\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ចិន​ពិចារណា​ដាក់​តំបន់​កំណត់​ការពារ​ដែន​អាកាស​ ADIZ ​ចូល​ក្នុង​តំបន់​សមុទ្រ​ដែល​មាន​ជម្លោះ

  • Ralph Jennings

(រូបភាព​ឯកសារ​) ផែនទី​នៃ​ប្រជុំកោះ​ Paracel ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

(រូបភាព​ឯកសារ​) ផែនទី​នៃ​ប្រជុំកោះ​ Paracel ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

ស្ថាប័ន​រដ្ឋ​របស់​ប្រទេស​ចិន​បាន​ព្រមាន​កាល​ពី​ចុង​ខែ​វិច្ឆិកា​នេះ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រៀម​ខ្លួន រួច​រាល់​ហើយ​ក្នុង​ការ​ដាក់​តំបន់​កំណត់​ការពារ​​ដែន​អាកាស (ADIZ) ​ចូល​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​ ក្នុង​គោល​ដៅ​ដើម្បី​ឲ្យ​ពួក​គេ​មាន​​អំណាច​តាម​ដាន​ចរាចរណ៍​យន្តហោះ​របស់​បរទេស។ ក៏ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​​និយាយ​ថា​ ការ​ធ្វើ​បែប​នេះ​នឹង​បង្កើន​ការ​ខឹង​សម្បា​ពី​ប្រទេស​នានា​ ដោយ​មិន​មាន​ការ​ខ្លាច​រអា​ចំពោះ​ការ​ធ្វើ​ចរាចរ​នោះ​ឡើយ។

ចំណាត់​ការ​នេះ​នឹង​ធ្វើ​ទៅ​តាមវិធាន​នានា​ក្នុង​ការ​ត្រួត​ពិនិត្យ​ចរាចរ​កប៉ាល់​បរទេស​នៅក្នុង​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ​នោះ​ ហើយ​នឹង​បញ្ជាក់​ពី​ចេតនា​របស់​ចិន​ក្នុង​ការ​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​ដ៏​ធំធេង​របស់​ខ្លួន​ បន្ទាប់​ពី​តុលាការអាជ្ញា​កណ្ដាល​អន្តរជាតិបាន​ចេញ​សាល​ក្រម​កាល​ពី​ខែ​កក្កដា​ដែល​បាន​បញ្ជាក់​ថា​ ប្រទេស​ចិន​មិន​មាន​អំណះអំណាង​តាម​ផ្លូវ​ច្បាប់​គ្រប់​គ្រាន់​ឡើយ។

ប្រទេស​ចិន​ចាត់​ទុក​ដែន​ទឹក​៩៥​ភាគរយ​នៃ​ដែនសមុទ្រ​នោះ​ថា​ជា​របស់​ខ្លួន​ ហើយ​ការ​ពង្រាយ​កម្លាំង​យោធា​នៅ​លើ​កូន​កោះ​តូចៗចាប់​តាំង​ពី​ឆ្នាំ២០១០​មក បាន​បង្ក​ឲ្យមាន​កំហឹង​រាប់​ចាប់​ពី​មន្រ្តី​រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា​ រហូត​ដល់​វ៉ាស៊ីន​តោន។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​លេង​សើច​ចំពោះ​គំនិត​ក្នុងការ​ដាក់​តំបន់​កំណត់​ការពារ​ដែន​អាកាស (ADIZ) នេះ​ បន្ទាប់​ពីសាល​ដីកា​របស់​តុលាការ។

លោក​ Euan Graham ​នាយក​ផ្នែក​សន្តិសុខ​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ Lowy​ សម្រាប់​គោល​នយោបាយ​អន្តរជាតិ​ ក្នុង​ទីក្រុង​ស៊ីដនី​ បាន​និយាយ​ថា៖ «ប្រសិន​បើ​ប្រទេស​ចិន​ពិត​ជា​ធ្វើ​បែប​នេះ​មែន​នោះ​ ​ចិន​ទំនង​ជា​នឹង​រៀប​ចំ​តាម​វិធី​សាស្រ្ត​ចម្រុះ​ ដូចជា​ការ​ធ្វើ​សម​យុទ្ធ​យោធា​នៅ​តំបន់​ហាម​ឃាត់​ ហើយ​វា​នឹង​ជា​ចំណុចសាក​ល្បង​មួយ​ក្នុង​ការ​ពង្រីក​ដែន​ភូមិសាស្ត្រ ឬការ​ពង្រីក​រយៈ​កាល​នៃ​ការ​ធ្វើ​សម​យុទ្ធ​នៅ​តំបន់​ទាំងនោះ​ ជា​ជាង​ជ្រើស​រើស​យក​តំបន់​កំណត់​ការពារ​ដែនអាកាស (ADIZ)​ទាំង​ស្រុង»។

ក្រុម​អ្នក​ជំនាញ​របស់​រដ្ឋាភិបាល​ចិន​នៅ​វិទ្យាស្ថាន​ជាតិ​សម្រាប់​ការសិក្សា​សមុទ្រ​ចិន​ខាងត្បូង​ បាន​និយាយ​ថា​ ដោយសារ​តែ​មាន​ការ​ល្បាត​ស៊ើបការណ៍​ដោយ​សហរដ្ឋ​អាមេរិក​ប្រមាណ​៧០០​ដង​នៅ​លើ​ដែន​សមុទ្រ​កាល​ពី​ឆ្នាំ​មុន​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ហើយ​ក្នុង​ការ​បង្កើត​តំបន់​ដែន​អាកាស​ខ្លួន​ ដរាប​ណា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​ព្រម​បញ្ឈប់​សកម្មភាព​នោះ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​ប្រទេស​ជិត​ខាង​ចិន​នានា​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ និង​ចាត់​ទុក​ផ្នែក​ភាគ​ច្រើន​នៃ​សមុទ្រ​នោះ​ជា​ផ្លូវទឹក​អន្តរជាតិ។ ប្រទេស​ចិន​បាន​និយាយ​ថា​ ប្រទេស​មហា​អំណាច​ដៃ​គូ​ប្រជែង​មួយ​នេះ​ កំពុង​តែ​ទប់​ស្កាត់​ការ​ពង្រីក​អំណាច​របស់​ខ្លួន។

ប្រទេស​ព្រុយណេ​ ម៉ាឡេស៊ី​ តៃវ៉ាន់​ វៀតណាម​ និង​ហ្វីលីពីន ​ក៏​បាន​អះអាង​រៀងៗ​ខ្លួន​លើ​ភាព​ជា​ម្ចាស់​នៃ​ផ្នែក​ទាំង​អស់​ឬ ភាគ​ខ្លះ​នៃ​ដែន​សមុទ្រ​ដែល​សម្បូរ​ទៅ​ដោយ​មច្ឆជាតិ​ និង​អាច​មាន​ធនធាន​ប្រេង​ដ៏​មាន​តម្លៃ​នៅ​ក្រោម​សមុទ្រ។ តំបន់​សមុទ្រ​ចិនខាង​ត្បូង ​មាន​ទំហំ​៣,៥ ​លាន​គីឡូ​ម៉ែត្រការ៉េ (ស្មើ​នឹង​ ១,៤ លាន​ម៉ាល​ការ៉េ) លាត​សន្ធឹង​ពី​កោះ​តៃវ៉ាន់​រហូត​ដល់​ប្រទេស​សិង្ហបុរី។

ប្រទេស​ចិន​ទំនង​ជា​អាច​នឹង​បង្កើត​តំបន់​ដែន​អាកាស​ដែល​ឈ្មោះ​ហៅកាត់​ថា​ ADIZ តាម​រយៈ​ការប្រើ​ប្រាស់​ប្រព័ន្ធ​រ៉ាដា​ ប្រសិន​បើការ​បង្កើត​នោះ​នៅ​ក្នុង​តំបន់​ Scarborough Shoal ​ភាគ​ខាង​លិច​ប្រទេស​ហ្វីលីពីន​ នេះ​បើ​យោង​តាម​លោក​ Carl Thayer សាស្រ្តាចារ្យ​ចូលនិវត្តន៍​ផ្នែក​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ New South Wales ប្រទេស​អូស្ត្រាលី។ ​ការ​ដំឡើងនេះ​ អាច​នឹង​ក្លាយ​ជា​មុំ​ទីបី​នៃ​មុំ​ត្រីកោណ​សម្រាប់​ភ្ជាប់​ទៅ​នឹង​កម្រង​កោះ​ Paracel និងកម្រង​កោះ​ Spratly។

ប៉ុន្តែ​បន្ទាប់​ពីការ​ចេញ​សាល​ដីកា​របស់​តុលាការ​អាជ្ញា​កណ្តាល​កាលពី​ខែកក្កដា​មក​ ប្រទេស​ដែល​ទាមទារ​ទាំង​អស់​បាន​ងាក​ទៅជជែក​ពិភាក្សា​ជាមួយ​ប្រទេស​ចិន​ ជា​ជាងសាក​ល្បង​អនុវត្ត​តាម​សាលដីកា​ដែល​ប្រឆាំង​ប្រទេស​ចិន។ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​ចិន​លើ​ការ​គ្រប់គ្រង​ដែន​សមុទ្រ​ បាន​ងាក​មក​រក​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ជាមួយ​ចិន​វិញ។

លោក​ Graham ​បាន​និយាយ​ថា៖ «ខ្ញុំ​គ្រាន់​តែ​គិតថា​ ប្រទេស​ចិន​មិន​មាន​ជំហរ​រឹងមាំ​ទេ​ ក្នុង​ការ​អនុវត្ត​សាល​ដីកា​ និង​ការ​ដាក់​តំបន់​សមុទ្រ​ជា​តំបន់​កំណត់​ការពារ​ដែន​អាកាស​ (ADIZ)។ ខ្ញុំ​គិត​ថា​ នយោបាយ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ពេល​នេះ​ កំពុង​ដើរ​ឆ្ពោះ​ទៅ​មុខ​បែប​វិជ្ជមាន​ ហើយ​ខ្ញុំ​គិត​ថា​ ការណ៍​នេះ​អាច​នឹង​បង្ហាញ​ពី​វិធីសាស្រ្ត​កាន់​តែ​ប្រុងប្រយ័ត្ន​របស់​ប្រទេស​ចិន»។

ផ្អែក​តាម​ការធ្លាក់​ជាតិ​វិទ្យុសកម្មចេញ​ពី​តំបន់​ ADIZ របស់​ចិន​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​សមុទ្រ​ចិន​ខាង​កើត​ជិតទី​ក្រុងសៀងហៃ​កាលពី៣​ឆ្នាំមុន​ អង្គភាព​យោធា​ និង​ក្រុមហ៊ុន​អាកាសចរ​អន្តរជាតិ​នានា​ទំនងជា​នឹង​ប្រឆាំង​នឹង​បទ​បញ្ជា​ថ្មីៗ​ពីរដ្ឋាភិបាលក្រុង​ប៉េកាំង​ដែល​តម្រូវ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ជើង​ហោះ​ហើរ​ នោះ​បើតាម​សំដី​របស់​ក្រុម​អ្នក​ជំនាញ។

យន្តហោះ​យោធា​ហោះ​ចេញ​ពីប្រទេស​ជប៉ុន​ដែល​មាន​តំបន់​សមុទ្រ​ចិន​ខាង​កើត​ត្រួត​ស៊ីគ្នា​ជាមួយ​តំបន់​សមុទ្រ​របស់ចិន​ ក៏​ដូច​ជា​យន្តហោះ​របស់​សហរដ្ឋ​អាមេរិក​ បាន​ហោះ​ឆ្លងកាត់​ជា​ធម្មតា​លើ​តំបន់​ដែល​ប្រទេសចិន​បាន​ចាត់​ទុកជា​តំបន់​កំណត់​ការពារ​ដែន​អាកាស (ADIZ)​របស់​ខ្លួន។ ចិន​ធ្លាប់​បាន​បញ្ជា​ឲ្យ​យន្តហោះ​ហោះ​ត្រឡប់​ទៅ​វិញ​តែ​មួយ​គត់ គឺ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ចេញពី​ប្រទេស​ឡាវ​ ដោយ​យោង​លើ​ហេតុផល​ថា​មិន​មាន​ផែន​ការ​ហោះ​ហើរ​សម​ស្រប។

ប្រទេស​ចិន​ថែម​ទាំង​បាន​បង្កើត​ច្បាប់​ និង​ចាត់​តាំងនាវា​ជា​ច្រើន​ដើម្បី​ត្រួត​ពិនិត្យ​កប៉ាល់​បរទេស​ តាម​រយៈ​បទ​បញ្ជា​ថ្មី​មួយ​នៅ​ខែ​កក្កដា​ឆ្នាំនេះ។ វិធាន​ការ​ទាំង​នោះ​ ត្រូវ​បានគេ​រំពឹង​ថា​អាច​មាន​ឥទ្ធិពល​តិចតួចលើ​ចរាចរ​ជាក់​ស្តែង។

នាវា​និង​ទូក​នានា​ ត្រូវ​មាន​ការ​យល់ព្រមពី​អាជ្ញាធរ​ថ្នាក់​តំបន់​របស់​ចិន​ជាមុន​សិន ​មុន​ពេល​ចូល​នេសាទ​ ឬ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​នានា​ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ដែល​បាន​ផ្សាយកាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៤។ បទ​បញ្ជា​របស់​អាជ្ញាធរ​ខេត្ត​ Hainan ​នៅ​ភាគ​ខាង​ត្បូង​របស់​ចិន​ បាន​ចូល​ជា​ធរមាន​នៅ​ខែ​មករា​ ឆ្នាំ​២០១៥​ និង​មាន​អំណាច​គ្រប​ដណ្តប់​២ភាគ៣​នៃ​ដែន​សមុទ្រ។

នាវា​ធំៗ​របស់​ប្រទេស​វៀតណាម​ និង​ហ្វីលីពីន​ នៅ​តែ​បន្ត​ប្រើប្រាស់​ផ្លូវទឹក​នៅតំបន់​នោះ​ដូច​ពេល​មុន​ដដែល។ ចរាចរ​របស់​នាវា​ដឹក​ទំនិញ​ផ្លូវ​សមុទ្រ​របស់​ពិភពលោក​ជិត​ពាក់​កណ្តាល​ ក៏​កំពុង​ប្រើ​ប្រាស់​ផ្ទៃ​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង​ដែរ​ ហើយ​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​បានបង្អាក់​ចរាចរ​អ្វី​នោះ​ឡើយ។

ប៉ុន្តែ​ក្នុង​ឆ្នាំនេះ​ រដ្ឋបាល​សុវត្ថិ​ភាព​ផ្លូវ​សមុទ្រ​របស់​ចិន ​បាន​ចេញ​បទ​បញ្ជា​ហាម​ឃាត់​កប៉ាល់​បរទេស​មិន​ឲ្យ​ធ្វើ​ចរាចរ​ឆ្ងាយ​ពី​ខ្សែ​ទឹក​ចម្ងាយ​៦៣.០០០​គីឡូម៉ែត្រ​ការ៉េ​ក្បែរ​ប្រទេស​វៀតណាម​ និង​តំបន់​ ប្រជុំ​កោះ​ Paracels ​ដើម្បី​ឲ្យ​ពួក​គេធ្វើ​សមយុទ្ធ​ជើង​ទឹក​រយៈពេល​៦ថ្ងៃ។ កង​ទ័ព​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិកបាន​និយាយថា​ ពួក​គេ​នឹង​មិន​គាំទ្រ​ការហាម​ឃាត់​នេះទេ នេះ​បើ​យោងតាម​របាយការណ៍​របស់​វិទ្យាស្ថាន​ជើង​ទឹកសហរដ្ឋ​អាមេរិក។

សេចក្តី​ប្រកាស​ដ៏គ្រោះ​ថ្នាក់​បំផុត​មួយ​បាន​បញ្ជាក់​ថា​ ប្រទេស​ចិន​បាន​បញ្ជូន​នាវា​ចម្បាំង​ឲ្យ​តាមដាន​នាវា​ពិឃាត​កងទ័ព​ជើងទឹក​អាមេរិក​ឈ្មោះ USS Lassen​ ខណៈ​ពេល​ដែល​នាវានេះ​បាន​ឆ្លងចូល​ចម្ងាយប្រមាណ ២២គីឡូម៉ែត្រ​ក្នុង​តំបន់​កោះ​សិប្បនិម្មិត​នៃ​កម្រង​កោះ​ Spratly។ នាវា​សហរដ្ឋ​អាមេរិកបាន​ចូល​ទៅ​ក្នុង​ដែន​ទឹក​សមុទ្រ​នោះ​ដើម្បី​បង្ហាញ​ថា​ ទី​នោះគឺ​សម្រាប់​ការ​ប្រើ​ប្រាស់​អន្តរជាតិ​ដោយ​សេរី។

ក៏​ប៉ុន្តែ​លោក​ Thayer បាន​និយាយ​ថា​ ដើម្បី​បញ្ចៀស​ប្រតិកម្ម​ប្រឆាំង​ពី​ប្រទេស​នានា​ក្នុង​តំបន់​ ប្រទេស​ចិន​នឹង​មិន​បញ្ឈប់​ការ​ដឹកទំនិញ​តាម​ផ្លូវ​ទឹក​ដែល​ផ្ដល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​ខាងកើត​នោះ​ឡើយ។

លោក​ Thayer បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ គ្មាន​ប្រទេស​ណា​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ជឿ​ថា​ប្រទេស​ចិន​នឹង​លូក​ដៃ​ចូល​ក្នុង​ដែន​នាវា​ចរ​ពាណិជ្ជកម្ម​ទេ។ ទាំង​ប្រទេស​ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​តៃវ៉ាន់​ សុទ្ធ​តែ​ពឹង​ផ្អែក​គា្ន​ទៅវិញ​ទៅមក​យ៉ាង​ខ្លាំង។ ប្រសិន​បើ​ប្រទេស​ចិន​ពិត​ជា​ចង់​ធ្វើ​បែប​នោះ​មែន​ វា​នឹង​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​សាកល។ វា​នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ប្រទេស​ចិន​ពិត​មាន​ការ​អាក់​អន់​ចិត្ត​យ៉ាង​ខ្លាំង​លើ​ការ​ប្រើ​ប្រាស់​យន្តហោះ ​និង​នាវា​យោធា​នានា​ក្នុង​តំបន់​នោះ​ ពីព្រោះ​វា​ជា​ដែន​ទឹក​ដែល​ខ្លួន​កំពុង​ទាមទារ»។

ក្នុង​ឆ្នាំនេះ​ ប្រទេស​ចិន​ក៏បាន​កសាង​នាវា​ល្បាត​ឆ្នេរ​សមុទ្រ​ទី២​ចំណុះ​មួយម៉ឺន​តោន​របស់​ខ្លួន​ ដើម្បី​ «ការពារ​សិទ្ធិ​ក្នុង​ការ​ធ្វើ​នាវា​ចរ​របស់​ចិន» នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ Global Times ​ដែល​គាំ​ទ្រ​បក្ស​កុម្មុយនិស្ត មាន​មូលដ្ឋាននៅ​ទីក្រុង​ប៉េកាំង។ នាវា​ល្បាត​ឆ្នេរ​សមុទ្រ​ទី១​ បាន​ចេញ​ល្បាត​ក្នុង​សមុទ្រ​ចិន​ខាង​កើត​កាលពី​ឆ្នាំ​មុន។ នាវា​ល្បាត​ឆ្នេរ​សមុទ្រ​របស់​ចិន​ បាន​ចេញ​ដំណើរ​ជា​ប្រចាំ​ដើម្បី​អម​ការពារ​ទូក​នេសាទ​ចិន​ក្នុង​ដែន​ទឹកសមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​ចិន​អាច​ចង់យក​គោល​ការណ៍​ នាវា​ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ដែល​មាន​រួច​ជា​ស្រេច​នៅ​ទី​នោះ​ សម្រាប់​ប្រើប្រាស់​ក្នុង​រយៈ​ពេល​យូរ​អង្វែង​ជាក់​លាក់​ណា​មួយ​ ជាជាង​ការ​បង្វែរ​រាល់ទូក​ទាំង​អស់​ឲ្យ​ត្រឡប់​ថយ​ក្រោយ​វិញ នេះ​បើ​តាម​សំដីលោក​ Andrew Yang ​អគ្គលេខាធិការ​នៃ​ក្រុម​អ្នកជំនាញ​ក្រុម​ប្រឹក្សា​សិក្សា​គោល​នយោបាយ​ជាន់ខ្ពស់​របស់​ចិនមាន​មូលដ្ឋាន​នៅ​កោះតៃវ៉ាន់។

លោក​ Yang​ បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​គិត​ថា​ ពួក​គេ​នឹង​មិនធ្វើ​អ្វី​បែប​នេះ​ក្នុង​លក្ខណៈ​ខឹង​ច្រឡោត​ណា​មួយ​ទេ។ ការ​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​តំបន់​ Paracels និង​នៅ​លើ​កោះ​នានា​ក្នុង​សមុទ្រ​ចិន​ខាងត្បូងមាន​រួច​ជា​ស្រេច​ទៅ​ហើយ​ ដូច្នេះ​ពួក​គេ​គ្រាន់​តែ​រង់​ចាំ​មើល​ និង​បន្ត​ធ្វើ​សកម្មភាព​ទាំង​នោះ​បន្ត​ទៅ​ទៀត​តែ​ប៉ុណ្ណោះ»៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី

XS
SM
MD
LG