ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្ត្រី​ក្នុង​ឆាកនយោបាយកម្ពុជា​នៅ​មាន​ចំនួន​តិច

  • ហ៊ាន សុជាតា

File: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅ ឃុំ សង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។ រូបភាព នៅការិយាល័យចុះឈ្មោះក្នុងសាលាសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ដែលត្រូវបានរើសជាការិយាល័យតំណាងក្នុងរាជធានីភ្នំពេញ។ (អូន ឆេងប៉រ/VOA)

File: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅ ឃុំ សង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។ រូបភាព នៅការិយាល័យចុះឈ្មោះក្នុងសាលាសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ដែលត្រូវបានរើសជាការិយាល័យតំណាងក្នុងរាជធានីភ្នំពេញ។ (អូន ឆេងប៉រ/VOA)

កញ្ញា​ សេង រាសី​ ​នៃ​អង្គការ​សីលកា​ លើកឡើងថាការ​រើសអើង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ ការ​មិន​ឲ្យអាទិភាពស្ត្រី​ក្នុង​ការ​ដណ្តើម​យក​សំឡេង​ឆ្នោត​ និង​​​​​​ការសង្ស័យពីសមត្ថភាព​ជា​អ្នក​ដឹកនាំរបស់ស្ត្រី ​គឺ​ជា​ឧបសគ្គ​រាំង​ស្ទះ​ចម្បងៗ ​ដែល​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ក្លាយ​ជា​តំណាងក្នុង​វិស័យ​នយោបាយ។​ តំណាង​ស្ត្រីថ្នាក់​មូលដ្ឋាន​មាន​ចំនួន​ត្រឹម​តែ​១៧%​ ខណៈ​តំណាង​ស្ត្រី​ថ្នាក់ជាតិ​មាន​ត្រឹម​តែ​ជាង​២០%​ប៉ុណ្ណោះ។

គណបក្ស​នយោបាយ​នៅ​កម្ពុជា​មួយ​ចំនួន​ មើលឃើញថា​ ស្ត្រី​ដែល​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ អាច​ក្លាយជា​តំណាង​ក្នុង​វិស័យ​នយោបាយ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។ ក៏ប៉ុន្តែ​ សង្គមស៊ីវិល​ថា​ គណបក្ស​នយោបាយ​គប្បី​ពង្រឹង​សមត្ថភាព និង​ផ្តល់ឱកាសដល់ស្ត្រីឲ្យ​ធ្វើ​ជា​តំណាង​ក្នុង​ឆាក​នយោបាយ​។​

គណបក្ស​នយោបាយ​នៅ​កម្ពុជា​មួយ​ចំនួន​លើក​ឡើង​ថា​ ស្ត្រី​ដែល​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ អាច​ក្លាយបេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​ខែ​មិថុនា​ខាងមុខ​នៅមានចំនួនតិចនៅឡើយ។​ រីឯ​ការ​កំណត់​កូតា​ឲ្យមានស្ត្រី​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​ មិន​ទាន់​ត្រូវ​បាន​កំណត់​ក្នុង​គោល​នយោបាយ​គណបក្ស​នៅឡើយ​ បើទោះ​ជាបក្សទាំងនោះខំប្រឹងបង្កើន​ចំនួន​ស្ត្រី​ជាតំណាង​នៅក្នុង​គណបក្ស​ក៏​ដោយ។​

លោក​ សុខ ឥសាន្ត​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​បេក្ខភាព​ជា​ស្ត្រី​ចំនួនជាង​២០​%​ ក្នុង​អាណត្តិមុន​។ ហើយ​អាណត្តិថ្មី​នេះ​ គណបក្ស​លោកបាន​រៀបចំ​ឲ្យ​មាន​ចំនួន​ស្ត្រី​ច្រើន​ជាង​មុន។

ក៏ប៉ុន្តែ​ លោក​ សុខ ឥសាន្ត​ មិន​ទាន់​អាច​បញ្ជាក់​ចំនួន​ជាក់លាក់​នៃ​បេក្ខភាព​ជាស្ត្រី​របស់​គណបក្ស​លោកនៅ​ឡើយ​ ដោយសារ​គណបក្ស​កាន់អំណាចកំពុង​ប្រមូលទិន្នន័យ​តាម​បណ្តា​ខេត្ត។

លោកថា​ ដោយសារ​គណបក្ស​ប្រជាជន​ ចង់​បាន​បេក្ខភាព​ជា​ស្ត្រី​ដែល​មាន​សមត្ថភាព​ ហេតុ​នេះ​ចំនួន​ស្ត្រី​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​ នៅ​មាន​ចំនួន​តិច។​

«យើង​ខិតខំឲ្យ​បាន​ចំនួន​ច្រើន​ភាគរយ​ជា​អតិបរណា​ តាម​ដែល​អាច​ធ្វើ​ទៅបាន។ ជំហរ​គណបក្ស​ប្រជាជន​យើង​ចង់បាន​ច្រើន​ ក៏ប៉ុន្តែ​ច្រើន​ហើយ​ប្រកប​ដោយ​គុណភាព​ទៀត។​ … ឧទាហរណ៍​ថា​ កម្រិត​វប្បធម៌​ទាប​ពេក​ក៏​មិន​កើត។ មាន​កម្រិត​វប្បធម៌​ហើយ​ តែ​មិន​មាន​បទពិសោធន៍​ ក្នុង​ការងារ​ហ្នឹង​ យើងក៏​ជ្រើសរើស​ដាក់​ទៅ​ ក្រែង​លោ​មិន​ជាប់ ។ យើង​បោះឆ្នោតក្នុង​សន្និបាត​គណកម្មការ​គណបក្ស​មូលដ្ឋាន»។​

អ្នកស្រី មួរ សុខហួរ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ ​និយាយថា​ គណបក្ស​សង្គ្រោះ​ជាតិ ​បានបង្កើន​ចំនួនបេក្ខភាព​ជាស្ត្រីមួយទ្វេជាពីរ​ បើធៀប​នឹង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​អាណត្ត​ិ​មុន។​

អ្នកស្រី​ឲ្យ​ដឹងថា​ ការ​ជំរុញ​ឲ្យមាន​បេក្ខភាព​តំណាង​ជា​ស្រ្តី​ច្រើន​នេះ​ មាន​ការ​លំបាកច្រើន​ដោយសារ​ជា​ទូទៅ​ស្ត្រី​ជាប់​កាតព្វកិច្ច​ក្នុង​ក្រុម​គ្រួសារ​។

លោកស្រី​ មួរ​ សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី និងលោកស្រី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​ហ៊ីឡារី គ្លីនតុន (Hillary Clinton)។

លោកស្រី​ មួរ​ សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី និងលោកស្រី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​ហ៊ីឡារី គ្លីនតុន (Hillary Clinton)។

មួយ​វិញ​ទៀត​ អ្នកស្រី​ មួរ សុខហួរ​ លើក​ឡើង​ថា​ ​ពលរដ្ឋ​កម្ពុជា មិន​ទាន់ទុកចិត្តឲ្យស្ត្រីធ្វើជា​មេដឹកនាំរបស់ខ្លួននៅឡើយ។​

អ្នកស្រី​ មួរ សុខហួរ ​រៀបរាប់​ពី​គុណសម្បត្តិ​អ្នកដឹកនាំមូលដ្ឋាន​ជាស្ត្រី​ដែលគណបក្ស​នេះ​ជ្រើសរើសប្រាប់ VOA យ៉ាង​ដូចច្នេះថា៖ «គាត់​ស្គាល់​មូលដ្ឋាន ​គាត់​សកម្ម​ក្នុង​មូលដ្ឋាន​ ​ជា​ចំណុចដ៏​សំខាន់​។ ហើយ​គាត់​មាន​ វោហា​រស័ព្ទខ្លះ ​គាត់​ត្រូវ​មាន​ចំណេះដឹង ​ចេះអក្សរ ចេះអាន​ ចេះសរសេរ។ ​បើ​យើង​និយាយ​អំពីការអភិវឌ្ឍ​ សេចក្តីត្រូវការ​របស់​ពលរដ្ឋ​ ក្នុងឃុំសង្កាត់​ គឺ​យើង​និយាយ​អំពី​ស្ត្រី​នៅ​ជនបទ​ភាគ​ច្រើន​ ឬស្ត្រី​ងាយ​រងគ្រោះ។ ហើយ​សំខាន់​បំផុត​នោះ ​គឺ​ការ​ដែល​មាន​មេឃុំ ​ចៅ​សង្កាត់​ជា​ស្ត្រី ​ យើង​អាច​ចាត់​វិធានការ​ទាន់​ពេលវេលា ​យើង​ស្គាល់​ពី​ស្ត្រី​ដែល​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា​ លឿន​ជាង ហើយ​យើង​ដឹង​ទុក្ខធុរៈរបស់ស្ត្រី​ច្រើន ហើយ​យើង​នៅ​ជិត​ស្និទ្ធ​នឹង​ស្ត្រី​ជាង​បុរស »។​

លោក សាម អ៊ីន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ថ្លែង​ប្រាប់​ VOA ថា​ ក្នុង​ចំណោម​បេក្ខភាព​ជិត​៤០០​នាក់​ គណបក្ស​នេះ​មាន​ចំនួន​បេក្ខភាព​ជាស្ត្រីប្រមាណ​២៥%​ ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ដោយ​សមាជិក​គណបក្ស។

លោកថា​ គណបក្ស​លោក​មាន​គោលនយោបាយ​លើកទឹកចិត្ត​ និងជំរុញ​ស្រ្តី​ឲ្យ​ក្លាយ​ជា​មេដឹកនាំ។ ក៏ប៉ុន្តែ​ លោកថា​ ការបង្កើន​ចំនួន​ស្ត្រី​នេះ​ ​មាន​ការ​លំបាក​ខ្លាំងដោយសារ​ចំនួន​ស្ត្រី​ដែល​មាន​សមត្ថភាពនៅតែ​មាន​ចំនួន​តិច​ជាង​បុរស។​

«បើនិយាយ​ពីភាគរយ ចំណេះដឹង​ និង​សមត្ថភាព​គាត់​ទាប​ជាង​បុរស​។ ចឹង​ហើយ​ បាន​ជា​យើង​មិន​អាច​ជំរុញ​ឲ្យ​មាន​បេក្ខភាព​ជា​ស្ត្រី​ដល់៥០%​ទេ។ ទី២ គាត់​មាន​ការងារ​រវល់អីច្រើន ការងារផ្ទះផង ការងារ​រកស៊ីផង»។​

បើ​យោង​តាម​អ្នកជំនាញ​ខាង​ជំរុញ​ស្រ្តី​ក្នុង​វិស័យ​នយោបាយ បើ​ទោះ​ជា​ស្ត្រី​នៅ​កម្ពុជា​មាន​ជាង​៥០%​ នៃ​ចំនួន​ប្រជាជន​សរុប​ក្តី​ ប៉ុន្តែ​ចំនួន​ស្ត្រី​ដែល​មាន​តួនាទី​ក្នុង​កិច្ចការ​នយោបាយ​ និង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ទៅ​លើ​បញ្ហា​សំខាន់ៗ​ក្នុង​សង្គម​នៅ​តែ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។

កញ្ញា​ សេង រាសី​ អ្នក​សម្រប​សម្រួល​គណៈ​កម្មការ​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នៃ​អង្គការ​សីលកា​ ថ្លែង​ប្រាប់ VOA​ ថា ការ​រើសអើង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ ការ​មិន​ឲ្យអាទិភាពស្ត្រី​ក្នុង​ការ​ដណ្តើម​យក​សំឡេង​ឆ្នោត​ និងការសង្ស័យពីសមត្ថភាព​ជា​អ្នក​ដឹកនាំរបស់ស្ត្រី ​គឺ​ជា​ឧបសគ្គ​រាំង​ស្ទះ​ចម្បងៗ ​ដែល​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ក្លាយ​ជា​តំណាងក្នុង​វិស័យ​នយោបាយ។​

កញ្ញាឲ្យដឹងថា​ តំណាង​ស្ត្រីថ្នាក់​មូលដ្ឋាន​មាន​ចំនួន​ត្រឹម​តែ​១៧%​ ខណៈ​តំណាង​ស្ត្រី​ថ្នាក់ជាតិ​មាន​ត្រឹម​តែ​ជាង​២០%​ប៉ុណ្ណោះ។​

«សំណួរ​តែង​តែ​ដាក់​ទៅកាន់ស្ត្រី​រហូត​ ថា​តើស្ត្រី​មាន​សមត្ថភាព​អត់​មក​កាន់តំណែង​ហ្នឹង។ ក៏ប៉ុន្តែ​សំណួរបែប​ហ្នឹង​ មិន​ត្រូវ​បានសួរ​ទៅកាន់បុរសទេ។ យើង​មិន​អាច​និយាយ​ថា​ ស្ត្រី​ហ្នឹង​ឲ្យ​ឱកាស​ហើយនៅ​មិន​មក​។ ប៉ុន្តែយើង​មាន​បាន​មើល​បញ្ហា​នៅពី​ក្រោយ​ខ្នង​គាត់​អត់ ថា​តើ​យើង​មាន​បាន​ផ្តល់ឱកាស​គ្រប់គ្រាន់​ឲ្យ​គាត់​ចាប់​យកឱកាស​ហ្នឹងអត់? យើង​មាន​ផ្តល់បរិយាកាស​មួយ​ដ៏ងាយ​ស្រួល​ដល់​គាត់ទេ?»​

កញ្ញា រំពឹង​ថា​ ជំនួស​ឲ្យ​ការ​លើក​ឡើង​ថា ​ស្ត្រី​កម្ពុជា​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បីធ្វើ​ជា​តំណាង​ក្នុង​ឆាកនយោបាយ​ គណបក្ស​នយោបាយ​ទាំង​អស់​គប្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​បង្កើន​សមត្ថភាព​ស្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន។

ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា​ ត្រូវ​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ និង​ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ ដើម្បី​បង្កើន​សមាមាត្រ​ស្ត្រី​ក្នុង​វិស័យ​សាធារណៈ និង​នយោបាយ​ ព្រម​ទាំង​អភិវឌ្ឍ​សមត្ថភាព​ស្រ្តី​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ។

ក៏ប៉ុន្តែ​ការ​ចូលរួម​របស់​ស្រ្តី​កម្ពុជា​ក្នុង​ការ​សម្រេច​ចិត្ត​សាធារណៈ​ នៅ​មាន​កម្រិត​ទាប​នៅឡើយ​។​ ​

កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ កម្ពុជា​មិន​បាន​សម្រេច​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​នៃ​អង្គការ​សហ​ប្រជាជាតិក្នុង​ការ​លើក​កម្ពស់​ស្ត្រី​ក្នុងឆាក​នយោបាយ​ ដែល​ធានា​ឲ្យ​មាន​ការ​កើន​ឡើង​តំណាង​ស្ត្រី​ក្នុង​សភា​ជាតិ​ឱ្យ​បាន​ដល់​៣០​% ​(ឬ​៣៦​រូប​)​នោះ​ទេ​៕​

XS
SM
MD
LG