ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ព្រមាន​ពី​ការ​គំរាម​កំហែង​​ផ្នែក​សន្តិសុខ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


រូបឯកសារ៖ ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​របស់​ចិន​និង​រុស្ស៊ី​កាល​ពី​ឆ្នាំ​២០១៤។
រូបឯកសារ៖ ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​របស់​ចិន​និង​រុស្ស៊ី​កាល​ពី​ឆ្នាំ​២០១៤។

ប្រទេស​ចិន​បាន​ប្រកាស​អំពី​ការ​ពិន័យ​តឹង​រ៉ឹង​ដល់មនុស្ស​ទាំង​ឡាយ​ណា​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​ដោយការ​សាទ​ត្រី​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ទឹក​នៃ​ប្រទេសចិន​ដោយ​មាន​រួម​បញ្ចូល​ទាំង​ដែន​ទឹក​ទាំង​អស់​ដែល​ចិន​បាន​ពណ៌នា​ថា ​ជា​តំបន់​អធិបតេយ្យ​របស់​ផង​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។

កាល​ពី​ថ្ងៃ​អង្គារ តុលាការ​កំពូល​នៃ​ប្រទេស​ចិន​បាន​និយាយ​ថា​ ពួក​អ្នក​នេសាទ​ត្រី​ដែល​ចូលក្នុង​ដែន​ទឹក​នៃ​ប្រទេស​ចិន​ដោយ​ខុស​ច្បាប់​លើស​ពី​ម្តង​ក្នុង​មួយ​ឆ្នាំ​នឹង​ត្រូវ​ពិន័យ​ និង​ជាប់​គុក​មួយ​ឆ្នាំ។ តុលាការ​នេះ​ក៏​បាន​ចែងអំពី​ការ​ពិន័យ​ដល់​ការ​កាត់​យក​ផ្កា​ថ្ម​នៅ​ទី​នោះ​ផងដែរ។​

កាល​ពី​ខែមុន តុលាការ​មួយ​គាំទ្រ​ដោយ​អ.ស.ប.​នៅ​ក្នុង​ក្រុងឡាអេ​ ប្រទេស​ហូឡង់​ បាន​សម្រេច​ថាប្រទេស​ចិន​គ្មាន​សិទ្ធិ​ទាមទារ​ថា​ ដែន​ទឹក​ក្នុង​សមុទ្រ​ខាង​ត្បូង​ជា​តំបន់​ដាច់​មុខ​របស់​ខ្លួន​ទេ​ ដោយ​មាន​រួម​បញ្ចូល​ទាំង​តំបន់​សេដ្ឋកិច្ច​ចម្ងាយ​ ២០០​ម៉ាយល៍ ​នៅក្នុង​តំបន់​ប្រជុំ​កោះ​ Spratly ផង​ដែរ។

លោក ​Chang Wanquan​ រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​ប្រទេស​ចិន​បាន​ព្រមាន​អំពី​ការ​គំរាម​កំហែង​នៅ​ក្នុង​លំហ​សមុទ្រ​ដោយ​និយាយ​ថា​ ប្រទេស​ចិន​គួរ​ប្រុង​ប្រៀប​សម្រាប់​ធ្វើ​សង្គ្រាម​របស់​ប្រជារាស្ត្រ​នៅ​ក្នុង​សមុទ្រ​នៅ​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​មួយ​ដើម្បី​ថែរក្សា​អធិបតេយ្យភាព​ជាតិ។​

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Xinhau ​ចុះ​ផ្សាយ​ថា​លោក​ Chang ​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​សន្តិសុខ​ជាតិ ជា​ពិសេស​ការ​គំរាម​កំហែង​ពី​សមុទ្រ។

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ចិន​បាន​មាន​ប្រសាសន៍​ថា​ក្រុមយោធា​ ពួក​ប៉ូលិស​និង​ប្រជារាស្ត្រ​ចិន​គួរ​ប្រុងប្រៀប​សម្រាប់​កំណែន​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​និង​បូរណភាព​ទឹក​ដី។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​អំពី​សន្តិសុខ​កាលពី​ថ្ងៃអង្គារ ប្រទេស​ជប៉ុន​បាន​និយាយ​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រថុយ​ប្រថាន​ជាមួយ​ផល​វិបាក​ដោយ​អចេតនា​ ដោយសារ​គោល​ជំហរ​គឃ្លើន​របស់​ខ្លួន។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ប្រទេស​ចិន​បាន​ខិតខំ​ប្រឹង​ប្រែង​នៅ​ទូទាំង​សមុទ្រ​ចិន​ខាង​ត្បូង​ ក្នុង​ការ​ប្រែ​ក្លាយ​តំបន់​មាន​ថ្មប៉ប្រះ​ទឹក​ឱ្យ​ទៅ​ជា​កោះ​សិប្បនិមិត្ត​ដែលអាច​បង្កើត​ទីតាំង​យោធា​បាន ដោយ​មិន​អើពើ​ដល់​ការ​ទាមទារ​ក្នុង​តំបន់​សមុទ្រ​នោះ​ដោយ​ប្រទេស​ព្រុយនេ ម៉ាឡេស៊ី វៀតណាម​ ​កោះ​តៃវ៉ាន់​ ​និងប្រទេស​ហ្វីលីពីន​ ទេ៕

XS
SM
MD
LG