ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ចិន​អំពាវនាវ​ឲ្យ​មាន​ការតស៊ូ​អត់ធ្មត់​​​នៅ​ឧបទ្វីប​កូរ៉េ


លោក​ប្រធានាធិបតី​ចិន​ ស៊ី ជិន​ពីង

ចិនកំពុង​អំពាវនាវ​ឲ្យ​ទប់​ទល់​លើកម្មវិធី​អាវុធ​នុយក្លែអ៊ែ​រនិង​កាំជ្រួច​មីស៊ីល​របស់​ប្រទេស​កូរ៉េខាង​ជើង ​មួយ​ថ្ងៃ​បន្ទាប់​ពី​កូរ៉េខាង​ជើង​បាន​ត្អូញ​ត្អែ​ថា ​សហរដ្ឋ​អាមេរិក ​កំពុង​រុញ​តំបន់​នោះ​ឲ្យ​ខិត​ចូល​កាន់​តែ​ជិត​ទៅ​នឹង សង្គ្រាម​នុយក្លែអ៊ែរ។

នៅ​ក្នុង​ការនិយាយ​តាម​ទូរស័ព្ទ​មួយ​កាល​ពី​ពុធ​ជាមួយប្រធានា​ធិបតី​ហ្វីលីពីន Rodrigo Duterte លោកប្រធានា​ធិបតី​ចិន ​ស៊ី ​ជីន​ពីង ​បាន​ជំរុញ​ឲ្យ​ភាគីទាំងអស់​នៅ​ជម្លោះ​នោះ​ប្រើ​ប្រាស់នូវភាព​អត់​ធ្ងត់​ហើយ​វិល​ត្រឡប់​ទៅកាន់​តុ​ចរចា​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​វិទ្យុរដ្ឋ​ចិន។

ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ ​លោក Geng Shuang អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​និយាយថា «ជាថ្មី​ម្តងទៀត​ ​យើង​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​រក្សា​ការ​ស្ងប់​ស្ងាត់​ហើយ​នឹង​អនុវត្តនូវភាព​អត់​ធ្មត់ ​បញ្ឈប់​ការរករឿង​គ្នា​ទៅ​វិញ​ទៅ​មកហើយ​នឹង​ខិតខំធ្វើ​ការ​ដើម្បី​បង្កើត​បរិយាកាស​មួយ​សម្រាប់​គ្រប់​ភាគី​ទាំងអស់​ធ្វើ​ការទាក់​ទង​គ្នា​និង​សន្ទនាគ្នា‍»។

​កូរ៉េខាង​ជើង​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា សមយុទ្ធ​យោ​ធា​នៅ​ក្នុង​តំបន់​នោះ​ដោយ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​របស់​ខ្លួន​បាន​បង្កើន​ការ​បង្ករហេតុ​ខាង​យោ​ធា​ដែល​កំពុង​ជំរុញ​ស្ថានការណ៍​នៅ​លើ​ឧបទ្វីប​កូរ៉េឲ្យ​ខិត​ជិត​ទៅ​នឹង​សង្គ្រាម​នុយក្លែអ៊ែរ។

សហរដ្ឋ​អាមេរិក​កាលពី​ពេល​ថ្មី​ៗ​នេះបាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ទៅកាន់​ផ្ទៃទឹក​កូរ៉េ។ នៅ​ក្នុង​ការ​បង្ហាញ​កម្លាំង​មួយ​ទៀត យន្តហោះ​ទម្លាក់​គ្រាប់​បែក​២​គ្រឿង​របស់​សហរដ្ឋ​អាមេរិក ​នៅ​សប្តាហ៍​នេះ​បាន​ចូល​រួម​ជាមួយយន្តហោះ​ចំបាំង​របស់​កូរ៉េខាង​ត្បូង​និង​ជប៉ុន​នៅ​ក្នុង​សមយុទ្ធ​ហឹ្វកហាត់​ក្នុង​តំបន់៕


XS
SM
MD
LG