ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ច​ប្រឹងប្រែង​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​ចិន​ប្រឈម​នឹង​បញ្ហា


ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​វគ្គ​រៀន​ភាសា​ចិន​ដែល​ឧបត្ថម្ភ​ដោយ​វិទ្យាស្ថាន​ខុងជឺ នៅ​សាកលវិទ្យាល័យ​ Iowa។

រដ្ឋាភិបាល​ចិន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ដើម្បី​ព្យាយាម​បង្ហាញ​មុខ​មាត់​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​ទឹក​ប្រាក់​ដ៏​សន្ធឹក​សន្ធាប់​នេះ បែរជា​ទទួល​លទ្ធផល​មិន​ល្អ​ត្រឡប់​ទៅ​វិញ។

លទ្ធផល​មិន​ល្អ​ទាំង​នោះ មាន​ដូចជា​ការ​បិទ​វិទ្យាស្ថាន​ខុងជឺ​នៅ​តាម​សាកលវិទ្យាល័យ​នានា​នៅ​បរទេស រហូត​ដល់​ការ​ប្រឆាំង​របស់​ក្រុម​និស្សិត​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​សុន្ទរកថា​ណា​ទាក់ទង​នឹង​សម្ដេច​សង្ឃ Dalai Lama។

កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​ថ្មីៗ​នេះ «ការ​ធ្វើ​យុទ្ធនាការ​រក​ការ​គាំទ្រ» របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​តាមដាន​យ៉ាង​ហ្មត់ចត់ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វិនិយោគ​នៅ​តំបន់ Hollywood។ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា គណបក្ស​កុម្មុយនិស្ត​កណ្ដាប់​ដៃ​ដែក​របស់​ចិន កំពុង​ព្យាយាម​ពង្រីក​បែបផែន​របស់​ខ្លួន នៅ​ក្នុង​ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​គ្រប់គ្រង​នានា។

ប៉ុន្តែ​អ្នក​វិភាគ​នានា​លើក​ឡើង​ថា ក្តី​បារម្ភ​ទាំង​នោះ​គ្រាន់​តែ​ជា​ការ​ព្រួយបារម្ភ​ហួស​ពី​ភាព​ពិត​ជាក់ស្ដែង​តែ​ប៉ុណ្ណោះ។

ការ​ផ្សព្វផ្សាយ​អំពី​រឿង​រ៉ាវ​របស់​ប្រទេស​ចិន

ស្រប​ពេល​ដែល​ភាព​អស្ចារ្យ​នៃ​សេដ្ឋកិច្ច​ចិន​កាន់តែ​រីក​ចម្រើន ហើយ​ឥទ្ធិពល​របស់​ចិន​ក្នុង​ពិភពលោក​កាន់តែ​មាន​ការ​កើន​ឡើង​នោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​កែ​តម្រូវ​អ្វី​ដែល​ខ្លួន​បាន​ចាត់ទុក​ថា ជា​ការ​បង្ហាញ​មុខមាត់​របស់​ខ្លួន​មិន​ត្រឹមត្រូវ​លើ​ឆាក​អន្តរជាតិ​នោះ។ ប្រធានាធិបតី​ចិន​លោក Xi Jinping ធ្លាប់​បាន​និយាយ​ជា​រឿយៗ​អំពី​អ្វី​ដែល​លោក​ហៅ​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី «ប្រាប់​ពិភព​លោក​ពី​រឿង​រ៉ាវ​របស់​ចិន​ឲ្យ​បាន​ល្អ» នោះ​គឺ​ការ​ប្រាប់​ពិភពលោក​អំពី​រឿង​រ៉ាវ​របស់​ខ្លួន​ដោយ​សំដី​ខ្លួន​ឯង​ផ្ទាល់។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​គោល​បំណង​បង្ហាញ​ថា ចិន​គឺ​ជា​ប្រទេស «ដែល​មាន​អរិយធម៌​បូរាណ​ ​និង​សម្បូរ​សប្បាយ» មួយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Clayton Dube នាយក​វិទ្យាស្ថាន​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន នៃ​សាកលវិទ្យាល័យ Southern California។

លោក Clayton Dube ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ដោយ​សារ​តែ​ចិន​មាន​កម្លាំង​ផ្នែក​សេដ្ឋកិច្ច​រីក​លូតលាស់​ខ្លាំង ប្រទេស​នេះ​មាន​លទ្ធភាព​ដាក់​ទុន​វិនិយោគ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​លើ​ការ​បង្កើត​បច្ចេកវិទ្យា​ទំនាក់​ទំនង​ដ៏​ទំនើប លើ​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន លើ​វិស័យ​អ៊ីនធឺណិត វិបសាយ និង​ការ​ប្រមូល​ព័ត៌មាន និង​ផ្នែក​ស្រដៀង​គ្នា​នេះ​ផ្សេងៗ​ទៀត។ ជាង​នេះ​ទៅ​ទៀត ប្រទេស​ចិន​ក៏​បាន​ដាក់​ទុន​វិនិយោគ​លើ​វិទ្យាស្ថាន​ខុងជឺ​ផង​ដែរ ដើម្បី​ព្យាយាម​ឲ្យ​ពល​រដ្ឋ​អាមេរិកាំង​យល់​ដឹង​ឲ្យ​បាន​ច្រើន​ជាង​មុន​អំពី​ប្រទេស​ចិន»។

ការ​ខិត​ខំ​ប្រឹងប្រែង​មួយ​ចំនួន ក្នុង​ចំណោម​ការ​វិនិយោគ​ទាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​ចំហ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ដែល​ផ្សាយ​ទៅ​ក្រៅ​ប្រទេស តួយ៉ាង​ដូចជា​ស្ថានីយ​ទូរទស្សន៍​មួយ​ឈ្មោះ​ថា​ China Central Television ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​បណ្តាញ​ទូរទស្សន៍​សាកល​ចិន ឬ​ហៅ​កាត់​ថា CGTN។ កិច្ច​ខិត​ខំ​ទាំង​នេះ​ក៏​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទម្រង់​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​សារព័ត៌មាន​នាំ​មុខ​គេ​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

សម្រាប់​រឿង​ផ្សេង​ទៀត គឺ​ធ្វើ​ឡើង​ដោយ​មិន​បើក​ចំហរ

នៅ​ក្នុង​បរិវេណ​នៃ​សាកល​វិទ្យាល័យ​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក គេ​ឃើញ​មាន​វត្តមាន​កើន​ឡើង​នៃ​វិទ្យាស្ថាន​ខុងជឺ ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ភាសា​ចិន និង​សិក្សា​ពី​ប្រទេស​ចិន​ជាង ១ រយ​កន្លែង។

អតីត​ប្រធានាធិបតី​ចិន Hu Jintao ធ្វើ​ទស្សនកិច្ច​ទៅ​វិទ្យាស្ថាន​ខុងជឺ​ដែល​មាន​ទីតាំង​នៅ​សាលា​សម្រាប់​រៀន​ត្រៀម​ចូល​មហា​វិទ្យា​វិទ្យាល័យ​ Walter Payton ក្នុង​រដ្ឋ Chicago កាល​ពី​ឆ្នាំ​២០១១។
អតីត​ប្រធានាធិបតី​ចិន Hu Jintao ធ្វើ​ទស្សនកិច្ច​ទៅ​វិទ្យាស្ថាន​ខុងជឺ​ដែល​មាន​ទីតាំង​នៅ​សាលា​សម្រាប់​រៀន​ត្រៀម​ចូល​មហា​វិទ្យា​វិទ្យាល័យ​ Walter Payton ក្នុង​រដ្ឋ Chicago កាល​ពី​ឆ្នាំ​២០១១។

មជ្ឈ​មណ្ឌល​ទាំង​នេះ បាន​អះអាង​ថា​ខ្លួន​ជា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ប៉ុន្តែ​បើ​និយាយ​ចំពោះ​ផ្នែក​រដ្ឋបាល​វិញ គណៈ​គ្រប់គ្រង​របស់​មជ្ឈមណ្ឌល​ទាំង​នេះ គឺ​ស្ថិត​នៅ​ក្រោម​ក្រសួង​អប់រំ​ចិន។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិទ្យាស្ថាន​ខុងជឺ​ជា​ច្រើន​ត្រូវ​បាន​បិទ​ទ្វារ ដោយ​សារ​តែ​មាន​ក្ដី​បារម្ភ​អំពី​បញ្ហា​តម្លាភាព និង​ផល​ប៉ះពាល់​របស់​វិទ្យាស្ថាន​ទាំង​នេះ​ចំពោះ​សេរីភាព​នៃ​ការ​សិក្សា​អប់រំ។

លោក Philip Clart ប្រធាន​វិទ្យាស្ថាន​ខុង​ជឺ នៃ​សាកលវិទ្យាល័យ Leipzig និង​ជា​សាស្ត្រាចារ្យ​នៃ​ការ​សិក្សា​ពី​ប្រទេស​ចិន នៅ​ដេប៉ាតឺម៉ង់​សម្រាប់​ការ​សិក្សា​តំបន់​អាស៊ី​បូព៌ា បាន​អះអាង​ថា គេ​អាច​ទាញ​ប្រយោជន៍​ពី​វិទ្យាស្ថាន​ខុងជឺ​បាន ប្រ​សិន​បើ​គេ​គ្រប់គ្រង​វិទ្យាស្ថាន​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ។

លោក Clart និយាយ​បន្ថែម​ទៀត​ថា ទោះបីជា​ការ​រឹតត្បិត​ការ​ផ្សព្វផ្សាយ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅតែ​ជា​ក្ដី​កង្វល់​ក៏​ដោយ ក៏​បញ្ហា​ទាំង​នេះ​មិន​មែន​ជា​ក្តី​បារម្ភ​ដែល​ភ្ជាប់​មក​ជាមួយ​កម្មវិធី​នេះ​នោះ​ទេ ហើយ​បញ្ហា​ទាំង​នេះ​អាច​ជៀសវាង​បាន ប្រសិន​បើ​មាន​ការ​បែងចែក​ឲ្យ​បាន​ច្បាស់​អំពី​តួនាទី​រវាង​កម្មវិធី​របស់​វិទ្យាស្ថាន​នេះ និង​សាកល​វិទ្យាល័យ​ទាំង​មូល។

ប៉ុន្តែ​លោក​ថ្លែង​ថា៖ «ប្រសិនបើ​អ្នក​នៅ​កន្លែង​មួយ​ដែល​ដេប៉ាតឺម៉ង់​សម្រាប់​ការសិក្សា​អំពី​ប្រទេស​ចិន ឬ​ការ​សិក្សា​អំពី​តំបន់​អាស៊ី​គ្មាន​ភាព​ឯករាជ្យ ហើយ​ដែល​នៅ​កន្លែង​នោះ វិទ្យាស្ថាន​ខុងជឺ​ត្រូវបាន​បង្កើត​ឡើង​ដំបូង​ដើម្បី​ផ្ដល់​ការ​អប់រំ​ផ្សេងៗ ដូចជា​ការ​បង្រៀន​ភាសា​ចិន​ជា​ដើម ហើយ​មិន​មាន​វិទ្យាស្ថាន​ណា​ផ្ដោត​លើ​រឿង​នេះ នោះ​ចំណុច​នេះ​នឹង​កាន់​តែ​ធ្វើឲ្យ​ពិបាក​ជាង​មុន​ជាក់​ជា​មិន​ខាន»។

លទ្ធិ​ផ្ដាច់ការ​និយម​បែប​ប្រមូល​ផ្ដុំ

ក្រុម​និស្សិត​ចិន​នានា​ក៏​ជា​កម្លាំង​មួយ ដែល​កំពុងតែ​កើន​ឡើង​ផង​ដែរ ដែល​ភាគ​ច្រើន ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អ្នក​ដែល​ផ្សព្វផ្សាយ​នូវ​របៀប​វារៈ​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​នៅ​ឯ​បរទេស។ ជា​ឧទាហរណ៍ នៅ​ពេល​មេដឹក​នាំ​សាសនា​តំបន់​ទីបេ សម្តេច​សង្ឃDalai Lama ដែល​កំពុង​និរទេស​ព្រះ​កាយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ត្រូវ​គេ​អញ្ជើញ​ឲ្យ​ថ្លែង​សុន្ទរកថា​នៅ​សាកលវិទ្យាល័យ​ California San Diego កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៦ កន្លង​ទៅ​នេះ និស្សិត​ចិន​មួយ​ក្រុម​នៅ​សាកល​វិទ្យាល័យ​នោះ បាន​ធ្វើ​បាតុកម្ម​ដើម្បី​បញ្ឈប់​ការ​ថ្លែង​សុន្ទរកថា​របស់​ព្រះ​អង្គ។

ទោះបីជា​ក្រុម​និស្សិត​ចិន​នោះ​បាន​ជួប​ជុំ​គ្នា​ដើម្បី​ប្រឆាំង​នឹង​ការ​អញ្ជើញ​សម្ដេច​សង្ឃ Dalai Lama នេះ ដោយ​សំអាង​លើ​ហេតុផល​ដ៏​ចម្លែក​ដែល​ថា ការ​អញ្ជើញ​នេះ​គឺ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​«ពហុភាព» និង «ភាព​ត្រឹម​ត្រូវ​នៃ​នយោបាយ» ក៏​ដោយ ក៏​ទំនាក់ទំនង​របស់​ក្រុម​និស្សិត​ចិន​នេះ​ជាមួយ​នឹង​ស្ថាន​កុងស៊ុល​ចិន​នៅ​ក្នុង​ទីក្រុង San Diego រដ្ឋ California គឺ​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព ដែល​ធ្វើ​ឲ្យ​សាធារណជន​ចាប់​អារម្មណ៍​បែប​នេះ។

សន្តិសុខ​ម្នាក់​កំពុង​ដើរ​កាត់​ឡូហ្គោ​ទូរទស្សន៍​ចិន CCTV ដែល​ឥឡូវ​នេះ​បាន​ប្តូរ​ទៅ​ជា​ CGTV ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។
សន្តិសុខ​ម្នាក់​កំពុង​ដើរ​កាត់​ឡូហ្គោ​ទូរទស្សន៍​ចិន CCTV ដែល​ឥឡូវ​នេះ​បាន​ប្តូរ​ទៅ​ជា​ CGTV ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

ព្រឹត្តិការណ៍​នេះ និង​ព្រឹត្តិការណ៍​ផ្សេង​ទៀត បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​បញ្ហា​ប្រឈម ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ជួប​ប្រទះ និង​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​ស្រពិចស្រពិល​នៃ​ការ​បែងចែក​ឲ្យ​ដាច់​ពី​គ្នា រវាង​ការ​រៀបរាប់​អំពី​រឿងរ៉ាវ​របស់​ប្រទេស​ចិន​ឲ្យ​បាន​ល្អ និង​ការ​ពង្រីក​ការ​ឃោសនា​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។

ការ​ពង្រីក​ឥទ្ធិពល​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ

ការ​ស៊ើប​អង្កេត​មួយ​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Reuters កាល​ពី​ឆ្នាំ ២០១៥ បាន​បង្ហាញ​ថា ស្ថានីយ៍​ផ្សព្វផ្សាយ​ព័ត៌មាន​ច្រើន​ជាង ១០ ស្ថានីយ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក កំពុង​ដំណើរការ​ចាក់​ផ្សាយ​កម្មវិធី​ដែល​ទទួល​បាន​ពី​វិទ្យុ​អន្តរជាតិ​ចិន ដែល​ជា​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន។

ដោយសារតែ​ការ​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​អ្នក​ស្ដាប់ ដែល​ចេះ​តែ​ភាសា​អង់គ្លេស អាច​មាន​ការ​លំបាក អ្នក​វិភាគ​នានា កត់​សម្គាល់​ឃើញ​ថា គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ធ្វើ​ការ​ពង្រីក​ឥទ្ធិពល​សំខាន់ៗ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ភាសា​ចិន នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ទោះបីជា​ភាគ​ច្រើន ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ប្រព័ន្ធ​រ៉ាដា​ក៏​ដោយ ក៏​ទិដ្ឋភាព​ទូទៅ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នេះ គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ឬ​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ការ​ផ្សព្វ​ផ្សាយ​ទាំង​នេះ ភាគ​ច្រើន​ផ្ដោត​លើ​ជនជាតិ​ដើម​កំណើត​ចិន ដែល​ពួក​គេ​ភាគ​ច្រើន ក៏​ប្រហែលជា​ទទួល​បាន​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​អង់គ្លេស​ផង​ដែរ។ ប៉ុន្តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​ទាំង​នេះ គឺ​បាន​រៀបចំ​កម្មវិធី​ផ្សាយ​របស់​ខ្លួន ឬ​ក៏​កំណត់​ព័ត៌មាន​ជាក់​លាក់​ណា​មួយ សម្រាប់​ផ្សាយ​ដល់​ជនជាតិ​ចិន​ទាំង​នោះ។

លោក Robert Daly នាយក​វិទ្យាស្ថាន Kissinger សម្រាប់​ការ​សិក្សា​អំពី​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក នៃ​មជ្ឈមណ្ឌល Woodrow Wilson បាន​និយាយ​ថា នៅ​ទី​បំផុត គោល​បំណង​របស់​គណបក្ស​កុម្មុយនិស្ត​ចិន គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ទទួល​ស្គាល់​ថា ខ្លួន​មាន​ប្រសិទ្ធភាព មាន​ភាព​ស្រប​ច្បាប់ និង​ជា​គណបក្ស​ល្អ។ ប៉ុន្តែ ការ​ផ្សព្វផ្សាយ​អំពី​លទ្ធិ​ផ្ដាច់ការ​បែប​ឯក​បក្ស​ដូច​នេះ គឺ​ការ​លំបាក​បំផុត​មួយ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «មនុស្ស​ទូទៅ​ចង់​ដឹង​ពី​អ្វី​ដែល​រដ្ឋាភិបាល​ចិន​លើក​ឡើង។ មនុស្ស​ទូទៅ​ដឹង​ថា ចិន​គឺ​ជា​ប្រទេស​ដ៏​សំខាន់ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពិតជា​មិន​មាន​រឿង​ល្អៗ​ណា​ដើម្បី​ផ្សព្វផ្សាយ ក្នុង​គោល​បំណង​ដើម្បី​បញ្ចុះបញ្ចូល​ពលរដ្ឋ​អាមេរិកាំង​ឲ្យ​ជឿ​ថា លទ្ធិ​ផ្ដាច់ការ​បែប​ឯក​បក្ស​នោះ គឺ​ជា​រឿង​ត្រឹម​ត្រូវ​អាច​ទទួលយក​បាន​នោះ​ទេ‍»។

ការ​ចុះញ៉ម​ដើម្បី​ផល​ចំណេញ

លោក Robert Daly បាន​បន្ថែម​ទៀត​ថា បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​សម្រាប់​ពួកគេ​ទាំង​អស់​គ្នា គឺ​នៅ​ពេល​ដែល​អ្នក​រៀបចំ​គម្រោង​អំណាច​ដែល​មិន​ប្រើ​កម្លាំង​យោធា​របស់​សហរដ្ឋ​អាមេរិក បាន​ឯកភាព​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដើម្បី​ផល​ប្រយោជន៍​ជា​ប្រាក់កាស។

ករណី​បែបនេះ ជា​ទូទៅ ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នានា​នៅ​តំបន់ Hollywood ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក ក៏​ដូចជា​នៅ​ក្នុង​អាជីវកម្ម​បោះពុម្ព​ផ្សាយ​នានា និង​នៅ​ក្នុង​អាជីវកម្ម​ល្បែង​ភ្នាល់​ផ្សេងៗ​ផង​ដែរ។ ក្នុង​ករណី​ខ្លះ ចំណុច​ណា​ដែល​មើល​ទៅ​ទំនង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​សប្បាយ​ចិត្ត ចំណុច​នោះ​នឹង​ត្រូវ​គេ​លុប​ចោល​ដើម្បី​ធានា​ថា វា​អាច​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​របស់​ចិន​បាន។

លោក Clayton Dube បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ដោយ​សារ​តែ​ខ្សែ​ភាពយន្ត​ចិន​មាន​ទីផ្សារ​ធំ មនុស្ស​គ្រប់​គ្នា​ចង់​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​នោះ។ ដូច្នេះ​អ្នក​ណា​ក៏​ចង់​ឲ្យ​ខ្សែ​ភាពយន្ត​របស់​ខ្លួន​ដាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​ចិន​ដែរ បើ​សិន​ជា​ពួក​គេ​មាន​ឱកាស។ ហើយ​ពួក​គេ​បាន​ដឹង​ថា ភាពយន្ត​ប្រភេទ​ណា​ខ្លះ ដែល​គ្មាន​ឱកាស​អាច​ដាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​ចិន​បាន»។

លោក Robert Daly និយាយ​ថា នេះ​ជា​អ្វី​ដែល​លោក​ហៅ​ថា «ការ​តម្រូវ​លទ្ធភាព​ទិញ​ដូរ ស្រប​ទៅ​តាម​អំណាច​ផ្ដាច់ការ»។ ប៉ុន្តែ លោក​យល់​ថា ការ​អនុវត្ត​របស់​ជនជាតិ​អាមេរិកាំង​ជា​ការ​អនុវត្ត​ដែល​មាន​បញ្ហា គឺ​មិនមែន​ជា​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ​ទេ។

លោក Daly បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖ «មិន​មែន​ចិន​កំពុង​តែ​ប្រើ​កម្លាំង​បន្លាច​យើង​នោះ​ទេ គឺ​យើង​ទេ​ដែល​ឱន​ក្បាល​ទៅ​គេ​ដើម្បី​ទទួល​បាន​ផល​ចំណេញ ហើយ​ចំណុច​នេះ​ហើយ គឺ​ជា​បញ្ហា ដែល​ពិត​ប្រាកដ​នោះ។ បញ្ហា មិន​មែន​ដោយសារ​អ្វី ដែល​រដ្ឋាភិបាល​ចិន​បាន​ធ្វើ​តាម​រយៈ​វិទ្យាស្ថាន​ខុងជឺ ឬ​តាម​រយៈ​ស្ថានីយ​ទូរទស្សន៍ China Central Television ឬ​ក៏​វិទ្យុ Radio Beijing នោះ​ទេ»។

លោក Robert Dubeបាន​បញ្ជាក់​ថា ខណៈ​មនុស្ស​មួយ​ចំនួន​អះអាង​ថា គួរតែ​មាន​វិធានការ​បន្ថែម​ទៀត​ដើម្បី​រឹតត្បិត​លទ្ធភាព​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​ចិន​ក្នុង​សហរដ្ឋ​អាមេរិក ឬ​ដាក់​កំហិត​ចំពោះ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់ Hollywoodនោះ មនុស្ស​មួយ​ចំនួន​ទៀត​បែរ​ជា​ជឿ​ថា ការ​បើក​ទូលាយ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត នឹង​ធ្វើ​ឲ្យ​យើង​អាច​ស្វែង​យល់​បាន​កាន់តែ​ប្រសើរ​ជាង​នេះ»។

លោក​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «តាម​រយៈ​ការ​រឹតត្បិត​លើ​ការ​បើក​ទូលាយ តាម​រយៈ​ការ​រឹត​ត្បិត​លើ​លំហូរ​ព័ត៌មាន​ដោយ​សេរី យើង​កំពុង​បញ្ជូន​សញ្ញា​ថា យើង​កំពុង​មាន​ការ​ភ័យខ្លាច​ចំពោះ​បញ្ហា​ទាំង​នោះ។ ភាព​ជោគ​ជ័យ​ដ៏​អស្ចារ្យ​របស់​សហរដ្ឋ​អាមេរិក និង​អំណាច​ដែល​មិន​ប្រើ​កម្លាំង​យោធា​របស់​ខ្លួន កើត​ចេញ​ពី​ការ​បើក​ទូលាយ និង​ពី​ការ​ចូល​រួម​របស់​ខ្លួន»៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG