ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ប្រឆាំង​​ស្វែងរក​ដំណោះ​ស្រាយ​​ពី​គ.ជ.ប​ទាក់ទង​នឹង​ការ​ឃោសនា​បោះឆ្នោត


រូបឯកសារ៖ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​កាន់​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​សួន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅខែកក្កដា ​ឆ្នាំ២០១៣។

គណបក្ស​សង្គ្រោះ​ជាតិស្នើ​ឲ្យគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ​ដោះ​ស្រាយ​បញ្ហា​ធំៗ​ដែល​គណបក្ស​ខ្លួន​កំពុង​បារម្ភ​ ​ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ។​ ​ការ​ស្នើ​នេះ​ត្រូវ​បាន​ ​គ.ជ.ប​ ​លើក​ឡើងថា​នឹង​យក​ទៅ​ពិភាក្សានិង​ឆ្លើយ​តប​នា​ពេល​ក្រោយ។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ជាមួយ​តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​ដើម្បី​ពិភាក្សា​ ​និង​ស្នើ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ចំពោះ​ការ​ហាម​ប្រាម​ការ​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ ​ការ​លើក​ស្លាក​គណបក្ស​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ​ការ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ទទួល​បាន​អត្ត​សញ្ញាណ​ប័ណ្ណ​ ​និង​ការ​ទាមទារ​ភាព​ស្មើគ្នា​ចំពោះ​ការ​ផ្សាយ​ពី​គណបក្ស​នៅ​តាម​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។

លោក​ យឹម សុវណ្ណ​ អ្នក​តំណាងរាស្រ្ត​ ​និង​ជា​អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើ​ថា ​ការ​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​ ​និង​ឃោសនា​បោះ​ឆ្នោត​នៅ​តាម​តំបន់​សំខាន់ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​បាត់បង់​សិទ្ធិ​ក្នុង​ការ​ទទួល​បានព័ត៌មាន។ ​អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា​ សាលា​រាជធានី​ភ្នំពេញ​ត្រូវ​កំណត់​ ​ឲ្យ​បាន​ច្បាស់​ពាក់ព័ន្ធ​នឹង​ចំនួន​មនុស្ស​ ​និង​យាន​ជំនិះ​ក្នុង​ការ​ចូលរួម​ជួបជុំ​និង​ហែ​ក្បួន​ ការ​បិទ​បដា​ ការ​ចែក​ខិត្តប័ណ្ណ​ ​និង​ការ​ចាក់​មេក្រូផ្សេងៗ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ ​ជៀស​វាង​ការ​ចោទ​ប្រកាន់​គណបក្ស​ប្រឆាំង​ថា​ធ្វើ​មិន​ត្រឹម​ត្រូវ​តាម​គោលការណ៍​កំណត់។

លោក យឹម សុវណ្ណ តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ជាមួយ​តំណាង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)
លោក យឹម សុវណ្ណ តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ជាមួយ​តំណាង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)

លោក យឹម សុវណ្ណ ​បញ្ជាក់​ថា៖​

​«ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ហ្នឹង​ច្រើន​ ហើយ​គាត់​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ទទួលបានព័ត៌មាន​ពី​គណបក្ស​នយោបាយ​ដែរ​ ​ដូច្នេះ​គួរ​តែ​បើក​ឲ្យ​ទូលាយ។​ ​ហើយ​យើង​រៀបចំ​សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​រៀប​ចំ​សណ្តាប់ធ្នាប់​កុំ​ឲ្យ​មាន​ការ​ស្ទះ​ ​ឬ​មួយ​ក៏​កក​ ឬ​ក៏​ប៉ះ​ពាល់​ដោយ​ប្រការ​ណាមួយ​ គឺ​យើង​សហការ​ជានិច្ច​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។​ ហើយ​កន្លង​មក​ហ្នឹង​យើង​បាន​ធ្វើ​ការ​ឃោសនា​តាំង​ពី​ឆ្នាំ​៩៨​មក ដូច​មិន​ដែល​មាន​បញ្ហា​អី​ទេ»។

កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​ជូន​ដំណឹង​ពី​ការ​ ​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយហែ​ក្បួន​ ​និង​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​ខាង​មុខ​នេះ​ ​នៅ​តាមផ្លូវ​សំខាន់ៗ​ចំនួន៩​ ​និង​ទី​កន្លែង​សាធារណៈ​ធំៗ​ចំនួន​៧​ផ្សេងទៀត​ក្នុង​រាជធានី​ភ្នំពេញ។​ អាជ្ញាធរ​អះអាង​ថា​ ​ការ​ហាម​ឃាត់​ការ​ប្រមូល​ផ្តុំ​ដង្ហែ​ក្បួន​តាម​ទី​តាំង​ទាំង​នោះ​ ​គឺ​ដើម្បី​ធានា​សន្តិសុខ​ ​សុវត្ថិភាព​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍​ ​ដែល​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​បាន​ចាត់​ទុក​ការ​ហាម​ឃាត់​ការ​ដង្ហែ​ក្បួន និង​ឃោសនា​បោះ​ឆ្នោត​នៅ​តាម​តំបន់​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ ថា​ជា​រឿង​មិន​ត្រឹមត្រូវ​និង​មិន​សមហេតុផល។ ក្រុម​អង្គការ​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ថា បម្រាម​នោះ​ក៏​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ធានា​របស់​រដ្ឋាភិបាល​ ដើម្បី​ធ្វើឲ្យ​ការ​បោះឆ្នោត​ប្រកបដោយ​ភាពសេរី​និង​ត្រឹមត្រូវ​ដែរ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​រយៈពេល​ជាង​១ម៉ោង​ ​ជាមួយ​គ.ជ.ប.​ ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​លោក​ យឹម សុវណ្ណ​ បន្ថែម​ថា​ ​ការ​លើក​ស្លាក​គណបក្ស​ក្នុង​ពេល​កន្លង​មក​តែង​មាន​ការ​រើសអើង​ពី​អាជ្ញាធរ​មូលដ្ឋាន​ ​ដូច្នេះ​លោក​បាន​ទាមទារ​ឲ្យ​ គ.ជ.ប​ ​សម្រប​សម្រួល​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​ ​អាចលើក​ស្លាក​គណបក្ស​បាន​គ្រប់​កន្លែង​ដូច​គណបក្ស​កាន់​អំណាច។ ​លោក​ក៏​បាន​ស្នើ​ទៅ​គ.ជ.ប​ ធ្វើ​យ៉ាង​ណាធានាឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​ពិសេស​ទូរទស្សន៍​ ឲ្យ​លក់​ ជួល ឬ​ផ្តល់​ម៉ោង​ផ្សាយ​ដល់​គណបក្ស​នីមួយៗ​ឲ្យ​បាន​ស្នើ​គ្នា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា៖

​«បើ​មិន​លក់​ឲ្យ​គណបក្ស​ណា​មួយ សូម​កុំ​ឲ្យ​មាន​រូបភាពឃោសនា​របស់​គណបក្ស​នយោបាយ គ្រប់​គណបក្ស​នយោបាយនៅ​ក្នុង​ទូរទស្សន៍​ហ្នឹង។​ ហើយ​បើ​សិន​ជា​មាន​គឺ​ត្រូវ​ជូន​ដំណឹងលក់​ម៉ោង​ជូន​គណបក្ស​នយោបាយ​ទាំង​អស់​ ​ដើម្បី​ជៀស​វាង​កុំឲ្យ​មាន​អំពើ​អយុត្តិធម៌​ក្នុង​ការ​បែង​ចែក​ម៉ោង​ផ្សាយ»។

លោក សោម សូរីដា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះជាតិ នៅថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)
លោក សោម សូរីដា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះជាតិ នៅថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

​លោក​ សោម សូរីដា​ អគ្គ​លេខាធិការ​រង​ គ.ជ.ប​ ប្រាប់​អ្នក​សារព័ត៌មាន​ថា​ គ.ជ.ប​នឹង​ពិភាក្សា​ផ្ទៃក្នុង​បន្ថែមចំពោះ​ការ​ស្នើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពាក់ព័ន្ធ​នឹង​ការ​ហែ​ក្បួន និង​ឃោសនា​បោះ​ឆ្នោត​ព្រម​ទាំង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត។ ​ទោះ​ជា​យ៉ាង​ណា​ ​លោក​បាន​ច្រានចោល​សំណើដែល​គណ​បក្សជំទាស់​ស្នើ​ឲ្យ​ គ.ជ.ប​ ​ទៅ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​លើក​ស្លាក​គណបក្ស ​ថា​ជា​សំណើ​ដែល​ហួស​ពី​សមត្ថកិច្ច​របស់​ គ.ជ.ប ។

អគ្គលេខាធិការ​រង​គ.ជ.ប​រូប​នេះ បញ្ជាក់​ថា៖

​«គ.ជ.ប នឹង​ពិនិត្យ​ ​និង​បញ្ជាក់​អំពី​និយមន័យ​ ​អ្វី​ទៅ​ដែល​ហៅ​ថា​ការ​ហែ​ក្បួន?​ តើ​វា​ត្រូវ​មាន​ធាតុ​ផ្សំ​ប៉ុន្មាន​ដើម្បី​បញ្ជាក់​ថា​វា​ជា​ការ​ហែ​ក្បួន?​ ​អញ្ចឹង​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់។ ហើយ​នៅ​ពេល​បញ្ជាក់​ច្បាស់​ហើយ វា​ជា​វិធាន​ទូទៅ​សម្រាប់​ការ​អនុវត្ត​ទូទាំង​ប្រទេស​សម្រាប់​ការ​ហែ​ក្បួន»។

សម្រាប់​ការ​ផ្សព្វផ្សាយ​កម្មវិធី​របស់​គណបក្ស​នយោបាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ លោក​ សោម សូរីដា​ អះ​អាង​ថា គ្រប់​វិទ្យុ និង​ទូរទស្សន៍ទាំង​អស់​ត្រូវ​តែ​ផ្តល់​ការផ្សព្វផ្សាយ​តាម​គោលការណ៍​ស្មើភាព​ដល់​គណ​បក្ស​នយោបាយ​នីមួយៗ។

មន្ត្រីគ.ជ.ប​រូប​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​អត្តសញ្ញាណប័ណ្ណ​ ​និង​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ ​ដើម្បី​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទៅ​បោះឆ្នោត។ ​លោក​ ​សោម សូរីដា​ ក៏​បាន​អំពាវ​នាវ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​បាន​យក​អត្តសញ្ញាណប័ណ្ណ​របស់​ប្រជា​ពលរដ្ឋ​ ធ្វើ​ជា​វត្ថុ​បញ្ចាំ​ ឲ្យ​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ទាំងនោះ​ទៅ​ប្រជាពលរដ្ឋ​វិញ​ឲ្យ​បាន​ទាន់​ពេល​សម្រាប់​ការ​បោះឆ្នោត។

​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៤ ​ខែ​មិថុនា​ ខាងមុខ​ ​ដោយ​មាន​គណ​បក្ស​នយោបាយ​ចំនួន​១២​បាន​ឈរ​ឈ្មោះ។​ ច្បាប់​បោះឆ្នោត​ឃុំ​សង្កាត់ ​និង​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ ​ថ្មី​ ​បាន​កំណត់​ឲ្យ​គណបក្ស​នយោបាយ​មួយ​ ហែ​ក្បួន​ឃោសនា​តែ​ពីរ​ដង​ប៉ុណ្ណោះ​ ​ក្នុង​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​រយៈពេល​១៤​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​បើក​យុទ្ធនា​ការ​ឃោសនា ​និង​នៅ​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត៕

XS
SM
MD
LG