ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​ពាន់​នាក់​នឹង​ត្រូវ​បាត់​បង់​ប្រាក់​បៀវត្សរ៍


 រូបឯកសារ៖ លោក​ ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ពិភាក្សា​គ្នាដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំងពីរនៅ​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១០ ខែ​ធ្នូ ឆ្នាំ២០១៥។

រូបឯកសារ៖ លោក​ ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ពិភាក្សា​គ្នាដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំងពីរនៅ​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១០ ខែ​ធ្នូ ឆ្នាំ២០១៥។

លោក អេង​ ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រាប់ VOA ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខ្វល់​ពីការ​ប្រើប្រាស់​គំនាប​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​នោះ​ទេ។ លោក​បន្ថែម​ថា ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មកពី​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ភាគ​ច្រើន​ បាន​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ដោយ​ស្ម័គ្រ​ចិត្ត មិន​គិត​ពីផល​ប្រយោជន៍។

ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ ឬ​ក្រុង​ ស្រុក ខណ្ឌ ដែល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មកពី​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​រាប់​ពាន់​នាក់ ​នឹង​ត្រូវ​បាត់​បង់​ប្រាក់បៀវត្សរ៍ បន្ទាប់​ពី​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ បាន​បញ្ជា​ឲ្យ​គណៈ​អភិបាល​រាជធានី ​ខេត្ត អនុវត្ត​គោលការណ៍ និង​នីតិវិធី​ចំពោះ​សមា​ជិកក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ទាំង​នោះ។

​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃបាន​ផ្ញើ​លិខិត​មួយ​ច្បាប់ ពី​ការ​អនុវត្ត​គោល​ការណ៍​ និង​នីតិវិធី​ចំពោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ឬ​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ជូន​ទៅ​អភិបាល​នៃ​គណៈ​អភិបាលរាជធានី​ខេត្ត។

ក្នុង​លិខិត​នោះ លោក ស ខេង បាន​បញ្ជាក់​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឬ​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ​ដែល​កំពុង​ស្ថិត​ក្នុង​មុខ​តំណែងរបស់​គណបក្ស​មួយ​ចំនួន ដែល​បាន​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ ឬ​បេក្ខជន​បម្រុង​របស់​គណបក្ស​ថ្មី​មួយ​ទៀត ដែល​មិនមែន​ជា​គណបក្ស​នយោបាយ​ដំបូង​ដែល​ពួក​គេ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម ប្រឹក្សា​ឃុំ សង្កាត់ នៃ​គណបក្ស​នយោបាយ​នោះ ត្រូវបាត់បង់​តំណែង​ពេញ​សិទ្ធិ និង​តំណែង​បម្រុង។

លោក​ ស ខេង បាន​បន្ថែម​ក្នុង​លិខិត​នោះ​ថា ការ​អនុវត្ត​នេះ​ ត្រូវ​អនុលោម​តាម​មាត្រា​១៥ និង​១៦ នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដែល​បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ មិន​អាច​ជា​សមាជិក​គណបក្ស​នយោ​បាយលើស​ពី​មួយក្នុង​ពេល​តែ​មួយ​បាន​ទេ។

​ករណី​ដែល​បុគ្គល​មួយ​រូប​ចូល​ជា​សមា​ជិក​គណ​បក្សនានា​យ៉ាង​ច្រើន សមាជិក​ភាព​របស់​បុគ្គល​នោះ ក្នុង​គណបក្ស​នយោបាយ​ចុង​ក្រោយ​ត្រូវ​ចាត់​ទុក​ជា​បាន​ការ។​ ទន្ទឹមនឹង​នោះ សមាជិក​គណបក្ស​នយោបាយ​ត្រូវ​បាត់​បង់​សមាជិក​ភាព​របស់​ខ្លួន​ក្នុង​ករណី​បាន​លា​ឈប់​ ឬ​បាន​បោះ​បង់​សមាជិកភាព​នៃ​គណបក្ស​នយោបាយ​របស់​ខ្លួន។​

ក្នុង​លិខិត​ដដែល​នោះ លោក ស ខេង បាន​បញ្ជា​តាម​រយៈ​ការ​សរសេរក្នុង​ន័យ​ដើម​ថា៖​

«សមាជិក​ក្រុម​ប្រឹក្សា​ដែល​បាន​បាត់​បង់​សមាជិកភាព​ពី​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឬ​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ​ហើយ​នោះ សាមី​ខ្លួន​នឹង​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ទៀត​ឡើយ។ ទន្ទឹម​នឹង​នេះ អង្គភាព​ ឬ​មន្រ្តី​ដែល​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ និង​ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​របស់​ក្រុម​ប្រឹក្សា​នោះ ត្រូវ​ធ្វើ​ការ​ត្រួតពិនិត្យ និង​ចាត់​វិធានការ​នានា​ពាក់ព័ន្ធ​នឹង​ការ​បើក​ប្រាក់​ឧបត្ថម្ភ​របស់​សាមី​ខ្លួន ស្រប​ទៅ​តាម​គោលការណ៍​ និង​នីតិវិធី​ដែល​បាន​កំណត់»។​

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់ VOA នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​មួយ​ចំនួន ​បានទៅ​បម្រើ​ការងារ​ក្នុង​នាម​ជា​ក្រុមប្រឹក្សា​របស់​គណបក្ស​សង្រ្គោះ​ជាតិ។ លោក​បន្ថែមថា តំណែង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​សមរង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​នឹង​ត្រូវ​បាន​លុប​ចោល ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​នេះ​មិនជ្រើស​រើស​សមាសភាព​ក្រុម​ប្រឹក្សា​ថ្មី​មក​ជំនួស​កន្លែង​ក្រុម​ប្រឹក្សា​ដែល​នៅ​ទំនេរ។

លោក​បញ្ជាក់​ថា៖

«គាត់​ជា​សមាជិក​របស់​គណបក្ស​សមរង្ស៊ី គាត់​ជា​សមាជិក​របស់​គណបក្ស​សិទ្ធិ​មនុស្ស គាត់​ជាប់​តំណែង​ដែល​អង្គុយ​កៅអីក្នុងតំណែង​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ទេ របស់​គណ​បក្សសមរង្ស៊ី​ទេ ប៉ុន្តែ​នៅ​ពេល​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​ចង់​ឈរ​ឈ្មោះ​ទៀត គាត់​ត្រូវ​ឈរ​ឈ្មោះ​ក្នុងគណ​បក្ស​សង្គ្រោះជាតិ។ ដូច្នេះ​គាត់​ត្រូវ​បាត់​បង់​តំណែង​ហើយ បើ​គាត់​ចូល​គណបក្ស​សង្គ្រោះជាតិ ជា​សមាជិក​សង្គ្រោះជាតិ​ហើយ​ គឺថា​ច្បាប់​គាត់​ត្រូវ​បាត់​បង់​ជាស្វ័យប្រវត្តិ​ហើយ គេ​យក​អាបក្ស​ចុងក្រោយ​ហ្នឹង​ជា​ផ្លូវការ»។

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)

លោក ខៀវ សុភ័គ បន្ថែម​ថា ការ​បោះ​បង់​តំណែង​ជា​ក្រុម​ប្រឹក្សា​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ ហើយ​ទៅ​បម្រើ​ការងារ​ជា​ក្រុម​ប្រឹក្សា​របស់​គណបក្ស​សង្គ្រោះជាតិ​នោះ ​ពួកគេ​នឹង​ត្រូវ​បាត់​បង់ប្រាក់បៀវត្សរ៍ និង​បាត់បង់​សិទ្ធិក្នុងការចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ផ្សេងៗ​ទៀត។​

លោក អេង​ ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រាប់ VOA ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខ្វល់​ពីការ​ប្រើប្រាស់​គំនាប​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​នោះ​ទេ។ លោក​បន្ថែម​ថា ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មកពី​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ភាគ​ច្រើន​ បាន​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ដោយ​ស្ម័គ្រ​ចិត្ត មិន​គិត​ពីផល​ប្រយោជន៍។

លោក​លើក​ឡើង​ថា៖

«យើង​មិន​ទៅ​ខ្វល់​ទេ​រឿង​ទាំង​អស់​ហ្នឹង ព្រោះ​អ្វី​ដែល​សំខាន់​គោលដៅ​របស់​យើង​គឺ​ផ្លាស់​ប្តូរតាម​រយៈ​ការ​បោះ​ឆ្នោត អញ្ចឹង​ចង់​ប្រើ​ប្រាស់​គំនាប​រឿង​ហិរញ្ញវត្ថុ​បន្តិច​បន្តួច​អីហ្នឹង​ វា​មិន​សំខាន់​សម្រាប់​អ្នក​ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទេ»។​

លទ្ធផលនៃការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ឆ្នាំ២០១២​ បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ដណ្តើម​បាន​មេឃុំ​ និង​ចៅសង្កាត់​ចំនួន​ ១.៥៩២​ និង​មាន​ក្រុមប្រឹក្សា​ចំនួន ៨.២៩២​នាក់ ខណៈ គណបក្ស​ សម​ រ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​កាន់កាប់​ឃុំ​សង្កាត់​ចំនួន​៤០​ និង​មានក្រុមប្រឹក្សា​ចំនួន ២.៩៥៥​នាក់។

លោកស្រី ហាន រដ្ឋា ក្រុមប្រឹក្សា​ឃុំ​អំពិល ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម ដែល​មកពី​គណបក្ស​សម រង្ស៊ី និង​កំពុង​ជា​សមាជិក​គណបក្ស​សង្គ្រោះជាតិ លើក​ឡើង​ថា ការ​បញ្ជា​ឲ្យ​បញ្ឈប់​ការ​បើក​ប្រាក់​បៀវត្សរ៍ និង​បញ្ឈប់​ការ​ចូល​រួម​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​របស់​លោកស្រី និង​ប៉ះពាល់​ដល់ការ​សម្រេចលើគម្រោង​អភិវឌ្ឍន៍​ឃុំ​ផ្សេងៗ​ទៀត។​

លោកស្រី​បញ្ជាក់​ប្រាប់​ VOA ថា៖

«គម្រោង​នៅ​ក្នុង​ឃុំ​ដូចជា​ធ្វើ​ផ្លូវ​ថ្នល់​ មាន​ការ​ប្រជុំ​ មាន​ការ​ដេញ​ថ្លៃ​អីហ្នឹង​ អាហ្នឹង​ស្ទះ​ហើយ ត្រូវ​មាន​គណបក្ស​ប៉ុន្មាន​ហ្នឹង​ចូល​រួម។ ដូចជា​ដេញ​ថ្លៃ​ផ្លូវ គេ​ធ្វើ​ផ្លូវ សិក្សា​គម្រោង​អី​អញ្ចឹង ក្រុម​ប្រឹក្សា​ឃុំ​មាន​គណៈកម្មការ​របស់​គេ គណៈកម្មការ​សកម្ម​អីអញ្ចឹង។ ប្រសិន​ជា​ក្រុម​ហ្នឹង​អត់​ទៅ​ចូល​រួម ក៏​វាស្ទះ​ដែរ»។

កម្ពុជា​នឹង​រៀប​ចំការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ខាង​មុខ បន្ទាប់​ពី​ប្រជាពលរដ្ឋ​មានសិទ្ធិ​បោះ​ឆ្នោត​ជិត ៨​លាន​នាក់ ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាលពី​ប៉ុន្មាន​ខែ​មុន៕

XS
SM
MD
LG