ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការិយាល័យថវិកាសភាអាមេរិក៖ ប្រជាជន​អាមេរិក​១៤លាន​នាក់​នឹង​បាត់​បង់ធានារ៉ាប់រង​ក្រោម​ច្បាប់​សុខាភិបាល​ថ្មី​


រូបភាព​ឯកសារ៖ វិមាន​សភា​សហរដ្ឋអាមេរិក​ដែល​ត្រូវ​បាន​មើល​ឃើញ​តាម​រយៈសរសរនៃ​តុលាការកំពូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

រូបភាព​ឯកសារ៖ វិមាន​សភា​សហរដ្ឋអាមេរិក​ដែល​ត្រូវ​បាន​មើល​ឃើញ​តាម​រយៈសរសរនៃ​តុលាការកំពូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ការិយាល័យ​ថវិកា​នៃ​សភា​ស.រ.អា.ហៅ​កាត់​ថា​ CBO បាន​និយាយ​ថា​មនុស្ស​១៤​លាន​នាក់​នឹង​បាត់បង់​ការ​ធានារ៉ាប់រង​ខាង​សុខភាព​នៅ​ឆ្នាំ​ក្រោយ​ប្រសិន​បើ​សភា​អនុម័ត​ផែន​ការ​របស់​ក្រុម​គណបក្សសាធារណរដ្ឋ​ដើម្បី​ជំនួសផែនការ​ Affordable Act ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ Obamacare។​

អង្គការ​ CBO ដែល​ជា​ក្រុម​មួយ​របស់​ពួក​អ្នក​វិភាគ​ថវិកា​និង​សេដ្ឋវិទូ​ដែល​មិនកាន់​ខាង​គណបក្ស​ណាមួយ​បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ពួក​គេកាល​ពី​ថ្ងៃ​ចន្ទ​អំពី​សោហ៊ុយ​នៃការ​បំពេញ​តាម​ការ​សន្យា​របស់​លោក Trump នៅ​ពេល​លោក​ធ្វើការ​ឃោសនា​បោះឆ្នោត​ថា​នឹងរុះរើ​ប្រព័ន្ធ​ធានារ៉ាប់រង​ខាង​សុខ​ភាព​ដែល​បានរៀប​ចំ​ឡើង​ដោយ​លោក​បារ៉ាក់ អូបាម៉ា ដែល​ជា​ អ្នក​កាន់​តំណែង​មុន​លោក។ លោក Trump និងសមាជិកគណបក្សសាធារណរដ្ឋ​ឯទៀតៗ​និយាយ​ថា​ប្រព័ន្ធ​បច្ចុប្បន្ន​អស់​សោហ៊ុយ​ច្រើនណាស់​ហើយ​បាន​បង្ខំ​ដោយ​អយុត្តិធ៌មឱ្យ​ប្រជារាស្ត្រអាមេរិកាំង​ទិញ​ធានារ៉ាប់រង​សុខភាព។

សេចក្តី​រាយការណ៍​របស់​អង្គការ CBO និយាយ​ថា​ប្រសិន​បើ​ផែនការ​របស់​ពួក​សាធារណរដ្ឋ​ត្រូវ​អនុម័ត ចំនួន​មនុស្ស​ដែល​គ្មានការធានារ៉ាប់រង​សុខ​ភាព​អាចកើន​ឡើង​ពី១៤​លាន​នាក់​ដល់ ៤១​លាន​នាក់​ក្នុង​ឆ្នាំ២០១៨។​ មិន​ហួស​ពី​ឆ្នាំ​២០២៦​ ចំណាយ​នេះ​នឹង​កើនឡើង​ដល់​៥២​លាននាក់​ បើប្រៀប​ធៀប​នឹង​ចំណាយ​២៨លាននាក់​បើ​មានការ​រក្សា​ទុក​ប្រព័ន្ធ​ Obamacare។

ច្បាប់​ស្តី​ពីការ​ថែរក្សា​សុខភាព​ដែល​បានអនុម័ត​កាល​ពីឆ្នាំ២០១០ជា​កម្មវិធី​សំខាន់បំផុត​របស់​លោក​អូបាម៉ា​ហើយ​បាននាំ​ឱ្យ​មនុស្ស២០​លាន​នាក់​ដែលពី​មុន​គ្មានការ​ធានារ៉ាប់រង​ខាង​សុខភាព មាន​ការ​ធានារ៉ាប់រងនេះ។

អង្គការ​ CBO ថ្លែង​ថា​ផែនការ​ថ្មី​នេះ​របស់​ពួក​សាធារណរដ្ឋ​នឹង​កាត់​បន្ថយ​ឱនភាព​សហព័ន្ធ​ចំនួន​៣៣៧​ពាន់​លាន​ដុល្លារ​រហូត​ដល់ឆ្នាំ​២០២៦។​ ដោយ​ធ្វើការ​ប្រៀបធៀប អង្គ​ការ​ CBO ស្ទង់​ប្រមាណ​ថា​ក្នុង​ឆ្នាំ​២០១៧​នេះ​ រដ្ឋាភិបាល​សហព័ន្ធ​នឹង​មាន​ចំណាយ​៤លានលាន​ដុល្លារ​ដោយ​បន្ថែម​៥៥៩ពាន់​លាន​ដុល្លារ​ក្នុង​ឱនភាព៕

XS
SM
MD
LG