ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​បញ្ចប់​វេទិកា​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​ជាមួយ​នឹង​គោល​បំណង​ពង្រីក​ពាណិជ្ជកម្ម​សេរី


មេដឹកនាំ​ដែល​ចូល​រួម​ក្នុង​វេទិកា​ខ្សែក្រវ៉ាត់​និង​ផ្លូវ​ ថត​រូប​នៅ​សាលប្រជុំ​នៅបឹង​ Yanqi ជាយក្រុង​ប៉េកាំង កាល​ពី​ថ្ងៃទី​១៥ ខែ​ឧសភា។

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ថ្លែង​ថា​បណ្តា​ប្រទេស​ដែល​ចូលរួម​នៅ​ក្នុង​វេទិកា ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ បានឯកភាព​គ្នា​លើ​ផែនការ​សកម្មភាព​មួយ​ដែល​មាន​គោលដៅ​ចំនួន​២៧០។ ​

ដោយ​ថ្លែង​នៅ​ពេល​បញ្ចប់​វេទិកា​នេះ មេដឹកនាំ​ចិន​បាន​និយាយ​ថា ប្រមុខ​រដ្ឋ​ទាំង​៣០​នាក់​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ក្នុង​ទីក្រុង​ប៉េកាំង និង​នៅ​បឹង​ Yanqi ​ដែល​នៅ​ក្បែរ​នោះ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​មួយ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេដ្ឋកិច្ច​សកលលោក​ដែល​បើក​ចំហ ធ្វើ​ឲ្យ​មាន​តុល្យភាព​សកលភាវូបនីយកម្ម និង​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​សេរី​កាន់​តែ​ស៊ីជម្រៅ​ជាង​មុន។

គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​របស់​លោក ស៊ី ផ្តោត​ទៅ​លើ​ការ​ភ្ជាប់​ទំនាក់​ទំនង​និង​សហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រទេស​ចិន​ជាមួយ​នឹង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​អាស៊ី។ ផែនការ​នេះ​ក៏​រួម​បញ្ចូល​ទាំង​ផែនការ​លើ​ដី​ដែល​មាន​ឈ្មោះ​ថា «ខ្សែ​ក្រវ៉ាត់​សេដ្ឋកិច្ច​មាគ៌ា​សូត្រ‍» និង​ផែនការ​លើ​មហាសមុទ្រ​ដែល​មាន​ឈ្មោះ​ថា «មាគ៌ា​សូត្រ​ដែន​សមុទ្រ​‍» ផង​ដែរ។​

យុទ្ធសាស្រ្ត​នេះ​គូស​បញ្ជាក់​ពី​ការ​ជំរុញ​របស់​ចិន​ក្នុង​ការ​កាន់​តួនាទីធំ​ជាង​មុន​នៅ​ក្នុង​កិច្ចការ​សកលលោក។ លោក ស៊ី បាន​សង្កត់​ធ្ងន់​ថា ចិន​នឹង​មិន​ប្រើ​មនោគមវិជ្ជា​ជា​មូលដ្ឋាន​នៃ​សហប្រតិបត្តិការ​នេះ ឬ​ប្រើ​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ ដើម្បី​ជា​របៀបវារៈ​នយោបាយ ដែល​បង្ក​ជា​ក្តី​កង្វល់​សម្រាប់​អ្នក​រិះគន់ ដែល​គូស​បញ្ជាក់​ពី​ផល​ប៉ះពាល់​ភូមិសាស្ត្រ​នយោបាយ​ដែល​អាច​មាន​ពី​គម្រោង​ដ៏​ធំ​មួយ​នេះ​នោះ​ទេ៕

XS
SM
MD
LG