ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សព​របស់​លោក Castro ត្រូវ​បាន​បញ្ចុះ​ក្នុង​ពិធី​បញ្ចុះ​សព​លក្ខណៈ​ឯកជន​មួយ​នៅ គុយបា


ទាហាន​ឈរ​យាម​នៅ​ក្បែរ​ផ្នូរ​ដែល​ធាតុ​របស់​លោក​អតីត​ប្រធានាធិបតី Fidel Castro របស់​គុយបា​ត្រូវ​បាន​បញ្ចុះ​ដោយ​លោក​ប្រធានាធិបតី Raul Castro នៅ​កន្លែង​បញ្ចុះ​សព Santa នៅ​ក្នុង​ក្រុង Santiago de Cuba កាលពី​ថ្ងៃទី៤ ខែធ្នូ​ ឆ្នាំ២០១៦។

សព​របស់​អតីត​មេដឹកនាំ​គុយបា លោក Fidel Castro ត្រូវ​បាន​គេ​បញ្ចុះ​នៅ​ប៉ែក​ខាង​កើត​ប្រទេស​គុយបា​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ការកាន់​ទុក្ខ​នៅ​ទូទាំង​ប្រទេស​បាន​ប្រព្រឹត្ត​អស់​រយៈពេល​៩​ថ្ងៃ​រួច​មក។ ​

ពិធី​បញ្ចុះ​សព​នៅ​កន្លែង​បញ្ចុះ​សព Santa Ifigenia ក្នុង​ទីក្រុងSantiago នៃ​ប្រទេស​គុយបា ត្រូវ​បាន​គេ​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន​នៅ​នាទី​ចុង​ក្រោយ​បំផុត ដោយ​ហាមឃាត់​មិន​ឲ្យ​អ្នកកាសែត​នៅ​ទូទាំង​ពិភពលោក​ចូលរួម​យក​ព័ត៌មាន​ក្នុង​ពិធី​បញ្ចុះសព​នោះ​ឡើយ។ ​

លោក Castro ដែល​ជា​មេដឹកនាំ​ម្នាក់​ដែល​មាន​ទាំង​អ្នកគាំទ្រ​និង​ស្អប់ ត្រូវ​បាន​ពលរដ្ឋ​គុយបា​មួយ​ចំនួន​កោតសរសើរ​ថា​ជា​វីរៈបុរស​របស់​អ្នក​ក្រីក្រ ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​រិះគន់​លោក​ថា​ជា​មេដឹកនាំ​ផ្តាច់​ការ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចុះ​ខ្សោយ​និង​បំពាន​សិទ្ធិមនុស្ស។ លោក Castro បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃទី២៥​ ខែ​វិច្ឆិកា​ក្នុង​វ័យ​៩០​ឆ្នាំ បន្ទាប់​ពី​មាន​បញ្ហា​សុខភាព​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។

ផេះ​ដែល​សល់​ពី​ការបូជា​សព​របស់​លោក Fidel Castro បាន​មក​ដល់​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ទីក្រុង Santiago។ ​កាល​ពី​ឆ្នាំ១៩៥៣​លោក​បាន​ចាប់​ផ្តើម​ធ្វើ​បដិវត្តន៍​គុយបា​នៅ​ទីនោះ។ ពិធី​ហែរ​សព​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចេញ​ដំណើរ​បញ្ច្រាស​ពី​ផ្លូវ​ដែល​លោក Castro និង​ក្រុម​ឧទ្ទាម​របស់​លោក​ដណ្តើម​បាន​រដ្ឋធានី​ពី​ជួរ​ភ្នំ Sierra Maestra មុន​ពេល​ដែល​លោក​ឡើង​កាន់​អំណាច​កាល​ពី​ខែ​មករា ឆ្នាំ​១៩៥៩៕

XS
SM
MD
LG