ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​ខ្មែរ​និង​អាមេរិកាំង​មាន​ទស្សនៈ​ចម្រុះ​លើ​រដ្ឋបាល​របស់​លោក​ត្រាំ​ក្នុង​ពេល​ជិត​មួយ​ខែ​ដំបូង

  • ហ៊ាន សុជាតា

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ សម្លឹង​មើល​អ្នក​យក​ព័ត៌មានដែល​ចង់​សួរ​សំណួរ​ទៅកាន់​លោក​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន នៅ​សេតវិមាន នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ សម្លឹង​មើល​អ្នក​យក​ព័ត៌មានដែល​ចង់​សួរ​សំណួរ​ទៅកាន់​លោក​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន នៅ​សេតវិមាន នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្នុង​អំឡុង​ពេល​ជាង​​៣​សប្ដាហ៍​ដំបូង​នៃ​ការ​ឡើង​កាន់​តំណែង​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី​ លោក ​ដូណាល់​ ត្រាំ​ ប្រជាពលរដ្ឋ​អាមេរិក ​និង​ពិភព​លោក បង្ហាញ​ការ​ភ្ញាក់ផ្អើល​ចំពោះ​ចំណាត់​ការ​របស់​លោក​ប្រធានាធិបតី​រូប​នេះ ដែល​អ្នក​ខ្លះ​ចាត់ទុកថា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​អាមេរិក​ហើយក៏​បារម្ភ​ពី​លទ្ធផល​នៃ​ការ​ដឹកនាំ​របស់​លោក។

ប្រធានាធិបតីថ្មី​របស់​អាមេរិក​គឺ​លោក ដូណាល់ ត្រាំ ដែល​បាន​ចូល​កាន់​ដំណែង​អស់​រយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ​ចាប់តាំង​ពី​ថ្ងៃ​ទី២០ ខែ​មករា​មក​នោះ ​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​ទាំង​នៅ​អាមេរិកនិង​នៅ​ជុំវិញ​ពិភព​លោក​ ភ្ញាក់ផ្អើល​ចំពោះ​ចំណាត់​ការ​មួយ​ចំនួន​របស់​លោក​ដែល​គេ​នឹកស្មាន​មិន​ដល់។ យ៉ាងណាក៏ដោយ អ្នក​តាមដាន​នយោបាយសហរដ្ឋអាមេរិក​នៅ​កម្ពុជា​ យល់ថា​កម្ពុជា​អាច​រៀន​សូត្រ​ពី​ភាព​ច្របូកច្របល់​ដែល​កំពុង​កើត​មាន​ឡើង​នៅ​សហរដ្ឋអាមេរិក ក្រោម​ការ​ដឹកនាំ​របស់​លោក ត្រាំ។

ក្នុង​អំឡុង​ពេល​ជាង៣​សប្ដាហ៍​ដំបូង​នៃ​ការ​ឡើង​កាន់​តំណែង​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី​ លោក ​ដូណាល់​ ត្រាំ​ ប្រជាពលរដ្ឋ​អាមេរិក ​និង​ពិភព​លោក បង្ហាញ​ការ​ភ្ញាក់ផ្អើល​ចំពោះ​ចំណាត់​ការ​របស់​លោក​ប្រធានាធិបតី​រូប​នេះ ដែល​អ្នក​ខ្លះ​ចាត់ទុកថា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​អាមេរិក​ហើយក៏​បារម្ភ​ពី​លទ្ធផល​នៃ​ការ​ដឹកនាំ​របស់​លោក។

ខណៈមាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ដឹកនាំ​របស់​លោក ត្រាំ​នេះ អ្នក​តាមដាន​នយោបាយ​អាមេរិក​នៅ​កម្ពុជា​ លើកឡើង​ថា​ កម្ពុជា​អាច​រៀន​សូត្រ​បាន​ច្រើន​ពី​ស្ថានការណ៍​ដ៏​ច្របូក​ច្របល់​ដែល​កំពុង​កើតឡើង​នៅ​សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​ថ្មី​នេះ។​

រូបឯកសារ៖ ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​បាតុកម្ម​ប្រឆាំង​នឹង​គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោក​ប្រធានាធិបតី ត្រាំ នៅ​ទីក្រុងញូវយ៉ក កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០១៧។

រូបឯកសារ៖ ពលរដ្ឋ​អាមេរិកាំង​នាំ​គ្នា​បាតុកម្ម​ប្រឆាំង​នឹង​គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោក​ប្រធានាធិបតី ត្រាំ នៅ​ទីក្រុងញូវយ៉ក កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០១៧។

មួយ​សប្ដាហ៍​បន្ទាប់​ពី​លោក ​ដូណាល់ ត្រាំ ដែល​មិន​មាន​បទពិសោធន៍​នយោបាយ​ពី​មុន​ បាន​ចូល​កាន់​ដំណែង​ជា​ប្រធានាធិបតី​ លោក​បាន​សម្រេច​ចេញបទ​បញ្ជា​ ​ហាមឃាត់​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​ចំនួន​៧​ដែលមាន​ប្រជាជន​ភាគច្រើន​កាន់​សាសនា​ឥស្លាម​ មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋអាមេរិក។

ក៏ប៉ុន្តែ​ បទបញ្ជា​របស់​លោក​ត្រូវ​បាន​ទាត់ចោល​ដោយ​តុលាការ​សហព័ន្ធ​អាមេរិក ហើយ​ក្រុមហ៊ុន​ ធំៗ ​ដូចជា​ ក្រុមហ៊ុន Apple ​ក្រុមហ៊ុន Amazon ​និង​ក្រុមហ៊ុន​Google បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំងបទបញ្ជា​របស់​លោក​ប្រធានាធិបតី។

លោក ដូណាល់ ត្រាំ​ ដែល​ជា​សេដ្ឋី​អចលនទ្រព្យ និង​ល្បីល្បាញ​ខាង​ផ្ដួចផ្ដើម​គំនិត​ដែល​ពលរដ្ឋ​អាមេរិក​ភាគច្រើន​នឹក​ស្មាន​មិនដល់​ដូចជា​ ការ​ទប់ស្កាត់​ការ​ហូរ​ចូល​នៃ​ជន​ចំណាក​ស្រុក​ពី​បណ្ដា​ប្រទេស​ដែល​មាន​សង្គ្រាម​ គម្រោង​សាងសង់​ជញ្ជាំង​ខណ្ឌ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិកស៊ីក និង​គម្រោង​ការ​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​រាប់​លាន​នាក់​ចេញ​ពី​ទឹកដី​អាមេរិក​ជាដើម។

ភាព​ចម្រូង​ចម្រាស​ជា​ច្រើន ​ដែល​កំពុង​កើតមាន​ឡើង ​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នេះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​ការវិវត្តន៍​ស្ថានការណ៍​សង្គម​ យល់ថា​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ ​

លោក Raymond R. Leos ជា​ព្រឹទ្ធបុរស​ និង​សាស្ត្រាចារ្យ​ខាង​ទំនាក់ទំនង​នៃ​មហាវិទ្យាល័យ​ផ្នែក​ទំនាក់​ទំនង​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ ឲ្យ​ដឹង​ថា​ភាព​ចម្រូង​ចម្រាស​ដែល​កំពុង​កើត​មាន​ឡើង​នៅ​សហរដ្ឋ​អាមេរិក​នា​ពេល​ចុង​ក្រោយ​នេះ គឺ​ជា​មេរៀន​ល្អ​មួយ​សម្រាប់​កម្ពុជា​ និង​យុវជន​កម្ពុជា។​

«ហេតុនេះ​ យុវជន​គួរតែ​ក្រឡេក​ទៅ​មើល​ជ្រុង​នៃ​នីតិរដ្ឋ។ មិនថា​បុគ្គល​នោះ​ជា​អ្នកណា​ ហើយ​បុគ្គល​នោះ​មាន​តួនាទី​ជា​អ្វី​នោះ​ទេ​ គេ​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់។ ហើយ​តុលាការ​ក៏​ត្រូវ​សម្រេច​ចិត្ត​ទៅ​តាម​ច្បាប់​ដែរ​ មិនមែន​សម្រេចចិត្ត​ទៅ​តាម​នយោបាយ​នោះ​ទេ»។

លោក​ Raymond ​ ដែល​ជា​ជនជាតិ​អាមេរិក​ រស់នៅ​កម្ពុជា​អស់​រយៈពេល​ជាង​១០ឆ្នាំ​នេះ​ បន្ត​ថា​ ភាព​ប្រទាញប្រទង់​គ្នា​រវាង​ប្រធានាធិបតី​ និង​តុលាការ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​នេះ​ គឺជា​ចំណុច​ខ្លាំង​នៃ​ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អាមេរិក។​

«មាន​ឧទាហរណ៍​ច្រើន​ណាស់​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​ ដែល​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ គឺ​ផ្ទុយ​ទៅ​នឹង​ប្រធានាធិបតី​នោះ។ ហើយ​នេះ​គឺ​ជា​ចំណុច​ខ្លាំង​មួយ​នៃ​ប្រព័ន្ធលទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋអាមេរិក»។

លោក​បណ្ឌិត​ អៀ សុផល​ សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ Occidental College ​នៃ​ទីក្រុង Los Angelesសហរដ្ឋ​អាមេរិក​ លើកឡើង​ថា​ យុវជន​កម្ពុជា​គួរ​តែ​ចាប់អារម្មណ៍​ចំពោះ​ព្រឹត្តិការណ៍​ដែល​កំពុង​កើត​មាន​ឡើង​នៅ​សហរដ្ឋអាមេរិក។

រូបឯកសារ៖ លោក អៀ សុផល សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ Occidental College ​នៃ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក ថ្លែង​នៅ​ក្នុង​វេទិកា Oslo Freedom Forum ឆ្នាំ២០១០។ (រូបថតផ្តល់ឲ្យ​ដោយ អៀ សុផល/Oslo Freedom Forum)

រូបឯកសារ៖ លោក អៀ សុផល សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ Occidental College ​នៃ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក ថ្លែង​នៅ​ក្នុង​វេទិកា Oslo Freedom Forum ឆ្នាំ២០១០។ (រូបថតផ្តល់ឲ្យ​ដោយ អៀ សុផល/Oslo Freedom Forum)

លោក​ថា ​យុវជន​អាច​ស្វែង​យល់​ពី​ដំណើរការ​នៃ​ស្ថាប័ន​កំពូល​របស់​សហរដ្ឋអាមេរិក​ និងភាព​រឹងមាំ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​អាយុកាល​ជាង​២០០ឆ្នាំ​មក​ហើយ​នេះ ដែល​បាន​ឆ្លុះបញ្ចាំង​ថា​ ពុំ​មាន​នរណា​ម្នាក់​មាន​អំណាច​ធំ​ជាង​ច្បាប់​នោះ​ទេ​ បើ​ទោះ​ជា​បុគ្គល​នោះ​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​ក៏ដោយ។

លោក ​ទី​ លីម​កុសល វ័យ​២៤​ឆ្នាំ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ការ​សិក្សា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែលបច្ចុប្បន្ន​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ កត់សម្គាល់​ឃើញ​ថា​ លោក ​ដូណាល់​ ត្រាំ​ ពិត​ជា​បាន​អនុវត្ត​តាម​គោល​នយោបាយ ​ដែល​លោក​បាន​ប្រកាស​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ពិតមែន។

ក៏ប៉ុន្តែ​ លោក លីមកុសល​ យល់ថា​ សកម្មភាព​របស់​ប្រធានាធិបតី​ថ្មី​រូប​នេះ​ បាន​បង្ក​ចលាចល​ដល់​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​មហាអំណាច​ធំ​នេះ​ទៅវិញ។​

«វា​ហាក់​ដូចជា​ ប្រទេស​អាមេរិក​ខ្លួន​ឯង​ដែល​ជា​បិតា​ប្រជាធិបតេយ្យ​កំពុង​តេស្ត​ទៅលើ​ប្រជាធិបតេយ្យ​របស់​ខ្លួន​ឯង​តេស្ត​ទៅ​លើ​ Check and Balance [តុល្យភាព​អំណាច] តើ​វា​ពិត​ជា​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា»។

យុវជន​កម្ពុជា​រូប​នេះ​ មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ភាព​ច្របូក​ច្របល់​ដែល​កំពុង​កើត​មាន​ឡើង​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​ការ​ផ្ដួចផ្ដើម​គំនិត​ដ៏​នឹក​ស្មាន​មិនដល់​របស់​លោក ដូណាល់ ត្រាំ។

«តែ​គ្រាន់​តែ​ថា​ អ្វី​ដែល​ខ្ញុំ​ឃើញ ហើយ​សោក​ស្តាយ​ ចំពោះ​រដ្ឋាភិបាល​អាមេរិក​ គឺ​ការ​ដែល​គាត់​ចេញ​ Policy ភ្លាមៗ ដែល​អត់​បាន​ធ្វើ​ការ​ថ្លឹង​ថ្លែង​ពី​ផល​ប៉ះពាល់ ​ឲ្យ​បាន​ស៊ីជម្រៅ។ ចឹង​ហើយ​បាន​យើង​ឃើញ​ គ្រាន់​តែ​ភ្លាម​ មាន​ប្រតិកម្ម​ពី​សាធារណជន​ប៉ុណ្ណា​ ហើយ​សូម្បី​តែ​ខាង​ប្រព័ន្ធ​តុលាការ​របស់​គាត់​ខ្លួន​ឯង​ ក៏​គេ​អត់​គាំ​ទ្រ​ដែរ»។

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន (កណ្តាល) ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប៣៨ឆ្នាំនៃ​ការ​ដួលរលំ​របស់​របប​ខ្មែរ​ក្រហម នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន (កណ្តាល) ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប៣៨ឆ្នាំនៃ​ការ​ដួលរលំ​របស់​របប​ខ្មែរ​ក្រហម នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។

លោក អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត​ យល់ថា នៅ​សហរដ្ឋ​អាមេរិក មាន​ការ​ធានា​តុល្យភាព​នៃ​អំណាច​របស់​ស្ថាប័ន​កំពូលៗ​ទាំង​៣ដ៏​មាន​ប្រសិទ្ធភាព​ ដែល​មិន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ណា​មួយ​អនុវត្ត​អំណាច​ផ្ដាច់ការ​នៅ​ក្នុង​ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ។

«ទោះបី​ប្រធានាធិបតី​មាន​អំណាច​មែន​ ប៉ុន្តែ​មិន​អាច​មាន​អំណាច​លើស​ពី​ស្ថាប័ន២​ផ្សេង​ទៀត​ទេ​ គឺ​ស្ថាប័ន​សភា​ និង​តុលាការ។ នៅ​សហរដ្ឋអាមេរិក​គេ​ធានា​ធ្វើ​ម៉េច​ឲ្យ​ប្រធានាធិបតី​អាច​ធ្វើការ​សម្រេច​ចិត្ត​បាន​ ប៉ុន្តែ​សម្រេច​ចិត្ត​ណា​ដែល​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​របស់​គេ ឬ​ផ្ទុយ​ពី​ច្បាប់​ដែល​សភា​អនុម័ត​ គឺ​សភា​គេ​អាច​តវ៉ា​ដក​បាន គេ​អាច​ចេញ​ច្បាប់​រារាំង​បាន។ ហើយ​តុលាការ ក៏​អាច​ធ្វើ​ការសម្រេច​បដិសេធ​ការ​សម្រេច​របស់​ប្រធានាធិបតី​បាន»។

មួយ​ថ្ងៃ​ក្រោយ​ការ​ចូលកាន់​ដំណែង​របស់​លោក ដូណាល់ ត្រាំ​ ​ស្ត្រី​អាមេរិកាំង​រាប់​ម៉ឺន​នាក់​ដែល​មាន​ទាំង​តារា​ហូលីវូដ​ផង​នោះ បាន​ធ្វើ​ដំណើរ​មក​ពី​រដ្ឋ​នានា​នៃ​សហរដ្ឋអាមេរិក​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ទាមទារ​ឲ្យ​លោក ដូណាល់ ត្រាំ គោរព​ស្ត្រី។

លោក អ៊ូ វីរៈ លើកឡើង​ថា​ ប្រជាពលរដ្ឋ​អាមេរិកាំង ជាទូទៅ​ហ៊ាន​សម្ដែង​មតិ​ដោយសារ​ពួកគេ​មាន​ទំនុក​ចិត្ត​ទៅលើ​ឯករាជ្យ​ភាព​នៃប្រព័ន្ធ​តុលាការ​ និង​មន្ត្រី​អនុវត្ត​ច្បាប់។

«មន្ត្រី​រាជការ​យើង​មិន​ឯករាជ្យ។ នៅ​ស្រុក​គេ ​មន្ត្រីរាជការ​មិន​អាច​ចូល​បក្ស​ ឬ​ត្រូវ​តែ​ឯករាជ្យ ឬ​មិន​អាច​ធ្វើ​តាម​គណបក្ស​នយោបាយ។ ​នៅ​គេ​ អ្នក​អនុវត្ត​ច្បាប់គឺ​គាត់​មិន​លម្អៀង​ ជាពិសេស​គឺ​តុលាការ។ ដូច្នេះ​ ម្នាក់ៗ​គេ​មិន​ខ្វល់​ទេ គែ​ទុកចិត្ត​តុលាការ គេ​ទុកចិត្ត​ចិត្ត​ខ្លឹមសារ​ច្បាប់​ គេ​ហ៊ាន ​សម្ដែង​មតិ​ ហើយ​គេ​មិនសូវ​ជា​បារម្ភ​ទេ»។

លោក ​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ថា​ការបែងចែក​អំណាច​ដាច់​ពី​គ្នា​រវាង​ស្ថាប័ន​ធំៗ​នៃ​សហរដ្ឋ​អាមេរិក​ និង​ការ​អនុវត្ត​ច្បាប់​ជា​ធំ​ដែលស្រប​តាម​ឆន្ទៈ​រាស្ត្រ​នេះ​ គឺ​ជា​មូលហេតុ​ដែល​ប្រទេស​នេះ​ អាច​ក្លាយ​ជា​ប្រទេស​មហាអំណាច។

លោក ​យឹម សុវណ្ណ​ ធ្វើ​ការ​ប្រៀប​ធៀប​ការ​ត្រួតពិនិត្យ​តុល្យភាព​អំណាច​រវាង​សហរដ្ឋអាមេរិក​ និង​កម្ពុជា​យ៉ាង​ដូច្នេះ៖

«ប៉ុន្តែ​នៅ​កម្ពុជា​យើង​មិន​អញ្ចឹង​ទេ។ តុលាការ​មិន​ឯករាជ្យ ​តុលាការ​ក្រោម​អ្នក​នយោបាយ។ តុលាការ​ មិន​បាន​កាត់​សេ​ចក្តី​ប្រកបដោយ​យុត្តិធម៌​ទេ​ ជា​ពិសេស​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដឹង​នយោបាយ។ ហេតុនេះ​ វា​ធ្វើ​ឲ្យ​កម្ពុជា​នៅ​តែ​ដើរ​ទៅ​មុន​មិន​រួច​ដោយសារ​តែ​ឧបសគ្គ​នៃ​កង្វះខាត​ចំណុច​ខ្សោយ​ជា​ច្រើន​នៃ​ស្ថាប័ន​ប្រជាធិបតេយ្យ​ធំៗ»។

កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ ពលរដ្ឋ​អាមេរិក ​បាន​បោះឆ្នោត​ឲ្យ​លោក​ ដូណាល់ ​ត្រាំ​ ​មក​ពី​គណបក្ស​សាធារណរដ្ឋ ​ធ្វើជា​ប្រធានាធិបតី​ទី​៤៥​របស់​សហ​អាមេរិក។ មហាសេដ្ឋី​អចលនទ្រព្យ​ លោក​ ដូណាល់​ ត្រាំ ​រូប​នេះ​ បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ បន្ត​ពី​លោក​ បារ៉ាក់​ អូបាម៉ា ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មករា។

រូបឯកសារ៖ លោកប្រធានាធិបតី ត្រាំ អមដោយ​អ្នក​ស្រី Betsy DeVos រដ្ឋមន្ត្រីក្រសួង​អប់រំ​អាមេរិក ថ្លែង​ទៅកាន់​ឪពុកម្តាយសិស្ស និង​គ្រូបង្រៀន នៅ​ក្នុង​កិច្ច​ប្រជុំមួយ​ដែល​ធ្វើ​ឡើង​នៅ​សេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

រូបឯកសារ៖ លោកប្រធានាធិបតី ត្រាំ អមដោយ​អ្នក​ស្រី Betsy DeVos រដ្ឋមន្ត្រីក្រសួង​អប់រំ​អាមេរិក ថ្លែង​ទៅកាន់​ឪពុកម្តាយសិស្ស និង​គ្រូបង្រៀន នៅ​ក្នុង​កិច្ច​ប្រជុំមួយ​ដែល​ធ្វើ​ឡើង​នៅ​សេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

បន្ទាប់​ពី​លោក​ ដូណាល់ ត្រាំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ​មាន​បាតុកម្ម​ និង​ការ​តវ៉ា​ជាច្រើន​បាន​កើតមាន​ឡើង​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។ អ្នក​ជំនិត និង​អ្នក​ដែល​លោក​ត្រាំ តែងតាំង​ឲ្យ​ធ្វើការ​នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ ត្រូវ​បាន​គេ​មើល​ឃើញ​ថាមិន​មាន​បទ​ពិសោធ​ក្នុង​ការ​ធ្វើការ​នៅ​ក្នុង​សេតវិមាន។

រដ្ឋបាល​របស់​លោក ត្រាំ​ ក៏​បាន​បង្កើត​ឲ្យ​មាន​ការសង្ស័យ​ថា​រដ្ឋបាល​នេះ​ មាន​ទំនាក់​ទំនង​លួចលាក់​ជាមួយ​ប្រទេស​រុស្សី​ ដែល​ជា​គូ​ប្រជែង​ដ៏​មាន​ឥទ្ធិពល​របស់​អាមេរិក។​

លោក ​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ដឹង​ថា​ ប្រតិកម្ម​របស់​ពលរដ្ឋ​ និង​តុលាការ​អាមេរិក​ ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​គ្រប់គ្រង​របស់​លោក ដូណាល់ ត្រាំ​ តាំង​ពី​ដើម​អាណត្តិ​នេះ​ គឺ​ជា​ព្រឹត្តិការណ៍​ចម្លែក​មួយ​នៅ​សហរដ្ឋ​អាមេរិក។

«ជា​រឿង​ចម្លែក​មួយ​ដែល​សហរដ្ឋអាមេរិក​មាន​ប្រតិកម្ម​អញ្ចឹង។ ប្រធានាធិបតី​ខ្លះ​ កាន់​បាន​២ ​ឬ៣ឆ្នាំ​ទើប​មាន​ប្រតិកម្ម​ ហើយ​ប្រជាប្រិយភាព​ស្រុត​ចុះ។ ក៏ប៉ុន្តែ​ ត្រាំ ​ឡើង​ភ្លាម​ មាន​បញ្ហា​ភ្លាម។ ចឹង​យើង​ឃើញ​ហើយ​ថា​ ត្រាំ​ គាត់​ឡើង​ទៅ​ហាក់​ដូចជា​បដិវត្តន៍​ប្រឆាំង​នឹង​អ្វី​ដែល​ជា​ដំណើរការ​ ឬ​រដ្ឋបាល​របស់​សហរដ្ឋអាមេរិក។ យើង​ឃើញ​ចលនា​រាប់​សន្លឹក​ឆ្នោត​សារ​ជាថ្មី។ យើង​ឃើញ​ចលនា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ ចលនា​ប្រឆាំង​នឹង​ប្រធានាធិបតី​ចូល​ស្បថ»។

យ៉ាងណាក៏ដោយ លោក​ថា​ ការ​អនុវត្ត​នៅ​សហរដ្ឋអាមេរិក​មិន​អាច​យក​មក​ប្រៀប​ធៀបនឹង​កម្ពុជា ឬ​ឲ្យ​កម្ពុជា​សិក្សា​រៀន​សូត្រ​តាម​បាន​នោះទេ​ ដោយសារ​ប្រទេស​ទាំង​២​មាន​របប​គ្រប់គ្រង​ដោយ​ឡែក​ពី​គ្នា ពោល​គឺ​កម្ពុជា​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​តាម​បែប​សភានិយម រីឯ​សហរដ្ឋ​អាមេរិក​អនុវត្ត​តាម​បែប​ប្រធានាធិបតី​និយម៕

XS
SM
MD
LG