ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល នៅ​មិន​ទាន់​ពេញ​ចិត្ត​នឹង​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ក្នុង​រឿង​បរិមាណ​ខ្សាច់​នាំ​ចេញ

  • សាយ មុន្នី

រូបភាព​នៃ​កប៉ាល់​បូម​ខ្សាច់​មួយ​នៅ​ខេត្ត​កោះកុង។ (រូបភាព​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​មាតាធម្មជាតិ)

​បរិមាណ​ខ្សាច់​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​សិង្ហបុរី​ប្រមាណ​៧០លាន​តោន​នេះ ត្រូវ​គេ​ប្រមាណ​ថា​មាន​តម្លៃ​ជាង​៧០០​លាន​ដុល្លារ​អាមេរិក។

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​សម្ដែង​ការ​មិន​ទាន់​ពេញចិត្ត​នឹង​ការ​បកស្រាយ​បំភ្លឺ​របស់​រដ្ឋាភិបាល​ជុំវិញ​ភាព​ចម្រូងចម្រាស​ទាក់ទង​នឹង​បរិមាណ​ខ្សាច់​នាំ​ចេញ​ពី​កម្ពុជា​ទៅ​បរទេស ដែល​គេ​សង្ស័យ​ថា ធ្វើ​ឲ្យ​បាត់​ប្រាក់ចំណូល​ជាតិ រាប់​លាន​ដុល្លារ​អាមេរិក។


លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​«Hello VOA»​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​មករា​នេះ​យ៉ាង​ដូច្នេះ​ថា៖

«យើង​អត់​ទាន់​បាន​ចម្លើយ​ដែល​អាច​អស់ចិត្ត​ទេ។ យើង​មាន​ការ​សង្ស័យ​ថា អាច​មាន​ភាព​មិន​ប្រក្រតី​ឬ​ការ​គេច​ពន្ធ​ណាមួយ​ដែល​បាត់​លុយ​អស់​រាប់​រយ​លាន​ដុល្លារ​ជា​ចំណូល​របស់​ជាតិ។ ដូច្នេះ​ យើង​ទាមទារ​ យើង​ធ្លាប់​ឃើញ​មាន​ការ​ស៊ើបអង្កេត ការ​ផ្ដល់​ទិន្នន័យ​និង​ការ​ផ្ដល់​ព័ត៌មាន​ច្បាស់លាស់​មួយ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​នៃ​ធនធាន​ធម្មជាតិ​ហ្នឹង ទទួល​យក​បាន​និង​អស់​ចិត្ត»។

ការ​លើកឡើង​នេះ ធ្វើ​ឡើង ក្រោយ​ពី​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤៧ រួម​ទាំង​អង្គការ​តម្លាភាព​កម្ពុជា​ផង កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ បាន​ផ្ញើ​លិខិត​ចំហ​រួម​គ្នា​មួយ​ច្បាប់​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ដើម្បី​ឲ្យ​បកស្រាយ​បំភ្លឺ​ទាក់​ទង​នឹង​តួលេខ​ខុសគ្នា ដែល​បង្ហាញ​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សិង្ហបុរី អំពី​បរិមាណ​ខ្សាច់​ដែល​នាំ​ចេញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​សិង្ហបុរី​នោះ។

លិខិត​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​ដែល​បាន​ផ្អែក​លើ​ទិន្នន័យ​ស្ថិតិ​ពាណិជ្ជកម្ម​លើ​ទំនិញ​នាំ​ចេញ​របស់​រដ្ឋាភិបាល​កម្ពុជា​និងទំនិញ​នាំ​ចូល​របស់​រដ្ឋាភិបាល​សិង្ហបុរី បង្ហាញ​ថា កម្ពុជា​ បាន​នាំ​ចេញ​ខ្សាច់​ចំនួន​ត្រឹមតែ​២.៨​លាន​តោន ​ដែល​មាន​តម្លៃ ៥.៥​លាន​ដុល្លារ​អាមេរិក នៅ​ចន្លោះ​ឆ្នាំ​២០០៧ និង​ឆ្នាំ២០១៥ ខណៈ​ដែល​កំណត់ត្រា​របស់​សិង្ហបុរី បង្ហាញ​ថា សិង្ហបុរី​ នាំចូល​ខ្សាច់​ពី​កម្ពុជា​ចំនួន​ដល់​ទៅ​៧២.៨លាន​តោន​ក្នុង​រយៈពេល​ដូច​គ្នា​នោះ។

​បរិមាណ​ខ្សាច់​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​សិង្ហបុរី​ប្រមាណ​៧០លាន​តោន​នេះ ត្រូវ​គេ​ប្រមាណ​ថា​មាន​តម្លៃ​ជាង​៧០០​លាន​ដុល្លារ​អាមេរិក។

​លោក ព្រាប កុល មាន​ប្រសាសន៍​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ដែល​មាន​សមត្ថកិច្ច​ក្នុង​ការ​ស៊ើបអង្កេត​ការ​ចោទប្រកាន់​ឬ​តម្រុយ​នៃអំពី​ពុករលួយ​ណាមួយ​នោះ គួរ​តែ​ចាត់វិធានការ​លើ​បញ្ហា​នេះ។

លោក​បន្ត​ថា ប្រសិន​បើ​អង្គភាព​នេះ មាន​ចាត់វិធានការ​ស៊ើបអង្កេត​ទៅលើ​ភាព​មន្ទិលសង្ស័យ​នេះ​ទេ ប្រជាពលរដ្ឋ​ គួរ​ដើរ​តួនាទី​ចូលរួម​តាម​ឃ្លាំមើល​ករណី​នេះ​ទាំង​អស់​គ្នា៕

XS
SM
MD
LG