ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ជុន ច័ន្ទបុត្រ បាន​ចាកចេញ​ពី​កម្ពុជា មុន​ថ្ងៃ​ចូល​បំភ្លឺ​នៅ​តុលាការ


លោក ជុន ច័ន្ទបុត្រ ជា​អនុ​ប្រធាន​វិទ្យុ​អាស៊ីសេរី​ជាភាសាខ្មែរ។ (រូបថត​ដកស្រង់​ពី​ហ្វេសប៊ុក)
លោក ជុន ច័ន្ទបុត្រ ជា​អនុ​ប្រធាន​វិទ្យុ​អាស៊ីសេរី​ជាភាសាខ្មែរ។ (រូបថត​ដកស្រង់​ពី​ហ្វេសប៊ុក)

លោក ជុន ច័ន្ទ​បុត្រ ដែល​ទើប​តែត្រូវ​បាន​អ្នក​​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​អះអាង​ថា បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​កាលពី​រសៀល​ថ្ងៃសុក្រ អាច​​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​គ្រប់​ពេល​ដែល​លោក​បង្ហាញ​ខ្លួន​នៅ​កម្ពុជា​​ ប្រសិន​បើ​តុលាការ​​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនា​គារ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​អះអាង​ថា លោក ជុន ច័ន្ទបុត្រ អនុ​ប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​ខ្មែរ បានចាកចេញ​ពី​កម្ពុជាទៅ​កាន់ប្រទេស​ថៃ​តាម​យន្តហោះ កាលពីរសៀល​ថ្ងៃ​សុក្រ។ ចំណែកអ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លើក​ឡើង​ថា បើ​ទោះ​បី​ជា​លោក ជុន ច័ន្ទ​បុត្រ ចេញ​ពី​កម្ពុជាដោយមិន​ត្រឡប់​មក​វិញ​ក៏ដោយ ក៏​តុលាការ​នៅ​តែ​អាច​កាត់​ទោស​លោក​ដោយ​កំបាំង​មុខ​បាន​ដដែល​ ប្រសិនបើតុលាការរក​ឃើញថា​ ​លោក ជុន ច័ន្ទបុត្រ ​ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស។​

លោក ជុន ច័ន្ទ​បុត្រ ដែល​ទើប​តែត្រូវ​បាន​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​អះអាង​ថា បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​កាលពី​រសៀល​ថ្ងៃសុក្រ អាចប្រឈម​នឹង​ការ​ចាប់​ខ្លួន​គ្រប់​ពេល​ដែល​លោក​បង្ហាញ​ខ្លួន​នៅ​កម្ពុជា ប្រសិន​បើ​តុលាការកាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនា​គារ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌។

កាល​ពី​ថ្ងៃទី២០ ខែមេសា នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កោះ​ហៅ​ឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​ជន​សង្ស័យ នៅថ្ងៃទី២ ខែ​ឧសភា ឆ្នាំ​២០១៧ ដើម្បី​សាក​សួរ​ពី​ដំណើរ​រឿង​ ផ្តល់​សេចក្តី​ប្រកាស​ដោយ​ភូត​កុហក និង​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ។

ការចេញ​ដីកា​កោះ​ហៅ​នេះ​ កើត​ឡើង​បន្ទាប់ពី​លោក ហួត ឃីនវុទ្ធី ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​លោក ជុន ច័ន្ទបុត្រ ​អនុ​ប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​ខ្មែរ បាន​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ជាមួយ​ក្រុម​តំណាងរាស្រ្ត​គណ​បក្ស​ប្រឆាំង​ នៅ​ពេល​តំណាង​រាស្រ្ត​ទាំង​នោះ​ចូល​សួរ​សុខទុក្ខ​សកម្មជន​ទាំង​១៦​នាក់​របស់​បក្ស​ដែល​កំពុង​ជាប់​ឃុំ។

រូបឯកសារ៖ លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)

លោក ខៀវ សុភ័គ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់ VOA នា​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ថា លោក ជុន ច័ន្ទ​បុត្រ បាន​ចាកចេញ​ពី​កម្ពុជា​ដោយ​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​ថៃ កាល​ពី​រសៀល​ថ្ងៃ​សុក្រ។ លោកបន្ថែម​ថា លោក​មិន​ដឹង​ថា​តើ​ការចាកចេញ​ទៅ​កាន់​ប្រទេស​ថៃ​របស់​លោក ជុន ច័ន្ទបុត្រ ជា​ការ​រត់​គេច​ខ្លួន​មិន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ ឬ យ៉ាង​ណា​នោះ​ទេ។

លោក ខៀវ សុភ័គ បញ្ជាក់​ថា ក្រសួង​មហាផ្ទៃនឹងរង់ចាំ​ចំណាត់ការ​របស់​តុលាការ​ជាមុន ដើម្បី​សម្រេច​ថា តើ​នឹង​ត្រូវ​ធ្វើ​បែប​ណា​ជា​បន្តលើករណី​លោក ជុន ច័ន្ទបុត្រ។

លោក​មាន​ប្រសាសន៍​ថា៖

«អាស្រ័យ​លើ​រឿង​តុលាការ ក៏​ប៉ុន្តែខ្ញុំ​គិត​ថា​ប្រសិនជា​តុលាការ​លោក​បើក​ការចោទ​ប្រកាន់​អី​យ៉ាង​ម៉េច​យ៉ាង​ម៉ា ឬ លោក​បញ្ជា​មក ខាង​សមត្ថកិច្ច ខាង​អង្គការ​ប្រតិបត្តិ ដើម្បី​ចាត់​ចែង​បន្ត​ទៀត»។

លោក ជិន ម៉ាលីន អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លើក​ឡើង​ថា ប្រសិនបើ​ការ​ចាកចេញ​ពី​កម្ពុជា​ក្នុង​គោលបំណង​រត់​គេច​ពី​ការចូល​ខ្លួន​ឆ្លើយ​បំភ្លឺក្នុង​នាម​ជា​ជន​សង្ស័យ នោះ​តុលាការ​នៅតែ​អាច​កាត់​ទោស​លោក ជុន ច័ន្ទ​បុត្រ ដោយ​កំបាំង​មុខ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក ជុន ច័ន្ទ​បុត្រ មាន​ទោស​ពាក់ព័ន្ធ​នឹង​ការ​ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ១៩ ខែ​មេសា​។

លោក​បន្ថែម​ថា ក្នុង​ករណី​ដែលតុលាការ​កាត់​ទោសលោក ជុន ច័ន្ទ​បុត្រ ឲ្យ​ជាប់​ពន្ធនាគារ នោះ​លោក​ ជុន ច័ន្ទ​បុត្រ ​នឹង​ត្រូវ​ប្រឈម​នឹងការ​ចាប់​ខ្លួន​គ្រប់​ពេល​ ​ប្រសិន​បើលោក​បង្ហាញ​ខ្លួន​នៅ​កម្ពុជា​ក្នុង​រយៈពេល​នៃ​ការ​កំណត់​ដោយ​ច្បាប់ ឬ ហៅ​ថា​អំឡុង​អាជ្ញា​យុកាល​នៃ​បទល្មើស ឬ ទោស ដែល​មាន​ចាប់​ពី​រយៈពេល​៥​ឆ្នាំ ទៅ​២០​ឆ្នាំ ទៅ​តាម​ប្រភេទ​នៃ​បទល្មើស និង​ទោស។​

ទោះ​ជា​យ៉ាង​ណា​លោក ជិន ម៉ាលីន មិន​បាន​បញ្ជាក់​ពី​បទ​ល្មើស​ណា​មួយ​ដែល​លោក​ ជុន ច័ន្ទបុត្រ​ កំពុង​ប្រឈម​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​ប្រាប់​ថា រាល់​ការ​សម្រេចគឺ​ស្ថិត​លើ​ការ​កាត់​ក្តី​របស់​តុលាការ។

លោក​បញ្ជាក់​ថា៖

«ពេល​ដែល​មាន​ការ​ប្រកាស​សាលក្រម ឬ ក៏ប្រកាស​ទោស​ដោយ​កំបាំង​មុខ​ គាត់​នឹង​ក្លាយជា​ទណ្ឌិត នៅ​ពេល​ដែល​គាត់​ក្លាយ​ជា​ទណ្ឌិត​ហើយ នៅ​ពេល​ដែល​គាត់​ចូល​មក​វិញ ឬ ក៏​ ​ពេល​ដែល​គេ​ចេញ​វិធាន​ការណ៍​ណា​មួយ​ អាច​ចាប់​គាត់​យក​មក​អនុវត្ត​ទោស​បាន គេ​អនុវត្ត​ទោស​ទៅ​តាម​ទោស​ដែលប្រកាស​ហ្នឹង»។

VOA មិន​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផា​ណា លោក អ៊ី រិន និង​លោក សួស វិទ្យារ៉ាន់ឌី បាន​ទេ កាលពី​រសៀល​ថ្ងៃ​អាទិត្យ​កន្លង​នេះ។

បើ​យោង​តាម​មូល​ហេតុដែល​តុលាការ​កោះ​ហៅ​លោក ជុន ច័ន្ទ​បុត្រ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​ជន​សង្ស័យ ពី​ដំណើរ​រឿង​ ផ្តល់​សេចក្តី​ប្រកាស​ដោយ​ភូត​កុហក និង​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ នោះ​លោក ជុន ច័ន្ទ​បុត្រ អាច​ប្រឈម​នឹង​បទ​ «ក្លែងបន្លំ» តាម​មាត្រា​៦២៦ និង​៦២៧ នៃ​ក្រម​ព្រហ្មទណ្ឌ។

មាត្រា​៦២៧ នៃ​ក្រម​ព្រហ្មទណ្ឌចែង​ថា ការ​ក្លែង​បន្លំ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ ទៅ​បី​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី២លាន​រៀល ទៅ​៦​លាន​រៀល។

VOA បាន​ព្យាយាម​ទាក់ទង​លោក ជុន ច័ន្ទបុត្រ តាមរយៈ​សារ​អេឡិច​ត្រូនិច ឬ​អ៊ីមែល និង​បណ្តាញ​សង្គមហ្វេសប៊ុក តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃអាទិត្យ​នេះ មិនទាន់​មានការ​ឆ្លើយ​តប​ណា​មួយពី​លោក ជុន ច័ន្ទបុត្រ​ នៅ​ឡើយ។

ពាក់ព័ន្ធ​នឹង​ការចូល​ក្នុង​ពន្ធនាគារ​ជាមួយ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នេះ រដ្ឋា​ភិបាល​បាន​ចោទ​លោក​ ជុន ច័ន្ទបុត្រ ថា​បាន​ក្លែង​បន្លំ​ឈ្មោះ និង​តួនាទី​ក្នុង​ចេតនា​ទុច្ចរិត​ដើម្បី​ចូល​យក​ព័ត៌មាន។ ប៉ុន្តែ វិទ្យុ​អាស៊ី​សេរី បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​ចាត់​ទុកចំណាត់​ការ​មក​លើ​អ្នក​យក​ព័ត៌មាន​របស់​ខ្លួន​ថា «ជា​រឿង​ហួសហេតុ​ ដែល​អាជ្ញាធរ​យក​អ្នក​សារព័ត៌មាន​ធ្វើ​ជា​មុខ​សញ្ញា ធ្វើ​ទុក្ខ​បុក​ម្នេញ និង​គំរាម​កំហែង ដោយសារ​ការបំពេញ​ការងារ​របស់​គាត់»។​

អ្នកជំនាញ​ផ្នែក​សារព័ត៌មាន​លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​អនុវត្ត​ផ្លូវ​ច្បាប់​លើ​អ្នក​សារ​ព័ត៌មាន​ដែល​បន្លំ​ខ្លួន​ដើម្បី​ប្រមូល​ព័ត៌មាន​ពិត​មក​ផ្សព្វផ្សាយ មាន​ន័យ​ថា រដ្ឋាភិបាល​កំពុង​ដាក់​សម្ពាធ​ដល់​អ្នក​សារព័ត៌មាន និង​អាច​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន។ ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​នេះ ស្រប​ពេល​ដែល​អ្នកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លើកឡើង​ថា ការ​កោះ​ហៅ​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ បង្ហាញ​ពីក្ដី​បារម្ភ​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដដែល​នោះ​ បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា ឲ្យ​បើក​ទូលាយ​ពន្ធនាគារ​សម្រាប់​អ្នក​សារព័ត៌​មាន និង​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​សាធារណ​ជន​បាន​ឃើញ​ពី​ស្ថានភាព​អាក្រក់ ដែល​អ្នក​ជាប់​ឃុំ​កំពុង​ប្រឈម​។

របាយការណ៍​របស់​អ្នក​រាយការណ៍​គ្មាន​ពំ្រដែន (Reporters without Borders) ស្ដីពី «សន្ទស្សន៍​សេរី​ភាព​សារ​ព័ត៌មាន» ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ សប្តាហ៍​មុន បាន​ចាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​ថា​កាន់​តែ​អាក្រក់ ដោយ​អង្គការ​នេះ​រក​ឃើញ​ថា កម្ពុជា​បាន​ធ្លាក់​ចុះ​៤​ចំណាត់​ថ្នាក់​ ពី​លេខ​១២៨ នៅ​ឆ្នាំ​២០១៦ មក​លេខ​១៣២​ នៅ​ឆ្នាំ​២០១៧។ របាយការណ៍​នោះ​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​២០១៦ រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​រិតត្បិត​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​កាន់​តែខ្លាំង តាមរយៈ​ការ​ចោទ​អ្នក​សារ​ព័ត៌មាន​ទាំង​នោះ​ពី​បទ «បរិហារ​កេរ្ដិ៍» និង​ញុះញង់​បង្ខូច​កេរ្ដិ៍​ឈ្មោះ​រដ្ឋាភិបាល​ជា​ដើម។

ក្នុងសំណុំ​រឿង​ចូល​ក្នុង​ពន្ធនាគារ​របស់​លោក ជុន ច័ន្ទ​បុត្រ ​នេះ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​២រូប គឺ​លោកស្រី មូរ សុខហួរ និង​លោក ឡុង រី ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី ហើយ​អ្នក​ទាំង​ពីរ​បាន​បញ្ចប់​ការ​ឆ្លើយ​បំភ្លឺ​កាលពី​សប្តាហ៍​មុន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG