ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការចរចា​សុំ​វីដេអូ​សម្លាប់​លោក កែម ឡី​ ជាប់គាំង ​ហើយ ​Chevron​ សុំ​បញ្ចប់​សំណុំ​រឿង

  • ម៉ែន គឹមសេង

រូបឯកសារ៖ ស្លាក​សញ្ញា​ Chevron នៅ​​ស្ថានីយ៍​​ចាក់សាំង​​មួយ​កន្លែង ក្នុង​សហរដ្ឋអាមេរិក។

ក្នុង​ការសម្រេច​លើកមុន​លោកស្រី​ចៅក្រម​ Donna Ryu ​បាន​ទុកពេល​ឱ្យ​ក្រុមហ៊ុន​ Chevron ​និង​មេធាវី​តំណាង​ឱ្យ​លោក​ សម រង្ស៊ី ​​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ពិភាក្សា​ត្រឹមថ្ងៃ​ទី​៣១​ខែមិនា​ថា ​នឹង​ប្រគល់​វីដេអូ​ ឬ​ មិនព្រម។

តុលាការ​សហរដ្ឋ​អាមេរិក នឹង​បើក​សវនាការ​លើ​សំណើ​សុំ​វីដេអូ​ស្តី​ពី​ការ​សម្លាប់​លោក​បណ្ឌិត​ កែម ឡី​ នៅ​ចុង​ខែ​ឧសភា​ ក្នុង​ខណៈ​ពេល​ដែល​មេធាវី​ក្រុមហ៊ុន​ Chevron ​ប្រកាសថា​ខ្លួន​មិន​មាន​វីដេអូ​នោះ​ទេ​ ហើយ​សុំ​ឱ្យ​តុលាការ​បញ្ចប់​សំណុំរឿង​នេះ។

លោកស្រី​ចៅក្រម​ Donna Ryu ​បាន​កំណត់​យកថ្ងៃ​ទី​២៥ ​ខែ​ឧសភា​ដើម្បី​ធ្វើ​សវនាការ​សម្រេចថា តើ​ត្រូវ​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ប្រេងអាមេរិកាំង​នេះ​ផ្តល់​ឯកសារ ​ឬ​ បិទ​បញ្ចប់​សំណុំ​រឿង​នេះ។​ នេះ​បើយោងតាម​ឯកសារ​ដែល​ VOA ទទួលបាន​ពី​គេហទំព័រ​របស់​តុលាការ។ ​ ​

ក្នុង​ការសម្រេច​លើកមុន​លោកស្រី​បាន​ទុកពេល​ឱ្យ​ក្រុមហ៊ុន​ Chevron ​និង​មេធាវី​តំណាង​ឱ្យ​លោក​ សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ពិភាក្សា​ត្រឹមថ្ងៃ​ទី​៣១​ខែមិនា​ថា ​នឹង​ប្រគល់​វីដេអូ​ ឬ​ មិនព្រម។

ក្រុមមេធាវី​របស់​ក្រុមហ៊ុន​បាន​បញ្ជាក់​ប្រាប់​តុលាការ​ថា​ ការជួបជុំ​ជាមួយ​នឹង​មេធាវី​របស់​លោក​ សម រង្ស៊ី ​គឺ​បាន​ជាប់​គាំង​ដោយសារ​ក្រុមហ៊ុន Chevron ​នៅតែ​រក្សា​ជំហរ​ថា​ «វីដេអូ​ដែល​ស្នើ​សុំ​នោះ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​យក​តាំងពី​ថ្ងៃទី១០​ខែកក្កដា​ហើយ​ក្រុមហ៊ុន​មិន​នៅសល់​អ្វី​ទៀត​ទេ​‍»។ ប៉ុន្តែ​ក្រុមមេធាវី​លោក សម រង្ស៊ី​បាន​សួរ​សំណួរ​បន្ថែម​ពាក់ព័ន្ធ​នឹង​ការចាប់​យក​វីដេអូ​ដោយ​អាជ្ញាធរ​កម្ពុជា​ និង​បញ្ហា​ដទៃ​ទៀត។ នេះ​បើតាម​ឯកសារ​ដែល​ក្រុមមេធាវី​ដាក់​ជូន​តុលាការ។​

ភាគី​មេធាវី​លោកសមរង្ស៊ី​តំណាង​ដោយ​អ្នកស្រី​ Eva Schueller ​និង​លោក​ J. Noah Hagey​ បាន​ជួបគ្នា​ជាមួយ​នឹង​ភាគី​ក្រុមហ៊ុន​ដែលតំណាង​ដោយ​អ្នកស្រី​ Andrea Neuman ​និង​លោក​ William Thomson ​ជាបន្តបន្ទាប់​តាំងពីខែ​មករា​រហូតដល់​ខែមីនា។

អ្នកស្រី​ Andrea Neuman ​បានបញ្ជាក់ថា​៖

«ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ជួបជុំ​នេះ​យើង​បាន​ព្រាង​សេចក្តី ​ប្រកាស​មួយ​ដែល​រៀបរាប់​លម្អិត​ពី​អ្វី​ដែល​មេធាវី​ដើម​បណ្តឹង​ស្នើ​សុំឱ្យ​ពួកគេ​ពិនិត្យ​ពិចារណា។ ប៉ុន្តែ​គេ​មិន​បាន​ពិនិត្យ​កែ​ឬធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ។ ដូច្នេះ​ការចរចា​រវាង​ភាគី​ទាំងពីរ​បាន​ដើរ​មក​ដល់​ផ្លូវ​ទាល់ច្រក‍»។​

អ្នកស្រី​ Andrea Neuman ​បាន​ប្រាប់​តុលាការ​ថា​ក្រុមមេធាវី​ក្រុមហ៊ុន​ Chevron ​បាន​សាកសួរ​ថាតើ​មេធាវី​របស់​លោក​សមរង្ស៊ី​បាន​ព្យាយាម​សុំ​ឯកសារ​វីដេអូ​ពី​ប្រទេស​កម្ពុជា​ទេ​ហើយ​ថា​ខ្លួន​មិន​ទទួល​បាន​ចម្លើយ​ពិតប្រាកដ​ទេ។

VOA ​នៅ​មិន​ទាន់​អាច​ទាក់​ទង​ខាង​មេធាវី​លោកសមរង្ស៊ី​ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ទេ​។ ប៉ុន្តែ​យោង​តាម​ឯកសារ​ដែល​វីអូអេ​ទទួល​បាន​គឺ​អាជ្ញាធរ​កម្ពុជា​បាន​ហាម​មិន​ឱ្យ​ចម្លង​ចែក​ផ្សាយ​វីដេអូ​នោះ​ទេ។

នៅក្នុង​កំណត់​ហេតុ​ចាប់យក​វត្ថុតាង​ធ្វើ​ដោយ​អធិការ​ប៉ូលិស​ខណ្ឌ​ចំការមន​បាន​បញ្ជាក់ប្រាប់​អ្នកគ្រប់គ្រង​ស្ថានីយ៍​ប្រេងកាល់តិច​បូកគោ​ឱ្យ​សន្យា​ថា ​«មិនថត​ចម្លង​និង​មិន​ផ្សព្វផ្សាយ​រូបភាព​ទៅ​ខាង​ក្រៅ​‍»ទេ។ កំណត់​ហេតុ​ដែល​ធ្វើ​ដោយ​លោក​អនុសេនីយ៍​ត្រី​សាល សណ្តុះ ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ការធ្វើឃាត​កើត​មានឡើង​ត្រូវបាន​ផ្តិត​មេដៃ​ទទួល​យល់ព្រម​ដោយ​លោក​ទុំ វីរៈ​ អ្នកគ្រប់គ្រង​ស្ថានីយ៍​ប្រេង​កាល់តិច​បូកគោ។ នេះ​បើតាម​ឯកសារ​ដែល​វីអូអេ​ទទួល​បាន។

នៅក្នុង​អំណះអំណា​ងរបស់​ខ្លួន​ក្នុង​ការ​ស្នើសុំ​ឱ្យ​តុលាការ​បញ្ចប់​សំណុំរឿង​នេះ​ ​ក្រុមមេធាវី​បាន​ផ្តល់​អត្ថបទ​សារព័ត៌មាន​ស្តី​ពី​សវនាការ​បុរស​ឈ្មោះ​អឿតអាង ​ហៅជួបសម្លាប់​ និង​សវនាការ​កាត់​ទោស​លោកសមរង្ស៊ី​ដែល​មានចុះផ្សាយ​នៅក្នុង​កាសែត​ក្នុង​ប្រទេស​កម្ពុជា​និង​ក្រៅប្រទេស​មួយ​ចំនួន​ក្នុង​នោះ​មាន​ដូចជា​អត្ថបទ​របស់សារព័ត៌មាន​ The Cambodia Daily​, Phnom Penh Post​ និង ​BBC ជាដើម។

លោក​ William Thomson ​មេធាវី​របស់​ក្រុមហ៊ុន​ Chevron ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ប្រាប់​តុលាការ​ថា​អត្ថបទ​សារព័ត៌មាន​ដែល​ក្រុមមេធាវី​ផ្តល់​ជូន​តុលាការ​នេះ​គឺ​បញ្ជាក់​ថា​វីដេអូ​ដែល​បាន​ដកហូត​ពី​ស្ថានីយ៍​ប្រេង​កាល់តិចនោះ​គឺ​ត្រូវបាន​យក​មក​ចាក់ផ្សាយ​នៅក្នុង​ពេល​សវនាការ​រួចហើយ។

យ៉ាងណា​ក៏ដោយ​លោកមេធាវី​បាន​បន្ថែមថា៖

«ខាង​ភាគី​ចុងចម្លើយ​មិន​ស្នើ​សុំ​ឱ្យ​តុលាការ​ចាត់​ទុក​ថា​អត្ថបទផ្សាយ​ក្នុង​សារព័ត៌មាន​ពិត​ឬមិនពិត​ទេ​គឺ​គ្រាន់តែ​ចង់​ឱ្យ​តុលាការ​កត់​សម្គាល់​ពី​អត្ថបទ​ដែល​បាន​ចុះផ្សាយ​ដែល​ជួយ​ដល់​ការផ្សាយ​ឱ្យ​ដឹង​ជា​សាធារណៈ​ពី​ហេតុការណ៍​លម្អិត​ដែល​មាន​នៅក្នុង​ពាក្យ​ស្នើសុំ‍»។​

លោក​ហ្វ្រែង សូឡឺ ​មន្ត្រី​ទំនាក់ទំនង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ Chevron ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ ថ្លែងការណ៍​ប្រាប់​តុលាការ​ថា​ក្រុមហ៊ុនប្រេង​នៅ​សហរដ្ឋ​អាមេរិក​មាន​ឥទ្ធិពល​តិចតួច​មក​លើ​ក្រុមហ៊ុន​ Chevron Cambodia ​ដែល​នៅ​ស្រុក​ខ្មែរ។

លោក​បាន​បញ្ជាក់ថា៖

«ក្រុមហ៊ុន​Chevron ​នៅ​ប្រទេស​កម្ពុជា​គឺ​ជា​នីតិបុគ្គលដោយ​ឡែក​គ្នា​ពី​ក្រុមហ៊ុន​សាជីវកម្ម​ Chevron ដោយ​មានការគ្រប់​គ្រង ​ការត្រួតពិនិត្យ​មើល ​និង​រចនា​សម្ព័ន្ធ​បុគ្គលិក​ផ្ទាល់​ខ្លួន​របស់​គេ។ ក្រុមហ៊ុន​ Chevron ​មិនមាន​ទ្រព្យធន​ឬ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Chevron Cambodia ​ទេ‍»។

លោកបណ្ឌិត​កែមឡី​អ្នកវិភាគ​នយោបាយ​ដ៏ល្បី​ឈ្មោះ​ត្រូវ​ឃាតករ​បាញ់សម្លាប់​ក្នុង​ស្តាម៉ាត​របស់​ស្ថានីយ៍​ប្រេង​កាលតិច​បូកគោ។ តុលាការ​បាន​កាត់​ទោស​បុរសអឿតអាង​ហៅ​ជួបសម្លាប់​ដែល​អះអាង​ថា​ខ្លួន​សម្លាប់​លោកកែមឡី​ដោយសារ​ជំពាក់​ប្រាក់​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ តុលាការ​នេះ​ក៏បាន​កាត់​ទោស​លោក​សមរង្ស៊ី​ឱ្យ​ជាប់​គុក​២០ខែ​ពី​បទបរិហាកេរ្តិ៍​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុនសែន​ដោយ​លោក​បាន​និយាយ​ថា​រដ្ឋាភិបាល​នៅ​ពីក្រោយ​ការបាញ់​សម្លាប់​នោះ៕

XS
SM
MD
LG