ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រឈម​របស់​និស្សិត​ខ្មែរ​នៅ​ប្រទេស​រុស្ស៊ី


 វុធ ស្រីលក្ខ ជា​និស្សិត​វេជ្ជសាស្ត្រ​យោធា​នៃ​បណ្ឌិត​សភា​យោធា គីរ៉ូវ៉ា នា​ទីក្រុង St. Petersburg សហព័ន្ធ​រុស្ស៊ី។
វុធ ស្រីលក្ខ ជា​និស្សិត​វេជ្ជសាស្ត្រ​យោធា​នៃ​បណ្ឌិត​សភា​យោធា គីរ៉ូវ៉ា នា​ទីក្រុង St. Petersburg សហព័ន្ធ​រុស្ស៊ី។

និស្សិត​ខ្មែរ​នៅ​ប្រទេស​រុស្ស៊ី មាន​ការ​ប្រឈម​មួយ​ចំនួន​ដូចជា ភាសា អាកាសធាតុត្រជាក់​ខ្លាំង និង​អាហារូបករណ៍​មិន​គ្រប់​គ្រាន់។ នេះ​បើ​តាម​សម្តី​របស់​នាង វុធ ស្រីលក្ខ ដែល​ជា​និស្សិត​វេជ្ជសាស្ត្រ​យោធានៃ​បណ្ឌិត​សភាយោធា​ គីរ៉ូវ៉ា នាទីក្រុង​ St. Petersburg សហព័ន្ធរុស្ស៊ី។ ​ស្រីលក្ខ​ បាន​ប្រាប់​កម្មវិធី​សំឡេង​ជំនាន់ថ្មី​របស់​វីអូអេ​ថា ដោយសារ​តែ​នាង​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ក្នុង​ក្រប​ខណ្ឌ​ជា​យោធា នាង​មាន​ភាព​ងាយ​ស្រួ​លផ្នែក​ជីវភាព​ជាង​និស្សិត​ស៊ីវិល។

«ព័ត៌មាន​ដែល​ថា រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​អាហារូបករណ៍​១០ដុល្លារ​ក្នុង​មួយ​ខែ​គឺ​ជា​ការ​ពិត។​ ដោយឡែក​ខ្ញុំស្ថិត​ក្នុង​ក្រប​ខណ្ឌ​ទាហាន​ រដ្ឋាភិបាល​រុស្ស៊ី​បាន​ឧបត្ថម្ភ​ប្រាក់​ឧបត្ថម្ភបន្ថែ​ម​ប្រមាណ​ជា​៣៥០​ដុល្លាក្នុង​មួយ​ខែ ហើយ​បូក​បន្ថែម​អាហារ​បីពេល សេវាសុខភាព និង​ស្នាក់​នៅ​មិន​គិតថ្លៃ»។

តាម​រយៈកម្មវិធី​សំឡេង​ជំនាន់​ថ្មី ស្រី​លក្ខ​ ​បាន​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដំឡើង​អាហារូបករណ៍​ពី​១០​ដុល្លារ​អាមេរិក​ដល់​កម្រិត​មួយ​ដែល​អាច​ជួយ​សម្រួល​ដល់​ជីវភាព​និស្សិត​កម្ពុជា​នៅ​ប្រទេស​រុស្ស៊ី​ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​សិក្សា​ឲ្យបាន​ត្រឹម​ត្រូវ។

«និស្សិត​ខាង​ផ្នែក​ស៊ីវិល​មាន​ការ​លំបាក​ខ្លាំង​ជាង​និស្សិ​តផ្នែក​យោធា ដូច្នេះ​ខ្ញុំ​ស្នើ​សុំ​ដល់​រាជរដ្ឋាភិបាល​ម្តង​ហើយ​ម្តង​ទៀត​ ប្រសិន​បើ​មាន​លទ្ធភាព​គឺ​សូម​ជួយ​ឧបត្ថម្ភដល់​និស្សិ​ត​ដែល​ចេញ​ទៅសិក្សា​នៅ​ទី​នោះ​»។

ស្រីលក្ខ​ បានប្រាប់​កម្មវិធី​សំឡេង​ជំនាន់​ថ្មីថា ការ​ប្រឈម​មួយ​ទៀត​នោះ​គឺការ​សិក្សា​ជា​ភាសា​រុស្ស៊ី​ដោយសារ​តែ​ភាសា​រុស្ស៊ី​ជា​ភាសា​លំបាក​រៀន។ ហើយ​ភាសា​អង់គ្លេស​និង​ភាសា​បារាំង​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​សម្រាប់​វិស័យ​វេជ្ជសាស្ត្រ ដូច្នេះ ក្នុងការ​រៀនវេជ្ជសាស្ត្រជា​ភាសារុស្ស៊ី​ និស្សិតត្រូវ​បានតម្រូវ​ឲ្យ​រៀន​ភាសា​ឡាតាំង​ដើម្បី​មើល​ឈ្មោះ​ថ្នាំ និង​ឈ្មោះ​ជំងឺ​ផ្សេងៗ។ នាង វុធ ស្រីលក្ខ​ ជំរុញ​ទឹក​ចិត្ត​ឲ្យ​និស្សិត​ខ្មែរ​ជំនាន់ក្រោយៗ​ប្រឹង​ប្រែង​រៀន​សូត្រ​ដើម្បី​ចេញ​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​ ទោះ​បី​ជា​នៅ​ប្រទេស​ណាក្តី៕

XS
SM
MD
LG