ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់​ភាគខាងត្បូងរបស់​​ចិនក្លាយ​ជា​ឳកាស​​សម្រាប់​សេដ្ឋកិច្ច​និង​កំណែ​ទម្រង់


ម​ខ្សែរថភ្លើង​ល្បឿន​លឿន​និង​វែង​ជាងគេ​បង្អស់​នៅលើ​ពិភពលោក
ម​ខ្សែរថភ្លើង​ល្បឿន​លឿន​និង​វែង​ជាងគេ​បង្អស់​នៅលើ​ពិភពលោក
ដោយ William Ide
ប្រែសម្រួលដោយ ឌី ខាំបូលី​
នាពេលថ្មីៗ​នេះ ប្រទេស​ចិន​បានចាប់ផ្តើម​សេវាកម្ម​ខ្សែរថភ្លើង​ល្បឿន​លឿន​និង​វែង​ជាងគេ​បង្អស់​នៅលើ​ពិភពលោក ដែល​លាតសន្ធឹង​ពី​មជ្ឈមណ្ឌល​នយោបាយ​របស់​ខ្លួន​នៅ​ភាគ​ខាងជើង​ទៅកាន់​ខេត្ត កងចូវ (Guangzhou) ដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏ចម្បង​មួយ​នៅ​ភាគ​ខាងត្បូង​របស់​ប្រទេស​នេះ។ ទាំង​ខ្សែរថភ្លើង​ល្បឿនលឿន និង​ទាំង​ទីក្រុងកងទុង (Guangdong) ដែល​ជា​ទីក្រុង​យ៉ាង​ធំធេង​មួយ​របស់​ខេត្តកងចូវ គឺជា​ឳកាស​សម្រាប់​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ក្លាផ្នែក​សេដ្ឋកិច្ច​ដែល​មេដឹកនាំ​ថ្មី​របស់ចិន​កំពុង​ប្រឈមមុខ។
ការ​ធ្វើ​ដំណើរ​នៅលើ​រថភ្លើង​ល្បឿនលឿន​របស់​ប្រទេស​ចិន គឺ​កៅអី​ជួរ​មុខ​មួយឆ្ពោះ​ទៅកាន់​តំបន់​ជាច្រើន​នៃ​សេដ្ឋកិច្ច​របស់​ចិន ដែល​រាប់​ចាប់​តាំង​ពី​ការពឹងផ្អែកយ៉ាង​ធំធេងរបស់​ប្រទេស​នេះ​ទៅ​លើ​គម្រោង​សាងសង់ដើម្បី​ជំរុញឲ្យ​មាន​ការីក​ចម្រើន ភាពខុសគ្នា​រវាង​តំបន់​ទាំងឡាយ បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន និង​ការផលិត​លើសចំនួន។
លោក ស៊ូ ស៊ានស៊ាំង (Xu Xianxiang) គឺជា​សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​ នៅឯ​សាកល​វិទ្យាល័យ​ស៊ុនយ៉ាតសេន (Sun Yat-Sen University) របស់​ខេត្តកងចូវ។
លោក ស៊ូ និយាយ​ថា មាន​ភាពមិនស្មើ​ភាពគ្នា​ជាច្រើន​នៅក្នុង​ប្រទេស​ចិន ហើយថា​ទោះបីជា​ប្រជាពលរដ្ឋ​នៅតាមកន្លែង​ដែលមានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ ស្ថិត​នៅក្នុង​ស្ថានភាព​ល្អក្តី ក៏នៅ​មាន​កន្លែង​ក្រីក្រជាច្រើន​ទៀតដែរ ដែល​នៅទីនោះ​ប្រជាពលរដ្ឋ​មិនមាន​លទ្ធភាពសូម្បីតែ​ទៅសាលារៀន ឬ​ទៅមន្ទីរ​ពេទ្យ។ លោក​និយាយ​ថា ប្រសិនបើ​អ្នក​សម្លឹង​មើល​ទីក្រុងប៉េកាំង (Beijing) សៀងហៃ (Shanghai) និងកងចូវ (Guaangzhou)វិញ​ ទីក្រុង​ទាំងនោះ​មាន​ស្ថានភាព​ល្អ​ខ្លាំងណាស់។ ប៉ុន្តែ ប្រសិនបើ​អ្នក​បើកបរ​ប្រមាណ​ពីរម៉ោង​ចេញពី​ទីក្រុង​ទាំងនេះ អ្វីៗ​ទាំងអស់មាន​ភាព​ខុសគ្នា​ទាំង​ស្រុង។
ថ្នាក់ដឹកនាំ​របស់​ចិន បាន​រៀបចំប្រព័ន្ធ​សេដ្ឋកិច្ច​ថ្មីដែល​មាន​ភាព​សេរី​ជាងមុន​នៅ​ភាគ​ខាងត្បូង កាលពីជាង​បីទសវត្សរ៍​មុន។ សព្វថ្ងៃ​ តំបន់នេះ​និង​កំណើនដែល​នាំមុខ​ដោយ​ផលិតកម្ម​និង​សក្តានុពល​ការងារ​របស់តំបន់ មាន​ចំនួន​ពី​៥០​ទៅ​៦០​ភាគរយ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល។
ប៉ុន្តែ ខណៈពេល​ដែល​សេដ្ឋកិច្ច​សកល​ថយចុះ ហើយ​តម្រូវការ​នៅឯ​ក្រៅ​ប្រទេស​សម្រាប់​ទំនិញ​របស់​ចិន​មានការថយចុះ ល្បឿន​នៃ​ការ​អភិវឌ្ឍ​នៅភាគ​ខាងត្បូង ក៏កំពុង​ថយចុះយឺត​ផងដែរ។
លោក ស៊ូ ស៊ានស៊ាំង បាន​ថ្លែង​ជាថ្មី​ម្តងទៀត​ថា ៖ នាពេល​ឥឡូវនេះ​ ក្រុម​មន្រ្តី​រដ្ឋាភិបាល​នៅក្នុង​ទីក្រុងកងទុង និង​តំបន់​ឆ្នេរសមុទ្រ មាន​ការខ្វល់ខ្វាយ​ និង​កំពុង​ព្យាយាម​ស្វែងរកមធ្យោបាយ​ដើម្បី​ផ្លាស់ប្តូរ​គំរូសេដ្ឋកិច្ច​របស់​តំ​បន់​ភាគ​ខាងត្បូង។ លោក​និយាយ​ថា ការស្វែងរក​គំរូ​ថ្មី​មួយ​នៅទីនេះ អាច​ក្លាយ​ទៅជា​គំរូ​សម្រាប់​ប្រទេស​ចិន​ទាំងមូល នាពេល​អនាគត។
ទោះបីជាការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ត្រូវបាន​រំពឹង​ថា​នឹង​មាន​ស្ថិរភាព​នៅក្នុង​កម្រិត​ប្រហែលជា​៧​ភាគរយ​ រហូតដល់​ចុង​ទសវត្សរ៍​នេះ​ក៏ដោយ ក៏ក្រុម​មេដឹកនាំ​របស់​ប្រទេស​នេះ បាន​ដឹង​យ៉ាងច្បាស់​អំពី​បញ្ហា​ប្រឈម​ទាំងឡាយ ដែលមាន​នៅសេសសល់។ លោក​នាយករដ្ឋមន្រ្តីជិត​ផុត​អណត្តិ​ វេន ជាប៉ាវ (Wen Jiabao) បាន​គូសបញ្ជាក់​បញ្ហា​ប្រឈម​មួយចំនួន​នៅ​សប្តាហ៍​នេះ ក្នុង​កំឡុង​ពេល​នៃ​ការធ្វើសេចក្តី​រាយការ​របស់​លោក​ទៅកាន់​សមាជប្រជាជន​ថ្នាក់ជាតិ ដែល​ជា​រដ្ឋសភា​របស់​ប្រទេស​ចិន។
លោក វេន និយាយ​ថា ប្រជាពលរដ្ឋ​មួយចំនួន​បន្តរស់​នៅ​យ៉ាង​លំបាកលំបិន​នៅឡើយ។ លោក​និយាយ​ថា បញ្ហា​សង្គម​បាន​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់ ហើយ​ថា​ប្រជាពលរដ្ឋ​កំពុង​តស៊ូ​ជាមួយ​បញ្ហា​ទាំងឡាយ​ដូចជា ការអប់រំ ការស្វែងរកការងារ​ធ្វើ សន្តិសុខ​សង្គម និង​បរិស្ថាន​ជា​ដើម។
លោកស្រី អេអាយ ស៊ៀមីង (AI Xiaoming) ដែល​ជា​អ្នក​ផលិត​ខ្សែ​ភាពយន្ត​មួយរូប ដែល​បាន​ចងក្រង​ឯកសារ​ស្តីអំពី​បញ្ហា​សង្គម នៅទូទាំង​ប្រទេសចិន​អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ និយាយ​ថា វា​មិនមែន​គ្រាន់តែ​ជាភាពសម្បូណ៌​ឱកាស​ការងារ​និង​ការបើកចំហរ​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះទេ ដែល​ធ្វើ​ឱ្យ​តំបន់​ភាគ​ខាងត្បូង​មានភាព​ពិសេស។
លោកស្រី អេអាយ និយាយ​ថា ពីព្រោះ​ទីក្រុងកងទុងស្ថិត​នៅក្បែរ​ទីក្រុងហុងកុង (Hong Kong) និងម៉ាកាវ (Macau) មាន​លំហូរ​ព័ត៌មាន​ដោយ​សេរី​ ហើយថា​ពីព្រោះ​តំបន់នេះ គឺជា​តំបន់​ដំបូង​បង្អស់ ដែល​ធ្វើកំណែ​ទម្រង់​និង​បើកចំហរ​សេដ្ឋកិច្ច​របស់​ខ្លួន ប្រជាពលរដ្ឋ​ជាទូទៅ​ផ្តល់​តម្លៃ​ទៅលើ​ជីវិត។ លោកស្រី​និយាយ​ថា បរិស្ថាន​គឺ​មាន​ភាព​បើកទូលាយ​យ៉ាងខ្លាំង។
ទោះបីជា​មាន​ភាព​ងាយស្រួល​ជាងមុនសម្រាប់​ក្រុមមន្រ្តី​នៅ​ភាគខាង​ត្បូង ដែល​មាន​គំនិត​ប្រកបដោយ​ការអភិវឌ្ឍ​ជាង​មុន ពីព្រោះ​ពួកគេ​ស្ថិត​នៅដាច់​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​នយោបាយ​របស់​ប្រទេស​នេះ​នៅ​ភាគ​ខាង​ជើង លោកស្រី អេអាយ និយាយ​ថា បរិស្ថាន​បើកទូលាយ​នេះ​មិនមែន​មានន័យ​ថា ការផ្លាស់ប្តូរមានភាព​ងាយស្រួល​នោះទេ៕
XS
SM
MD
LG