\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​បក្សកាន់អំណាច​និង​បក្ស​ប្រឆាំង​រំលេច​សារ​ផ្សេងគ្នា​ក្នុង​លិខិត​អបអរ​លោកដូណាល់ ត្រាំ


លោក Donald Trump ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក និង​ភរិយា Melania Trump ចាប់​ដៃ​ជាមួយ​អ្នក​គាំទ្រ​ នៅ​ក្រោយ​ពេល​​លោក​ថ្លែង​សុន្ទរកថា​ទទួល​ជ័យ​ជម្នះ​​ការ​បោះឆ្នោត នៅ​សណ្ឋាគារ New York Hilton Midtown នៅ​បុរី​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

លោក Donald Trump ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក និង​ភរិយា Melania Trump ចាប់​ដៃ​ជាមួយ​អ្នក​គាំទ្រ​ នៅ​ក្រោយ​ពេល​​លោក​ថ្លែង​សុន្ទរកថា​ទទួល​ជ័យ​ជម្នះ​​ការ​បោះឆ្នោត នៅ​សណ្ឋាគារ New York Hilton Midtown នៅ​បុរី​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​​ និង​លោក​ កឹម សុខា ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ បាន​ផ្ញើសារ​លិខិត​​អបអរ​លោក​ ដូណាល់ ត្រាំ ​ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតីទី​៤៥​របស់​អាមេរិក ​កាល​ពី​ថ្ងៃ​ពុធ។

ក្រោយ​ពី​មហា​សេដ្ឋី​អចលន​ទ្រព្យ​គឺ​លោក ​ដូណាល់ ត្រាំ​ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក ​មេដឹក​នាំ​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​បាន​ផ្ញើ​សារ​ជាផ្លូវ​ការ​ ដើម្បី​អបអរ​សាទរ​លោក​ដូណាល់ ត្រាំ​សម្រាប់ជ័យ​ជម្នះ​នេះ។ ​នៅ​ក្នុង​លិខិត​ទាំង​នោះ​ មេ​ដឹកនាំ​គណបក្ស​ធំៗ​ទាំងពីរ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ និង​ក្ដី​រំពឹង​របស់​ខ្លួន​ផ្សេងគ្នា​ ពី​ការ​ដឹកនាំ​របស់​លោកត្រាំ​ នា​ពេល​ខាង​មុខ។​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​ កឹម សុខា ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ បាន​ផ្ញើសារ​លិខិតអបអរ​លោក​ ដូណាល់ ត្រាំ ​ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតីទី​៤៥​របស់​អាមេរិក ​កាល​ពី​ថ្ងៃ​ពុធ ​ដោយ​លោក ​ហ៊ុន សែន​ បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​លើក​កម្ពស់​ចំណង​មិត្តភាពរវាង​ប្រទេស​ទាំង​ពីរ​ រីឯ​លោក ​កឹម សុខា ​បាន​បង្ហាញ​ក្ដី​រំពឹង​ថា ​រដ្ឋាភិបាល​លោក​ត្រាំ​នឹង​បន្តលើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរីភាព​នៅ​ក្នុង​ពិភព​លោក។​

កាល​ពី​ថ្ងៃ​ពុធ លោក​ដូណាល់ ត្រាំ បេក្ខជន​របស់​គណបក្ស​សាធារណរដ្ឋបាន​យក​ឈ្នះលោកស្រី​ហ៊ីឡារី គ្លីនតុន ​បេក្ខជន​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ហើយ​លោក​នឹងក្លាយ​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហ​រដ្ឋ​អាមេរិក។ ​ជ័យ​ជម្នះ​របស់​លោក​ត្រាំ ​ដែល​ពុំ​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ឆាក​នយោបាយ​នេះ​ បាន​ធ្វើ​ឱ្យ​ពិភព​លោក​មាន​ការ​ភ្ញាក់ផ្អើល។​

ក្នុង​សារ​លិខិត​អបអរសាទរ​ផ្ញើជូន​លោក ​ដូណាល់​ ត្រាំ​ កាល​ពី​ថ្ងៃ​ពុធ​ ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​លើក​ឡើង​ថា ​ការ​ដែល​ប្រជា​ពលរដ្ឋ​អាមេរិក​ផ្ដល់​ទំនុក​ចិត្ត ​និង​បោះឆ្នោត​ឱ្យ​លោក​ធ្វើ​ជា​ប្រធានាធិបតី​នោះ​គឺ​ជា​ការ​លើកទឹក​ចិត្ត​ដល់​លោក​ត្រាំ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​សន្តិភាព ​ស្ថិរភាព ​ការ​អភិវឌ្ឍ ​សន្តិសុខ ​និង​វិបុលភាព​នៅ​ក្នុង​សកល​លោក​ទាំង​មូល។​

លោក ​ហ៊ុន សែន ​បន្ត​ថា ​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ជាមួយ​រដ្ឋាភិបាល​និង​ប្រជាជន​អាមេរិក ​ក្នុង​ការ​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​ដែល​ជា​ប្រយោជន៍​ទៅវិញ​ទៅមក ​ទាំង​នៅ​កម្រិត​ទ្វេភាគី ​និង​ពហុភាគី។​

លោក ​ហ៊ុន សែន ​បាន​សរសេរ​នៅ​ក្នុង​សារ​លិខិត​របស់​លោក​នៅ​ក្នុង​ន័យ​ដើមថា៖​

«ខ្ញុំ​រីករាយ​នឹង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ឯកឧត្ដម ​មិន​ត្រឹម​តែ​អភិវឌ្ឍ​ទំនាក់​ទំនង​ប្រទេស​យើង​ទាំង​ពីរ​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ប្រឹងប្រែង​រួមគ្នា​ដើម្បី​លើក​កម្ពស់​បុព្វហេតុ​ដ៏​ធំធេង​ដើម្បី​សន្តិភាព ​ស្ថិរភាព​ និង​វិបុលភាព​របស់​ប្រជាជាតិ​ទាំង​អស់»។​

នា​អំឡុង​ពេល​នៃ​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ ​លោក​ដូណាល់ ត្រាំ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា ​ការ​បោះឆ្នោត​នៅ​អាមេរិក​មាន​ការ​រៀបចំ​ទុក​ជាមុន​ហើយ​លោក​នឹង​ទទួល​ស្គាល់​លទ្ធផល​ ប្រសិន​បើ​លោក​ឈ្នះ​ឆ្នោត។​

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​គឺលោក​ កឹម សុខា ​ដែល​កំពុង​ស្នាក់​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ ក៏​បាន​ផ្ញើសារ​ជូនពរ​លោក​ដូណាល់ ត្រាំ​សម្រាប់​ជ័យ​ជម្នះ​របស់លោក​ផង​ដែរ។ ​ក្នុង​សារ​លិខិត​នោះ ​លោក​ កឹម សុខា​ បាន​លើក​ឡើង​ថា ​ប្រជា​ពលរដ្ឋ​អាមេរិក​បាន​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​ជ្រើស​រើស​មេដឹកនាំ​របស់​ខ្លួន​ តាម​រយៈ​ការ​បោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​សេរី ​និង​ត្រឹមត្រូវ។​ លោក​បន្ត​ថា ​បរិយាកាស​នយោបាយ​ដែល​បេក្ខជន​គ្រប់រូប​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រកួត​ប្រជែង​ដោយ​សេរី ​ហើយ​អ្នក​បោះឆ្នោត​អាច​ប្រើប្រាស់​សិទ្ធិ​ស្រប​តាម​ឆន្ទៈ​របស់​ពួកគេនោះគឺ​ជា​សុបិន​ដែល​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ រួមទាំង​ពលរដ្ឋ​កម្ពុជាផង​ ​តែង​ប្រាថ្នា​ចង់​បាន។​

លោក ​កឹម សុខា​ បាន​សរសេរ​បន្ត​ក្នុង​ន័យ​ដើម​ថា៖

«ជា​អកុសល​ណាស់ ​នៅ​មាន​មនុស្ស​ជាច្រើន​ជុំវិញ​ពិភព​លោក​កំពុង​បន្ត​រង​គ្រោះ​ពី​ប្រព័ន្ធ​ខូច​រលួយ​ដែល​បាន​ដកហូត​សិទ្ធិ​ពី​កំណើត​របស់​ពួក​គេ។​ ជាមួយ​នឹង​ការ​យល់​ដឹង​របស់​លោក​អំពី​សារៈ​សំខាន់​នៃ​ការ​បោះឆ្នោត​គឺ​ជា​ការ​ផ្ដល់​សំឡេង​ដល់​ប្រជា​ពលរដ្ឋ ​នោះហើយ​ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ទន្ទឹង​រង់ចាំ​ភាព​ជា​អ្នក​ដឹកនាំ​របស់​លោក​ក្នុង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សេរីភាព​ ជាពិសេស​សិទ្ធិ​ទទួល​បាន​នូវ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី ​និង​ត្រឹមត្រូវ​នៅ​ជុំវិញ​ពិភព​លោក»។​

លោក ឈាង វណ្ណារិទ្ធ អ្នក​ជំនាញ​ខាង​ទំនាក់​ទំនង​អន្តរជាតិ​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​និងជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធ​សាស្រ្ត​ បាន​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ត្រាំ ​តួនាទី​របស់​អាមេរិក​នៅ​ក្នុង​ពិភព​លោក​នឹង​មានការ​ធ្លាក់​ចុះ ​ដោយសារ​តែ​នយោបាយ​ការ​បរទេស​របស់​លោក​គឺ​មាន​លក្ខណៈ​ជាតិ​និយម ​និង​ចង្អៀត​ចង្អល់។ ​លោក​បន្តថា ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក​នឹង​នៅតែ​ដដែល ​ដោយ​ពុំ​មាន​ការ​ប្រែប្រួល​អ្វីធំដុំ​នោះ​ទេ​ ហើយ​អាមេរិក​ក៏​នឹង​មិន​ជំរុញ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ពិភព​លោក​នោះ​ទេ ​ដោយ​រួម​បញ្ចូល​ទាំង​កម្ពុជា​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ដូណាល់ ត្រាំ​ ផលប្រយោជន៍​របស់​គាត់​គឺ​ទាក់ទង​នឹង​គេ​ហៅ​ថា​ គោល​នយោបាយ​សេដ្ឋកិច្ច​មាន​លក្ខណៈ​ជាតិ​និយម ​ដូច្នោះគាត់​អត់សូវ​ខ្វល់ខ្វាយ​ទៅ​លើ​បញ្ហា​សិទ្ធិមនុស្ស​ក៏​ដូច​ជា​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទេ។ ​ក៏ប៉ុន្តែ​តួអង្គ​ដែល​សំខាន់​នៅ​សហ​រដ្ឋ​អាមេរិក​នោះ​គឺ​ Congress​ បាន​ន័យ​ថា​ សភា​របស់​អាមេរិក​នឹង​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​នយោបាយ​ការ​បរទេស​នៅ​ក្នុង​រដ្ឋាភិបាល​លោក​ត្រាំ​នៅ​ពេល​ខាង​មុខ»។​

ក្នុង​ការ​បោះឆ្នោត​នៅ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ ​ក្រៅ​ពីលោក​ត្រាំ​បាន​ឈ្នះ​ជា​ប្រធានាធិបតី ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ក៏​បាន​ឈ្នះ​សំឡេង​ភាគ​ច្រើន​ទាំង​ក្នុង​រដ្ឋសភា ​និង​ព្រឹទ្ធ​សភា​ផង​ដែរ។​

លោក ​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្រែ្វល ​(Comfrel) ​ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​ បាន​ប្រាប់​ VOA ​ថា ​គណបក្ស​សាធារណរដ្ឋ​ជា​គណបក្ស​ដ៏​ចំណាស់​ជាង​គេ​មួយ​នៅ​សហ​រដ្ឋអាមេរិក ​និង​មាន​គោល​នយោបាយ​ក្នុង​ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​ ហើយ​លោក​យល់​ថា ​អាមេរិក​នឹង​នៅតែ​បន្ត​លើក​ស្ទួយ​វិស័យ​ទាំង​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖

«គណបក្ស​សាធារណរដ្ឋ​ ឥឡូវ​កំពុង​តែ​ត្រួតត្រា​ទៅ​លើ​រដ្ឋសភា​និង​ព្រឹទ្ធ​សភា ​អីចឹង ​បើ​គាត់​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ធំដុំ ​វា​ទាល់​តែ​អនុវត្ត​ទៅ​តាម​តម្លៃ​មនោគម​វិជ្ជា ​កម្មវិធី​នយោបាយ​របស់​គណបក្ស​សាធារណ​រដ្ឋ​ហើយ​ ហើយ​គណបក្ស​សាធារណ​រដ្ឋ​ហ្នឹង​ជា​គណបក្សដែល​លើក​ស្ទួយ​សេរីភាពហើយ​នឹង​ប្រជា​ធិបតេយ្យ»។

លោក​ ដូណាល់ ត្រាំ​ នឹង​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហ​រដ្ឋ​អាមេរិក​បន្ត​ពី​លោក បារ៉ាក់ អូបាម៉ា ​ដែល​នឹង​ចាក​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ទី​២០​ ខែ​មករា​ ឆ្នាំ​២០១៧​ខាង​មុខ៕

XS
SM
MD
LG