ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ធ្វើ​សមយុទ្ធ​យោធា​មុន​ពេល​តុលាការ​ចេញ​សេចក្តីសម្រេច


និស្សិត​ជនជាតិ​ហ្វីលីពីនកាន់​រូប​ចម្លងនាវា​ចិន​ខណៈដែល​ពួកគេ​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​ចិន​អំឡុង​ពេល​ប្រមូល​ផ្តុំនៅ​រាជវាំង Malacanang ទីក្រុង​ម៉ានីលកាល​ពី​ថ្ងៃទី​០៣ មីនា ២០១៦។
និស្សិត​ជនជាតិ​ហ្វីលីពីនកាន់​រូប​ចម្លងនាវា​ចិន​ខណៈដែល​ពួកគេ​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​ចិន​អំឡុង​ពេល​ប្រមូល​ផ្តុំនៅ​រាជវាំង Malacanang ទីក្រុង​ម៉ានីលកាល​ពី​ថ្ងៃទី​០៣ មីនា ២០១៦។

ប្រទេស​ចិន​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ការទាមទារ​អធិបតេយ្យភាព​របស់​ខ្លួន នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ តាមរយៈ​ការធ្វើ​សមយុទ្ធ​យោធា​ដែល​មាន​រយៈពេល​មួយ​សប្តាហ៍​ពេញ​នៅ​ជុំវិញ​ប្រជុំកោះ Paracel។ នេះ​គឺ​ជា​ចំណាត់ការ​មួយ​ដែល​ក្រុមអ្នកវិភាគ​និយាយ​ថា មាន​គោលបំណង​ដើម្បី​ធ្វើ​ឲ្យសេចក្តីសម្រេចលក្ខណៈ​ប្រវត្តិសាស្រ្ត​របស់​តុលាការ​អន្តរជាតិ​ក្នុង​ពេល​ឆាប់ៗ​នេះ​ក្លាយ​ជា​មោឃៈ។

ដោយ​មិន​បាន​បញ្ជាក់​លម្អិត រដ្ឋបាល​សុវត្ថិភាព​ដែនទឹក​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា សមយុទ្ធ​កង​ទ័ព​ជើង​ទឹក​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ មួយ​ថ្ងៃ​មុន​ពេល​ដែល​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​នៅ​ទីក្រុង ឡាអេ នឹង​ត្រូវ​ចេញ​សេចក្តីសម្រេច​មួយ នៅ​ក្នុង​ជម្លោះ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាមួយ​នឹង​ប្រទេស​ហ្វីលីពីន ហើយ​រឿង​ក្តី​នេះ​ក៏​គ្រប់ដណ្តប់​លើ​តំបន់​មួយ​ដែល​លាតសន្ធឹង​ពី​ប៉ែក​ខាង​កើត​កោះ​ហៃណាន​របស់​ប្រទេស​ចិន និង​ប្រជុំកោះ​ Paracelsទាំង​មូល​ផង​ដែរ។ ​

អាជ្ញាធរ​ក្នុង​ទីក្រុង​ប៉េកាំង​បាន​ចោទ​ជា​សំណួរ​ម្តង​ហើយ​ម្តង​ទៀត​ទៅ​លើ​ភាពស្របច្បាប់​នៃ​សេចក្តីសម្រេច​របស់​សាលាក្តី​នេះ ដែល​ត្រូវ​បាន​គេ​ជឿ​យ៉ាង​ទូលំទូលាយ​ថា នឹង​សម្រេច​គាំទ្រ​ដល់​ភាគី​ហ្វីលីពីន នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នេះ ហើយ​អាច​នឹង​ដកហូត​នូវ​ភាពស្របច្បាប់​របស់​ចិន​ចំពោះ​ការទាមទារ​យក​សមុទ្រ​ចិន​ខាង​ត្បូងស្ទើរ​តែ​ទាំង​មូល ឬ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា បន្ទាត់ប៉ះ​ទង្គិច ៩ (Nine Dash Line)។​

លោក Hong Lei អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ ដោយ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​អំពី​ជំហរ​របស់​ចិន​យ៉ាង​ដូច្នេះ​ថា «តុលាការ​អាជ្ញា​កណ្តាល​នេះ​មិន​មាន​យុត្តាធិការ​ទៅ​លើ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ ហើយ​សេចក្តីសម្រេច​របស់​តុលាការ​នេះ​នឹង​មិន​ស្របច្បាប់ហើយមិន​អាច​យក​ជា​ការ​បាន​នោះ​ទេ»៕

XS
SM
MD
LG