់​គណបក្ស​ជំទាស់ ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​អនុប្រធាន​នេះ។ លក្ខន្តិកៈ​ថ្មីនេះ​ពុំ​មាន​កំណត់​រយៈ​ពេល​៣០​ថ្ងៃ​សម្រាប់​ការ​ជ្រើសរើស​អនុប្រធាន​ដូច​លក្ខន្តិកៈ​ចាស់​នោះ​ទេ។ ការ​កំណត់​រយៈពេល​៣០​ថ្ងៃ​នេះ​ ជា​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​បដិសេធ​ពី​ក្រសួង​នា​ពេល​កន្លងមក។

លោក យឹម សុវណ្ណ ​នៃ​គណបក្ស​ជំទាស់​បង្ហាញ​ពី​ការ​ជឿជាក់​ថា ការ​ជ្រើសរើស​អនុប្រធាន​គណបក្ស​លើក​ទី៣នេះ​ នឹង​មិន​មាន​បញ្ហា​ទៀត​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ធ្វើ​ទៅ​តាម​លក្ខន្តិកៈ​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ​ហើយ ដូច្នេះ​មិន​មាន​បញ្ហា​អី​ទេ»។

ដោយ​ឡែក លោក មាស នី អ្នក​ស្រាវជ្រាវ ​និង​ជា​អ្នក​វិភាគ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ កំពុង​ព្យាយាម​ដាក់​គំនាប​លើ​គណបក្ស​ជំទាស់​ដ៏​មាន​ឥទ្ធិពល​នេះ ​ដោយ​យក​រឿង​ផ្ទៃ​ក្នុង​របស់​គណបក្ស​មក​ធ្វើ​ជា​បញ្ហា។

លោក​បន្ត​ថា ការ​ជ្រើសរើស​អនុប្រធាន​គណបក្ស​ជាថ្មី​តាម​ការ​ទាមទារ​របស់​ក្រសួង​មហាផ្ទៃ​ គ្រាន់​តែ​ជា​ «​ការ​ធ្វើ​បង្គ្រប់​កិច្ច» និង​ពុំ​មាន​អ្វី​ខាតបង់​នោះ​ទេ។ លោក​បន្ថែម​ថា វា​ក៏​អាច​ជួយ​សម្រួល​ស្ថានការណ៍​មុន​ការ​បោះឆ្នោត​ ចៀសវាង​កុំ​ឱ្យ​មាន​ភាព​តានតឹង​ផង​ដែរ។

«បើ​សិន​ជា​យើង​កុំ​មាន​ការ​គុំកួន​គ្នា ជា​បុគ្គល​ជា​អី ខ្ញុំ​គិត​ថា ជួនកាល​ពេល​ខ្លះ គេ​បិទ​ភ្នែក។ ប៉ុន្តែ​ដោយសារ​យើង​វា​មិន​សូវ​ត្រូវ​គ្នា ដល់​ចឹង​រឿង​តូចៗ​គេ​ចាប់​យក​មក​ដាក់​ធ្វើ​ឱ្យ​ធំ​បាន»។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ លោក មាស នី លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួន​ឯង ​ក៏​មាន​ចំណែក​ខុស​ផង​ដែរ ដោយសារ​ការ​ជ្រើសរើស​អនុប្រធាន​នា​ពេល​កន្លង​មក​ មិន​បាន​គោរព​តាម​លក្ខន្តិកៈ​របស់​គណបក្ស។

VOA មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ទេ​ថ្ងៃ​ចន្ទ​នេះ។

តែ​ទោះ​យ៉ាង​ណា កន្លង​ទៅ​ក្រសួង​មហាផ្ទៃ​តែង​អះអាង​ថា បញ្ហា​មិន​ទទួល​ស្គាល់​អនុប្រធាន​គណបក្ស​ប្រឆាំង​ គឺជា​រឿង​ច្បាប់​សុទ្ធសាធ គឺ​មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ។

​ប្រទេស​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ​ខាង​មុខ​នេះ។ គណបក្ស​នយោបាយ​ចំនួន​១២ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួតប្រជែង ដើម្បី​ដណ្ដើម​តំណែង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​១១៥៧២​ នៅ​ទូទាំង​១៦៤៦ ឃុំ​សង្កាត់​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG