ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​សង្ឃឹម​ថា​ជំនួបជាមួយ​ត្រាំ​នឹង​ធ្វើឲ្យ​ទំនាក់​ទំនងរវាង​ចិន​និង​អាមេរិក​​មាន​ស្ថិរភាព​


ប្រធានាធិបតី​ចិន​លោក Xi Jinping (ស្តាំ) បាន​ចូលរួម​កិច្ច​ប្រជុំ​ជាមួយ​ប្រធានាធិបតី​ស៊ែប៊ី​ Tomislav Nikolic នៅ​វិមាន​ Great Hall កាល​ពី​ថ្ងៃទី​៣០ មីនា ២០១៧ ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។
ប្រធានាធិបតី​ចិន​លោក Xi Jinping (ស្តាំ) បាន​ចូលរួម​កិច្ច​ប្រជុំ​ជាមួយ​ប្រធានាធិបតី​ស៊ែប៊ី​ Tomislav Nikolic នៅ​វិមាន​ Great Hall កាល​ពី​ថ្ងៃទី​៣០ មីនា ២០១៧ ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

លោកប្រធានាធិបតី​ស.រ.អា. Donald Trump និង​លោកប្រធានាធិបតី​ចិន​ Xi Jinping នឹង​មាន​ឱកាសលើក​ទី​មួយ​ក្នុង​ការ​ជួប​ទល់មុខ​គ្នា​នៅ Mar-a-Largo រដ្ឋ​ Florida ក្នុង​សប្តាហ៍នេះ។

​អ្នកវិភាគ​និយាយ​ថា​គេ​យល់ឃើញ​ថា​ជំនួប​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ធ្វើឱ្យមាន​ស្ថិរភាព​នៃ​ចំណង​ទាក់ទង​គ្នា​រវាង​ប្រទេសទាំង​ពីរ​នេះ​ដែល​មាន​សេដ្ឋកិច្ច​ធំបំផុត​ក្នុង​ពិភពលោក។​ ក៏ប៉ុន្តែ​មានភាព​មិន​ទៀង​ទាត់​ស្រេច​ទៅ​ហើយ។​

នៅ​មុន​ជំនួប​នេះ ប្រធានាធិបតី​ Trump បានទស្សន៍ទាយ​រួច​ស្រេច​ហើយ​ថា​កិច្ច​ចរចា​គ្នា​នឹងមានការពិបាក ដោយសារ​ឱនភាព​ពាណិជ្ជកម្ម​យ៉ាង​ច្រើន​របស់​ប្រទេស​អាមេរិក​ជាមួយ​ប្រទេស​ចិន។ ​លោកក៏​បានអំពាវ​នាវ​ដែរ​ដល់​ប្រទេស​ចិន​ឱ្យ​ចាត់វិធានការ​ច្រើន​ជាង​មុន​ដើម្បី​ទប់ទល់នឹងមហិច្ឆតា​របស់​ប្រទេស​កូរ៉េខាង​ជើង។​

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយកាសែត​ Financial Times កាលពីថ្ងៃ​អាទិត្យ​ប្រធានាធិបតី​ Trump បាននិយាយថាប្រសិន​បើប្រទេសចិនមិន​ដោះស្រាយ​បញ្ហា​ប្រទេស​កូរ៉េខាង​ជើងទេ «យើង​នឹងដោះស្រាយ»។

ចំណែក​ឯ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​វិញ​ហាក់ដូច​ជា​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់ច្រើន​ជាងមុនទៅ​លើ​បរិយាកាស​និង​ពាក្យ​ស្លោក។​ ​អ្នកវិភាគ​និង​មន្ត្រី​នៅ​ក្នុងក្រុង​ប៉េកាំង​និយាយ​ថា​ប្រទេស​ចិននឹង​រក​មើល​សញ្ញា​ដែល​ថា​រដ្ឋាភិបាល​ក្រុង Washington នឹង​ប្រកាន់​យក​ទស្សនៈនៃ​ទំនាក់ទំនង​រវាង​ប្រទេសទាំង​ពីរគឺ​អ្វី​ដែល​ហៅ​ថា​របៀបថ្មី​នៃ​ការ​ទាក់ទង​គ្នា​រវាងប្រទេសមហា​អំណាច៕

XS
SM
MD
LG