ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Chevron ​ត្រូវ​បញ្ចេញ​វីដេអូ​ធ្វើ​ឃាត​លោក​កែម ឡី​ ឬ​ជំទាស់​ត្រឹម​ចុង​ខែ​មីនា

  • ម៉ែន គឹមសេង

ស្ថានីយ៍​ចាក់សាំង​ Caltex នៅ​ក្បែរ​ស្តុប​ចំការមន​ ដែលជាកន្លែង​លោក​ កែម ឡី ត្រូវបាន​បាញ់សម្លាប់​កាលពីថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦។

ការ​សម្រេច​នេះ​ដោយ​សំអាង​លើ​ហេតុផល​ថា ​ភាគី​ដើមបណ្តឹង​និង​ចុងចម្លើយ​កំពុង​ពិភាក្សា​គ្នា​បន្ថែម​ និង​ចរចា​គ្នា​ស្វែងរក​ដំណោះស្រាយ​រួម។

តុលាការសហរដ្ឋ​អាមេរិក​បាន​សម្រេច​ពន្យា​ពេល​ឱ្យ​ក្រុមហ៊ុន​ប្រេង ​Chevron ដល់​ថ្ងៃទី​៣១ ខែ​មីនា​ ដើម្បី​ប្តឹ​ងជំទាស់​នឹង​ដីកា​បង្គាប់បញ្ជា​ឱ្យ​ក្រុមហ៊ុន​ប្រេង​ដ៏​ធំរបស់​អាមេរិកាំង​មួយ​នេះ​ ផ្តល់​ឯកសារ និង​វីដេអូ​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី។ នេះ​បើតាម​ឯកសារ​ដែល​បាន​ផ្សាយ​តាម​គេហទំព័រ​របស់​តុលាការ។

នៅក្នុង​ដីកា​សម្រេច​ថ្មី​កាលពី​សប្តាហ៍​មុន ​លោកស្រី​ចៅក្រម​ដូណា រីយូ (Donna M. Ryu)​ នៃ​តុលាការ​ដំបូង​ប្រចាំ​តំបន់​ភាគខាងជើង​នៃ​រដ្ឋ​កាលីហ្វញ៉ា​បាន​បញ្ជាក់​បន្ថែម​ថា ការ​សម្រេច​នេះ​ដោយ​សំអាង​លើ​ហេតុផល​ថា ​ភាគី​ដើមបណ្តឹង​និង​ចុងចម្លើយ​កំពុង​ពិភាក្សា​គ្នា​បន្ថែម​ និង​ចរចា​គ្នា​ស្វែងរក​ដំណោះស្រាយ​រួម។

លោក​ស្រី​បាន​បន្ថែម​ថា៖ «ភាគី​ទាំងពីរ​ជឿ​ថា ​ការ​ពិភាក្សា​និង​ការ​ចរចា​បន្ថែម​អាច​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ហើយ​ប្រហែល​ជា​មិន​ចាំបាច់​ត្រូវ​ការ​អន្តរាគមន៍​ពី​តុលាការ​ទេ‍»។

​នៅពេល​ដែល​ញត្តិ​ជំទាស់​ត្រូវ​បាន​ដាក់​ជូន​ហើយ ​គឺ​ភាគី​នានា​មាន​ពេល​ចំនួន​១៤ថ្ងៃ​បន្ថែម​ទៀត​ដើម្បី​ឆ្លើយតប។

បដាក្រុមហ៊ុន Chevron
បដាក្រុមហ៊ុន Chevron

កាល​បរិច្ឆេទ​ដំបូង​ដែល​ក្រុមហ៊ុន​ Chevron ​ត្រូវ​ឆ្លើយតប​គឺ​កំណត់​ត្រឹម​ថ្ងៃទី​១៣ ខែមីនា ​បន្ទាប់​ពី​លោកស្រី​ចៅក្រម​បាន​សម្រេច​កាលពីថ្ងៃទី​៩ ខែ​កុម្ភៈ​កន្លង​ទៅ ឱ្យ​ក្រុមហ៊ុន​នេះ​ប្រគល់​ឯកសារ ​និង​វីដេអូ​សន្តិសុខ​ដែល​ថត​នៅ​ហាង​សាំង​កាលតិច​ក្នុង​រាជធានីភ្នំពេញ​ប្រទេស​កម្ពុជា​តាម​ការ​ស្នើសុំ​របស់​លោក សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​ ក្រុមហ៊ុន​កាលតិច​នៅ​កម្ពុជា​គឺជា​សាខា​មួយ​របស់​ក្រុមហ៊ុន​Chevron។

ឯកសារ​ភស្តុតាង​ដែល​ស្នើ​សុំ​មាន​ចំនួន​៦ប្រភេទ​ ក្នុង​នោះ​រួមមាន​ដូច​ជា​វីដេអូ ​តាំងពី​ថ្ងៃ​ទី​១ ខែ​កក្កដា​ ដល់ថ្ងៃ​១៤ ​ខែ​កក្កដា​ ឯកសារ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​អ្នក​គ្រប់គ្រង ​ឬ​បុគ្គលិក​ស្ថានីយ៍​ប្រេងសាំង​កាលតិច ចន្លោះពីថ្ងៃ​ទី​១​ដល់​១៤ ខែកក្កដា ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​អ្នកគ្រប់គ្រង ​ឬ​បុគ្គលិក​ស្ថានីយ៍​ប្រេងសាំង​កាលតិច​ដែល​ត្រូវ​គេ​បញ្ឈប់ ​ឬលាលែង​ចន្លោះ​ពីថ្ងៃ​ដែល​លោក​ កែម ឡី ​ត្រូវ​គេ​ធ្វើ​ឃាត​នៅថ្ងៃ​ទី​១០ ​ខែកក្កដា​ដល់​៣១​ខែកក្កដា។

ឯកសារទាំង​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើ​ការពារ​ក្តី​ទល់​នឹង​បណ្តឹង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​បាន​ប្តឹង​លោក​ សម រង្ស៊ី ពី​បទ​បរិហាកេរ្តិ៍​ដោយ​សារតែ​អត្ថាធិប្បាយ​ដែល​លោក​បាន​ផ្សាយ​តាម​បណ្តាញ​សង្គម​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ក្នុង​ឃាតកម្ម​របស់​លោក​បណ្ឌិត​ កែម ឡី​ ដែល​ជា​អ្នកវិភាគ​សង្គម​ដ៏​ល្បីល្បាញ។ ​រដ្ឋាភិបាល​បាន​ប្រកែក​ម្តង​ហើយ​ម្តងទៀត​ថា ​ខ្លួន​មិន​មាន​ជាប់​ពាក់ព័ន្ធ​ទេ។

នៅ​ប្រទេស​កម្ពុជា​ឯណោះ​វិញ​ តុលាការ​ក្រុងភ្នំពេញ​បាន​បើកសវនាការ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ ដោយ​មិន​មាន​វត្តមានរបស់​លោក​ សម រង្ស៊ី ​និង​បង្អែរបង្អង់​ទេ ​បើ​ទោះបី​ជា​មេធាវី​របស់​លោក​ សម រង្ស៊ី​ បាន​សុំ​ឱ្យ​ពន្យា​ពេល​ដើម្បី​ស្វែងរក​ឯកសារ​បន្ថែម​ក៏ដោយ។ លោក សំ សុគង់ ​មេធាវី​ការពារក្តី​ឲ្យ​លោក សម រង្ស៊ី ​បាន​លើក​ឡើង​ថា ​ការ​ដែល​តុលាការ​មិន​អនុញ្ញាត​ពន្យា​ពេល​សវនាការ​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​គឺជា​ការ​រំលោភ​សិទ្ធិ​ជនជាប់​ចោទ​ និង​មិនអាច​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក។​

តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​៣០ ​ខែមីនា​ខាងមុខ​នេះ។

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ចន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ចន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

លោកបណ្ឌិត​ កែម ឡី ជាអ្នក​វិភាគ​សង្គម​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ដោយ​សារ​តែ​លោក​ហ៊ាន​និយាយ​រិះគន់​ពី​បញ្ហា​អសកម្ម​នានា​ក្នុង​សង្គម។​ លោក​បាន​រិះគន់​បញ្ហា​ជាច្រើន ​ក្នុងនោះ​មាន​ការ​កាប់ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់ អំពើ​ពុក​រលួយ​ បូរណភាព​ទឹកដី ​និង​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​ជាដើម។ នៅពេលចុងក្រោយ​មុន​នឹង​ត្រូវ​បាន​សម្លាប់​គឺ​លោក​បាន​បកស្រាយ​របាយការណ៍​របស់​អង្គការ​ Global Witness ​ដែល​រកឃើញ​ពី​ទ្រព្យ​ធន​ដ៏ច្រើន​របស់​ក្រុមគ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន។

លោក កែម ឡី​ ត្រូវ​ឃាតករ​បាញ់​សម្លាប់​ក្នុង​ហាងកាហ្វេ Star Mart ក្នុង​ស្ថានីយ៍​ចាក់ប្រេង​កាល់តិច​ក្នុងពេល​ ដែល​លោក​កំពុង​អង្គុយ​ផឹកកាហ្វេ​នៅ​ទីនោះ។ អាជ្ញាធរ​បាន​ចាប់​ជនសង្ស័យ​ម្នាក់​ឈ្មោះ អឿត អាង ​ហៅ ជួប សម្លាប់ ​ហើយ​ជន​នេះ​អះអាង​ថា​ ការ​សម្លាប់​នោះ​គឺ​ដោយ​សារ​តែ​លោក​ កែម ឡី​ ជំពាក់​លុយខ្លួន​ចំនួន​៣០០០ដុល្លារ​ហើយ​មិន​ព្រម​សង។

សវនាការ​លើ​ជនជាប់ចោទ​ឈ្មោះ​ អឿត អាង ហៅ ជួប សម្លាប់ ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១ ខែ​មីនា ​ហើយ​គ្រោង​នឹង​ប្រកាស​សាលក្រម​នៅថ្ងៃ​ទី​២៣ ខែមីនា​នេះ។ ​ក្នុង​ពេល​សវនាការ​គេ​បាន​បញ្ចាំង​វីដេអូ​ពី​សកម្មភាព​សម្លាប់​នោះ​ជា​លើកដំបូង ​ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​នាក់​ជឿទេ បើ​ទោះបីជា​បុរស​ឈ្មោះ អឿត អាង​ ទទួល​សារភាព​ក៏ដោយ។

អ្នក​ខ្លះ​សង្ស័យ​លើ​រូបភាព​វីដេអូ​ដែល​មាន​ភាព​ទាក់ៗ​ថា​ មាន​ការ​កាត់​ចេញ​នូវ​ផ្នែក​ខ្លះ​ហើយ​រូប​ជនដៃដល់​ទៀត​សោត គឺ​មាន​ពាក់​ស្បែក​ជើង​បាតា​ បាត​ពណ៌ស​ក្នុង​ពេល​ធ្វើ​សកម្មភាព ​ប៉ុន្តែ​នៅពេល​ប៉ូលិស​បង្ហាញ​ជន​នេះ​ដល់​តុលាការ​ នៅ​ពេល​ក្រោយ​មក​គឺ​ជន​នេះ​មាន​ពាក់​ស្បែក​ជើង​ខ្វៀរ​យ៉ាងស្អាត​ បើ​ទោះបី​ជា​ខោ និង​អាវ​មាន​នៅដិត​ដាម​ឈាម​ ដែល​ពលរដ្ឋ​វាយ​តប់​លើ​ជននេះ​ពេល​ចាប់​បាន​ដំបូង​ក៏​ដោយ។

ក្តី​សង្ឃឹម​ចុង​ក្រោយ​គឺ​ស្ថិត​លើ​រូបភាព​វីដេអូ​ដែល​ក្រុម​ហ៊ុន​កាលតិច​បាន​ថត ​ប៉ុន្តែ ​ក្នុង​ពេល​កន្លង​មក​អ្នកនាំពាក្យ​ក្រុមហ៊ុន​ Chevron ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ ខ្លួន​មិនមាន​វីដេអូអ្វី​ទៀត​ទេ​ ដោយ​សារ​ប៉ូលិស​ខ្មែរ​បាន​ដក​យក​អង្គ​ចងចាំ​របស់​កាម៉េរា​អស់​ទៅ​ហើយ៕

XS
SM
MD
LG