ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ចិន​រៀបចំ​កិច្ច​ប្រជុំ​អំពី​គម្រោង​វិធី​សូត្រ​របស់​ខ្លួន


ប្រធានាធិបតី​ចិន​លោក Xi Jinping​ ​ភរិយា​អ្នកស្រី​ Peng Liyuan​ និង​ទីប្រឹក្សារដ្ឋ​មីយ៉ាន់ម៉ា អ្នកស្រី​អង់សាន ស៊ូជី ចូល​រួម​ក្នុង​កម្មវិធី​សា្វគមន៍​វេទិកា​ Belt and Road ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពីថ្ងៃអាទិត្យ​ទិ១៤ ឧសភា ២០១៧។

លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ថ្លែង​សុន្ទរកថា​បើក​នៅ​ក្នុង​សន្និសីទ​រយៈពេល​ពីរ​ថ្ងៃ​ស្ដីពី​ខ្សែ​ក្រវ៉ាត់​ផ្លូវ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​អាទិត្យ​នេះ។

លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin គឺ​ជា​មេដឹកនាំ​ម្នាក់ ក្នុង​ចំណោម​មេដឹកនាំ​ទាំង ២៩ នាក់ មក​ពី​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក ដែល​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​នេះ។

សន្និសីទ​ស្ដីពី​ខ្សែក្រវ៉ាត់​ផ្លូវ​នេះ គឺ​ជា​គំនិត​ផ្ដួចផ្ដើម ដែល​បាន​ធ្វើ​ឡើង​ដើម្បី​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ផ្លូវ​កាល​ពី​សម័យ​បុរាណ នៃ​គម្រោង​វិថី​សូត្រ​កាល​ពី​សម័យ​បុរាណ​របស់​ប្រទេស​ចិន ក្នុង​គោល​បំណង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​នៅ​ទូទាំង​សាកលលោក និង​ដើម្បី​ពង្រីក​ផ្លូវ​តភ្ជាប់​រវាង​ទ្វីប​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប។

លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «កាល​ពី​ជាង ២ ពាន់​ឆ្នាំ​មុន ដូនតា​របស់​យើង ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​កាត់​តាម​វាល​ស្មៅ និង​វាល​ខ្សាច់​ដ៏​ធំធេង​ជា​ច្រើន ដែល​បើក​ឲ្យ​មាន​ផ្លូវ​តភ្ជាប់​ទ្វីប​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក ដែល​យើង​ស្គាល់​នា​ពេល​បច្ចុប្បន្ន​នេះ​ថា វិថី​សូត្រ​នោះ»។

លោក Xi Jinping បាន​បន្ថែម​ទៀត​ថា៖ «ដោយ​មាន​ចម្ងាយ​រាប់​ពាន់​ម៉ាយ និង​ត្រូវ​បាន​ពង្រីក​អស់​រយៈពេល​រាប់​ពាន់​ឆ្នាំ កាល​ពី​បុរាណ វិថី​សូត្រ​សម័យ​បុរាណ​ទាំង​នេះ តំណាង​ឲ្យ​ស្មារតី​នៃ​សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ ការ​បើក​ទូលាយ និង​ការ​រួមរស់​នៅ​ជាមួយ​គ្នា ក៏​ដូចជា​ការ​ស្វែង​យល់ និង​ការ​ទទួល​បាន​ផល​ប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ វិថី​សូត្រ​ទាំង​នេះ បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រទេស​នានា​ដោយ​ស្និទ្ធស្នាល ដោយ​បន្ថែម​នូវ​ទំព័រ​ចម្រុងចម្រើន​ថ្មី​មួយ ដល់​ប្រវត្តិសាស្ត្រ​នៃ​ដំណើរការ​វិវឌ្ឍ​របស់​មនុស្ស​ជាតិ»។

លោក Xi Jinping បាន​សន្យា​ថា នឹង​ចូលរួម​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដល់​គម្រោង​វិថី​សូត្រ​នេះ ដើម្បី​តភ្ជាប់​បណ្ដាញ​ផ្លូវ​ដែក និង​ផ្លូវ​ទឹក​ទ្រង់ទ្រាយ​ធំ​មួយ៕

XS
SM
MD
LG