ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ

  • ហ៊ាន សុជាតា

ទិដ្ឋភាព​ទូទៅ​នៃ​កម្មវិធី​ «បុណ្យភូមិ» ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​អំពី​ទម្រង់​វប្បធម៌​បុរាណ​ដល់​យុវជន​កម្ពុជា​ ក្នុង​វត្ត​ទួល​ក្រសាំង ​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ឆ្នាំ​រកា​ ​នឹង​ចូល​មក​ដល់​នៅ​ព្រឹក​ថ្ងៃសុក្រ​សប្ដាហ៍​នេះ។ ក្រៅ​ពី​ទៅ​វត្ត​អារាម​ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​បុព្វការី​ជន​របស់​ខ្លួន​តាម​ប្រពៃណី ​ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំខ្មែរ​ ដែល​ជា​ពេល​មួយ​សម្រាប់​ជួបជុំ​ក្រុម​គ្រួសារ​និង​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទី​រមណីយដ្ឋាន​នានា។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦​ខែ​ មេសា​ គឺ​ជា​ពិធី​បុណ្យ​ប្រពៃណី​ខ្មែរ​យ៉ាង​សំខាន់​មួយ ​ដែលពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​តែងតែ​ប្រារព្ធ​តៗ​គ្នា​តាំងពី​យូរលង់​ណាស់​មក​ហើយ។

រៀងរាល់​ឆ្នាំ​នៅ​ ពេល​ខែ​មេសា​ ឈាន​ចូល​មកដល់​ នៅ​តាម​ទីប្រជុំជន​ និង​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ គេ​មើល​ឃើញ​មាន​ការ​រៀបចំ​តម្កើង​ស្លាក «សួស្ដី​ឆ្នាំ​ថ្មី» អម​ដោយ​ការ​ចាក់​បទ​ចម្រៀង​ទាំង​បទ​បុរាណ និង​សម័យ​នានា ទាក់ទង​នឹង​ពិធី​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។​

ប្រជាជន​មួយ​ចំនួន​ធំ​ ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ដើម្បី​ជួបជុំ​បងប្អូន​ជីដូន​ជីតា​ និង​សាច់ញាតិ​របស់​ពួកគេ​ និង​ខ្លះ​ទៀត​ ធ្វើ​ដំណើរ​កម្សាន្ត​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

ពិធី​បុណ្យ​ចូល​បុណ្យ​នេះ​ត្រូវ​គេ​ប្រារព្ធ ជា​រៀងរាល់​ឆ្នាំ​ក្នុង​ខែ​មេសា​ ក្រោយ​ពេល​ដែល​ប្រជា​កសិករ​ខ្មែរ ​បាន​ប្រមូល​ទិន្នផល​ស្រូវ​រួច ដើម្បី​ឲ្យ​ប្រជា​កសិករ សិស្សានុសិស្ស មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ឈប់​សម្រាក​និង​ជួប​ជុំ​គ្នា។

យុវជន​កម្ពុជា​កំពុង​លេង​ល្បែង​ប្រជាប្រិយ​នៅក្នុង​កម្មវិធី«​បុណ្យភូមិ» ​ក្នុង​វត្ត​ទួល​ក្រសាំង​ ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

យុវជន​កម្ពុជា​កំពុង​លេង​ល្បែង​ប្រជាប្រិយ​នៅក្នុង​កម្មវិធី«​បុណ្យភូមិ» ​ក្នុង​វត្ត​ទួល​ក្រសាំង​ ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

កំពុង​ដើរ​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ​មួយ​ក្រុម​ក្នុង​វត្តអារាម​ យុវតី ​អង់ហ្សូ តីឌីន​ វ័យ​១៦ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី១០​ នៃ​វិទ្យាល័យ​ទួលទំពូង​ ត្រៀម​ខ្លួន​ជា​ស្រេច​ សម្រាប់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​ទីក្រុង​សៀមរាប​ជាមួយ​មិត្តភ័ក្ដិ​ និង​គ្រូបង្រៀន​នៅ​ឯ​សាលា​របស់​នាង។

«ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​ ខ្ញុំ ​និង​មិត្តភ័ក្ដិ​មាន​គម្រោង​នាំគ្នា​ទៅ​លេង​នៅ​សៀមរាប»។

លោកស្រី​ នាង ចាន់ ​វ័យ៦៤ឆ្នាំ​ មក​ពី​ខេត្ត​ស្វាយរៀង​ ជា​អាជីវករ​លក់​ភេសជ្ជៈ​មួយ​រូប​ ត្រេកអរ​នឹង​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែល​ឈាន​ចូល​មក​ដល់​ឆាប់ៗ​នេះ។ ជា​រៀងរាល់​ឆ្នាំ​ លោកស្រី​តែង​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ហើយ​ឆ្នាំនេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​មុនៗ​ដែរ។

«ចូលឆ្នាំ​ខ្មែរ​ទៅ​ស្រុក​វិញ​ ទៅ​បុណ្យ​នៅ​ស្រុក​ ទៅ​វត្ត​បង្សុកូល​ជូន​ដល់​ខ្មោច​ម៉ែ​ ខ្មោច​ឪ​ ឧទ្ទិស​ផល​ឲ្យ​គាត់»។

លោក​ មាន ហេង​ វ័យ២៧ឆ្នាំ​ ថ្លែង​ថា​ ពិធីបុណ្យ​ចូលឆ្នាំ​ជា​ឱកាស​សំខាន់​មួយ​សម្រាប់​ការ​ជួបជុំ​គ្រួសារ​ ហើយ​លោក​មាន​គម្រោង​ទៅ​លេង​ខេត្ត​តាកែវ​ ដែល​ជា​ស្រុក​កំណើត​ មិត្តភ័ក្ដិ​របស់​លោក។

«ជា​បុណ្យ​នៃ​ជាតិ​ខ្មែរ​ ទៅ​វត្ត​រាល់​ឆ្នាំ​ រាប់​បាត្រ​រាប់​អី​ អត់​ដែល​ខាន​ទេ។ ជួបជុំ​បងប្អូន​ហើយ​ ខ្ញុំ​ទៅ​លេង​តាម​ខេត្ត»។

ខុសប្លែក​ពី​ឆ្នាំ​មុនៗ​ ដែល​លោក​នៅ​តែ​ផ្ទះ​ និង​មិនបាន​ធ្វើ​ដំណើរ​ទៅ​ណា​នោះ​ នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ខាងមុខ​ លោក យួន សុខន​ វ័យ៣២ឆ្នាំ​ និង​សមាជិក​គ្រួសារ​ផ្សេងទៀត​ ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ និង​រមណីយដ្ឋាន​ កម្សាន្ត​ដទៃ​ទៀត។

កម្មវិធី​ «បុណ្យភូមិ» ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​អំពី​ទម្រង់​វប្បធម៌​បុរាណ​ដល់​យុវជន​កម្ពុជា​ ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

កម្មវិធី​ «បុណ្យភូមិ» ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​អំពី​ទម្រង់​វប្បធម៌​បុរាណ​ដល់​យុវជន​កម្ពុជា​ ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

កំពុង​ដើរ​កម្សាន្ត​នៅ​ទីធ្លា​មុខ​ព្រះបរមរាជវាំង លោក យួន សុខន​ ថ្លែង​ប្រាប់​ VOA ​យ៉ាង​ដូច្នេះ​ថា៖

«តាម​ពី​បុរាណ​មក​ យើង​ធ្វើតាម​ពី​បុរាណ​មក។ បើ​យើង​មិន​ធ្វើ​ដូច​មិន​កើត។ ជា​ឱកាស​មួយ​ជួបជុំ​គ្រួសារ​ បើ​ក្នុង​មួយ​ឆ្នាំ​មាន​ម្ដង​ បើ​យើង​មិន​ទៅ​ស្រុក​អី​ដូច​មិន​កើត»។

លោកស្រី​ ឡាយ គង់​ វ័៧​៦៥ឆ្នាំ​ ជា​អាជីវករ​លក់ដូរ​ នៅ​លើ​សួន​ច្បារ​មុខ​ព្រះបរមរាជវាំង​ ដែល​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ​ បង្ហាញ​ភាព​ត្រេកអរ​ និង​រីករាយ​ដែល​បុណ្យ​ចូលឆ្នាំ​មក​ដល់​នា​ពេល​ឆាប់ៗ​នេះ។ ​

«សប្បាយ​អបអរ​សាទរ​ហ្មង​ បុណ្យ​។ ចង់​ទៅ​ស្រុក​កំណើត​ ដើម្បី​រំលឹក​គុណ​ដល់​មាតា​បិតា។ មួយ​ឆ្នាំ​មាន​តែ​ម្ដង​ យើង​ត្រូវ​ទៅ​ស្រុក។ [ធម្មតា] អត់​ជុំ​គ្នា​ទេ​ ដូច​ថា​មួយ​នៅ​កំពង់ស្ពឺ​ មួយ​នៅ​ស្វាយរៀង។ ដល់​ពេល​ចូល​ឆ្នាំ ​រដូវ​ភ្ជុំបិណ្ឌអញ្ចឹង យើង​ទៅ​ជួប​កូន​ ជួប​ចៅ​ ជួប​មិត្តភ័ក្ដិ»។

ក៏​ប៉ុន្តែ ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ ដូចជា យុវជន​ ហួរ វាយុ​ វ័យ១៧ឆ្នាំ​ នឹង​មិន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ឬ​កន្លែង​កម្សាន្ត​អ្វី​ទេ។

ក្រុម​ការងារ​នៃ​កម្មវិធី​ «បុណ្យភូមិ» នៅ​ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៦​ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

ក្រុម​ការងារ​នៃ​កម្មវិធី​ «បុណ្យភូមិ» នៅ​ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៦​ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

ជា​រៀងរាល់​ឆ្នាំ​ យុវជន​ ហួរ វាយុ​ តែង​តែប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន។​ ក៏​ប៉ុន្តែ​ឆ្នាំ​នេះ​ ដោយសារ​មាន​ភាព​មមាញឹក​ប្រកប​របរ​ស៊ី​ក្នុង​ក្រុង​ភ្នំពេញ​ យុវជន​ វាយុ មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ទៅ​ស្រុក​កំណើត​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​នោះ​ទេ។

«អត់​មាន​គម្រោង​អី​ទេ​ រវល់​នៅ​ផ្ទះ​ ជួយ​ធ្វើការ​បង​ខ្ញុំ​នៅ​ផ្ទះ។ រាល់​ឆ្នាំ​ពេល​ចូលឆ្នាំ​ខ្មែរ​ ទៅ​ស្រុក»។

មុន​ពេល​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​មក​ដល់​ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​មមាញឹក​ដោយ​ពួកគេ​រៀប​ចំ​បោស​សម្អាត តុបតែង និង​លំអ​គេហដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី។

បន្ថែម​លើ​នេះ​ទៀត ​ប៉ុន្មាន​សប្ដាហ៍​មុន​ពិធីបុណ្យ​ចូលឆ្នាំ​មកដល់​ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ ជាពិសេស​យុវជន ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ​រួម​មាន ចោល​ឈូង បោះ​អង្គញ់ ចាប់​កូន​ខ្លែង លាក់​កន្សែង វាយ​ក្អម និង​ទាញ​ព្រ័ត្រ​ជា​ដើម។

ទិដ្ឋភាព​ទូទៅ​នៃ​កម្មវិធី​ «បុណ្យភូមិ» ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​អំពី​ទម្រង់​វប្បធម៌​បុរាណ​ដល់​យុវជន​កម្ពុជា​ ក្នុង​វត្ត​ទួល​ក្រសាំង ​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

ទិដ្ឋភាព​ទូទៅ​នៃ​កម្មវិធី​ «បុណ្យភូមិ» ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​អំពី​ទម្រង់​វប្បធម៌​បុរាណ​ដល់​យុវជន​កម្ពុជា​ ក្នុង​វត្ត​ទួល​ក្រសាំង ​ខេត្ត​កណ្តាល​ នៅ​ថ្ងៃទី​៧ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

លោក សាន សម្ភស្ស​ ទី​ប្រឹក្សា​ក្រសួង​ធម្មការ​ និង​សាសនា​ ថ្លែង​ប្រាប់​ VOA ថា​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ ដែល​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នេះ​ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​ តាំង​ពី​ប្រវត្តិសាស្ត្រ​យូរលង់​មក​ហើយ។

លោក​បន្ត​ថា ការសម្រេច​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ក្នុង​ខែ​មេសា​នេះ​ ក៏​ដោយសារ​ខែ​មេសា គឺ​ជា​ពេល​ដែល​ប្រជា​កសិករ​កម្ពុជាប្រមូល​ផល​កសិកម្ម​របស់​ពួកគេ​រួច​រាល់។

«ទី១​ យើង​ជួបជុំ​គ្នា​ បងប្អូន​ទាំងអស់​ ដែល​មាន​ការ​មមាញឹក​ធ្វើ​ការងារ។ ជា​ពិសេស​បងប្អូន​យើង​ធ្វើ​ស្រែ​ចម្ការ​ហ្នឹង​ រួចរាល់​អស់​ហើយ​ក្នុង​ខែ​មេសា។ ប្រពៃណី​ខ្មែរ​យើង​នេះ​ មិន​ត្រឹម​តែ​ជួបជុំ​គ្នា​ ជូន​សំលៀក​បំពាក់ ​ថវិកា​ ឬ​ក៏​សម្ភារៈ​អី​ដល់​អ្នក​មានគុណ​ទេ​ គឺ​យើង​នឹក​រលឹក​ដល់​ជីដូន​ជីតា​ញាតិកា​ដែល​បាន​ចែកឋាន​ គឺ​យើង​និមន្ត​ព្រះសង្ឃ​ បង្សុកូល ​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​ព្រលឹង​វិញ្ញាណ​របស់​គាត់»។

លោក​បន្ត​ថា​ ពិធីបុណ្យ​ចូលឆ្នាំ​នេះ​ ក៏​ជា​ពេលវេលា​មួយ​ដែល​យើង​ត្រូវ​គិត​ពិចារណា​នូវ​សកម្មភាព​ ឬ​អំពើ​របស់​ខ្លួន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក៖

«ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​នេះ​ ចាស់​បុរាណ​ឲ្យ​យើង​ពិចារណា​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ផុត​ទៅ។ តើ​យើង​បាន​ប្រព្រឹត្ត​អ្វី​ដែល​ឆ្គាំឆ្គង​ មិន​សូវ​ល្អ​ ដោយ​កាយ​ក្តី​ វាចា​ក្ដី​ ដោយ​ចិត្ត​ក្តី។ បើ​ឃើញ​ហើយ​ យើង​លះបង់​ ហើយ​ឆ្នាំ​ថ្មី​នេះ​ គឺ​យើង​ធ្វើ​ឲ្យ​ល្អ​ ទាំង​កាយ​ ចិត្ត​ និង​វាចា»។

បើ​យោង​តាម​សៀវភៅ​មហា​សង្ក្រាន្ត​ឆ្នាំ​២០១៧​ ដែល​រៀបរៀង​ឡើង​ដោយ​ លោក អ៊ឹម បុរិន្ទ​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ​ ទេវតា​ឆ្នាំ​ថ្មី ​ឆ្នាំរកា​ ដែល​មាន​ឈ្មោះថា​ កិមិរាទេវី​ ជា​បុត្រ​ទី៦​ នៃ​កបិល​មហាព្រហ្ម​ នឹង​ចុះ​មក​ដល់​ផែនដី​ នៅ​ម៉ោង៣​ និង​១២នាទី​ព្រឹក​ នៅ​ថ្ងៃសុក្រ​ទី១៤​ ខែ​មេសា​ខាងមុខ​នេះ។ ​

សៀវភៅ​មហា​សង្ក្រាន្ត​ដដែល​នេះ​ បញ្ជាក់​ថា​ រណ្ដាប់​ទទួល​ទេវតា​ មាន​ជាអាទិ៍​ បាយសី​ ​ ស្លាធម៌​មួយ​គូ​ ទឹកអប់​មួយ​គូ​ ទៀន​៥​ ធូប​៥​ លាច៥​ ផ្កា៥​ ចេកនួន​ ចេក​ណាំវ៉ា​ ផ្លែឈើ​១១មុខ​ ​ និង​ទឹក​ស្អាត​២​កែវ​ជាដើម៕

XS
SM
MD
LG