ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​និង​មន្ត្រី​បក្ស​ជំទាស់៖​ យុទ្ធនាការ​១០០​ថ្ងៃ​របស់​ក្រសួង​យុត្តិធម៌​អាច​ទទួល​ផល​តិចតួច


លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​​នៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​​នៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

ក្រសួង​យុត្តិធម៌​នា​ពេល​ថ្មីៗ​នេះ​ បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​១០០​ថ្ងៃ​ក្នុង​ការ​វាយ​តម្លៃ​​គុណភាព​និង​ប្រសិទ្ធភាព​តុលាការ​ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ហា​ប្រឈម​​​ក្នុង​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា។ យុទ្ធនាការ​ដែល​មិន​មាន​ការ​ចូល​រួម​ពី​​ភាគី​ពាក់ព័ន្ធ​នេះ​ត្រូវ​បាន​គណបក្ស​ជំទាស់​និង​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ អាច​នឹង​ទទួល​បាន​ប្រសិទ្ធ​ភាព​តិចតួច​ប៉ុណ្ណោះ។​ ​

សង្គម​ស៊ីវិល​និង​គណបក្ស​ជំទាស់​សាទរ​ ​ចំពោះ​យុទ្ធនា​ការ​១០០​ថ្ងៃ​ក្នុង​ការ​វាយ​តម្លៃ​គុណភាព និង​ប្រសិទ្ធភាព​តុលាការ​របស់​រដ្ឋាភិបាល​កម្ពុជា​ ប៉ុន្តែ​ពួកគេ​មាន​ជំនឿ​ថា យុទ្ធនាការ​នេះ​នឹង​ទទួលបាន​ប្រសិទ្ធ​ភាព​ទាបដោយសារ​គ្មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត។

គណៈកម្មាធិការ​ដឹកនាំ​ការ​កែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​នៃ​ក្រសួង​យុត្តិធម៌​ ​កាលពី​ថ្ងៃ​សុក្រ​ បានបង្កើត​យុទ្ធនាការ​១០០​ថ្ងៃ​ដើម្បី​វាយ​តម្លៃ​គុណភាព​ ​និង​ប្រសិទ្ធ​ភាពប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ដោយ​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ខែ​មិថុនា​ខាង​មុខ​នេះ​តទៅ។ក្រោយ​ការ​ដាក់ចេញ​នូវ​យុទ្ធនាការ​នេះ​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ​និង​គណបក្ស​ជំទាស់​បាន​សាទរ​ថា រដ្ឋាភិបាល​កំពុង​ចាប់ផ្តើម​យក​ចិត្ត​ទុកដាក់​លើ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ​ដែល​កំពុង​រង​ការ​រិះ​គន់​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន។ ទោះ​ជា​យ៉ាង​ណា​ពួកគេ​លើក​ឡើង​ថា​ ដើម្បី​ធានា​ឲ្យ​ការ​វាយ​តម្លៃ​របស់​ក្រសួង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ ក្រសួង​ត្រូវ​តែ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​កែ​ទម្រង់​ ​និង​ត្រូវ​មានការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

លោកស្រី មូរ សុខហួរ​ តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ប្រាប់ VOA ថា យុទ្ធនាការ​វាយ​តម្លៃ​លើ​គុណ​ភាព និង​ប្រសិទ្ធ​ភាព​តុលាការ​នឹង​អាច​ធានា​បាន​នូវ​ប្រសិទ្ធភាព​ លុះ​ត្រា​តែមាន​ការ​ចូល​រួម​ពី​ភាគី​ដែល​ជា​បុគ្គល​ឯករាជ្យ និង​ហ៊ាន​ទទួល​យក​នូវ​បញ្ហា​ដែល​បាន​រក​ឃើញ។

តំណាងរាស្រ្ត​នៃ​គណបក្ស​ជំទាស់​ដ៏​ធំ​រូប​នេះ​បញ្ជាក់​ថា៖​

«គួរ​មាន​សំឡេង​ប្រជាពលរដ្ឋ​ចូល​ក្នុង​គណៈកម្មាធិការ​ហ្នឹង សំឡេង​សង្គម​ស៊ីវិល ​អ្នក​ច្បាប់​ដទៃ​ទៀត​ដែល​ឯករាជ្យ។​ ហើយ​បើ​អាច​ធ្វើ​បាន សូម​ឲ្យ​មាន​អ្នក​សារព័ត៌មាន​ក៏​ចូល​ដែរ​ចុង​ក្រោយ​ ​គ្រប់​ជំហាន​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន ហើយ​បើ​អាច​ធ្វើ​បាន អ្នក​ឯកទេស​បរទេស»។

ស្របគ្នា​នោះ​ដែរ​លោក​ អំ សំអាត ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា ការ​វាយ​តម្លៃ​លើ​ប្រព័ន្ធ​តុលាការ​ដែល​អាច​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល។​ លោក​បន្ថែម​បាន​បន្ថែម​ថា ​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ នឹង​កាន់​តែ​ធ្វើ​ឲ្យ​ការ​វាយ​តម្លៃ​នោះ​មាន​តម្លាភាព​ពេញ​លេញ។

លោក​បញ្ជាក់​ថា៖

«យើង​គិត​ថា មិនមែន​ការ​វាយ​តម្លៃ​នេះ​យើង​ធ្វើ​ឲ្យ​តែ​មាន ដើម្បីធ្វើ​ការ​ឆ្លើយ​តប​ជា​មួយ​នឹង​ការ​វាយ​តម្លៃ​កន្លង​មក​ទេ សង្ឃឹម​ថា​ជា​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​កែ​ប្រែ​ប្រព័ន្ធ​តុលាការ​និង​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា»។

តាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​ដឹក​នាំ​ការ​កែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​នៃ​ក្រសួងយុត្តិធម៌​ចេញ​កាល​ពី​ថ្ងៃ​ទី​១២​ខែ​ឧសភា​បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​នេះ​មាន​គោលដៅ​ធ្វើ​បច្ចុប្បន្ន​ភាព​យុទ្ធសាស្ត្រ​ ​និង​កម្មវិធី​កំណែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​ដើម្បី​ឲ្យ​មាន​ភាព​ជាក់​លាក់​ ជាពិសេស​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា​ ដោយ​តម្រូវ​ឲ្យ​ធ្វើការ​វាយតម្លៃ​ពី​ប្រសិទ្ធភាព​ការងារ​របស់​តុលាការ​គ្រប់​រាជធានី-​ខេត្ត ព្រម​ទាំង​បញ្ហា​ប្រឈម​ផង​ដែរ។

សេចក្តីជូនដំណឹង​ដដែល​បន្ត​ថា ​យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ក្នុង​២​ដំណាក់​កាល​ ទី​១​គឺ​ការ​បំពេញ​របាយការណ៍​ស្វ័យ​វាយ​តម្លៃ​របស់​តុលាការ​ដោយ​ផ្អែកលើ​កម្រង​សំណួរ​អង្កេត​ដែល​ប្រគល់​ជូន និង​ទី​២ គឺ​ការ​សិក្សា​បឋម​ ​លើ​របាយការណ៍​ស្វ័យ​វាយតម្លៃ​របស់​តុលាការ​និង​ការ​ចុះ​ជួប​ដោយ​ផ្ទាល់​នៅ​តាមតុលាការ​ដើម្បី​ពិនិត្យ​ ​និង​ពិភាក្សា​បន្ថែម​ដោយ​ផ្អែក​ទៅ​លើ​របាយ​ការណ៍​ស្វ័យ​វាយ​តម្លៃ។

យុទ្ធនាការ​នេះ​ ​ត្រូវ​បាន​រៀបចំ​តាក់តែង​ឡើង ​និង​អនុវត្ត​តាម​បែប​វិទ្យាសាស្ត្រ​ផ្អែក​លើ​ធាតុ​ទាំង​៧ នៃ​កម្ម​វិធីតុលាការ​ប្រណិត (Seven elements of Court Excellence) ដែល​ជា​បទដ្ឋាន​អន្តរជាតិ ដែល​រួមមាន​ដូចជា៖ ទី១ ការ​ដឹកនាំ និង​គ្រប់គ្រង​ស្ថាប័ន ទី​២ ផែនការ និង​គោល​នយោបាយ​ស្ថា​ប័ន​ ទី​៣ ធនធាន​ស្ថាប័ន ទី៤ នីតិវិធី​ដំណើរការ​ស្ថាប័ន ទី​៥ សេចក្ដី​ត្រូវការ​និង​ការ​ពេញ​ចិត្ត​របស់​អតិថិជន ទី​៦ ភាព​ងាយស្រួល​និង​តម្លៃ​សេវា​របស់​ស្ថាប័ន និង​ទី​៧ ភាព​ជឿទុកចិត្ត​និង​ជឿជាក់​ពី​សាធារណជន។

យ៉ាងណា​ក៏​ដោយ​លោក​ ព្រាប កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​លើក​ឡើង​ថា យុទ្ធនាការ​នៃ​ការ​វាយ​តម្លៃ​គុណភាព​ ​និង​ប្រសិទ្ធភាព​តុលាការ​ដែល​មិន​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ឯករាជ្យ​នឹង​មិន​អាច​ទទួល​បាន​លទ្ធផល​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ។

លោក ព្រាប កុល​ បញ្ជាក់​ថា៖

«យើង​នឹង​រង់ចាំ​មើល​ពី​សុក្រឹតភាព​នៃ​ការ​វាយ​តម្លៃ តើវា​ឆ្លុះ​បញ្ចាំង​ការ​ពិត​ទេ? ហើយ​កាល​ណា​ការ​វាយ​តម្លៃ​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ទេ ការ​វាយ​តម្លៃ​នេះ​គឺ​នឹង​ត្រូវ​ទទួល​រង​ការ​រិះគន់​ពីមហាជន ក៏​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ»។

លោក​បន្ថែម​ថា​ រដ្ឋាភិបាល​ត្រូវធានា​ឲ្យបាន​នូវ​ឯករាជ្យ​ភាព​របស់​តុលាការ​ថាមិន​រង​ឥទ្ធិពល​ពី​អ្នក​នយោបាយ​ និង​ការ​កាត់ក្តី​ដែល​មាន​ការ​សូកប៉ាន់​ និង​ត្រូវ​ធ្វើ​ការ​កែប្រែ​ច្បាប់​មួយ​ចំនួន​ ដើម្បី​ផ្តល់​យុត្តិធម៌​ពេញលេញ​ក្នុង​សង្គម។

ក្រសួង​យុត្តិធម៌​ចាប់ផ្តើម​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​ឆ្នាំ​២០១៤។ ក្នុង​នោះ​រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ចំនួន​បី​ពាក់ព័ន្ធ​នឹង​វិស័យ​តុលាការ​យ៉ាង​ប្រញាប់ប្រញាល់ ដោយ​មិន​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​ប្រឆាំង។​ ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌​ទាំង​បី​ដែល​មិន​បាន​អនុញ្ញាត​ឲ្យសង្គម​ស៊ីវិល​ចូលរួម​ផ្តល់​យោបល់​នោះ ត្រូវ​បានក្រុម​អ្នក​ច្បាប់​ជាតិ​ និង​អន្តរជាតិ​នៃ​សង្គម​ស៊ីវិល​រក​ឃើញ​ថា​ ច្បាប់​ទាំង​នោះ​ផ្តល់​អំណាច​ច្រើន​លើស​លប់​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ក្នុង​ការ​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលា​ការ និង​ធ្វើ​ឲ្យ​នីតិរដ្ឋ​ចុះ​ទន់​ខ្សោយ​ដោយសារ​តុលាការ​ស្ថិត​ក្រោម​អំណាច​រដ្ឋាភិបាល។

លោក ជិន ម៉ាលីន ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​កែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​ប្រាប់ VOA ថា គ្រប់​ដំណើរការ​ការងារ​របស់​រដ្ឋាភិបាល​ ​មិនមែន​សុទ្ធ​តែ​ត្រូវ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​នោះ​ទេ។ លោក​បន្ត​ថា យុទ្ធនា​ការ​១០០​ថ្ងៃ​ក្នុង​ការ​វាយ​តម្លៃ​គុណភាព និង​ប្រសិទ្ធភាព​តុលាការ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដែលក្រសួង​បាន​ដាក់​ចេញ​ផែនការ​កាល​ពី​ពេល​កន្លង​ទៅ។

លោក ជិន ម៉ាលីន បន្ថែម​ថា យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​តាមរយៈ​ការ​ស្ទង់​មតិ​ពី​មន្រ្តី​តុលា​ការ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ថា លទ្ធផល​ដែលទទួល​បាន​ពី​យុទ្ធនាការ​នេះ នឹង​ដាក់ក្នុង​កិច្ចប្រជុំ​ដែល​នឹង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ពិភាក្សា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​តុលាការ​នៅកម្ពុជា។ ទោះ​ជា​យ៉ាង​ណា​លោក​ថា យុទ្ធនាការ​នេះ​ក៏នឹង​ផ្តល់​នូវ​លទ្ធផល​មួយ​ដើម្បីឆ្លើយ​តប​ទៅ​អង្គការមួយ​ចំនួន​ដែល​តែង​រិះគន់ និង​វាយ​តម្លៃ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជាថា​មាន​ស្ថានភាព​អាក្រក់។

លោក​បញ្ជាក់​ថា៖​

«គាត់​មិន​ដែល​ធ្វើ​ការ​សម្ភាសន៍​ ឬ​ក៏​ជួប​ជាមួយ​យើង​ ឬ​ទទួល​ឯកសារ ​របាយ​ការណ៍​ព័ត៌មាន​អីពី​យើង​សោះ​ គឺ​គាត់​ធ្វើ​តែ​ក្រុម​គ្នា​គាត់ ផ្អែក​តែ​លើ​ព័ត៌មាន​របស់​គាត់ ហើយ​គាត់​ធ្វើ​ការ​វាយ​តម្លៃ វិភាគ​លទ្ធផល​ដោយ​ខ្លួន​គាត់ ហើយ​គាត់​ធ្វើការ​សន្និដ្ឋាន ហើយ​ដាក់​ចំណាត់​ថ្នាក់​ឲ្យ​យើង​ទៀត និង​ធ្វើ​ការ​រិះគន់​ទិតៀន​មក​លើ​យើង។ អញ្ចឹង​ទេ​ការ​ធ្វើ​បែប​នេះ​វា​មិនមាន​លក្ខណៈ​វិទ្យា​សាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ។ អញ្ចឹង​បាន​ជា​យើង​មិន​ទទួល​យក​នូវ​ការ​ធ្វើ​របស់​គាត់​ ក៏​ប៉ុន្តែ​យើងនឹង​ធ្វើ​ដោយ​ខ្លួន​យើង​មួយ​ ហើយ​យើង​នឹង​ដាក់​ក្នុង​សិក្ខា​សាលា​ពិភាក្សា​ ផ្ទៀង​ផ្ទាត់​គ្នា​មើល»។

ជាទូទៅ​ គេ​មើល​ឃើញ​ថា​តុលាការ​កម្ពុជា​តែង​មាន​ចំណាត់​ការ​យ៉ាង​ឆាប់​រហ័ស​លើ​បុគ្គលដែល​តែង​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ក្នុង​នោះ​រួម​មានមន្រ្តី និង​សកម្មជន​បក្ស​ប្រឆាំង ​សកម្មជន​ការពារ​ដីធ្លី សកម្មជន​បរិស្ថាន ព្រម​ទាំង​មន្រ្តី​សង្គម​ស៊ីវិល​ជាដើម។ ចំណាត់​ការ​នោះ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ ​និង​អន្តរជាតិ​មួយ​ចំនួនរិះគន់​ថា​ ​តុលាការ​មិន​មានភាពឯករាជ្យ​ ​និង​ជា​ឧបករណ៍​នយោបាយរបស់​គណបក្ស​កាន់​អំណាច។

បើ​តាម​លទ្ធផល​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ ​ដែល​ចេញ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​កាល​ពី​ដើម​ឆ្នាំ​២០១៧​ កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១៥៦​ ក្នុង​ចំណោម​ប្រទេស​១៧៦ ដែល​ជា​ប្រទេស​មាន​ភាព​ពុក​រលួយ​ក្នុង​ស្ថាប័ន​សាធារណៈ។ ក្នុង​នោះ​របាយ​ការណ៍​ស្តី​ពី​ការ​វាស់វែង​អំពី​អំពើ​ពុក​រលួយ​ជា​សកល​ឆ្នាំ​២០១៦​របស់​អង្គការ​ដដែល​នេះ​ បាន​បង្ហាញ​លទ្ធផល​សម្រាប់​កម្ពុជា​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ចាត់​ទុក​មន្ត្រី​តុលាការ​ ប៉ូលិស និង​មន្រ្តី​រដ្ឋាភិបាល​ថា​ពុក​រលួយ​ជាង​គេ៕

XS
SM
MD
LG